តើជីវភាពពិតរបស់ប្រជាជនកម្ពុជាឆ្នាំ ២០២៤ ស្ថិតក្នុងស្ថានភាពបែបណា?
ការវិភាគ CSES
ក្នុងក្បួនយុទ្ធសាស្រ្តសង្គ្រាមរបស់ស៊ុន អ៊ូ គាត់ធ្លាប់បានពោលថា៖ «ដឹងគេដឹងយើង ច្បាំងមួយរយដង ឈ្នះទាំងមួយរយដង»។ ក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចគ្នា ដើម្បីអាចឱ្យប្រទេសជាតិ និងគ្រួសារមានវឌ្ឍនៈភាព យើងត្រូវដឹងពីស្ថានភាពពិតរបស់ខ្លួនឯងជាមុន។ ចុះតើអ្នកដឹងទេថា វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានធ្វើការអង្កេតអំពីស្ថានភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជាជាប់ជាប្រចាំ?
ខ្ញុំដឹងថាពេលនិយាយអំពីតួលេខស្ថិតិ ជារឿងមួយគួរឱ្យធុញទ្រាន់ខ្លាំងណាស់ តែដើម្បីអាចឱ្យសង្គមជាតិយើងរីកចម្រើនទៅបាន រដ្ឋាភិបាលក៏ដូចជាពលរដ្ឋទាំងអស់ ដឹងអំពីស្ថានភាពពិតជាក់ស្តែងរបស់ប្រទេសកម្ពុជា ដូចអ្វីដែលមានក្នុងក្បួនសឹករបស់ស៊ុន អ៊ូបានលើកឡើង។ ដើម្បីយល់ពីស្ថានភាពពិតរបស់ប្រជាជនកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ (NIS)នៃក្រសួងផែនការ និងបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០២៤ បានរៀបចំការអង្កេតស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា។
ផ្នែកទី១៖ ស្ថានភាពប្រជាសាស្ត្រ
របាយការណ៍នេះ ប្រៀបដូចជាកញ្ចក់ឆ្លុះមើលជីវិតរបស់ពួកយើងចាប់ពីរាជធានីភ្នំពេញ រហូតដល់តំបន់ភ្នំដាច់ស្រយាល។ នៅក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថាអាចមានប្រជាជនប្រមាណជា ១៧,១ លាននាក់ ហើយមានគ្រួសារចំនួនប្រមាណជា ៤ លានគ្រួសារ។ ដោយក្នុងនោះ ៦,៧ លាននាក់ រស់នៅទីប្រជុំជន និង ១០,៤ លាននាក់ រស់នៅជនបទ ដែលមានន័យថា ប្រជាជននៅជនបទមានចំនួនច្រើនជាងប្រជាជននៅទីប្រជុំជនយ៉ាងច្បាស់។
តើតួលេខនេះប្រាប់អ្វីខ្លះដល់យើង? តួលេខនេះរំលឹកយើងថា ប្រជាជនកម្ពុជាមានបរិបទរស់នៅខុសៗគ្នា ដូច្នេះហើយនៅពេលបង្កើតគោលនយោបាយសង្គម យើងគួរពិចារណាថា៖ “តើសេវា និងឱកាសដែលយើងរៀបចំឡើង អាចឆ្លើយតបទៅនឹងភាពខុសគ្នារវាងអ្នករស់នៅទីប្រជុំជន និងជនបទដែរឬទេ?” នេះហើយជាមូលហេតុមួយ ដែលការស្គាល់ពីស្ថានភាពរបស់សង្គមសេដ្ឋកិច្ចកម្ពុជាមានសារៈសំខាន់។
