Skip to main content

Followers

ការធ្វើរោគវិនិច្ឆ័យតាម ICD-11៖ ជំងឺថប់បារម្ភទូទៅ (GAD)

តើការបារម្ភកម្រិតណាដែលហៅថា "ជំងឺថប់បារម្ភទូទៅ" (GAD)? | ការធ្វើរោគវិនិច្ឆ័យតាមICD-11

តើការបារម្ភកម្រិតណាដែលហៅថា "ជំងឺថប់បារម្ភទូទៅ" (GAD)?
| ការធ្វើរោគវិនិច្ឆ័យតាម ICD-11 |

មុនពេលប្រឡង មុនពេលសម្ភាសន៍ការងារ ឬនៅមុនពេលរៀបការ មនុស្សយើងគ្រប់រូបសុទ្ធតែមានអារម្មណ៍ថប់បារម្ភ ហើយអារម្មណ៍បែបនេះ គឺជារឿងធម្មតាដែលតែងតែកើតមាន។ ចុះប្រសិនបើអារម្មណ៍ព្រួយបារម្ភ ចាប់ផ្តើមប៉ះពាល់ដល់ការងារ ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ ឬជីវិតប្រចាំថ្ងៃវិញ? ការមានអារម្មណ៍ថប់បារម្ភ រហូតដល់ធ្វើឱ្យអ្នកពិបាកក្នុងការគ្រប់គ្រងវា នោះវាប្រហែលជាអាចមិនមែនជាអារម្មណ៍បារម្ភធម្មតាៗទៀតនោះទេ។

មកស្វែងយល់ពី អ្វីទៅជា ជំងឺថប់បារម្ភទូទៅGeneral Anxiety Disorder ដែលបានជាលក្ខណៈវិនិច្ឆ័យពី ICD-11 របស់អង្គការសុខភាពពិភពលោក។

ផ្នែកទី១៖ សញ្ញាទូទៅនៃជំងឺថប់បារម្ភទូទៅ

ការថប់បារម្ភ គឺជាប្រតិកម្មធម្មជាតិរបស់មនុស្សនៅពេលប្រឈមមុខនឹងសម្ពាធ ឬភាពមិនប្រាកដប្រជានៃជីវិតរបស់ខ្លួននាពេលអនាគត។ ទោះជាយ៉ាងណា នៅពេលមានអារម្មណ៍ថប់បារម្ភមានខ្លាំងលើសលុប ដែលកើតមានស្ទើររាល់ថ្ងៃ អស់រយៈពេលជាច្រើនខែ ហើយក៏ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ការងារ ការសិក្សា គ្រួសារ ឬការរស់នៅប្រចាំថ្ងៃ វាអាចជាសញ្ញានៃ ជំងឺថប់បារម្ភទូទៅ (GAD)

អារម្មណ៍ថប់បារម្ភនេះ ភាគច្រើនពាក់ព័ន្ធនឹងគ្រួសារ, សុខភាព, ហិរញ្ញវត្ថុ និងការសិក្សា ឬការងារជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក៏អារម្មណ៍នេះ អាចលេចឡើងដោយមិនមានមូលហេតុច្បាស់លាស់ ឬក៏ព្រួយខ្លាំងជាងស្ថានភាពពិត ដែលធ្វើឱ្យពិបាករស់នៅ និងបំពេញការងារប្រចាំថ្ងៃ។ ជំងឺផ្លូវចិត្តមួយនេះ ធ្វើឱ្យមនុស្សម្នាក់ មានអារម្មណ៍ព្រួយបារម្ភខ្លាំង និងហួសប្រមាណអំពីរឿងរ៉ាវកើតមានឡើងជាប្រចាំថ្ងៃ មានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍ព្រួយបារម្ភរបស់ខ្លួន។

ផ្នែកទី២៖ ការធ្វើរោគវិនិច្ឆ័យ (Diagnostic Requirements)

រោគសញ្ញាស្នូលរបស់ ជំងឺ GAD អាចបង្ហាញតាមទម្រង់សំខាន់ពីរយ៉ាង គឺទៅលើស្ថានភាពផ្នែកខាងអារម្មណ៍ និងរោគសញ្ញាលើរាងកាយ។ អារម្មណ៍ថប់បារម្ភអាចលេចឡើងក្នុងទម្រង់ជា៖

មានអារម្មណ៍ភ័យព្រួយទៅលើបញ្ហាទូទៅ៖ ដោយការថប់បារម្ភបែបនេះ អាចលេចឡើងដោយមិនជាប់ពាក់ព័ន្ធនឹងស្ថានភាព ឬហេតុការណ៍ជាក់លាក់ណាមួយនោះទេ។ ដែលអារម្មណ៍បែបនេះត្រូវបានគេហៅថា "ការថប់បារម្ភលេចឡើងដោយឯកឯង" (Free-floating anxiety)

