Skip to main content

Followers

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹង
សុខភាពផ្លូវចិត្ត

សេចក្តីផ្តើម

តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។

មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។

តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញរបាយការណ៍មួយថា មាន​មនុស្ស ជាងមួយពាន់លាននាក់ ដែលកំពុងតែ​រស់នៅក្នុងស្ថានភាពដែលខ្លួនកំពុងមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត។

រឿងប្រឌិតទី១

“រឿងប្រឌិត៖ អ្នកមានជំងឺផ្លូវចិត្ត មានន័យថាអ្នកនឹងក្លាយជា មនុស្សឆ្កួត ។”

ការដែលប្រើប្រាស់ពាក្យថា "មនុស្សឆ្កួត" ដើម្បីសម្គាល់អ្នកមានបញ្ហាផ្លូវចិត្តនេះ គឺត្រូវបានគេប្រើជាយូរយារណាស់មកហើយ។ ការប្រើប្រាស់នេះ គឺដោយសារតែកាលពីមុនមនុស្សយើងមិនមានចំណេះដឹងទូលំទូលាយ មានភាពភ័យខ្លាច និង ជាការមាក់ងាយអ្នកដែលមានបញ្ហាផ្លូវចិត្ត។

ការដែលមនុស្សយើងមានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត មិនមែនមានន័យថាមនុស្សយើងជា “មនុស្សឆ្កួត” នោះទេ។ ការប្រើប្រាស់ពាក្យមួយនេះ ជារឿយៗ ក៏ត្រូវបាន គេប្រើដើម្បីពិពណ៌នាអំពីមនុស្សដែលមានចរិកលក្ខណៈ "ខុសពីគេឯង" ឬ "មិនដូចបទដ្ឋានសង្គម" ដែលការប្រើប្រាស់ពាក្យនេះ ជំរុញឱ្យអ្នកមានបញ្ហាផ្លូវចិត្ត កាន់តែមិនត្រូវបានទទួលស្គាល់ក្នុងសង្គម និងមានការរើសអើងបន្ថែមទៀត។

ហើយមានអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ព្យាយាមធ្វើការលាក់បាំង មិនបានទទួលជំនួយបានត្រឹមត្រូវ ដែលអាចបង្កឱ្យជំងឺរបស់ខ្លួនកាន់តែធ្ងន់ធ្ងរឡើង។

“ការពិត៖ ជំងឺផ្លូវចិត្ត ជាស្ថានភាពសុខភាពមួយ ដូចគ្នានឹងជំងឺផ្លូវកាយដែរ ហើយមិនមានន័យថាម្នាក់នោះ ជាមនុស្សមិននឹងនរ ឬ គ្រោះថ្នាក់នោះទេ។”

អ្នកដែលមានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត តាមពិតទៅជាមនុស្ស ដែលងាយរងគ្រោះ ដោយសារតែពួកគាត់មានរោគសញ្ញាមួយចំនួន បង្កជាបញ្ហាលើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ដូចគ្នានឹងអ្នកមានបញ្ហាសុខភាពរាងកាយ ដូចជាអ្នកជំងឹទឹកនោមផ្អែមផងដែរ អ្នកជំងឺមានបញ្ហាក្នុងសុខភាពផ្នែករាងកាយរបស់ខ្លួន ខណៈដែលអ្នកមានជំងឺផ្លូវចិត្ត​ ពួកគេអាចមានការផ្លាស់ប្តូរការគិត អារម្មណ៍ និងអាកប្បិរិយារបស់បុគ្គល។ ការផ្លាស់ប្តូរទាំងអស់នេះ មិនមែនមានន័យថា មនុស្សយើងឆ្កួតនោះដែរ នេះគ្រាន់តែបញ្ជាក់ថាសុខភាពផ្លូវចិត្តរបស់មនុស្សយើង មានសារៈសំខាន់ដូចនឹងសុខភាពរាងកាយផងដែរ។

រឿងប្រឌិតទី២

“រឿងប្រឌិត៖ អ្នកកើតមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ បង្ហាញថាម្នាក់នោះមាន​ភាព​ទន់ខ្សោយ។”

