Skip to main content

Followers

ស្វែងយល់ពីមូលហេតុនៃបាញ់ប្រហារសម្លាប់រង្គាល តាមរយៈភស្តុតាងវិទ្យាសាស្ត្រ

តើជំងឺផ្លូវចិត្ត = អំពើហិង្សា ដែរឬទេ? ការពិតពីក្រោយការបាញ់ប្រហារ | ភស្តុតាងវិទ្យាសាស្ត្រ

“ហេតុអ្វីមនុស្សម្នាក់ប្រព្រឹត្តអំពើហិង្សាបែបនេះ?”
តើជំងឺផ្លូវចិត្តពិតជាមូលហេតុចម្បង នៃការបាញ់ប្រហារមែនទេ?

ថ្មីៗនេះមានហេតុការណ៍អកុសល និងគួរឱ្យស្តាយមួយកើតមានក្នុងប្រទេសថៃ បង្កដោយក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារធ្វើឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ រួមទាំងយាយតារបស់គាត់ និងលោកគ្រូអ្នកគ្រូនៅសាលារៀនមួយកន្លែង។

បើទោះបីជារឿងអកុសលនេះ មិនបានកើតមានក្នុងប្រទេសយើងក៏ដោយ ក៏ការយល់ដឹងពីឫសគល់នៃបញ្ហាតាមរយៈភស្តុតាងវិទ្យាសាស្ត្រ ដើម្បីយល់ដឹង និងបង្ការពិតជាសំខាន់ណាស់។ នៅពេលមានហេតុការណ៍បែបនេះ សំណួរដែលយើងគ្រប់គ្នាតែងតែចង់ដឹងគឺ ហេតុអ្វី?

ផ្នែកទី១៖ ការស្រាវជ្រាវនៅឆ្នាំ ២០២៣

លោក Brucato និងក្រុមការងារ ក្នុងឆ្នាំ ២០២៣ បានធ្វើបោះពុម្ភការស្រាវជ្រាវមួយអំពីអំពើហិង្សា ដែលទាក់ទងនឹងការបាញ់ប្រហារសម្លាប់រង្គាលបែបនេះ។ គាត់និងក្រុមការងារបានធ្វើការសិក្សា អំពីករណីប្រមាណជា ១,៧២៥ ករណី នៅទូទាំងពិភពលោក ដែលកើតមានតាំងពីឆ្នាំ ១៩០០ រហូតដល់ ឆ្នាំ២០១៩។ ប្រភពទិន្នន័យសំខាន់ ក្នុងការស្រាវជ្រាវ គឺមូលដ្ឋានទិន្នន័យ Columbia Mass Murder Database (CMMD) ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

សូមចាំថា៖ Dataset ដែលយកមកវិភាគនេះ មិនមានន័យថាជាករណីទាំងអស់ដែលបានកើតឡើងនៅទូទាំងពិភពលោកយើងនេះទេ។ តែវាបានអនុញ្ញាតឱ្យមនុស្សយើងផ្លាស់ប្តូរពីការគ្រាន់តែយកចិត្តទុកដាក់ទៅលើ "ករណីល្បីៗមួយចំនួន" ឱ្យទៅរកមើលឃើញ បែបផែន (Pattern) ពីទិន្នន័យរួមវិញ។

ការបាញ់ប្រហារសម្លាប់រង្គាល សំដៅទៅដល់ការសម្លាប់មនុស្សចាប់ពី ៣ ឬ ៤នាក់ឡើងទៅ ក្នុងព្រឹត្តិការណ៍ និងទីតាំងតែមួយ។ នៅក្នុងសហរដ្ឋអាមេរិក អំពើបាញ់ប្រហារទ្រង់ទ្រាយធំបែបនេះ បានសាបព្រួសនូវអារម្មណ៍ភ័យខ្លាចដល់ប្រជាជន និងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សង្គម វប្បធម៌ ហើយក៏ត្រូវបានយកមកពិភាក្សាជាសាធារណៈជារឿយៗផងដែរ។

