កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន
នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។
ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ?
ផ្នែកទី១៖ វិស័យការងារ
ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិកសង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។
ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro។
• Micro: សំដៅទៅដល់ការធ្វើការងារជាមួយនឹង បុគ្គល គូស្រករគ្រួសារ និងក្រុម
• Mazo & Macro: សំដៅទៅលើការងារ ដែលទាក់ទងអង្គការស្ថាប័ន សហគមន៍ តំបន់ និងជាតិ
និយាយជារួម Micro សំដៅលើការអនុវត្តផ្ទាល់ ហើយ Macro សំដៅទៅលើគោលនយោបាយសង្គម ការរៀបចំសហគមន៍ និងការធ្វើផែនការផ្សេងៗ ដើម្បីធ្វើឱ្យមានយុត្តិធម៌ទាំងខាងសង្គម និងសេដ្ឋកិច្ច។
អ្នកកាន់ករណីត្រូវបានគេមើលឃើញថា ជាការងារមួយចំបងក្នុងចំណោមការងារជាច្រើនទៀត ដែលអ្នកសង្គមកិច្ចធ្វើ។ ហើយការងារនេះភាគច្រើន ច្រើនតែធ្វើការជាមួយក្មេងទំនើង ក្នុងមន្ទីរពេទ្យ មណ្ឌលកែប្រែ ជាដើម។ បើទោះបីជាការងារអ្នកកាន់ករណី មិនបានធ្វើឱ្យដោះស្រាយបញ្ហាសង្គមទាំងមូលក៏ដោយ ក៏ការងារមួយនេះបានជួយជាលក្ខណៈបុគ្គល គូស្រករ និងគ្រួសារផងដែរ។
ផ្នែកទី២៖ ការធ្វើការដោយផ្ទាល់
“ការអនុវត្តផ្ទាល់” ឬគេអាចហៅម្យ៉ាងទៀតថា ការអនុវត្តបែបគ្លីនិក ជាអ្នកដែលផ្តល់សេវាផ្នែកសុខភាពផ្លូវចិត្តសម្រាប់ការធ្វើរោគវិនិច្ឆ័យ ព្យាបាលផ្លូវចិត្ត និងបង្ការ ភាពមិនប្រក្រតីលើផ្លូវចិត្ត អាកប្បកិរិយា និងអារម្មណ៍មានជាលក្ខណៈបុគ្គល គ្រួសារ និងក្រុម។ អ្នកអនុវត្តផ្ទាល់អាចនឹងទៅធ្វើនៅតាមបណ្តាលអង្គការ គ្លីនិក មន្ទីរពេទ្យ និងអនុវត្តការងារឯកជន។
សម្រាប់អ្នកនៅសហរដ្ឋអាមេរិក ដើម្បីទទួលបានអាជ្ញាប័ណ្ណកម្រិតគ្លីនិក គេតម្រូវឱ្យម្នាក់នេះ ត្រូវបំពេញឱ្យបានគ្រប់ម៉ោងជួបជាមួយអតិថិជន ទទួលការបណ្តុះបណ្តាល និងធ្វើប្រលងយកអាជ្ញាបណ្ណ។
តើការអនុវត្តផ្ទាល់ ត្រូវការជំនាញអ្វីខ្លះ? គឺត្រូវការចំណេះដឹង និងជំនាញក្នុងការសម្ភាសន៍ និងប៉ាន់ប្រមាណ ក៏ដូចជាអន្តរាគមន៍អន្តរទំនាក់ទំនងដ៏ស្មុគស្មាញ ដើម្បីធ្វើការជាមួយបុគ្គល គូស្រករ គ្រួសារ និងក្រុម។ ហើយគេអាចត្រូវការជំនាញបន្ថែមផ្សេងៗទៀត រួមមានជំនាញផ្សះផ្សារទំនាស់ ជំនាញតស៊ូមតិដើម្បីទទួលសេវា និងជំនាញអន្តរទំនាក់ទំនង។