មានមនុស្ស​ច្រើន​នៅតែ​មានគំនិត​ថា បើមនុស្សណា​ម្នាក់​មានបញ្ហាធ្លាក់ទឹកចិត្ត ឬមានអារម្មណ៍​ថប់បារម្ភ មានន័យថាម្នាក់នោះ មិន​រឹងមាំ​គ្រប់គ្រាន់​ដើម្បីប្រឈមមុខ​ទប់ទល់ជាមួយ​នឹង​បញ្ហារបស់ខ្លួន។ គំនិត​បែបនេះ មិន​ត្រឹមតែ​ខុស​ទេ តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដែល​កំពុង​ត្រូវការស្វែងរក​ជំនួយផង​ដែរ។

"ឥឡូវលោកអ្នកសាកល្បង​គិតបែបនេះវិញ បើសិនជាមានមនុស្សម្នាក់​​កើតមាន​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺបេះដូង​ តើលោកអ្នកគិតថាម្នាក់នោះ ជា ”​មនុស្ស​ទន់ខ្សោយ​” ដែរទេ?"

“ការពិត៖ ការមានបញ្ហា​សុខភាព​ផ្លូវចិត្ត មិនបានបញ្ជាក់ថាលោកអ្នកមាន​ភាព​ទន់ខ្សោយ​នោះទេ។ ​ជំងឺផ្លូវចិត្តជាជំងឺ​មួយ​ ដូច​ជំងឺផ្នែកខាងរាងកាយ​ដទៃៗ​ទៀត​ដែរ។”

ជាធម្មតាមនុស្សយើងតែងតែកើតមានបញ្ហាសុខភាពដោយជៀសមិនរួច ហើយសម្រាប់​សុខភាព​ផ្លូវចិត្ត​ក៏​ដូចគ្នា​អញ្ចឹង​ដែរ! ពិតហើយដែលថា ពេលមានបញ្ហាផ្លូវចិត្ត វានឹងបង្កផលប៉ះពាល់ដល់សុខុមាលភាពរបស់បុគ្គល ប៉ុន្តែនេះមិនមែនមានន័យថា មនុស្សយើងមិនអាចធ្វើការជំនះបញ្ហានេះបាននោះទេ។ ការកើតមានបញ្ហាសុខភាពផ្លូវចិត្ត មិនមានជាប់ទាក់ទងនឹងឆន្ទៈទន់ខ្សោយ ឬ រឹងម៉ាំរបស់បុគ្គលម្នាក់ៗនោះទេ ហើយបញ្ហានេះមានពេលខ្លះក៏មិនអាចជ្រើសរើសបាននោះដែរ។

នៅពេលយើងកើតមានជំងឹផ្លូវចិត្ត វា​នឹងធ្វើឱ្យ​ប៉ះពាល់​ដល់​ការគិត អារម្មណ៍ និង​អាកប្បិរិយា បញ្ហានេះបង្កដោយសារតែអត្តរទំនាក់ទំនងយ៉ាងស្មុគស្មាញរវាង កត្តាហ្ស៊ែន ជីវសាស្រ្ត សង្គម និង មជ្ឈដ្ឋានរស់នៅ។ តាមពិតទៅ ការទទួលស្គាល់នូវបញ្ហារបស់ខ្លួន ហើយយល់ព្រមក្នុងការទទួលជំនួយពីអ្នកដទៃទៀត ជាពិសេសអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត ទាមទារ​ឱ្យបុគ្គលម្នាក់នោះមានភាពក្លាហានយ៉ាងខ្លាំង។ ការស្វែងរកជំនួយ និង ទទួលយកជំនួយ គឺជាសញ្ញាមួយបញ្ជាក់ពីដំណើរជាសះស្បើយ។

“ការថែទាំរបស់ខ្លួនឯង និង ការស្វែងរកជំនួយពីអ្នកដទៃនូវពេលដែលត្រូវការ នេះគឺជាសញ្ញាមួយបង្ហាញថាមនុស្សម្នាក់នោះរឹងម៉ាំ។”

“សូមចាំថាមនុស្សគ្រប់គ្នាសុទ្ធតែ អាចមានបញ្ហាផ្លូវចិត្ត!”