តួលេខថ្នាក់ជាតិអាចប្រាប់យើងពី “រូបភាពធំ” និង "បរិបទជាក់ស្តែង" ការបែងចែកតាមទីតាំងអាចជួយឱ្យយើងមើលឃើញបរិបទ និងភាពខុសគ្នាបានកាន់តែច្បាស់។ បើយោងរបាយការណ៍ CSES ធ្វើក្នុងឆ្នាំ ២០២៤ ជាមធ្យមមួយគ្រួសាររកចំណូលបានប្រហែល ២,៥៨ លានរៀល/ខែ ហើយត្រូវចំណាយវិញ ប្រហែលជា ២,០៩ លានរៀល/ខែ។ បើសិនជាយើងមើលលើភាពខុសគ្នានៃចំណូល និងចំណាយជាមធ្យមរបស់គ្រួសារ យើងនឹងឃើញមានប្រមាណ ៤៩ម៉ឺនរៀលក្នុងមួយខែ។ ប៉ុន្តែសូមកុំប្រញាប់ធ្វើការបកស្រាយថា “គ្រួសារនីមួយៗនៅកម្ពុជាគ្រប់គ្រួសារសន្សំបាន ៤៩ម៉ឺនរៀលក្នុងមួយខែ” អី។ ព្រោះនេះគ្រាន់តែជា តួលេខមធ្យមភាគ ដែលគិតសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះ។
នៅពេលយើងពិនិត្យមើលស្ថានភាពទៅតាមទីតាំងភូមិសាស្ត្រវិញ តួលេខចាប់ផ្តើមបង្ហាញភាពខុសគ្នា ដោយអ្នករស់នៅ រាជធានីភ្នំពេញ រកចំណូលបានប្រមាណជា ៤ លានរៀល/ខែ ហើយត្រូវចំណាយជាង ៣,១០ លានរៀល/ខែ។ សម្រាប់អ្នករស់នៅទីប្រជុំជនផ្សេងទៀត ក្រៅពីភ្នំពេញរកប្រាក់ចំណូលបានប្រហែលជា ២,៨៩ លានរៀល/ខែ និងត្រូវចំណាយវិញប្រហែលជា ២,២២ លានរៀល/ខែ។ ចំណែកឯអ្នកដែលរស់នៅ ជនបទ រកបានចំណូល ២,១៤ លានរៀល/ខែ និងត្រូវចំណាយ ១,៨០ លានរៀល/ខែ។
នេះមានន័យថាចំណូលរបស់បងប្អូនរស់នៅជនបទ ស្ទើរតែស្មើនឹងពាក់កណ្តាលនៃអ្នកនៅភ្នំពេញប៉ុណ្ណោះ ដោយមានគម្លាត ១,៨៦ លានរៀល ហើយនេះជាចំនួនមួយយ៉ាងច្រើន ដែលធ្វើឱ្យមានការបាត់បង់ឱកាសផ្សេងៗ ក្នុងជីវិត។ សម្រាប់ការអភិវឌ្ឍក៏ដូចគ្នា ត្រូវតែធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងទៅតាមតំបន់នីមួយៗ។
ផ្នែកទី២៖ ការចំណាយលើការអប់រំ
ទិន្នន័យ CSES 2023 បង្ហាញថា ជាមធ្យម គ្រួសារកម្ពុជាចំណាយលើការអប់រំប្រមាណ ១,៣៥ លានរៀលក្នុងមួយឆ្នាំ។ ប៉ុន្តែនៅពេលមើលទៅតាមទីតាំងវិញឃើញថា នៅភ្នំពេញចំណាយ ២,៧៣ លានរៀល/ឆ្នាំ នៅទីប្រជុំជនចំណាយ ១,៤៤ លានរៀល/ឆ្នាំ និងនៅជនបទចំណាយ ៩៨៧.០០០ រៀល/ឆ្នាំ។
ការចំណាយនេះ មានន័យថា គ្រួសាររស់នៅភ្នំពេញ ចំណាយជិតបីដងលើសគ្រួសាររស់នៅជនបទ ការចំណាយនេះគ្រាន់តែបង្ហាញថា សមត្ថភាពក្នុងការចំណាយលើការអប់រំរបស់គ្រួសារមានភាពខុសគ្នា ហើយបង្ហាញថា មានភាពខុសគ្នានៃឱកាសដែលកុមារទទួលបានតាមតំបន់នីមួយៗប៉ុណ្ណោះ។
ឪពុកម្តាយគ្រប់រូប ចង់ឱ្យកូនរបស់ខ្លួនរៀនបានល្អ និងមានអនាគតល្អ ហើយគ្រួសារនីមួយៗ ក៏ព្យាយាមតាមលទ្ធភាពវិនិយោគលើការអប់រំសម្រាប់កូនៗរបស់ខ្លួនផងដែរ។ ដូចនេះហើយការវិនិយោគរបស់រដ្ឋាភិបាល អាចត្រូវគិតគូរធ្វើយ៉ាងណា ដើម្បីឱ្យកុមារមានឱកាសរៀនសូត្រ ប្រកបសមធម៌ភាពខ្លាំងជាងមុន។