មានការព្រួយបារម្ភហួសប្រមាណ (Excessive worry)៖ គិតទុកមុនតែក្នុងផ្លូវអវិជ្ជមាន និងព្រួយបារម្ភខ្លាំងចំពោះរឿងរ៉ាវកើតមានជាប្រចាំថ្ងៃ ដូចជាការងារ, ហិរញ្ញវត្ថុ, សុខភាព, និងគ្រួសារ។

បន្ថែមពីលើការព្រួយបារម្ភហួសប្រមាណ បុគ្គលដែលមាន GAD អាចមានរោគសញ្ញាជាច្រើនដែលប៉ះពាល់ដល់រាងកាយ ការគិត និងការបំពេញមុខងារប្រចាំថ្ងៃ។ រោគសញ្ញាដែលជួបប្រទះញឹកញាប់ រួមមាន៖

ភាពតឹងណែនសាច់ដុំ ឬការនៅមិនសុខក្នុងខ្លួន

ការឆ្លើយតបខ្លាំងរបស់ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ (Sympathetic Nervous System) ដូចជា បេះដូងលោតញាប់ បែកញើស ញ័រដៃជើង ឬរោគសញ្ញាប្រព័ន្ធរំលាយអាហារ (ក្រហាយពោះ ឬឈឺចុកចាប់ពោះ)

អារម្មណ៍រសាប់រសល់ ឬមានភាពតានតឹងជាប់ជានិច្ច

ពិបាកផ្ចង់អារម្មណ៍

ងាយមួម៉ៅ ឬឆាប់ខឹង

ការរំខានដំណេក

នេះគឺជា 'របៀបដែលរាងកាយរបស់យើងបន្តរស់រានមានជីវិតដែលកើតចេញមកដោយស្វ័យប្រវត្តិ' នេះជាមូលហេតុដែលធ្វើរាងកាយរបស់យើង មានប្រតិកម្មកើតមាន។

ផ្នែកទី៣៖ រោគសញ្ញបំពេញបន្ថែម

មនុស្សគ្រប់រូបអាចមានការព្រួយបារម្ភនៅពេលជួបបញ្ហាក្នុងជីវិត ប៉ុន្តែការព្រួយបារម្ភធម្មតា និង ជំងឺថប់បារម្ភទូទៅ (GAD) មិនដូចគ្នាទេ។ រោគសញ្ញាទាំងឡាយនៃជំងឺថប់បារម្ភទូទៅ មិនមែនមានកើតឡើងតែមួយភ្លែត ហើយបាត់ទៅវិញនោះទេ ផ្ទុយទៅវិញវាកើតមានជាប់ជាប្រចាំ, ហើយបន្តកើតជាប់ៗយ៉ាងហោចណាស់រយៈពេលជាច្រើនខែ។ ហើយប្រសិនបើ រោគសញ្ញាទាំងអស់នោះ មិនទទួលបានការយកចិត្តទុកដាក់ វាអាចនឹងនៅតែបន្ត ឬកាន់តែធ្ងន់ធ្ងរឡើងក៏ថាបាន។

ក្រៅពីរយៈពេល និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាហើយ ការធ្វើរោគវិនិច្ឆ័យ ជំងឺ GAD ក៏មិនអាចពឹងផ្អែកតែលើរោគសញ្ញាតែមួយមុខបានដែរ។ អ្នកជំនាញត្រូវត្រួតពិនិត្យ ដើម្បីឱ្យប្រាកដថា រោគសញ្ញាទាំងនោះមិនអាចពន្យល់បានដោយជំងឺផ្លូវចិត្តផ្សេងទៀត ព្រោះថាជំងឺផ្លូវចិត្តជាច្រើនអាចមានរោគសញ្ញាស្រដៀងគ្នា ដូចជា ជំងឺធ្លាក់ទឹកចិត្ត (Depressive Disorder)

រោគសញ្ញាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះអាចមានដូចជា៖

អារម្មណ៍ព្រួយថប់បារម្ភ

ការរំខានការគេងដូចជាគេងមិនលក់, គេងលក់មិនស្ងប់, គេងច្រើនលើសធម្មតា ឬគេងយល់សប្តិអាក្រក់ជាដើម