រឿងប្រឌិតទី៣

“រឿងប្រឌិត៖ អ្នក​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត គឺ​គ្មាន​ថ្ងៃ​ជា​សះស្បើយ​ទេ។”

មានមនុស្សជាច្រើន មានជំនឿបែបនេះ ហើយការដែលមានជំនឿ​បែបនេះ បានធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​អស់សង្ឃឹម ហើយលែង​ចង់​តស៊ូព្យាយាម​ស្វែងរកជំនួយជាបន្ត​ទៀត ដោយព្រោះ​ក្នុងចិត្តគិត​ថា​ បើ​កើតមាន​ជំងឺផ្លូវចិត្តហើយ​ហើយ គឺ​ត្រូវតែកើតមានអស់​មួយ​ជីវិត។

“ការពិត៖ ជំងឺផ្លូវចិត្ត គឺអាចធ្វើការ​ព្យាបាលឱ្យជា​សះស្បើយបាន”

ជាមួយនឹងការជួយដ៏ត្រឹមត្រូវ ដែលជាការព្យាបាលសមស្រប និង ទាន់ពេលវេលា មនុស្សភាគច្រើន នឹងជាសះស្បើយឡើងវិញ ហើយក៏មិនមានលេចឡើងផលរំខានផ្សេងៗផងដែរ។ ការព្យាបាលបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ​មិនមែន​មានតែការ​លេបថ្នាំមួយមុខ​នោះទេ! ​ការ​ព្យាបាលផ្លូវចិត្ត អាចធ្វើតាមបែបប្រឹក្សាផ្លូវចិត្ត (Counseling) ជាលក្ខណៈបុគ្គល ក្រុម​ ឬ ជាលក្ខណៈគ្រួសារ។ ជួបជាមួយនឹងអ្នកឯកទេសផ្នែកផ្លូវចិត្ត នឹងជួយឱ្យបុគ្គល និង គ្រួសារ មានការ​ផ្លាស់ប្ដូរបែបផែននៃការ​រស់នៅ ដូចជាការ​ហាត់ប្រាណ ឬ​ការ​ទទួល​បាន​កម្លាំងចិត្ត​ពីមនុស្សនៅ​ជុំវិញ​ខ្លួន។

សកម្មភាពដែលអាចជួយបាន៖

🧘‍♀️

យោគៈ

🏃‍♂️

រត់/ហាត់ប្រាណ

💃

រាំ

ការ​ហាត់ប្រាណ​ស្រាលៗ​ ក៏​អាច​ជួយ​កាត់បន្ថយ​អារម្មណ៍​តានតឹងផ្លូវចិត្តយ៉ាង​ប្រសិទ្ធភាព។

សម្រាប់អ្នកធ្លាប់កើតមានជំងឺផ្លូវចិត្ត ប្រហែលជាកើតឡើងម្តងទៀត ហើយតម្រូវឱ្យបន្តធ្វើការព្យាបាលតទៅទៀត។ ដូចជាជំងឺរ៉ាំរ៉ៃដទៃទៀតដែរ ជំងឺផ្លូវចិត្តអាចត្រូវបានគ្រប់បាន ដូចនេះបុគ្គលនោះ អាចរស់នៅជាធម្មតាបាន។

អ្វី​ដែល​សំខាន់​បំផុត​នោះ គួរតែគិតពីធនធានអ្វីដែលមាន និងទទួលការ​ព្យាបាល ហើយការព្យាបាលផ្លូវចិត្តត្រូវការប្រើរយៈពេលដើម្បីឱ្យជាសះស្បើយវិញបាន។

សូមទទួលការព្យាបាល​ដោយ​ការ​អត់ធ្មត់!

រឿងប្រឌិតទី៤

“រឿងប្រឌិត៖ មានតែ​មនុស្ស​ធំ​ទេ ដែល​​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត។”

ពេល​និយាយ​ពី​ជំងឺ​បាក់ទឹកចិត្ត ឬជំងឺ​ថប់បារម្ភ មនុស្សយើង​កម្រនឹងនឹក​គិតទៅដល់​ក្មេងៗ ឬ​យុវវ័យ​ខ្លាំងណាស់។ មនុស្សយើង​ច្រើនតែ​មានការយល់ច្រឡំ​ថា ​អាការៈ​ទាំងអស់នេះ កើតមានឡើងតែទៅលើមនុស្សយើង ពេលពួកគាត់មានការរីកលូតលាស់ធំតែប៉ុណ្ណោះ។