ផ្នែកទី៣៖ ការចំណាយលើតម្រូវការមូលដ្ឋាន
តាមរបាយការណ៍របស់ CSES2023 បង្ហាញថាការចំណាយរបស់គ្រួសារខ្ពស់បំផុតរបស់គ្រួសារនីមួយៗ ភាគច្រើនផ្តោតលើតម្រូវការមូលដ្ឋាន ដោយជាមធ្យម ក្នុងគ្រួសារ/មួយខែលើម្ហូបអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលចំនួនប្រហែល ២១៩.០០០ រៀល — ខ្ពស់ជាងគេ។ បន្ទាប់ពីការហូបចុក អ្វីដែលយើងត្រូវបារម្ភបំផុតគឺ រឿងជម្រក និងថ្លៃទឹកភ្លើង គឺប្រមាណជា ១០៥.០០០ រៀល ហើយការចំណាយលើការដឹកជញ្ជូន និងទំនិញ/សេវាកម្មផ្សេងៗ ចាយអស់ប្រមាណជា ៤១.០០០ រៀល។ ការចំណាយមួយទៀត គឺការថែទាំសុខភាព ដោយចាយប្រមាណជា ២៨.០០០ រៀល។
នៅពេលបែងចែកតាមតំបន់ យើងអាចឃើញបរិបទខុសគ្នាកាន់តែច្បាស់ ដោយការចំណាយនៅរាជធានីភ្នំពេញលើម្ហូបអាហារ គឺ ២៩៤.០០០ រៀល/ខែ ហើយលើការស្នាក់នៅ/ទឹក/ភ្លើង គឺ ២២៧.០០០ រៀល/ខែ។ ចំណែកឯគ្រួសារនៅតំបន់ជនបទ លើម្ហូបអាហារ គឺ ១៩៦.០០០ រៀល/ខែ និងចំពោះការស្នាក់នៅ/ទឹក/ភ្លើង គឺ ៧៣.០០០ រៀល/ខែ។
ប៉ុន្តែសូមកុំច្រឡំថា ពេលអ្នកភ្នំពេញចាយច្រើនជាង មានន័យថារស់នៅស្រួលជាងអ្នកជនបទ នេះគ្រាន់តែជាការឆ្លុះបញ្ចាំងពីតម្លៃនៃការរស់នៅ (Cost of Living) ដែលខុសគ្នាប៉ុណ្ណោះ។ បើពិនិត្យមើលការចំណាយស្នាក់នៅ/ទឹក/ភ្លើង នៅភ្នំពេញ និងជនបទយើងនឹងឃើញថា នៅភ្នំពេញខ្ពស់ជាងការចំណាយនៅជនបទរហូតដល់ជិត ៣ ដងឯណោះ។
ប្រមាណ ៣៤% នៃគ្រួសារ ដែលបានចូលរួមក្នុង CSES2023 បានរាយការណ៍ថាមានបំណុល នេះមានន័យថា មានគ្រួសារប្រហែល ១,៣៥ លានគ្រួសារ កំពុងមានបំណុល ដែលមានអត្រាការប្រាក់ជាមធ្យម ១,៥%/ខែ។ ការត្រូវសងបំណុលអាចបន្ថែមសម្ពាធលើថវិការបស់គ្រួសារ ពិសេសសម្រាប់គ្រួសារ ដែលចំណូលមានកម្រិត។ ទោះជាយ៉ាងណា យើងមិនគួរសន្និដ្ឋានពីទិន្នន័យនេះថា មនុស្សដែលមានបំណុលមានបញ្ហាសុខភាពផ្លូវចិត្តដែរ។
ផ្នែកទី៤៖ អក្ខរកម្មនៅកម្ពុជា
តួលេខទទួលបាន CSES 2024 បង្ហាញថា អត្រាអក្ខរកម្ម អាយុ ៦ឆ្នាំឡើងទៅ មានប្រមាណជា ៨៤,៤% នៅទូទាំងប្រទេស។ ហើយពិនិត្យមើលតាមតំបន់ឃើញថា នៅទីក្រុងភ្នំពេញ មាន ៩២,២%, នៅទីប្រជុំជន មាន ៨៨,២% និងនៅទីជនបទ មាន ៨០,៩%។ ហើយមានចំណុចមួយទៀតដែលគួរឱ្យយកចិត្តទុកដាក់ គឺអត្រាអក្ខរកម្មរវាងបុរស និងស្រី្ត ដែលបុរសមាន ៨៩,៩% និង ស្ត្រីមាន ៨១,៤%។ លេខទាំងនេះមិនប្រាប់ថាមនុស្សមួយក្រុមណា “ល្អជាង” ឬ “មានសមត្ថភាពជាង” ទេ តែវាប្រាប់យើងថា លទ្ធផលនៃការអប់រំមិនទាន់ស្មើគ្នានៅគ្រប់ទីកន្លែងនៅឡើយ។
