៥ សកម្មភាព ដើម្បីកសាងទំនាក់ទំនងជាមួយកូនៗ
មានឪពុកម្តាយខ្លះ បានចំណាយថវិការយ៉ាងច្រើនដើម្បីបញ្ចូនកូនៗទៅរៀននៅសាលាល្អៗ ក៏ព្រោះគាត់ចង់ឱ្យកូនៗទទួលបានការអប់រំល្អប្រសើរ ហើយខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ។ ចុះបើសិនជាខ្ញុំប្រាប់លោកអ្នកថា មានសកម្មភាពមួយចំនួនក្នុងការជួយឱ្យកុមារ ទទួលបានមូលដ្ឋាននៃការលូតលាស់កាន់តែល្អប្រសើរវិញ តើអ្នកចង់ដឹងទេ?
សកម្មភាពនេះ នឹងមិនតម្រូវឱ្យលោកអ្នកចំណាយបន្ថែមច្រើននោះទេ ហើយវាជាការណែនាំពីអង្គការ Unicef ថែមទៀតផង។
ផ្នែកទី១៖ សកម្មភាពកសាងទំនាក់ទំនងជាមួយកូនៗ
ខាងក្រោមនេះជាវិធីសាស្ត្រ ៥ យ៉ាង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូន និងជួយឱ្យកូនៗទទួលបានការលូតលាស់បានល្អប្រសើរ៖
សកម្មភាពទី ១៖ ការជជែកគ្នាលេង (Quiet Time Talking)
ក្នុងការអភិវឌ្ឍកុមារតូចៗ ការសន្ទនាប្រកបដោយភាពកក់ក្តៅ និងការស្តាប់ដោយយកចិត្តទុកដាក់ មានតម្លៃមិនចាញ់ការបង្រៀនជំនាញថ្មីៗនោះទេ។ កុមារមិនចាំបាច់ត្រូវការការសន្ទនាដ៏ល្អឥតខ្ចោះនោះទេ ពួកគេគ្រាន់តែត្រូវការមនុស្សម្នាក់ដែល ស្តាប់ពួកគេដោយយកចិត្តទុកដាក់។ សាកល្បងចំណាយពេលត្រឹម ១០ នាទីក្នុងមួយថ្ងៃ ជជែកលេងជាមួយកូន ហើយអ្នកនឹងឃើញការផ្លាស់ប្តូរបន្តិចម្តងៗនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយពួកគេ។
សកម្មភាពទី ២៖ តើកូនអាចធ្វើតាមប៉ា/ម៉ាក់បានទេ? (Can You Copy Me?)
កុមាររៀនជាច្រើនពីការសង្កេត និងការធ្វើត្រាប់តាមមនុស្សដែលនៅជិតពួកគេ ជាពិសេសឪពុកម្តាយ។ ការរៀនមិនតែងតែកើតឡើងនៅក្នុងថ្នាក់រៀនទេ ជាញឹកញាប់វាចាប់ផ្តើមពីស្នាមញញឹម និងការលេងរវាងឪពុកម្តាយ និងកូន។
សកម្មភាពទី ៣៖ វ៉ឹមៗ... តើនោះជាសំឡេងអ្វីចេះ? (Broom, Broom, What's That Sound?)
កុមារមិនរៀនតែពីអ្វីដែលពួកគេមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនពីអ្វីដែលពួកគេស្តាប់ផងដែរ។ សំឡេងបក្សី សំឡេងរថយន្ត ឬសំឡេងភ្លៀង ក៏អាចក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់កូន។ កុមារមិនត្រឹមតែឮសំឡេងទេ ពួកគេកំពុងរៀនយល់ពីពិភពលោកជុំវិញខ្លួន។
សកម្មភាពទី ៤៖ តុក្កតាស្រោមជើង! (Sock Puppets!)
ការរៀនរបស់កុមារមិនកើតឡើងតែតាមរយៈសៀវភៅទេ សកម្មភាពសិល្បៈ និងការស្រមើស្រមៃ ក៏មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា អារម្មណ៍ និងការគិតផងដែរ។
សកម្មភាពទី ៥៖ ការគូររូបគ្រួសារ និងមិត្តភក្តិ (Drawing Family)
រូបគំនូររបស់កុមារ មិនមែនគ្រាន់តែជាការគូរលេងនោះទេ វាជាវិធីមួយដែលកុមារប្រើ ដើម្បីបង្ហាញគំនិត អារម្មណ៍ និងពិភពលោកដែលពួកគេមើលឃើញ។ ពេលខ្លះ រូបគំនូរមួយសន្លឹក អាចប្រាប់រឿងរ៉ាវបានច្រើនជាងពាក្យសម្ដី។
ផ្នែកទី២៖ មូលដ្ឋានលូតលាស់របស់កុមារ
ខួរក្បាលកុមារលូតលាស់លឿនបំផុតនៅប៉ុន្មានឆ្នាំដំបូងនៃជីវិត ហើយអ្វីដែលជួយអភិវឌ្ឍវាបានល្អ មិនមែនជាប្រដាប់ក្មេងលេងថ្លៃៗ ឬអាស្រ័យតែលើការអប់រំក្នុងថ្នាក់រៀននោះទេ។ បទពិសោធន៍ប្រចាំថ្ងៃជាមួយឪពុកម្តាយ ឬអ្នកថែទាំ មានតួនាទីសំខាន់ក្នុងការកសាងការលូតលាស់ផ្នែកអារម្មណ៍ ការគិត និងជំនាញសង្គម។ វាចាប់ផ្តើមពីរឿងសាមញ្ញៗដូចជា៖
- 🍜 ញ៉ាំជាមួយគ្នា
- 🧸 លេងជាមួយគ្នា
- 🤗 ឱប និងបង្ហាញក្តីស្រលាញ់
- 📖 ចំណាយពេលវេលាប្រកបដោយគុណភាព
- 💬 ស្តាប់ និងនិយាយជាមួយកូន
តាមរយៈសកម្មភាពទាំងអស់នេះ វានឹងបង្កើតឱ្យកូនៗមានអារម្មណ៍ថា "ខ្ញុំមានសុវត្ថិភាព និងមានមនុស្ស ស្រលាញ់ និងស្តាប់ខ្ញុំ"។
ផ្នែកទី៣៖ សរុបសេចក្តី
ការចំណាយពេលប្រកបដោយគុណភាពជាមួយកុមារ គឺជាការវិនិយោគលើអនាគតរបស់ពួកគេ។ ការរៀនដ៏មានន័យ មិនចាំបាច់ត្រូវការឧបករណ៍ស្មុគស្មាញនោះទេ ហើយពេលវេលា និងការចង់ដឹងចង់ឃើញរបស់កុមារ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុត។ ការចំណាយពេលប្រកបដោយគុណភាព មិនចាំបាច់យូរទេ ប៉ុន្តែត្រូវធ្វើដោយការយកចិត្តទុកដាក់ និងវត្តមានពេញលេញ។
ធនធានវីដេអូសិក្សាបន្ថែម
សូមស្វែងយល់បន្ថែមអំពីគន្លឹះអប់រំកូនៗ តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment