របៀបវាស់វែងកម្រិតថប់បារម្ភដោយប្រើ GAD-7
"រាងកាយឈឺ មិនប្រាកដថាមកពីរាងកាយតែមួយមុខទេ!"
តើអ្នកធ្លាប់មានការឈឺក្បាលញឹកញាប់? បេះដូងលោតញាប់? ឬមិនស្រួលពោះដែរទេ? តើអ្នកដឹងទេ? ប្រសិនបើអ្នក មានអាការៈទាំងអស់នេះ ដោយមិនមានមូលហេតុជាក់លាក់ នេះក៏អាចជារោគសញ្ញានៃជំងឺថប់បារម្ភ។ ឧបករណ៍ស្តង់ដាមួយឈ្មោះថា GAD-7 ដែលប្រើប្រាស់សម្រាប់វាស់វែងកម្រិតធ្ងន់ធ្ងរនៃជំងឺថប់បារម្ភទូទៅ ដែលអាចធ្វើការវាស់វែងបានឆាប់រហ័ស ដោយមានការទទួលស្គាល់ពីអ្នកជំនាញ។ នេះមិនត្រឹមតែ ជួយឱ្យអ្នកស្គាល់ពីស្ថានភាពខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំនួយស្មារតីក្នុងការសម្រេចចិត្តស្វែងរកជំនួយពីអ្នកជំនាញឯកទេសផងដែរ។
ផ្នែកទី១៖ អ្វីជា GAD-7?
លោក Spitzer និងក្រុមការងារ បានបង្កើត GAD-7 ក្នុងឆ្នាំ ២០០៦ ដែលជាកម្រងសំណួរស្តង់ដារសម្រាប់ជួយស្វែងរក រោគសញ្ញាសង្ស័យ និងវាស់វែងកម្រិតនៃរោគសញ្ញាថប់បារម្ភ។ GAD-7 ជាកម្រងសំណួរ ដែលមាន ៧សំណួរ ដែលអាចធ្វើការបំពេញដោយខ្លួនឯងបាន (Self-report)។ សម្រាប់អ្នកធ្វើការក្នុងវិស័យសុខាភិបាល អ្នកសង្គមកិច្ច ក្នុងផ្នែកអប់រំ និងសេវាកម្មផ្សេងៗទាក់ទងនឹងមនុស្ស ការយល់ដឹងពីឧបករណ៍មួយនេះ អាចជួយកត់សម្គាល់បញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់បានឆាប់រហ័ស និងទទួលជំនួយសមស្រប ជាពិសេសបញ្ជូនបន្តទៅកាន់អ្នកជំនាញឯកទេសបានទាន់ពេលវេលា។
ការកត់សម្គាល់បានឆាប់រហ័ស នឹងអាចជួយឱ្យទទួលបានការព្យាបាល ឬអន្តរាគមន៍ទាន់ពេល, កាត់បន្ថយផលប៉ះពាល់ដល់ការងារ ការសិក្សា និងជីវិតប្រចាំថ្ងៃ និងជាការបង្កើនឱកាសនៃការជាសះស្បើយពីជំងឺផ្លូវចិត្ត។
បញ្ហាសុខភាពផ្លូវចិត្តជាច្រើន មិនបានបង្ហាញខ្លួនតាមអារម្មណ៍តែប៉ុណ្ណោះទេ ប៉ុន្តែអាចបង្ហាញតាម រោគសញ្ញាផ្នែករាងកាយ (Somatic symptoms) ដូចជា ឈឺក្បាល បេះដូងលោតញាប់ ឬមិនស្រួលក្រពះ ដែលអាចធ្វើឱ្យអ្នកផ្តល់សេវាពិបាកកត់សម្គាល់។ ការកំណត់អត្តសញ្ញាណរោគសញ្ញាថប់បារម្ភបានឆាប់រហ័ស គឺជាជំហានដ៏សំខាន់ក្នុងការការពារ និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។
សូមចាំថា៖ GAD-7 គឺជាឧបករណ៍សម្រាប់ស្ទង់មើល និងវាយតម្លៃបឋមប៉ុណ្ណោះ មិនមែនជាឧបករណ៍ធ្វើរោគវិនិច្ឆ័យឡើយ។ ប្រសិនបើពិន្ទុខ្ពស់ ឬរោគសញ្ញារំខានដល់ជីវិតប្រចាំថ្ងៃ គួរស្វែងរកការវាយតម្លៃពីអ្នកជំនាញសុខភាពផ្លូវចិត្តបន្ថែមទៀត។
ផ្នែកទី២៖ របៀបប្រើប្រាស់ GAD-7
ការគ្រាន់តែស្គាល់ឈ្មោះឧបករណ៍នេះគឺមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវដឹងពីរបៀបប្រើប្រាស់សំណួរទាំង ៧ នេះ ដើម្បីដឹងថាស្ថានភាពរបស់អ្នកស្ថិតនៅកម្រិតណា។ ឧបករណ៍មួយនេះ ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របទៅនឹងលក្ខណៈធ្វើរោគវិនិច្ឆ័យរបស់សៀវភៅ DSM-IV ដើម្បីជួយវាស់វែងរោគសញ្ញាថប់បារម្ភប្រកបដោយស្តង់ដារ។
ចំណុចសំខាន់នៃឧបករណ៍នេះមួយ គឺធ្វើការវាយតម្លៃនៃអាការៈនៅក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ ដោយប្រើរង្វាស់ពិន្ទុ ០–៣ សម្រាប់រោគសញ្ញានីមួយៗ។
- ០ = មិនកើតមានទាល់តែសោះ
- ១ = កើតមាន ២–៣ ថ្ងៃ ឬតិចតួច
- ២ = កើតមានច្រើនជាងពាក់កណ្តាល ឬកើតញឹកញាប់
- ៣ = កើតមានស្ទើរតែរៀងរាល់ថ្ងៃ
បន្ទាប់មកធ្វើការបូកពិន្ទុពីសំណួរទាំង ៧ ដើម្បីបង្ហាញកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា (Severity) ជាជាងការធ្វើចំណាត់ថ្នាក់ថា "មាន" ឬ "គ្មាន" ពីសំណួរនីមួយៗ។ ពិន្ទុសរុបគ្រាន់តែជាការជួយវាស់កម្រិតនៃរោគសញ្ញា មិនមែនជាការធ្វើរោគវិនិច្ឆ័យនោះឡើយ។
រោគសញ្ញាទាំង ៧ ក្នុង ២សប្តាហ៍ចុងក្រោយរួមមាន៖
សូមចាំថា៖ ការមានរោគសញ្ញាមួយ ឬច្រើន មិនមានន័យថាអ្នកមានជំងឺថប់បារម្ភនោះទេ។ ប្រសិនបើរោគសញ្ញាទាំងនេះបន្តកើតមាន និងរំខានដល់ការងារ ការសិក្សា ឬជីវិតប្រចាំថ្ងៃ សូមពិគ្រោះជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តបន្ថែម។
ផ្នែកទី៣៖ ការបកស្រាយពិន្ទុ
GAD-7 មិនត្រឹមតែប្រាប់ថា អ្នក "មាន" ឬ "មិនមាន" បញ្ហាថប់បារម្ភនោះទេ វាជួយបង្ហាញថា រោគសញ្ញារបស់អ្នកស្ថិតនៅកម្រិតណា ដើម្បីឱ្យអ្នកជំនាញអាចរៀបចំការថែទាំ និងតាមដានការវិវត្តបានកាន់តែសមស្រប។ ការដឹងពីកម្រិតនៃរោគសញ្ញា មិនមែនដើម្បីដាក់ស្លាកខ្លួនឯងទេ ប៉ុន្តែដើម្បីដឹងថា តើអ្នកត្រូវការជំនួយបែបណា និងនៅពេលណា បន្ទាប់ពីបូកពិន្ទុសំណួរទាំង ៧។
ពិន្ទុសរុបរួមរបស់ GAD-7
០ - ៤
តិចតួចបំផុត
៥ - ៩
កម្រិតស្រាល
១០ - ១៤
កម្រិតមធ្យម
១៥ - ២១
កម្រិតធ្ងន់ធ្ងរ
ប្រសិនបើពិន្ទុ ១០ ឡើងទៅ វាជាសញ្ញាថា គួរទទួលការវាយតម្លៃបន្ថែមពីអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងកំណត់ប្រភេទជាក់លាក់នៃជំងឺថប់បារម្ភ។ ការធ្វើរោគវិនិច្ឆ័យពិតប្រាកដ ត្រូវការពិនិត្យប្រវត្តិជំងឺ អាការៈកើតមានឡើង និងកត្តាផ្សេងៗទៀត មិនមែនគ្រាន់តែពឹងផ្អែកលើពិន្ទុ GAD-7 តែមួយនោះទេ។
ផ្នែកទី៤៖ សរុបសេចក្តី
ការទទួលបានការជួយទាន់ពេល អាចកាត់បន្ថយផលប៉ះពាល់ដល់ការងារ ការសិក្សា និងគុណភាពជីវិត តែសូមចាំថា “GAD-7 ជាឧបករណ៍ស្ទង់មើលបឋម មិនមែនជាឧបករណ៍ធ្វើរោគវិនិច្ឆ័យឡើយ”។ ប្រសិនបើពិន្ទុរបស់អ្នកខ្ពស់ ឬរោគសញ្ញារំខានដល់ការរស់នៅប្រចាំថ្ងៃ សូមកុំភ័យ នេះជាការយល់ដឹងពីរោគសញ្ញាដំបូង អាចជួយឱ្យអ្នក ឬមនុស្សជាទីស្រឡាញ់ ទទួលបានការគាំទ្រ និងការថែទាំបានទាន់ពេល។
ធនធានវីដេអូសិក្សាបន្ថែម
សូមស្វែងយល់បន្ថែមអំពីរបៀបវាស់វែងកម្រិតថប់បារម្ភ តាមរយៈវីដេអូខាងក្រោម៖
Comments
Post a Comment