តួលេខបានបង្ហាញថាអ្នកដែលមានអាយុ ៦ឆ្នាំឡើងទៅ មាន ៩,៣% មិនធ្លាប់បានចូលរៀនທាល់តែសោះ។ អ្នកមានអាយុ ៥៥–៦៤ ឆ្នាំមនុស្សភេទស្រី ២៩,០% មិនធ្លាប់ចូលរៀន ចំណែកឯបុរសមាន ១៤,៣%។ សម្រាប់អ្នកដែលមានអាយុ ៦៥ ឆ្នាំឡើងទៅមានស្រ្តីដល់ទៅ ៤២,៤% ហើយបុរសវិញមានតែ ១៤,៨% ប៉ុណ្ណោះ។
នេះអាចបង្ហាញថា មិនមែនគ្រប់ជំនាន់សុទ្ធតែមានឱកាសកាន់សៀវភៅ និងប៊ិចដូចគ្នាទេ ដូច្នេះ ហើយនៅពេលយើងឃើញលោកយាយៗ ឬមនុស្សចាស់ជរាណាម្នាក់មិនអាចអាន ឬសរសេរ សូមកុំប្រញាប់គិតថា «គាត់មិនចង់រៀន» គាត់ប្រហែលជាមិនធ្លាប់មានឱកាសរៀន កាលពីគាត់នៅតូចនោះទេ។ ទន្ទឹមនឹងនេះ យើងបានឃើញ ពន្លឺសង្ឃឹមខ្លះចេញពីការអង្កេតប្រជាសាស្រ្តនេះ ដោយអត្រាអ្នកចេះអាចចេះសរសេរ សរុបបានកើនឡើងដល់ប្រមាណ ៨៤%។
ផ្នែកទី៥៖ ទិដ្ឋភាពទូទៅនៃការអង្កេត
ការអង្កេតស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ដែលរៀបចំដោយ វិទ្យាស្ថានជាតិស្ថិតិ (NIS) នៃក្រសួងផែនការនេះ រៀបចំឡើងដើម្បីផ្តល់ព័ត៌មាន សម្រាប់ធ្វើជាតំណាងអំពីលក្ខខណ្ឌរស់នៅ របស់ប្រជាជនកម្ពុជាទាំងមូល។
ទោះជាយ៉ាងណា វិសាលភាពនេះមិនរាប់បញ្ចូលក្រុមមួយចំនួន ដូចជា៖
ការជ្រើសរើសគំរូត្រូវបានធ្វើឡើងជា ៣ ដំណាក់កាល ជាលទ្ធផលជ្រើសរើសបាន ១,០០៨ ភូមិ និង ១២,០៩៦ គ្រួសារដើម្បីតំណាងឱ្យ ២៥ រាជធានី-ខេត្ត។ មេរៀនសំខាន់គឺថា ការស្រាវជ្រាវដែលត្រឹមត្រូវ មិនចាំបាច់ត្រូវសួរមនុស្សគ្រប់គ្នានោះទេ នេះដូចគ្នានឹងការភ្លក់សម្លដែរ ដើម្បីដឹងរសជាតិសម្លមួយឆ្នាំង បើអ្នកដួសចំកន្លែងដែលមានគ្រឿងផ្សំសព្វគ្រប់ នោះអ្នកនឹងដឹងរសជាតិពិត។
ផ្នែកទី៦៖ សរុបសេចក្តី
ជាសរុបមក របាយការណ៍ CSES ចេញផ្សាយ ២០២៤ បានបង្ហាញរូបភាពមួយ ដែលគួរជាទីមោទនៈ ព្រោះថាប្រទេសកម្ពុជាយើង កំពុងតែបោះជំហានទៅមុខយ៉ាងលឿន។ ទោះជាយ៉ាងណាក៏ដោយ ក៏ឱកាស និងធនធានសេដ្ឋកិច្ចសង្គម នៅមិនទាន់ចែកចាយស្មើគ្នានៅឡើយទេ។ ការរីកចម្រើនពិតប្រាកដ មិនមែនវាស់វែងតែលើតួលេខសេដ្ឋកិច្ចសរុបនោះទេ តែវាស់វែងទៅលើ៖
សូមស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ និងចំណេះដឹងទាក់ទងនឹងការវិភាគនេះ តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment