Skip to main content

Followers

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA)

សេចក្តីផ្តើម

ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួបបញ្ហា ប្រទេសជាតិត្រូវការយើងគ្រប់គ្នាក្នុងការជួយដោះស្រាយតាមលទ្ធភាពរៀងៗខ្លួន។

លោកអ្នកប្រហែលជាបានឃើញមនុស្សខ្លះ ឬក៏ខ្លួនឯងមានអាការៈ ដូចជាមាន អារម្មណ៍ខ្វល់ខ្វាយ បេះដូងលោតញាប់ខុសធម្មតា ឬពេលខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន។ នៅក្នុងស្ថានភាពគ្រាលំបាកបែបនេះ នេះគឺជារឿង​ធម្មតា​នោះ​ទេ។ ជំនាញក្នុងគេហទំព័រនេះហៅថា “ការសង្រ្គោះ​ផ្លូវចិត្ត​បឋម” នឹងបង្ហាញ​ពីជំហាន​ងាយៗ​មួយ​ចំនួនដែលអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់មកវិញ និងជួយអ្នកដទៃ។

ចំណុចគួរកត់សម្គាល់

ជាទូទៅមនុស្សយើង​តែងតែ​មាន​អាការៈ​ដូចៗ​គ្នា​ទាំង​អស់។ មានអ្នកខ្លះអាចមានអាការៈនេះរហូតដល់ ២១ថ្ងៃក៏មាន ដែលនេះជាដំណើរការជាធម្មជាតិ បន្ទាប់ពីជួបហេតុការណ៍ន្ធត់រួចហើយ (American Psychiatric Association, 2013)។

តើអ្វីទៅជាការសង្គ្រោះផ្លូវចិត្តបឋម (PFA)?

ការសង្គ្រោះផ្លូវចិត្តបឋម (Psychological First Aid - PFA) គឺជាការជួយឱ្យស្ថានភាពផ្លូវចិត្តរបស់មនុស្សកំពុង​ជួបស្ថានភាព​វិបត្តិ​ឱ្យល្អប្រសើរមកវិញ។ នេះជាវិធីសាស្រ្តមួយ​ដែលមនុស្ស​គ្រប់គ្នា​សុទ្ធ​តែអាចធ្វើបាន ដើម្បីជួយឱ្យអ្នកកំពុងមានស្ថានភាពផ្លូវចិត្តមិននឹងនរ ឱ្យមានអារម្មណ៍ល្អប្រសើរ​ត្រលប់​មកវិញ។ វាជាការផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងគ្រាលំបាក។

គោលការណ៍ស្នូលគឺផ្តោតលើការបង្កើតបរិយាកាសមួយដែលប្រកបដោយ សុវត្ថិភាពផ្លូវកាយ (ការធានាថាបុគ្គលនោះនៅឆ្ងាយពីគ្រោះថ្នាក់) និង សុវត្ថិភាពផ្លូវចិត្ត (ការធ្វើឱ្យពួកគេមានអារម្មណ៍ស្ងប់ និងទទួលបានការគាំទ្រ)។ ជំហានដំបូង និងសំខាន់បំផុតនោះ គឺការធានាសុវត្ថិភាពនេះឯង។ មុននឹងធ្វើអ្វីៗទាំងអស់ យើងត្រូវសួរខ្លួនឯងថា «តើ​កន្លែង​នេះមានសុវត្ថិភាពមែនទេ?» ព្រោះការជួយនរណាម្នាក់ឱ្យមានសុវត្ថិភាពជាមុនសិន គឺជាអាទិភាពចម្បង។

វិធីសាស្ត្រមួយនេះត្រូវបានទទួលស្គាល់ថាមានប្រសិទ្ធភាពដោយអង្គការធំៗ​ជា​ច្រើនដូចជា អង្គការសុខភាព​ពិភព​លោក (WHO), កាកបាទ​ក្រហម​កម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល។

ជំហានទាំង ៣ នៃការសង្គ្រោះផ្លូវចិត្តបឋម

ជំហានទី១៖ ពិនិត្យមើល (LOOK)

ជំហានដំបូង និងសំខាន់បំផុតនោះគឺ ការធានាឱ្យ បានថាទាំងលោកអ្នក និង​អ្នក​ដែលត្រូវ​ការ​ជំនួយ​មានសុវត្ថិភាពទាំងរាងកាយ និងផ្លូវចិត្ត។ លោកអ្នកសាកល្បងសួរខ្លួនឯង ជាមុន​សិនថា «តើ​កន្លែង​កំពុងនៅ​នេះពិតជាមានសុវត្ថិភាពមែនទេ?» អ្វីដែលត្រូវធ្វើមុនគេ នៅពេលមនុស្សម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់ នោះគឺជួយពួកគេឱ្យមានសុវត្ថិភាពជាមុនសិន។

សូមកុំធ្វើការបង្ខំ

កុំព្យាយាមជជីកសួរនាំអ្នកមានបញ្ហាឱ្យនិយាយចេញមកក្រៅឱ្យ​សោះ, លើកលែងតែគាត់ចង់និយាយវាចេញមកក្រៅដោយខ្លួនឯង។

ក្បែរ​ដោយស្ងៀមស្ងាត់

មានពេលខ្លះ, ការគ្រាន់តែនៅ​ក្បែរ​ដោយស្ងៀមស្ងាត់ គឺជាការគាំទ្រដ៏ល្អបំផុត។ វាជួយឱ្យគាត់មានអារម្មណ៍មិនឯកោ និងទទួលបានអារម្មណ៍សុវត្ថិភាពត្រលប់មកវិញ។

គោលដៅចម្បង

គឺធ្វើការកាត់បន្ថយភាពច្របូកច្របល់នៅជុំវិញខ្លួនគាត់ ដើម្បី​ឱ្យ​គាត់អាចចាប់ផ្តើមមានភាពម្ចាស់ការគ្រប់គ្រងស្ថានការណ៍ខ្លួនឯងបានខ្លះមកវិញ។

ជំហានទី២៖ ស្តាប់ (LISTEN)

ការស្តាប់នៅទីនេះ មិន​មែនមានន័យត្រឹមតែប្រើត្រចៀកដើម្បីស្តាប់ឮសំលេងនោះទេ តែជាការយកចិត្តទុកដាក់​ស្តាប់​នូវ​អ្វីដែល​ពួកគាត់ចង់ចែករំលែក ទាំង ភាសាកាយវិការ និង ពាក្យសម្តី ដោយមិនមានការកាត់សេចក្តី ឬ​ប្រញាប់​ប្រញាល់​ធ្វើការផ្តល់ដំបូន្មាននោះឡើយ។

អ្វីដែលអ្នកអាចនិយាយ

អ្នកអាចនិយាយថា «ខ្ញុំនៅទីនេះ នៅក្បែរអ្នក» ឬ «មិនអីទេ តាមសម្រួលចុះ»។

បច្ចេកទេសដកដង្ហើម

«តោះ! យើងសាកល្បង​ដក​ដង្ហើមជាមួយគ្នា! ស្រូបដង្ហើមចូលឱ្យវែងតាមអាចធ្វើទៅបាន... (ទប់បន្តិចអាចពី ១ ទៅ ៥វិនាទី) ... រួច​បញ្ចេញ​ដង្ហើមចេញមកវិញយឺតៗមួយៗ...»។

ជួយកុមារ

សម្រាប់ក្មេងៗ ការលេង ឬការគូររូប អាចជាវិធីដ៏ល្អមួយសម្រាប់ឱ្យ​ពួកគេអាចធ្វើ​ការបញ្ចេញ​អារម្មណ៍​មកខាងក្រៅដោយមិនចាំបាច់ប្រើពាក្យសំដី។ ដូចនេះមនុស្សធំ សូមអនុញ្ញាតិឱ្យក្មេងៗគាត់បានលេងផង។

ជំហានទី៣៖ ជួយភ្ជាប់ (LINK)

"ការសង្គ្រោះផ្លូវចិត្តបឋម គឺប្រៀបបីបានដូចជាស្ពានមួយអញ្ចឹង ក្នុងការភ្ជាប់រវាងនឹង អ្នក​មាន​បញ្ហា​ទៅកាន់គោលដៅចុងក្រោយ ដើម្បីដោះស្រាយបញ្ហា។"

ជួយភ្ជាប់អ្នកមានបញ្ហាទៅកាន់បណ្តាញគាំទ្រផ្សេងៗ ដូចជា គ្រួសារ មិត្តភក្តិ ឬអ្នកដឹកនាំក្នុងសហគមន៍។ ការមានអារម្មណ៍ថាខ្លួនជាចំណែកមួយនៃសហគមន៍ គឺជាប្រភពកម្លាំងចិត្តដ៏មហាសាល។

ផ្តល់ព័ត៌មានពិត

ផ្តល់ព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបានពីប្រភពផ្លូវការ នឹងជួយឱ្យបន្ថយនូវអារម្មណ៍ភ័យខ្លាចដែលបណ្តាលមកពីពាក្យចចាមអារ៉ាម។

ពេលណាត្រូវបញ្ជូនបន្ត

បើអ្នកសម្គាល់ឃើញថាគាត់មានភាពតានតឹងធ្ងន់ធ្ងរ សូមកុំស្ទាក់ស្ទើរក្នុងការជួយពួកគាត់ឲ្យបានជួបជាមួយអ្នកជំនាញ ដូចជាបុគ្គលិកសុខាភិបាល។

សេចក្តីសន្និដ្ឋាន

រំលឹកឡើងវិញនូវជំហានទាំងបី៖

ទីមួយ៖ បង្កើតសុវត្ថិភាព

ទីពីរ៖ ធ្វើឲ្យចិត្តស្ងប់ & ស្តាប់

ទីបី៖ ជួយភ្ជាប់ទំនាក់ទំនង

"ការសង្គ្រោះផ្លូវចិត្តបឋមជាសកម្មភាពក្នុងការជួយឱ្យមានការជាសះស្បើយឡើងវិញ នូវការឈឺចាប់ពីខាងក្នុងរបស់ពួកគាត់កាន់តែឆាប់រហ័ស។"

សូមចងចាំថា! អ្នកមិនចាំបាច់ជាអ្នកជំនាញដើម្បីអាចជួយអ្នកដទៃបាននោះទេ។ សកម្មភាពដ៏តូចៗប្រកបដោយក្តីមេត្តារបស់អ្នក អាចក្លាយជាពន្លឺដ៏ធំធេងសម្រាប់នរណាម្នាក់ដែលកំពុងស្ថិតនៅក្នុងភាពងងឹត។

ខ្ញុំសូមបួងសួងឱ្យលោកអ្នកទាំងអស់គ្នាមានសុខសុវត្ថិភាព។

ឯកសារយោង

  • American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders: DSM-5. American psychiatric association.
  • WHO. (2011). Psychological first aid: Guide for field workers. World Health Organization.
  • WHO. (2022). Helping distressed students: Psychological First Aid (PFA) in Cambodian Schools. World Health Organization. Read more

© 2024 ការសង្គ្រោះផ្លូវចិត្តបឋម។ បង្កើតឡើងដើម្បីការចែករំលែកចំណេះដឹង។

រៀបរៀងដោយ៖ ភុល សុភារិទ្ធ និង ហុង ណៃស៊ីម | ៣០ កក្កដា ២០២៥

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...