Skip to main content

Followers

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង

អត្ថបទដោយ៖ ភុល សុភារិទ្ធ

សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ

តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។

ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។

ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។

ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ការប៉ះទង្គិចផ្លូវចិត្ត” (Trauma)

ផ្នែកទី១៖ តើអ្វីទៅជាការប៉ះទង្គិចផ្លូវចិត្ត?

ការប៉ះទង្គិចផ្លូវចិត្ត ឬ Trauma មិនមែនគ្រាន់តែជាអារម្មណ៍ភ័យខ្លាច តក់ស្លុត សោកសៅ ឬតានតឹងចិត្តធម្មតានោះទេ តែជាប្រតិកម្មតបផ្នែកអារម្មណ៍របស់មនុស្សយើង ចំពោះព្រឹត្តិការណ៍តក់ស្លុត ឬឈឺចាប់បំផុតណាមួយ (Schulte-Herbrüggen & Heinz, 2012)។

បទពិសោធន៍នៃការប៉ះទង្គិចផ្លូវចិត្ត អាចកើតឡើងតាមរយៈការជួបដោយខ្លួនផ្ទាល់ ឬប្រយោល នូវហេតុការណ៍ដែលអាចគំរាមកំហែងដល់ជីវិត (American Psychiatric Association, 2013) ដូចជា៖

  • ការជួបដោយខ្លួនផ្ទាល់ នូវហេតុការណ៍គំរាមកំហែងដល់ជីវិត។
  • ការឃើញផ្ទាល់ភ្នែក នូវហេតុការណ៍នោះកើតឡើងចំពោះអ្នកដទៃ។
  • ការបានដឹងលឺ ថាហេតុការណ៍នោះបានកើតឡើងចំពោះមនុស្សសិ្នទ្ធស្នាល (គ្រួសារ ឬមិត្តភក្តិ)។
  • ការឆ្លងកាត់បទពិសោធន៍គ្រោះថ្នាក់ដដែលៗ ដូចជា ទាហាន អ្នកពន្លត់អគ្គីភ័យ ឬគ្រូពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាដើម។

ឧទាហរណ៍នៃព្រឹត្តិការណ៍ដែលអាចបង្ករបួសផ្លូវចិត្តរួមមាន៖

  • សង្គ្រាម
  • គ្រោះថ្នាក់ចរាចរណ៍
  • ការរំលោភបំពានផ្លូវកាយនិងផ្លូវចិត្ត
  • ការបាត់បង់មនុស្សជាទីស្រលាញ់
  • អំពើហិង្សាក្នុងគ្រួសារ
  • គ្រោះធម្មជាតិ

សូមកត់សម្គាល់ថា៖ មានព្រឹត្តិការណ៍ផ្សេងៗទៀត ដែលចាត់ទុកថាជាការប៉ះទង្គិចផ្លូវចិត្ត ជាពិសេសគឺការប៉ះទង្គិចផ្លូវចិត្តដែលកើតមានឡើងតាំងពីកុមារភាព។

សូមចងចាំថា៖ ការដែលមនុស្សម្នាក់មានការប៉ះទង្គិចផ្លូវចិត្ត មិនមែនមានន័យថាបុគ្គលនោះជាមនុស្សកំសាក ឬទន់ខ្សោយនោះទេ។ ផ្ទុយទៅវិញ វាបញ្ជាក់ថាបទពិសោធន៍ដែលគាត់បានឆ្លងកាត់ វាខ្លាំងខ្លាលើសពីសមត្ថភាពដែលអាចទ្រាំទ្របាន។

ការប្រៀបធៀបដ៏ងាយយល់

ដើម្បីងាយយល់ សូមស្រមៃថាខួរក្បាលរបស់យើងប្រៀបដូចជាទូរស័ព្ទដ៏ទំនើបមួយ ដែលកត់ត្រារាល់បទពិសោធន៍ប្រចាំថ្ងៃទុកជាឯកសារ (File) យ៉ាងមានរបៀបរៀបរយ។ នៅពេលយើងជួបនឹងព្រឹត្តិការណ៍ដ៏រន្ធត់មួយ វាប្រៀបដូចជា មេរោគ (Virus) បានចូលទៅក្នុងទូរស័ព្ទ។ មេរោគនេះធ្វើឲ្យឯកសារនៃបទពិសោធន៍អាក្រក់នោះមិនត្រូវបានរក្សាទុកបានត្រឹមត្រូវ (Shapiro, 2017)។ ឯកសារដែលខូចនេះ (Corrupted File) ចេះតែលោតចេញមកដោយឯកឯង (Pop-up) ហើយរំខានដល់ប្រតិបត្តិការរបស់ទូរស័ព្ទទាំងមូល។ ពេលខ្លះ វាអាចធ្វើឲ្យប្រព័ន្ធដំណើរការទាំងមូលគាំងតែម្តង។

ការយល់ដឹងពីខួរក្បាល៖ នេះហើយជាអ្វីដែលកើតឡើងក្នុងខួរក្បាលរបស់យើង។ ខួរក្បាលនឹងជាប់គាំងនៅក្នុងទម្រង់ "ការពារខ្លួន" បើទោះបីជាគ្រោះថ្នាក់បានកន្លងផុតទៅហើយក៏ដោយ។ ការចងចាំនៃព្រឹត្តិការណ៍នោះនៅតែលេចឡើងដដែលៗ ដូចទើបតែកើតឡើងម្សិលមិញអញ្ចឹង។

ផ្នែកទី២៖ រោគសញ្ញាសំខាន់ៗ ៤ក្រុម

យោងតាម American Psychiatric Association (2013) អ្នកដែលបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្ត អាចជួបប្រទះនូវរោគសញ្ញាធំៗ ៤ក្រុម៖

  • នឹកឃើញពីហេតុការណ៍នោះដោយឯកឯង ទោះបីជាមិនចង់ក៏ដោយ។
  • យល់សប្តិអាក្រក់ដដែលៗ។
  • មានអារម្មណ៍ថាហេតុការណ៍នោះកំពុងកើតឡើងម្តងទៀត (Flashbacks)។
  • ព្យាយាមគេចចេញពីការគិត ឬអារម្មណ៍ដែលទាក់ទងនឹងហេតុការណ៍នោះ។
  • គេចវេសពីមនុស្ស ទីកន្លែង ឬសកម្មភាពដែលអាចរំឭកដល់ហេតុការណ៍នោះ (ឧ. អ្នកឆ្លងកាត់របបខ្មែរក្រហម អាចនឹងមិនចង់ទៅសារមន្ទីរទួលស្លែង)។
  • មានការគិតអវិជ្ជមានចំពោះខ្លួនឯង និងពិភពលោក (ឧ. "ពិភពលោកនេះពោរពេញដោយគ្រោះថ្នាក់" "វាជាកំហុសរបស់ខ្ញុំ")។
  • បាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ចូលចិត្ត។
  • មានអារម្មណ៍អស់សង្ឃឹម ភ័យខ្លាច ឬផ្តាច់ខ្លួនចេញពីអ្នកដទៃ។
  • អាចភ្លេចភ្លាំងផ្នែកសំខាន់ៗនៃហេតុការណ៍នោះ។
  • មានការប្រុងប្រយ័ត្ន និងការពារខ្លួនខ្លាំងហួសហេតុ។
  • ងាយភ្ញាក់ផ្អើល ឬតក់ស្លុត (ឧ. ពេលឮសំឡេងខ្លាំងៗ)។
  • មានបញ្ហាក្នុងការគេង ឬគេងមិនលក់។
  • ពិបាកក្នុងការផ្ចង់អារម្មណ៍។
  • អាចមានអាកប្បកិរិយាឆេវឆាវ ឬខឹងច្រឡោត។

តើអាការៈទាំងនេះត្រូវការរយៈពេលប៉ុន្មានទើបល្អប្រសើរ?

វាជារឿងធម្មតាទេដែលរោគសញ្ញាទាំងនេះកើតមានឡើងបន្ទាប់ពីឆ្លងកាត់បទពិសោធន៍រន្ធត់។ រាងកាយនិងផ្លូវចិត្តរបស់យើងត្រូវការពេលវេលាដើម្បីព្យាបាល។ ជាទូទៅ រោគសញ្ញាទាំងនេះអាចមានរយៈពេលប្រមាណ ១ខែ (ឬ ៣០ថ្ងៃ) បន្ទាប់ពីហេតុការណ៍បានកើតឡើង។

ចាប់ផ្តើម
១ខែ / ៣០ថ្ងៃ
រយៈពេលនៃរោគសញ្ញាដំបូង

ប្រសិនបើរោគសញ្ញានៅតែបន្តកើតមានលើសពីមួយខែ ហើយរំខានដល់ការរស់នៅប្រចាំថ្ងៃ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត។

សរុបសេចក្តី

ដូច្នេះ ការចំណាយពេលវេលាថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួនឯងគឺជារឿងសំខាន់បំផុត។ សម្រាប់បងប្អូនកងទ័ព និងប្រជាពលរដ្ឋដែលបានឆ្លងកាត់សង្គ្រាមនិងការប៉ះទង្គិចផ្សេងៗ ការទទួលបានការគាំទ្រនិងថែទាំផ្នែកសុខភាពផ្លូវចិត្ត គឺជាកត្តាចាំបាច់ដើម្បីជួយឲ្យរបួសក្នុងចិត្តរបស់ពួកគាត់បានជាសះស្បើយ។

ឯកសារយោង

American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders: DSM-5™. Arlington, VA: American Psychiatric Publishing.

Schulte-Herbrüggen, O., & Heinz, A. (2012). Psychological trauma in soldiers—a challenge for the German armed forces (Bundeswehr). Deutsches Ärzteblatt International, 109(35-36), 557.

Shapiro, F. (2017). Eye movement desensitization and reprocessing (EMDR) therapy: Basic principles, protocols, and procedures. Guilford Publications.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...