ពិបាកផ្ចង់អារម្មណ៍

អស់កម្លាំង

លើសពីនេះទៀតដើម្បីអាចកំណត់ធ្វើរោគវិនិច្ឆ័យថាជាជំងឺថប់បារម្ភទូទៅ (GAD) អ្នកជំនាញឯកទេសត្រូវពិនិត្យជាមុនសិនថារោគសញ្ញាទាំងអស់នេះ មិនមែនបណ្តាលមកពីជំងឺរាងកាយ ឬឥទ្ធិពលពីសារធាតុ និងឱសថណាមួយឡើយ។ ជាឧទាហរណ៍៖ អ្នកជំងឺ ក្រពេញទីរ៉ូអ៊ីតសកម្មជ្រុល (Hyperthyroidism) ដែលអាចបង្កឱ្យមានរោគសញ្ញាស្រដៀងទៅនឹងអាការៈជំងឺថប់បារម្ភទូទៅផងដែរ។ ហើយសារធាតុញៀន ឬឱសថមួយចំនួន ក៏អាចធ្វើឱ្យមានរោគសញ្ញាជំងឺថប់បារម្ភទូទៅផងដែរ ដូចជា៖ ការប្រើប្រាស់កាហ្វេអ៊ីន ឬសារធាតុញៀនមួយចំនួន ឬក៏មានអាការៈដកខ្លួនដោយសារបញ្ហាញៀនគ្រឿងស្រវឹង និងថ្នាំងងុយគេង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមនុស្សមួយចំនួនមានការយល់ច្រលំថា អ្នកជំងឺថប់បារម្ភទូទៅមិនអាច អាចបំពេញការងារ ឬតួនាទីប្រចាំថ្ងៃ បានទេ ប៉ុន្តែអ្នកជំងឺប្រភេទនេះត្រូវ ខិតខំប្រឹងប្រែងខ្លាំងជាងមនុស្សធម្មតា ដើម្បីទប់ទល់នឹងអារម្មណ៍ព្រួយថប់បារម្ភរបស់ខ្លួនឯង។ ដូច្នេះ កុំសន្និដ្ឋានថា "គាត់នៅធ្វើការបាន ដូច្នេះគាត់មិនអីទេ" ជួនកាលមនុស្សម្នាក់ ក៏អាចកំពុងតស៊ូយ៉ាងខ្លាំងនៅខាងក្នុង ទោះបីខាងក្រៅមើលទៅធម្មតាក៏ដោយ។

ចំណាំ៖ នេះជារឿងសំខាន់ណាស់ ដែលអ្នកត្រូវសម្គាល់ថារោគសញ្ញាមិនមែនបណ្តាលមកពីជំងឺរាងកាយ ឬផលប៉ះពាល់នៃសារធាតុញៀន និងឱសថដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទនោះទេ។ ដូចនេះសូមកុំធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ឬស្វែករកព័ត៌មានលើអ៊ីនធឺណិត ដោយសារតែលក្ខណៈស្រដៀងៗគ្នានៃអាការៈជំងឺផ្លូវចិត្ត។ សូមស្វែងរកការវាយតម្លៃពីអ្នកជំនាញឯកទេសពិតប្រាកដ។

ផ្នែកទី៤៖ លក្ខណៈពិសេសតាមបែបគ្លីនិកផ្សេងទៀត

មនុស្សមួយចំនួនដែលមាន ជំងឺថប់បារម្ភទូទៅ (GAD) មិនអាចប្រាប់បានថា ពួកគេព្រួយបារម្ភអំពីរឿងអ្វីជាក់លាក់នោះទេ។ ពួកគេអាចមានអារម្មណ៍ថាអារម្មណ៍ព្រួយបារម្ភកើតមានជាទូទៅ ដោយមិនដឹងថាមូលហេតុមកពីអ្វីនោះទេ ហើយពួកគេមាន រោគសញ្ញាលើរាងកាយជាប់ជាប្រចាំ ដូចជា បេះដូងលោតញាប់ ឈឺពោះ ឈឺក្បាល តឹងណែនសាច់ដុំ ឬអស់កម្លាំង។ តែមិនអាចភ្ជាប់វាទៅនឹងព្រឹត្តិការណ៍ជាក់លាក់បានទេ។ នេះហើយជាមូលហេតុ ដែលមនុស្សខ្លះគិតថា "ខ្ញុំមិនមានបញ្ហាអ្វីទេ" ប៉ុន្តែនៅតែមានអារម្មណ៍ថប់បារម្ភ និងមិនស្រួលក្នុងខ្លួនជាប្រចាំ។

មានមនុស្សមួយចំនួន ដែលមាន GAD អាចមាន ការផ្លាស់ប្តូរអាកប្បកិរិយា ដូចជា ព្យាយាមគេចវេស ពីស្ថានភាពដែលបង្កឱ្យមានការព្រួយបារម្ភ, ស្វែងរកការបញ្ជាក់ឱ្យអស់ចិត្ត ជាញឹកញាប់ (ជាពិសេសចំពោះកុមារ) ឬ ធ្វើការពន្យារពេលធ្វើកិច្ចការ (Procrastination)

