Skip to main content

Followers

ការយល់ខុសទាក់ទងនឹងការរំលោភបំពានភេទ

ឈប់យល់ច្រឡំលើជនរងគ្រោះ៖ ការពិតនៃអំពើហិង្សាផ្លូវភេទ | រឿង ៧ យ៉ាងដែលអ្នកប្រហែលជាយល់ច្រឡំអំពីការរំលោភបំពាន

ឈប់យល់ច្រឡំ! ការស្លៀកពាក់មិនមែនជាមូលហេតុនៃការរំលោភបំពានឡើយ

ការពិតពីក្រោយ "ជំនឿខុស" អំពីអំពើហិង្សាផ្លូវភេទ

ផ្នែកទី១៖ សេចក្តីផ្តើម

⚠️ សារដាក់ដាស់តឿន៖

សូមមេត្តាជ្រាបថា ការអាន ឬស្តាប់ពីការយល់ច្រលំ និងការពិតអំពីការរំលោភបំពាន អាចប៉ះពាល់អារម្មណ៍ ឬរំលឹកឡើងវិញនូវបទពិសោធន៍ឈឺចាប់ដល់បុគ្គលមួយចំនួន។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន និងអាចស្វែងរកសេវាគាំទ្រដែលរក្សាសម្ងាត់ ប្រសិនបើលោកអ្នកត្រូវការជំនួយបន្ថែម។

បទចម្រៀងឆ្លើយឆ្លង ចំណងជើង “ប្រស្នា ៤ខ” របស់លោក ស៊ីន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា នៅសំណួរចុងក្រោយគេសួរថា តើពាក្យ «ព្រាននារី» នេះមកពីណា? បើតាមចម្លើយគឺមកពីនារី ទើបធ្វើឱ្យបុរសប្រែក្លាយជាព្រាននារី។ នេះជាបទចម្រៀងមួយដែលខ្ញុំបានឮតាំងពីក្មេងៗមកម្ល៉េះ ហើយវានៅតែជាចម្រៀងមួយដែលពេញនិយមរហូតមកដល់សព្វថ្ងៃនេះ។

មានពាក្យនិយាយតៗគ្នាជាច្រើន ដែលកើតមានហើយវាបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ដែលពេលខ្លះជំនឿតៗគ្នា អាចនឹងបង្កជាផលប៉ះពាល់ដោយមិនដឹងខ្លួន។ យើងមកវែកញែក ការពិតនៅពីក្រោយជំនឿមួយទាក់ទងនឹងការរំលោភបំពានភេទ ដែលដក់ជាប់ក្នុងសង្គមអស់រយៈពេលរាប់សិបឆ្នាំវិញ តើអ្នកចង់ដឹងថាមានអ្វីខ្លះដែរទេ?

ជំនឿខុសឆ្គងទាក់ទងនឹងការរំលោភបំពានភេទ (Rape Myths) គឺជាជំនឿមិនពិត ដែលមនុស្សទូទៅមានចំពោះអំពើហិង្សាលើផ្លូវភេទ ដែលសង្គមបានបន្តប្រាប់គ្នាអស់ជាច្រើនជំនាន់។ គំនិតទាំងនោះបានរុញច្រានទម្លាក់កំហុសទាំងអស់ទៅលើជនរងគ្រោះ ជាជាងទៅលើអ្នកប្រព្រឹត្តបទល្មើសទៅវិញ។ ជំនឿខុសឆ្គងទាំងនេះ បានកកើតឡើងចេញពីផ្នត់គំនិតពីមុនៗ ស្តីពីតួនាទីយេនឌ័រ ការទទួលស្គាល់អំពើហិង្សា និងព័ត៌មានមិនត្រឹមត្រូវជុំវិញអំពើហិង្សាផ្លូវភេទ។ វាជាឧបសគ្គមួយដ៏ធំចំពោះយុត្តិធម៌ និងការការពារជនរងគ្រោះ។

ផ្នែកទី២៖ ចុចដើម្បីស្វែងយល់ពីការពិត (វែកញែក "ជំនឿខុស")

(សូមចុចលើចំណងជើងនីមួយៗដើម្បីអានការពិត)

❌ ជំនឿខុសទី១៖

មានតែស្ត្រីក្មេងៗ និងស្អាតៗប៉ុណ្ណោះ ដែលត្រូវបានគេរំលោភបំពាន។

ការពិតជាក់ស្តែង៖

អំពើហិង្សាផ្លូវភេទ អាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាកុមារ, ជំទង់, មនុស្សពេញវ័យ ឬមនុស្សវ័យចាស់ ហើយមិនពាក់ព័ន្ធនឹងរូបរាង ឬភាពស្រស់ស្អាតនោះទេ។ អ្នកប្រព្រឹត្តមិនជ្រើសរើសជនរងគ្រោះដោយសារអាយុ ឬរូបរាងនោះទេ ប៉ុន្តែជាញឹកញាប់ពួកគេឆ្លៀតឱកាស និងកំណត់គោលដៅលើអ្នកដែលងាយរងគ្រោះ។