ផ្នែកទី២៖ ទិន្នន័យសំខាន់ៗពីការស្រាវជ្រាវ

១. ភេទ និង អាយុ ក្នុងចំណោម ១,៧២៥ ករណី គឺមាន ៩៣% (១,៦១១ ករណី) ជាមនុស្សប្រុស, ១០៦ ករណី ជាមនុស្សស្រី, ៣ ករណី ជាអ្នកប្តូរភេទ និង ៥ ករណី មិនអាចកំណត់ភេទបាន។ ចំពោះអាយុវិញ គឺមានចាប់ពី ៩ឆ្នាំ ដល់ ៧៥ឆ្នាំ ប៉ុន្តែក្រុមដែលកើតមានច្រើនជាងគេ គឺចន្លោះពី ២០ ដល់ ២៩ឆ្នាំ (៥៦៤ករណី)
*សម្គាល់៖ តួលេខនេះមិនគួរត្រូវបានបកស្រាយថា "ភេទ ឬអាយុជាមូលហេតុនៃអំពើហិង្សា" ទេ នេះគ្រាន់តែជាទិន្នន័យសម្រាប់ការប្រុងប្រយ័ត្នប៉ុណ្ណោះ។
២. ទីតាំងភូមិសាស្ត្រ និងទំហំនៃផលប៉ះពាល់ ករណីកើតមាននៅ សហរដ្ឋអាមេរិក មានប្រមាណជា ៦២% (១០៦១ ករណី)។ ចំណែកឯនៅទ្វីបអាស៊ីយើង មាន២៥៩ករណី។ ចំនួនជនរងគ្រោះអាចមានចាប់ពី ៣នាក់ រហូតដល់លើស ១០០នាក់ ក្នុងហេតុការណ៍មួយ ដែលនេះបង្ហាញពីទំហំមហន្តរាយដ៏ធំធេងដល់គ្រួសារ និងសហគមន៍ទាំងមូល។
៣. ជោគវាសនារបស់ជនបង្ក គួរឱ្យចាប់អារម្មណ៍ណាស់ ៧៣% (១,២៥៦ ករណី) ជនប្រព្រឹត្តបានបញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីហេតុការណ៍។ ការដែលជនប្រព្រឹត្តភាគច្រើនមិននៅរស់ ធ្វើឱ្យអ្នកស្រាវជ្រាវពិបាកសម្ភាសន៍ផ្ទាល់ពីកត្តាជំរុញផ្លូវចិត្ត ទើបគេត្រូវពឹងផ្អែកលើការវិភាគប្រវត្តិសាវតារបស់ពួកគេជំនួសវិញ។

តើជំងឺផ្លូវចិត្តជាអ្នកខុសមែនទេ?

មនុស្សជាច្រើនគិតភ្លាមៗថា “ប្រហែលជាជនបង្កមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ”។ ប៉ុន្តែទិន្នន័យបានបង្ហាញផ្ទុយពីនេះ៖
៨៧% (១,៤៩៦ ករណី) មិនមានប្រវត្តិធ្លាប់មានរោគសញ្ញាជំងឺផ្លូវចិត្តរ៉ាំរ៉ៃទេ។
៨២% មិនត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺផ្លូវចិត្ត នៅអំឡុងពេលប្រព្រឹត្តបទល្មើស។
៨១% មិនមានប្រវត្តិប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងឡើយ។

តួលេខនេះ មិនមែនមានន័យថាជំងឺផ្លូវចិត្តមិនពាក់ព័ន្ធសោះនោះទេ ប៉ុន្តែវាបញ្ជាក់យ៉ាងច្បាស់ថា ការពន្យល់អំពើហិង្សាធ្ងន់ធ្ងរដោយផ្អែកលើជំងឺផ្លូវចិត្តតែមួយ គឺមិនគ្រប់គ្រាន់ទេ។ ការមានបញ្ហាផ្លូវចិត្ត មិនមែនជាសញ្ញាថាមនុស្សម្នាក់ជាមនុស្សគ្រោះថ្នាក់នោះឡើយ។ ការភ្ជាប់រឿងទាំងពីរនេះដោយស្វ័យប្រវត្តិ អាចបង្កជា Stigma (ការរើសអើង) និងធ្វើឱ្យមនុស្សដែលត្រូវការជំនួយ ស្ទាក់ស្ទើរក្នុងការទៅរកសេវាព្យាបាល។

