ស្វែងយល់ពីជំងឺផ្លូវចិត្តក្នុងក្រុម Depressive Disorders តាមរយៈ DSM-5-TR
មនុស្សជាច្រើនតែងតែប្រើពាក្យ 'បាក់ទឹកចិត្ត' ដើម្បីរៀបរាប់ពីអារម្មណ៍សោកសៅរបស់ខ្លួន។ ប៉ុន្តែអ្នកដឹងទេថា តាមពិតទៅអារម្មណ៍ទាំងនោះ អាចជាផ្នែកមួយនៃក្រុមជំងឺផ្លូវចិត្តផ្សេងគ្នាស្រឡះ? ពេលនិយាយពី 'ជំងឺធ្លាក់ទឹកចិត្ត' យើងតែងគិតថាវាមានតែមួយប្រភេទ... តែការពិតមិនមែនទេ!
ផ្នែកទី១៖ ជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត
យោងតាម DSM-5-TR (2022) របស់សមាគមចិត្តសាស្ត្រអាមេរិក (American Psychiatric Association) មានជំងឺផ្លូវចិត្តជាច្រើនប្រភេទ ដែលស្ថិតក្នុងក្រុម Depressive Disorders ហើយក្នុងនោះរួមមាន៖
ចំណុចសំខាន់ដែលខ្ញុំចង់ប្រាប់គឺថា មិនមែនឱ្យតែមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ត សុទ្ធតែជាជំងឺធ្លាក់ទឹកចិត្តដែលយើងធ្លាប់ស្គាល់នោះទេ។ ជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត មានជាច្រើនទម្រង់ទៅតាមមូលហេតុរបស់វា។ ទោះជាយ៉ាងណាក៏ដោយជំងឺធ្លាក់ទឹកចិត្ត កើតមានញឹកញាប់ជាងគេក្នុងចំណោមក្រុមជំងឺ Depressive Disorders។
ចំណេះដឹងបន្ថែម៖ តាមពិតទៅ ដើម្បីជួយកំណត់ថា មនុស្សម្នាក់អាចមានជំងឺផ្លូវចិត្តប្រភេទណា អ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត តម្រូវឱ្យប្រើប្រាស់ឯកសារគោលសំខាន់២ គឺ DSM ឬ ICD។
DSM (Diagnostic and Statistical Manual of Mental Disorders) ជាឯកសារយោងសំខាន់ក្នុងការចាត់ថ្នាក់ និងកំណត់លក្ខណៈនៃជំងឺផ្លូវចិត្ត ដែលត្រូវបានបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក។ ចំណែកឯក ICD (International Classification of Diseases) គឺជាប្រព័ន្ធចាត់ថ្នាក់ជំងឺអន្តរជាតិរបស់ អង្គការសុខភាពពិភពលោក (WHO)។ និយាយឱ្យងាយយល់ DSM និង ICD គឺដូចជា 'វចនានុក្រមជំងឺ' ដែលគ្រូពេទ្យទូទាំងពិភពលោកប្រើដើម្បីឱ្យប្រាកដថា ពួកគេមិនវាយតម្លៃខុស។
ចំណុចសំខាន់សម្រាប់សាធារណជន៖ មិនមែនគ្រាន់តែសួរថា អ្នកមានអារម្មណ៍បែបណា ហើយសន្និដ្ឋានភ្លាមៗដោយខ្លួនឯងតាមអ៊ីនធឺណិតទេ។ ការធ្វើរោគវិនិច្ឆ័យត្រូវការការវាយតម្លៃជាក់លាក់ពីអ្នកជំនាញ និងការពិចារណាលើបរិបទរបស់បុគ្គល។
នៅពេលនិយាយអំពីជំងឺផ្លូវចិត្តដែលទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត អាចមានអារម្មណ៍ផ្សេងដូចជា៖ សោកសៅ, ឯកោ, មានអារម្មណ៍ទទេស្អាត និងអារម្មណ៍ងាយមួម៉ៅ ឬឆាប់ខឹង។ អារម្មណ៍ទាំងនេះអាចជាលក្ខណៈមួយចំនួនដែលត្រូវបានឃើញនៅក្នុងជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត ប៉ុន្តែអារម្មណ៍តែមួយមុខ មិនគ្រប់គ្រាន់ក្នុងការសន្និដ្ឋានថា មនុស្សម្នាក់មានជំងឺផ្លូវចិត្តនោះទេ។ ដើម្បីជួយឱ្យអ្នកជំនាញឯកទេស អាចធ្វើការបែងចែកក្រុមជំងឺនេះពីគ្នា គឺត្រូវពិចារណាលើចំណុចសំខាន់ៗចំនួន៣ ដូចជា៖
ផ្នែកទី២៖ លក្ខណៈពិសេសជំងឺផ្លូវចិត្តដែលទាក់ទងអារម្មណ៍ធ្លាក់ទឹកចិត្ត
មិនមែនរាល់ការមួម៉ៅ ឬការផ្ទុះកំហឹងរបស់កុមារ សុទ្ធតែមានន័យថា កុមារមានជំងឺផ្លូវចិត្តនោះទេ ប៉ុន្តែ ប្រសិនបើកុមារមាន អារម្មណ៍ឆាប់ខឹង ឬមួម៉ៅជាប់ជាប្រចាំ និងមានការផ្ទុះកំហឹងខ្លាំង និងញឹកញាប់ រហូតប៉ះពាល់ដល់ការរស់នៅនៅផ្ទះ សាលារៀន ឬជាមួយមិត្តភក្តិ នោះជារឿងដែលគួរយកចិត្តទុកដាក់។
Disruptive mood dysregulation disorder (DMDD) ត្រូវបានបញ្ចូលក្នុង DSM-5 ក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើតការធ្វើរោគវិនិច្ឆ័យ ដែលមានទំនាក់ទំនងទៅនឹងតម្រូវការសម្រាប់ ការវាយតម្លៃអារម្មណ៍ឆាប់ខឹងធ្ងន់ធ្ងររបស់កុមារ និងយុវជនឱ្យបានសមស្របតាមការអភិវឌ្ឍនៃសម័យកាល និងជួយបែងចែកវាពីជំងឺផ្លូវចិត្តផ្សេងៗ ដូចជា Bipolar disorder។ លក្ខណៈរោគសញ្ញាសំខាន់របស់ DMDD គឺមានអារម្មណ៍មួម៉ៅ ឬខឹងជាប់ជាប្រចាំ, ផ្ទុះកំហឹងខ្លាំង និងញឹកញាប់, ប៉ះពាល់ដល់ការរស់នៅ និងការសិក្សា ហើយជាចុងក្រោយមានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍។ កុមារ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ទើបអាចធ្វើការដាក់រោគវិនិច្ឆ័យថាមានជំងឺ DMDD បាន។
ជំងឺធ្លាក់ទឹកចិត្ត (Major Depressive Disorder – MDD) គឺជាជំងឺផ្លូវចិត្តមួយដែលកើតមានជាទូទៅក្នុងចំណោមជំងឺផ្លូវចិត្តដែលទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត។ អ្នកមានជំងឺ MDD មានការប៉ះពាល់ទៅដល់៖
រោគសញ្ញាសំខាន់ៗ អាចកើតមានរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ ឬក៏អាចបន្តយូរជាងនេះ បើទោះបីជាមនុស្សម្នាក់ក៏អាចមានអារម្មណ៍ ធូរស្រាលជាបណ្តោះអាសន្ន ក្នុងអំឡុងពេលដែលរោគសញ្ញាកើតមានក៏ដោយ។ ការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងបាន បើទោះបីមនុស្សម្នាក់ កើតមានរោគសញ្ញាជាលើកដំបូងក៏ដោយ ក៏ប៉ុន្តែសម្រាប់មនុស្សមួយចំនួនធំ រោគសញ្ញអាចកើតឡើងម្តងហើយម្តងទៀត។ ដូច្នេះហើយសូមកុំវាយតម្លៃនៅពេលអ្នកមានអារម្មណ៍ថា “ខ្ញុំមានអារម្មណ៍ពិបាកចិត្ត” ឬ “ខ្ញុំមាន Depression” ថាមានជំងឺធ្លាក់ទឹកចិត្ត ដោយគ្រាន់តែផ្អែកទៅលើអារម្មណ៍មួយ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ការយល់អំពីភាពខុសគ្នានេះ នឹងក្លាយជាជំហានសំខាន់មួយក្នុងការកាត់បន្ថយការដាក់ស្លាក និងលើកកម្ពស់ការស្វែងរកជំនួយផ្លូវចិត្តឱ្យបានត្រឹមត្រូវ។
ផ្ទុយទៅវិញជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាដែលធ្ងន់ធ្ងរ និងបន្តរហូតប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ការងារ ការគិត និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប៉ុន្តែប្រសិនបើរោគសញ្ញាមានភាពធ្ងន់ធ្ងរ និងប៉ះពាល់ខ្លាំងដល់ជីវិតប្រចាំថ្ងៃ គួរស្វែងរកការវាយតម្លៃពីអ្នកជំនាញសុខភាពផ្លូវចិត្ត ដើម្បីទទួលបានការជួយដែលត្រឹមត្រូវ។
ផ្នែកទី៣៖ ជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្តផ្សេងៗទៀត
នៅពេលនិយាយអំពីជំងឺធ្លាក់ទឹកចិត្ត យើងមិនគួរមើលថា នេះជាស្ថានភាពតែមួយ ដែលមានលក្ខណៈដូចគ្នាសម្រាប់មនុស្សគ្រប់រូបនោះទេ។ ក្រុមជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត មានទម្រង់ជាច្រើនដែលជាប់ទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត ទៅតាមរយៈពេល លំនាំរោគសញ្ញា និងមូលហេតុ។
(ចុចលើចំណងជើងនីមួយៗ ដើម្បីអានព័ត៌មានលម្អិត)
ជាទម្រង់រ៉ាំរ៉ៃនៃអារម្មណ៍ធ្លាក់ទឹកចិត្ត ដែលអាចបន្តយ៉ាងហោចណាស់ ២ឆ្នាំសម្រាប់មនុស្សពេញវ័យ និង ១ឆ្នាំសម្រាប់កុមារ និងវ័យជំទង់។ ជំងឺ PDD វាមានលក្ខណៈកើតមានយូររ៉ាំរ៉ៃ ជាងអារម្មណ៍ធ្លាក់ទឹកចិត្តធម្មតា ដែលកើតមានឡើងក្នុងរយៈពេលខ្លី។
ជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលមានការប្រែប្រួលអារម្មណ៍ និងរោគសញ្ញាធ្ងន់ធ្ងរផ្សេងៗ ដែលជាប់ទាក់ទងទៅនឹងវដ្តរដូវរបស់ស្ត្រី។ អ្វីដែលអាចសំគាល់បាន គឺរោគសញ្ញាកើតឡើងនៅដំណាក់កាលជាក់លាក់នៃវដ្តរដូវ ហើយអាចធូរស្រាលវិញនៅពេលបញ្ចប់នៃវដ្តរដូវ។ សម្រាប់ស្រ្តី ចំណុចសំខាន់គឺ “មិនមែនរាល់ការមួម៉ៅ ឬការប្រែប្រួលអារម្មណ៍មុនមករដូវ សុទ្ធតែមានន័យថាជា PMDD ទេ” ការកើតមានជំងឺ PMDD គឺអាចនឹងប៉ះពាល់យ៉ាងខ្លាំងទៅដល់ ការងារ ការសិក្សា ការប្រាស្រ័យទាក់ទង និងជីវិតប្រចាំថ្ងៃ។
ឬជំងឺធ្លាក់ទឹកចិត្តដែលបណ្តាលមកពីថ្នាំ/សារធាតុញៀន ព្រោះថាថ្នាំ និងសារធាតុញៀនមួយចំនួន អាចបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះហើយទើបត្រូវការអ្នកជំនាញត្រួតពិនិត្យថា តើរោគសញ្ញាទាំងនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំ ឬសារធាតុដែរឬទេ។
កើតមានពីជំងឺ ឬស្ថានភាពសុខភាពរាងកាយមួយចំនួន ដែលអាចបង្កឱ្យមានរោគសញ្ញាស្រដៀងទៅនឹងជំងឺធ្លាក់ទឹកចិត្ត។ នេះជាមូលហេតុដែលការវាយតម្លៃស្ថានភាពផ្លូវចិត្ត ត្រូវការអ្នកជំនាញឯកទេស ព្រោះថាអ្នកជំនាញគេនឹងធ្វើការ ស្វែងរកមូលហេតុពិតប្រាកដ មិនមែនគ្រាន់តែធ្វើសន្និដ្ឋានទៅតាមរោគសញ្ញាមួយចំនួនដែលលេចឡើងនោះទេ ព្រោះថារោគសញ្ញាផ្លូវចិត្តមានលក្ខណៈស្រដៀងៗគ្នា ឬអាចមានមូលហេតុ និងលំនាំខុសគ្នា។
ផ្នែកទី៤៖ សរុបសេចក្តី
ជាសរុបមក «ការមានអារម្មណ៍ធ្លាក់ទឹកចិត្ត» មិនមានន័យថា មនុស្សម្នាក់មានជំងឺធ្លាក់ទឹកចិត្តនោះទេ ដូច្នេះហើយនៅពេលឃើញមនុស្សណាម្នាក់មានអារម្មណ៍ធ្លាក់ទឹកចិត្ត យើងគួរជៀសវាងការសន្និដ្ឋានភ្លាមៗថា “គាត់មានជំងឺធ្លាក់ទឹកចិត្ត”។ ដើម្បីកំណត់ថានរណាម្នាក់មានជំងឺផ្លូវចិត្តគួរតែពិនិត្យមើលថា “តើរោគសញ្ញាធ្ងន់ប៉ុណ្ណា? បន្តយូរប៉ុណ្ណា? ហើយប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃកម្រិតណា?”។
ពេលនិយាយពី “ជំងឺធ្លាក់ទឹកចិត្ត” មនុស្សជាច្រើនប្រហែលគិតថា មានតែការសោកសៅ ឬបាក់ទឹកចិត្តប៉ុណ្ណោះ ប៉ុន្តែតាមការធ្វើចំណាត់ថ្នាក់ ជំងឺផ្លូវចិត្តទាក់ទងនឹងអារម្មណ៍ធ្លាក់ទឹកចិត្ត មានទម្រង់ផ្សេងៗគ្នា។
ធនធានវីដេអូសិក្សាបន្ថែម
សូមស្វែងយល់បន្ថែមអំពីជំងឺធ្លាក់ទឹកចិត្ត និងសុខភាពផ្លូវចិត្ត តាមរយៈវីដេអូខាងក្រោម៖
Comments
Post a Comment