❌ ជំនឿខុសទី២៖

នារីដែលស្លៀកពាក់សិចស៊ីបង្ហាញរូបរាង ឬមានកាយវិការទាក់ទាញផ្លូវភេទ ទើបធ្វើឱ្យមនុស្សប្រុសធ្វើការរំលោភបំពាន។

ការពិតជាក់ស្តែង៖

ការយល់ឃើញនេះ ជាការរុញទម្លាក់កំហុសទៅលើជនរងគ្រោះដោយមិនដឹងខ្លួន។ អ្នករំលោភបំពាន ជ្រើសរើសជនរងគ្រោះដោយផ្អែកលើភាពងាយស្រួលក្នុងការប្រព្រឹត្តិអំពើហិង្សា ដោយមិនគិតទៅដល់រូបរាងកាយ ឬអាកប្បកិរិយារបស់មនុស្សស្រីនោះឡើយ។ ជាក់ស្តែង កុមារី ស្ត្រីពេញវ័យ ឬមនុស្សចាស់ ដែលស្លៀកពាក់សមរម្យបិទបាំងជិតឈឹង ក៏នៅតែអាចក្លាយជាជនរងគ្រោះបានដែរ។ នេះគ្រាន់តែជាលេសដើម្បីដោះសារបិទបាំងអាកប្បកិរិយារបស់អ្នករំលោភបំពានប៉ុណ្ណោះ។

❌ ជំនឿខុសទី៣៖

ករណីរំលោភបំពានភាគច្រើន កើតឡើងដោយសារមនុស្សប្លែកមុខ។

ការពិតជាក់ស្តែង៖

ទិន្នន័យស្ថិតិពីមន្ត្រីប៉ូលីសបានបញ្ជាក់ថា មានភាគរយតិចតួចប៉ុណ្ណោះ ដែលប្រព្រឹត្តដោយជនប្លែកមុខ។ ប្រមាណជា ៩០% នៃករណី គឺអ្នកប្រព្រឹត្តជាមនុស្សដែលជនរងគ្រោះស្គាល់ ដូចជា អ្នកស្គាល់គ្នា មិត្តភក្តិ ឬសមាជិកក្នុងគ្រួសារ។ ការយល់ច្រឡំនេះ អាចនាំឱ្យមនុស្សប្រុងប្រយ័ត្នតែលើជនប្លែកមុខ ហើយមើលរំលងហានិភ័យក្នុងទំនាក់ទំនងជិតស្និទ្ធ។

❌ ជំនឿខុសទី៤៖

ករណីរំលោភភាគច្រើន កើតឡើងនៅតាមដងផ្លូវងងឹត ឬទីកន្លែងស្ងាត់ៗ។

ការពិតជាក់ស្តែង៖

ស្ថិតិបង្ហាញថា ប្រមាណ ៧០% នៃករណីរំលោភបំពាន បានកើតឡើងនៅក្នុងផ្ទះ និងអគាររស់នៅ។ បើទោះបីជាការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរពេលយប់មានសារៈសំខាន់ យើងក៏ត្រូវយល់ដឹងថា អំពើហិង្សាផ្លូវភេទអាចកើតឡើងនៅកន្លែងដែលជនរងគ្រោះគិតថាមានសុវត្ថិភាពផងដែរ។ ការបង្ការប្រកបដោយប្រសិទ្ធភាព ត្រូវផ្អែកលើការកសាងបរិយាកាសសុវត្ថិភាពទាំងក្នុងសហគមន៍ និងគ្រួសារ។

❌ ជំនឿខុសទី៥៖

ជាស្វាមីភរិយានឹងគ្នា មិនអាចចាត់ទុកថាជាការប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទទៅលើភរិយារបស់ខ្លួនបានឡើយ។

ការពិតជាក់ស្តែង៖

ទោះជាស្ថិតក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ក្តី ប្រសិនបើភាគីម្ខាងមិនបានផ្តល់ ការយល់ព្រម (Consent) នោះគឺជាការរំលោភលើទំនុកចិត្ត និងជាទម្រង់នៃហិង្សាផ្លូវភេទ។ ការរៀបការ មិនមែនមានន័យថា ត្រូវធ្វើជាទាសករភេទរបស់នរណាម្នាក់ឡើយ។ (ឧទាហរណ៍៖ នៅប្រទេសកម្ពុជា ច្បាប់បានចែងថាវាជាអំពើល្មើស ដែលបុរសធ្វើឱ្យប្រពន្ធរបស់ខ្លួនឈឺចាប់ផ្នែកផ្លូវភេទ)។

❌ ជំនឿខុសទី៦៖

មនុស្សស្រី អាចការពារខ្លួនបាន បើនាងពិតជាមិនចង់ទេ ហេតុអ្វីមិនតស៊ូរើបម្រះ?

ការពិតជាក់ស្តែង៖

នេះគឺជា "ជំនឿខុស" ដែលធ្វើឱ្យជនរងគ្រោះរងការបន្ទោសយ៉ាងធ្ងន់ធ្ងរ។ ពេលប្រឈមមុខនឹងអំពើហិង្សា មនុស្សមួយចំនួនអាចតស៊ូ ខណៈអ្នកខ្លះមិនអាចធ្វើបានដោយសារអាការៈ "គាំង ឬតក់ស្លុត" (Freeze response) ឬរងការគំរាមកំហែង។ ជនរងគ្រោះជាច្រើនបារម្ភថាការតស៊ូ នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ អ្វីដែលជនរងគ្រោះធ្វើ គឺការព្យាយាមរស់រានមានជីវិត ដូច្នេះការមិនតស៊ូ មិនមែនមានន័យថាជាការយល់ព្រមឡើយ។ អ្វីដែលពួកគេត្រូវការបំផុត គឺការស្តាប់ មិនមែនការស្តីបន្ទោសទេ។

❌ ជំនឿខុសទី៧៖

អ្នករួចរស់ពីអំពើរំលោភបំពាន ត្រូវតែបង្ហាញអាការៈជ្រួលច្របល់ខ្លាំង ឬស្រែកទ្រហោយំ។

ការពិតជាក់ស្តែង៖

អ្នករួចរស់ជីវិតម្នាក់ៗ មានវិធីទប់ទល់នឹង ការប៉ះទង្គិចផ្លូវចិត្ត (Trauma) ខុសៗគ្នា។ ក្រោយហេតុការណ៍ ពួកគេអាចស្ងប់ស្ងាត់ខ្លាំង, យំ, ខឹងសម្បារ, ឬមើលទៅដូចជា «ធម្មតា»។ គ្មានប្រតិកម្មណាមួយដែលអាចកំណត់ថាមនុស្សម្នាក់ពិតជាត្រូវ ឬមិនត្រូវបានរំលោភនោះទេ។ ជាញឹកញាប់ ពួកគាត់អាចចំណាយពេលជាច្រើនខែ ឬច្រើនឆ្នាំ ទើបមានកម្លាំងចិត្តនិយាយពីវា។

ផ្នែកទី៣៖ សរុបសេចក្តី

ជាសរុបមក ការអះអាងមិនពិតទាំងនេះ មិនត្រឹមតែបំភិតបំភ័យ និងធ្វើឱ្យជនរងគ្រោះមានការអៀនខ្មាស់រហូតដល់មិនហ៊ានបញ្ចេញសំឡេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសង្គមយល់ច្រឡំអំពីធម្មជាតិនៃអំពើហិង្សាផ្លូវភេទ និងបង្កើនការរុញទម្លាក់កំហុសទៅលើជនរងគ្រោះ។ ជំនឿខុសឆ្គងអំពីអំពើរំលោភបំពានភេទ មិនមែនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេ តែជាការតាមរំខាន និងលួចលាក់ប្រមាថមាក់ងាយផងដែរ។

អ្នកដែលត្រូវទទួលខុសត្រូវ គឺ អ្នកប្រព្រឹត្តអំពើហិង្សា មិនមែនជនរងគ្រោះនោះឡើយ! វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជំនឿខុសឆ្គងទាំងនេះ គឺការអប់រំខ្លួនឯងអំពីការពិត និងហ៊ានតស៊ូមតិប្រឆាំងរាល់ទង្វើហិង្សាគ្រប់ទម្រង់។ ពេលសង្គមឈប់ស្តីបន្ទោសជនរងគ្រោះ មនុស្សកាន់តែច្រើននឹងហ៊ានស្វែងរកជំនួយ។ ការស្តាប់ដោយមិនវិនិច្ឆ័យ ការគោរព និងការគាំទ្រ គឺជាមូលដ្ឋាននៃសង្គមដែលមានសុវត្ថិភាព។ សូមស្តាប់អ្នករួចរស់ជីវិត ហើយផ្តល់ការគាំទ្រដល់ពួកគាត់ជានិច្ច។

« បញ្ឈប់ជំនឿខុសឆ្គង ចាប់ផ្តើមពីការយល់ដឹងមួយដែលត្រឹមត្រូវ! »

🎥 ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីចំណេះដឹងសុខភាពផ្លូវចិត្ត តាមរយៈបណ្តុំវីដេអូខាងក្រោម៖

📚 ឯកសារយោង (References)

University of Richmond. (n.d.). Rape myths. Center for Awareness, Response, and Education. Retrieved August 2026, from https://care.richmond.edu/education/rape-myths.html

Women's Centre for Change. (2020). Rape: Myths & facts. Retrieved August 2026, from https://www.wccpenang.org/rape-myths-facts/

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...