ក្រៅពីការធ្វើការងារដោយផ្ទាល់ អ្នកសង្គមកិច្ចក៏សហការជាមួយនឹងអ្នកជំនាញដទៃៗទៀត ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជនខ្លួនផងដែរ។ ការអនុវត្តផ្ទាល់ មានដំណើរវិវឌ្ឍជាលំដាប់ ដែលតម្រូវឱ្យអ្នកសង្គមកិច្ចត្រូវ ពង្រីកមូលដ្ឋាននៃចំណេះដឹងជាប់ជាប្រចាំ។
ផ្នែកទី៣៖ តួនាទីរបស់អ្នកអនុវត្តផ្ទាល់
អ្នកអនុវត្តផ្ទាល់អាចត្រូវធ្វើការជា៖
ជាអ្នកផ្តល់សេវាដោយផ្ទាល់: អ្នកកាន់ករណី, អ្នកប្រឹក្សាផ្លូវចិត្ត, អ្នកព្យាបាលផ្លូវចិត្តលក្ខណៈបុគ្គល គ្រួសារ ឬគូស្រករ, អ្នកសម្របសម្រួលក្រុម, និងអ្នកអប់រំ/ផ្សព្វផ្សាយព័ត៌មាន
ជាអ្នកភ្ជាប់ប្រព័ន្ធ: អាជ្ញាកណ្តាល, អ្នកគ្រប់គ្រងករណី/អ្នកសម្របសម្រួល, អ្នកតស៊ូមតិ
អ្នកថែរក្សាប្រព័ន្ធ: អ្នកវិភាគ, អ្នកចាត់ចែង, សមាជិកក្រុម, អ្នកប្រឹក្សាផ្លូវចិត្ត, Supervisor
អ្នកស្រាវជ្រាវ: ជាអ្នកជ្រើសរើស វាយតម្លៃ និងតាមដាន ទៅលើប្រសិទ្ធភាពនៃអន្តរាគមន៍
អ្នកបង្កើតប្រព័ន្ធ: អ្នកបង្កើតកម្មវិធី, អ្នករៀបចំផែនការ, អ្នកបង្កើតគោលនយោបាយ, អ្នកតស៊ូមតិ
ផ្នែកទី៤៖ សរុបសេចក្តី
ជាអ្នកសង្គមកិច្ចម្នាក់ អាចធ្វើការងារជាច្រើន បើទោះបីជាភាគច្រើនពួកគេបំពេញការងារដោយផ្ទាល់ជាមួយនឹងអតិថិជនក៏ដោយ។ ជំនាញមួយនេះ ក៏អាចត្រូវបានប្រើប្រាស់ក្នុងផ្នែក តាំងពីការងារដោយផ្ទាល់ជាលក្ខណៈបុគ្គល គូស្រករ ក្រុម និងគ្រួសារ រហូតដល់ការងារផ្លាស់ប្តូរប្រព័ន្ធផងដែរ។
ការងារសង្គមកិច្ចធ្វើឡើងដើម្បីជួយឱ្យ សហគមន៍រីកចម្រើន ឱ្យទទួលបានយុត្តិធម៌ទាំងសង្គម និងសេដ្ឋកិច្ច។ ការងារមួយនេះ មិនបានផ្តល់នូវលុយកាក់ក្លាយជាអ្នកមានបាននោះទេ តែការងារមួយនេះបានជួយឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យដល់មនុស្ស សហគមន៍ និងសង្គមជាតិទាំងមូល។
សរុបមកវិញ មុខវិជ្ជាសង្គមកិច្ចវិទ្យា ជាការបណ្តុះបណ្តាលឱ្យមនុស្សយើងប្រែក្លាយជាអ្នក
"បង្កើតការផ្លាស់ប្តូរ" (Change Agent)
ម្នាក់នៅក្នុងសង្គម។
Comments
Post a Comment