“ការពិត៖ បញ្ហា​សុខភាព​ផ្លូវចិត្ត អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ។”

បើទោះបីជាកុមារក៏ដោយ ក៏អាចធ្លាប់មានបទពិសោធន៍កើតមានជំងឺផ្លូវចិត្តផងដែរ។

50%

នៃបញ្ហាផ្លូវចិត្តចាប់ផ្តើមបង្ហាញរោគសញ្ញា
មុនអាយុ ១៤ឆ្នាំ

75%

នៃបញ្ហាផ្លូវចិត្តកើតមានឡើង
មុនអាយុ ២៤ឆ្នាំ

កុមារមានជំងឺផ្លូវចិត្ត អាចមានលក្ខណៈខុសប្លែកពីមនុស្សធំ ប៉ុន្តែនេះជាបញ្ហាមួយដែលគួរឱ្យព្រួយបារម្ភផងដែរ។ ជាអកុសល មានតែកុមារ និង ជំទង់ពាក់កណ្តាលមានជំងឺផ្លូវចិត្តទទួលបានការព្យាបាល។ កុមារដែលមានបញ្ហាផ្លូវចិត្ត អាចប៉ះពាល់ដល់ការរៀនសូត្រ និង សាកល្បងនូវជំនាញផ្សេងៗ ដែលនាំឱ្យមានពួកគេមានបញ្ហាប្រឈមផ្សេងៗក្នុងពេលអនាគត។ ការទទួលបានការគាំទ្រផ្លូវចិត្ត អាចជួយកុំឱ្យបញ្ហាផ្សេងៗ រំខានដល់ការរីកលូតលាស់របស់កុមារ។

សេចក្តីសន្និដ្ឋាន

មានការយល់ច្រលំជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដូចជាមានការសន្មត់ថាជាឱ្យតែមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកទាំងនោះជាមនុស្ស "ឆ្កួត" ឬមានការជឿថា មានបញ្ហាផ្លូវចិត្ត ជាសញ្ញានៃបញ្ហាថាមានភាពទន់ខ្សោយ។ ហើយមានអ្នកខ្លះ មានជំនឿថាការអ្នកមានជំងឺផ្លូវចិត្តមិនអាចជាសះស្បើយឡើងវិញនោះទេ ឬក៏អាចមានការគិតថា មានតែមនុស្សធំទេ ដែលមានជំងឺផ្លូវចិត្ត។ ការយល់ច្រលំទាំងនេះ បង្កើតជាការមាក់ងាយ និងធ្វើការបំបាក់ទឹកចិត្តមនុស្សយើងពីការស្វែងរកជំនួយ។

ចំណុចគន្លឹះ៖ តាមពិតទៅ ជំងឺផ្លូវចិត្ត គឺជា លក្ខខណ្ឌវេជ្ជសាស្ត្រ ដែលអាចប៉ះពាល់ដល់មនុស្ស គ្រប់វ័យ និងអាច ព្យាបាលឱ្យជាសះស្បើយបាន នៅពេលទទួលបានការព្យាបាលត្រឹមត្រូវ ការគាំទ្រពីអ្នកដទៃ និងការថែទាំដោយខ្លួនឯង។

ការស្វែងរកជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែបង្ហាញពីភាពក្លាហាន។

ឯកសារយោង

Quintero Johnson, J. M., & Riles, J. (2018). “He acted like a crazy person”: Exploring the influence of college students’ recall of stereotypic media representations of mental illness. Psychology of Popular Media Culture, 7(2), 146–163. https://doi.org/10.1037/ppm0000121

WHO. (2025, September 2). Over a billion people living with mental health conditions – services require urgent scale-up. World Health Organization. https://www.who.int/news/item/02-09-2025-over-a-billion-people-living-with-mental-health-conditions-services-require-urgent-scale-up

សូមថែទាំសុខភាពផ្លូវចិត្តរបស់អ្នក និងមនុស្សជាទីស្រលាញ់។

Comments

Popular posts from this blog

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA) ការសង្គ្រោះផ្លូវចិត្តបឋម សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...