៤. ប្រវត្តិឧក្រិដ្ឋកម្ម និងមធ្យោបាយ ទិន្នន័យបង្ហាញថា ៨០% នៃជនបង្ក មិនមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋពីមុនមកទេ។ ចំណែកការប្រើប្រាស់អាវុធ ៦៩% ប្រើប្រាស់កាំភ្លើង និង ៣១% ប្រើប្រាស់អាវុធប្រភេទផ្សេងៗទៀត។ ដូច្នេះ ការបង្ការអំពើហិង្សាគួរមើលទៅលើកត្តាហានិភ័យទូលំទូលាយ មិនគួរផ្តោតតែលើប្រវត្តិបុគ្គល ឬឧបករណ៍តែមួយប្រភេទនោះទេ។
៥. តើមានអ្វីកើតឡើងនៅក្នុងចិត្តរបស់ពួកគេ? ការស្រាវជ្រាវបង្ហាញថា គ្មានកត្តាតែមួយពន្យល់ពីទង្វើនេះបានទេ។ កត្តាជំរុញរួមមាន៖ ការបាត់បង់ ឬការបដិសេធក្នុងទំនាក់ទំនង, ភាពអស់សង្ឃឹម, កំហឹងដែលផ្ទុះឡើងមួយរំពេច, ការចងគំនុំ និងការប្រចណ្ឌ។ រីឯជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ជាកត្តាជំរុញដែលមានលក្ខណៈកម្រកើតមានបំផុតនៅក្នុងទិន្នន័យ។
ផ្នែកទី៣៖ សរុបសេចក្តី

នៅពេលកើតមានហេតុការណ៍បាញ់ប្រហារទ្រង់ទ្រាយធំ ការពន្យល់ដែលគេនឹកឃើញមុនគេគឺ "ជននោះមានជំងឺផ្លូវចិត្ត"។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា បាតុភូតនេះមានលក្ខណៈស្មុគស្មាញជាងការគិតទៅទៀត។ យើងមិនត្រូវធ្វើការសន្និដ្ឋានលឿនពេក ហើយមិនត្រូវយកជំងឺផ្លូវចិត្តមកធ្វើជាចម្លើយតែមួយ ឬដាក់ស្លាក (Label) មនុស្សដែលមានបញ្ហាផ្លូវចិត្តថាជាមនុស្សគ្រោះថ្នាក់ឡើយ។

ជំនួសមកវិញ សង្គមយើងគួរតែពង្រីកការយល់ដឹង និងយកចិត្តទុកដាក់បន្ថែមទៅលើកត្តាស្នូលចំនួន ៥ ខាងក្រោមនេះ៖

🎯
ស្វែងយល់ពីវត្ថុបំណងពិតប្រាកដ ឬកត្តាជំរុញជាក់លាក់របស់ជនបង្ក
🧠
ពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការគ្រប់គ្រងអារម្មណ៍
🌪️
យកចិត្តទុកដាក់លើការប្រឈម និងវិបត្តិធំៗដែលកើតមានក្នុងជីវិត
🛡️
បង្កើតវិធានការបង្ការអំពើហិង្សាជាប្រព័ន្ធក្នុងសហគមន៍
🚫
រឹតបន្តឹងការគ្រប់គ្រងភាពងាយស្រួល ក្នុងការទទួលបានអាវុធ

ការថែទាំសុខភាពផ្លូវចិត្តនៅតែជារឿងសំខាន់។ ប្រសិនបើអ្នកកំពុងជួបការលំបាកក្នុងជីវិត ឬមានអារម្មណ៍ថាខ្លួនឯងមិនអាចដោះស្រាយបញ្ហាតែម្នាក់ឯងបាន សូមកុំនៅស្ងៀម។ អ្នកអាចចាប់ផ្តើមពីការនិយាយជាមួយមនុស្សដែលអ្នកទុកចិត្ត ឬស្វែងរកជំនួយពីអ្នកជំនាញ។ សូមចងចាំថា ការស្វែងរកជំនួយផ្លូវចិត្ត មិនមែនជាសញ្ញានៃភាពខ្សោយទេ!

តើអ្នកយល់យ៉ាងណាដែរ?

តើយើងគួរតែឈប់និយាយថា
“ជំងឺផ្លូវចិត្ត = អំពើហិង្សា” ដែរឬទេ?

ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីចំណេះដឹងសុខភាពផ្លូវចិត្ត តាមរយៈបណ្តុំវីដេអូខាងក្រោម៖

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...