តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ?
បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។
ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ?
ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន
ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណាម្នាក់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយប្រព័ន្ធថែទាំសុខភាពផ្លូវចិត្តសម័យឌីជីថលនេះ។ អ្នកចែករំលែកទាំងអស់នោះ បានដើរតួនាទីជាមនុស្សគម្រូសម្រាប់អ្នកដទៃក្នុងការហ៊ាននិយាយចេញមក នូវស្ថានភាពផ្លូវចិត្តរបស់ខ្លួន ក៏ដូចជា ផ្តល់នូវក្តីសង្ឃឹម, ការទទួលស្គាល់, និងជួយកាត់បន្ថយនូវអារម្មណ៍ឯកោ នៅពេលដែលមានអ្នកផ្សេងទៀតកំពុងជួបបញ្ហាស្រដៀងៗគ្នានេះ (Dings & Tekin, 2022)។
យើងត្រូវទទួលស្គាល់ថា ការចែករំលែករបស់អ្នកល្បីឈ្មោះលើបណ្តាញសង្គម ពិតជាមានផលជះច្រើនណាស់ ជាពិសេសអ្នកមានក្រុមការងារជួយធ្វើទីផ្សារ ដែលការនិយាយគេ មានភាពទាក់ទាញគួរឱ្យចង់ស្តាប់ជាងអ្វីដែលអ្នកជំនាញនិយាយ។
ចំណុចល្អមួយទៀត គឺការចែករំលែកនេះ នឹងជួយ កាត់បន្ថយការរើសអើង និងបង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ដល់សាធារៈណជន (Nazari et al., 2023)។ លើសពីនេះទៅទៀតនោះ បទពិសោធន៍ទាំងនេះត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើង ពីអ្នកជំនាញឯកទេសសុខភាព ហើយត្រូវបានចាត់ទុកថា សកម្មភាពនេះជាភ្នាក់ងារមួយ ជួយជំរុញឱ្យមានការផ្លាស់ប្តូរ និងជាចំណែកមួយមានឥទ្ធិពល លើការបង្កើតគោលនយោបាយផ្សេងៗ ទាក់ទងនឹងការថែទាំសុខភាពផ្លូវចិត្ត (Dings & Tekin, 2022)។
ទោះយ៉ាងណា ការរួមចំណែកបែបនេះ គឺខុសពី “ការព្យាបាលសុខភាពផ្លូវចិត្តដោយវិជ្ជាជីវៈ” ដែលមានភាពខុសគ្នាសំខាន់ៗ ទាក់ទងទៅនឹងការបណ្តុះបណ្តាល ក្រមសីលធម៌វិជ្ជាជីវៈ និងដែនកំណត់នៃការអនុវត្តការងារ (Dewitt et al., 2021)។
ផ្នែកទី២៖ ហានិភ័យគួរដឹង
អ្វីដែលត្រូវចាប់អារម្មណ៍ដំបូង គឺថាអ្នកចែករំលែកពីបទពិសោធន៍ខ្លួនឯង គាត់ធ្វើការពឹងផ្អែកទៅលើបទពិសោធន៍របស់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ ដែលពេលខ្លះបទពិសោធន៍ទាំងអស់នោះ មិនមានភស្តុតាងតាមបែបវិទ្យាសាស្រ្តជាក់លាក់នោះទេ (Dings & Tekin, 2022)។ បទពិសោធន៍របស់មនុស្សម្នាក់ៗ មានភាពខុសគ្នា ហើយពេលខ្លះ គេអនុវត្តទៅមានប្រសិទ្ធភាព ប៉ុន្តែដោយសារតែកត្តាសង្គម ស្ថានភាពផ្លូវចិត្ត និងរាងកាយខុសគ្នា ដំណោះស្រាយរបស់គេ អាចនឹងមិនសាកសមសម្រាប់លោកអ្នក។
ហើយមានពេលខ្លះ ពួកគេ អាចនឹងមានការយល់ឃើញខុសប្លែកពីអ្នកជំនាញឯកទេសពិតប្រាកដ លើការព្យាបាលផ្លូវចិត្ត។ ជាឧទាហរណ៍អ្នកចែករំលែកបទពិសោធន៍របស់ខ្លួន ប្រហែលជាអាចយល់ថាការព្យាបាលផ្លូវចិត្តដោយប្រើថ្នាំ មិនល្អប៉ុន្មាននោះទេ។ ក៏អាចព្រោះតែពួកគេមានបទពិសោធន៍ មិនល្អជាមួយនឹងការប្រើប្រាស់ថ្នាំ ដូចជាស្ងួតមាត់ខុសធម្មតា ឬ មិនមានកម្លាំងកំហែងធ្វើការងារជាដើម។
បច្ច័យអវិជ្ជមានធ្ងន់ធ្ងរ
ការទទួលបានដំបូន្មានខុស ឬព័ត៌មានមិនពេញលេញពីអ្នកដែលគ្មានជំនាញ (ទោះបីជាពួកគេធ្វើឡើងដោយមានបំណងល្អក៏ដោយ) វាអាចធ្វើឱ្យ ពន្យារពេលក្នុងការព្យាបាលដ៏ត្រឹមត្រូវមួយ ឬនាំឱ្យមានការធ្វើរោគវិនិច្ឆ័យខុសឆ្គង ដែលអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ និងមានលក្ខណៈស្មុគស្មាញ (Corzine, & Roy, 2024)។
ជំងឺផ្លូវចិត្តមិនមែនមានត្រឹមតែជំងឺថប់បារម្ភ ឬ ធ្លាក់ទឹកចិត្តប៉ុណ្ណោះនោះទេ ជំងឺផ្លូវចិត្តមានច្រើនជាង១០០ ប្រភេទផ្សេងៗពីគ្នា ដូចនេះហើយអ្នកមិនបានទទួលការបណ្តុះបណ្តាល អាចមានការយល់ច្រលំ ពីប្រភេទនៃជំងឺផ្លូវចិត្ត។
ផ្នែកទី៣៖ អ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត
ភាពខុសប្លែកគ្នារបស់អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ស្ថិតនៅត្រង់ចំណុច ដែលថាអ្នកជំនាញទទួលបានការបណ្តុះបណ្តាលស៊ីជម្រៅពីឯកទេសសុខភាពផ្លូវចិត្ត ដើម្បីអាចមានសមត្ថភាពក្នុងការធ្វើការងារ ជាមួយនឹងអ្នកមានបញ្ហាផ្លូវចិត្ត។ អ្នកជំនាញទាំងនោះ អាចជាអ្នកសិក្សាផ្នែកចិត្តសាស្រ្ត អ្នកសង្គមកិច្ច ឬគ្រូពេទ្យឯកទេសវិកលវិទ្យា ដោយពួកគាត់ត្រូវឆ្លងកាត់ការសិក្សាយ៉ាងស៊ីជម្រៅ ដើម្បីមានសមត្ថភាពវាយតម្លៃ ធ្វើរោគវិនិច្ឆ័យ និងគ្រប់គ្រងហានិភ័យផ្សេងៗ ឧទាហរណ៍៖ ការគិតចង់ធ្វើអត្តឃាត ឬការធ្វើបាបខ្លួនឯង (Malterud et al., 2024)។
"ខ្ញុំចាំបានថាពេលខ្ញុំរៀនធ្វើជាអ្នកព្យាបាលផ្លូវចិត្ត គេតម្រូវឱ្យសិស្សដែលរៀន ជួបអតិថិជន ឬអ្នកមានបញ្ហាផ្លូវចិត្ត ច្រើនជា៥០ម៉ោង ទាំងលក្ខណៈបុគ្គល និងក្រុម។ ក្នុងអំឡុងពេលជួបជាមួយនឹងអតិថិជននោះដែរ ក៏តម្រូវឱ្យមានជំនួបគាំទ្រពីអ្នកឯកទេសផ្សេងទៀត ជជែកពីអ្វីដែលយើងធ្វើការងារជាមួយអតិថិជន ឬអ្នកមានបញ្ហាផ្លូវចិត្ត។"
ការជួបក្នុងជំនួបគាំទ្រនេះ គឺដើម្បីធានាថា អ្នករៀនព្យាបាលផ្លូវចិត្ត មិនបានធ្វើឱ្យមនុស្សណាម្នាក់ឈឺចាប់ដោយប្រការណាមួយនោះទេ។ ការជួបគាំទ្រនេះ មានច្រើនជា៣០ម៉ោង ទាំងលក្ខណៈបុគ្គល និងលក្ខណៈក្រុមផងដែរ។ ក្រៅពីត្រូវជួបអតិថិជន ឬអ្នកមានបញ្ហាផ្លូវចិត្ត និងទទួលបានការគាំទ្រពីអ្នកឯកទេសមានបទពិសោធន៍ ជាសិស្សត្រូវតែរៀនចំណេះដឹងផ្សេងៗ តាមរយៈសិក្ខាសាលានៅខាងក្រៅ ឬអានសៀវភៅច្រើនជាង៥០ម៉ោងទៀតផង។
បើអញ្ចឹងលោកអ្នកសាកគិតមើលថា តើអ្នកដែលចែករំលែកបទពិសោធន៍ខ្លួនឯង និងអ្នកឯកទេសព្យាបាលផ្លូវចិត្តមានភាពខុសប្លែកគ្នាយ៉ាងណាដែរ?
វិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ
ចំណុចខុសប្លែកមួយរបស់អ្នកឯកទេសសុខភាពផ្លូវចិត្ត គឺពួកគេប្រើប្រាស់វិធីសាស្រ្តព្យាបាល ដែលបានសិក្សាស្រាវជ្រាវត្រឹមត្រូវមុននឹងយកទៅព្យាបាលអ្នកមានបញ្ហា ដូចជា ការព្យាបាលតាមបែបពុទ្ធិអាកប្បកិរិយា (CBT) ជាដើម។
(Lewis et al., 2020)ក្រមសីលធម៌ នៃការព្យាបាល
អ្វីមួយដែលសំខាន់បំផុតរបស់អ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត គឺត្រូវអនុវត្តតាមក្រមសីលធម៌តឹងរ៉ឹងបំផុត ដូចជាការរក្សាការសម្ងាត់ ការយល់ព្រមពីអ្នកជំងឺ និងការរក្សាព្រំដែនវិជ្ជាជីវៈ។
(Dings & Tekin, 2022)ផ្នែកទី៤៖ សរុបសេចក្តី
សរុបជារួមមក អ្នកចែករំលែកបទពិសោធន៍ផ្ទាល់ពីសុខភាពផ្លូវចិត្តរបស់ខ្លួន ពិតជាមានតួនាទីសំខាន់ណាស់ក្នុងការលុបបំបាត់ការរើសអើង និងផ្តល់ការគាំទ្រផ្លូវចិត្តតាមរយៈការយល់ចិត្ត។ ប៉ុន្តែការព្យាបាលជំងឺផ្លូវចិត្ត ទាមទារនូវជំនាញវិជ្ជាជីវៈច្បាស់លាស់ វិធីសាស្រ្តព្យាបាលផ្អែកលើការសិក្សាបែបវិទ្យាសាស្រ្ត និងការគ្រប់គ្រងហានិភ័យ។
ការរួមបញ្ចូលគ្នារវាង "បទពិសោធន៍ផ្ទាល់ខ្លួន" និង "ជំនាញវិជ្ជាជីវៈ" គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងពេញលេញបំផុត ក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត។
សូមស្វែងរកទទួលការព្យាបាលពីអ្នកជំនាញឯកទេសពិតប្រាកដ ដើម្បីជួយឱ្យស្ថានភាពផ្លូវចិត្តរបស់លោកអ្នក មានភាពល្អប្រសើរក្នុងរយៈពេលមួយវែង ជាជាងទទួលបានការលើកទឹកចិត្តដែលធ្វើឱ្យអារម្មណ៍ល្អក្នុងរយៈពេលមួយខ្លី។
ឯកសារយោង (References)
- Dings, R., & Tekin, Ş. (2022). A philosophical exploration of experience-based expertise in mental health care. Philosophical Psychology. https://doi.org/10.1080/09515089.2022.2132926
- Nazari, A., Garmaroudi, G., Foroushani, A. R., & Hosseinnia, M. (2023). The effect of web-based educational interventions on mental health literacy, stigma and help-seeking intentions/attitudes in young people: systematic review and meta-analysis. BMC Psychiatry, 23(1).
- Dewitt, B., Persson, J., Wahlberg, L., & Wallin, A. (2021). The epistemic roles of clinical expertise: An empirical study of how Swedish healthcare professionals understand proven experience. PLOS ONE, 16(6), e0252160.
- Corzine, A., & Roy, A. (2024). Inside the black mirror: current perspectives on the role of social media in mental illness self-diagnosis. Discover Psychology, 4(1).
- Malterud, K., Reventlow, S., & Guassora, A. D. (2024). Clinical practice enhanced by interdisciplinary theoretical perspectives. Scandinavian Journal of Primary Health Care, 42(4), 602–608.
- Lewis, C., Roberts, N. P., Andrew, M., Starling, E., & Bisson, J. I. (2020). Psychological therapies for post-traumatic stress disorder in adults: systematic review and meta-analysis. European Journal of Psychotraumatology, 11(1).
Comments
Post a Comment