ប្រសិនបើអ្នកជាឪពុកម្តាយ ពេលរកឃើញថាកូនៗរបស់ខ្លួនចូលចិត្តធ្វើអ្វីដែល ”ល្អឥតខ្ចោះ” ឬតែងតែនិយាយថា “មិនអីនោះទេ”។ នេះមិនមែនជាចរិតលក្ខណៈនោះទេ នេះប្រហែលជាដំណើរការផ្លូវចិត្តរបស់កុមារ ដែលកើតចេញពីរោគសញ្ញានៃជំងឺទាក់ទងនឹងការថប់បារម្ភ។ អាកប្បកិរិយាទាំងនេះ គឺជា យុទ្ធសាស្ត្រមួយ ដែលបុគ្គលម្នាក់គាត់ ប្រើដើម្បីកាត់បន្ថយអារម្មណ៍ភ័យព្រួយ។ ទោះបីជាវាអាចជួយបន្ធូរអារម្មណ៍ក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែប្រសិនបើបន្តយូរ វាអាចប៉ះពាល់ដល់ការសិក្សា ការងារ និងទំនាក់ទំនង។

ផ្នែកទី៥៖ ដែនកំណត់អាការៈធម្មតា (Threshold)

បើទោះបីជាការថប់បារម្ភជាផ្នែកមួយនៃជីវិត ប៉ុន្តែមិនមែនការថប់បារម្ភទាំងអស់សុទ្ធតែដូចគ្នាទេ។ អ្នកអាចយល់ថាអារម្មណ៍ថប់បារម្ភ និងការព្រួយបារម្ភ គឺជា ប្រតិកម្មផ្លូវចិត្តធម្មតា ដែលអាចកើតឡើងនៅពេលមនុស្សស្ថិតក្រោមសម្ពាធ។ នៅពេលវាស្ថិតក្នុងកម្រិតសមស្រប វាអាច ជួយជំរុញការដោះស្រាយបញ្ហា, បង្កើនការផ្ចង់អារម្មណ៍, និង បង្កើនការប្រុងប្រយ័ត្ន

ផ្ទុយទៅវិញ នៅពេលការថប់បារម្ភមាន សភាពខ្លាំងហួសហេតុ, កើតមាន ជាប់ជាប្រចាំ, ពិបាកគ្រប់គ្រង ទោះចង់បញ្ឈប់ការព្រួយបារម្ភក៏ដោយ, និងបង្កឱ្យមានអារម្មណ៍តានតឹងផ្លូវចិត្ត វាទើបឈានចូលដល់ ដែនកំណត់នៃជំងឺ

នៅពេលមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពដែលមានភាពតានតឹងខ្លាំងហួសហេតុ ដូចជាសង្គ្រាម, គ្រោះមហន្តរាយ, អំពើហិង្សា, ឬព្រឹត្តិការណ៍ដែលគំរាមកំហែងដល់សុវត្ថិភាពជីវិត ការមានអារម្មណ៍ ថប់បារម្ភ គឺជា ប្រតិកម្មធម្មជាតិ និងសមស្រប។ នេះមិនគួរត្រូវបានចាត់ទុកថាជា "ជំងឺថប់បារម្ភទូទៅ (GAD)" នោះទេ ប្រសិនបើរោគសញ្ញាកើតឡើងតែក្នុងអំឡុងពេលប្រឈមនឹងស្ថានភាពបែបនោះ។

ផ្នែកទី៦៖ សរុបសេចក្តី

ជាសរុបមក ការព្រួយបារម្ភ ក៏អាចប៉ះពាល់ដល់គុណភាពជីវិតរបស់មនុស្សម្នាក់ៗផងដែរ ហើយការថប់បារម្ភដែលកើតមានលើមនុស្សម្នាក់ៗ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ វាជាបញ្ហាសុខភាពផ្លូវចិត្តមួយ ដែលត្រូវការយល់ដឹង និងវាយតម្លៃបន្ថែមពីអ្នកជំនាញ។

ការយល់ដឹងពីរោគសញ្ញាដំបូងៗ និងការស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត គឺជាជំហានសំខាន់ក្នុងការថែរក្សាសុខុមាលភាពផ្លូវចិត្តផ្ទាល់របស់ខ្លួន។ ប្រសិនបើអ្នក ឬមនុស្សនៅជុំវិញ កើតមានការព្រួយបារម្ភជាប់ជាប្រចាំរហូតប៉ះពាល់ដល់ការងារ ការសិក្សា ឬជីវិតប្រចាំថ្ងៃ កុំមើលរំលងការស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។

ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីចំណេះដឹងសុខភាពផ្លូវចិត្ត និងជំងឺថប់បារម្ភទូទៅ តាមរយៈបណ្តុំវីដេអូរបស់ប៉ុស្តិ៍ ធូរចិត្ត (Toochit) ខាងក្រោម៖

🔗 ធនធាន៖ https://www.youtube.com/playlist?list=PLsKdlQmVOSuE1bbZ875nB7ihLTVUJTaef

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...