របៀបរៀបចំពេលវេលាឱ្យមានប្រសិទ្ធភាព៖ គន្លឹះពីអ្នកចិត្តសាស្ត្រ
មនុស្សម្នាក់ៗ ត្រូវឆ្លងកាត់ពេលវេលាមួយថ្ងៃមាន២៤ម៉ោងដូចៗគ្នា តែហេតុអ្វីបានជាពេលវេលារបស់ខ្ញុំមិនគ្រប់គ្រាន់ដូចគេអញ្ចឹង?
តើខ្ញុំអាចប្រែក្លាយពេលវេលាដែលមានតិចតួចរបស់ខ្ញុំ ឱ្យទៅជាពេលវេលាដែលមានតម្លៃបានយ៉ាងដូចម្តេច? សំណួរទាំងអស់នេះ អាចកើតមានជាមួយជាមួយនឹងមនុស្ស ដែលមិនមានការរៀបចំផែនការខ្លួនជាក់លាក់ ឬមានរៀបចំផែនការហើយគ្រាន់តែវាមិនទាន់មានប្រសិទ្ធភាព។ អ្នកមិនចាំបាច់មានពេលច្រើនជាងលើសអ្នកដទៃនោះទេ តែអ្នកអាចប្រើពេលដែលមានឱ្យមានប្រយោជន៍ច្រើនជាងមុនបាន។
💡 យល់ដឹងពីចិត្តសាស្ត្រ៖ មនុស្សជាច្រើន ត្រូវការចំណាយពេលក្នុងការសម្រេចចិត្តថា ត្រូវធ្វើរឿងនេះមុន និងធ្វើរឿងនេះក្រោយ ការសម្រេចចិត្តតូចៗបែបនេះរាល់ថ្ងៃ អាចធ្វើឱ្យយើងអស់ថាមពលផ្លូវចិត្ត (Decision Fatigue) ដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ ការរៀបចំផែនការជាមុន ជួយកាត់បន្ថយការសម្រេចចិត្តដែលមិនចាំបាច់ និងអនុញ្ញាតឱ្យយើងផ្តោតលើការងារសំខាន់ៗបានកាន់តែប្រសើរ។
ផ្នែកទី១៖ គន្លឹះរៀបចំកាលវិភាគឱ្យកាន់តែប្រសើរ (Design a Better Schedule)
តើអ្នកធ្លាប់សួរខ្លួនឯងទេថា “តើក្នុងមួយថ្ងៃ ខ្ញុំខាតបង់ពេលវេលានៅត្រង់ណាខ្លះ?” ដើម្បីអាចរៀបចំផែនការរបស់ខ្លួនបាន ជំហានដំបូង គឺត្រូវពិនិត្យមើលថា ពេលវេលារបស់យើងកំពុងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច។ សាកល្បងពិនិត្យមើលសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនឡើងវិញថា៖
- 🍽️ តើអ្នកចំណាយពេលសម្រាប់ការទទួលទានអាហារប៉ុន្មានដែរ?
- 🧘 តើអ្នកប្រើពេលប៉ុន្មានសម្រាប់ថែទាំខ្លួនឯង?
- 💼 តើការងាររបស់អ្នកមានតុល្យភាពដែរឬទេ?
- 👨👩👧 តើអ្នកមានពេលសម្រាប់គ្រួសារ និងមនុស្សដែលអ្នកស្រឡាញ់ដែរឬទេ?
- 😴 ហើយចំណុចសំខាន់មួយគឺ តើអ្នកគេងបានគ្រប់គ្រាន់ដែរឬទេ?
ជាញឹកញាប់ មនុស្សជាច្រើនចាត់ទុក "ការគេង" ជាសកម្មភាពមួយ ដែលអាចកាត់បន្ថយបាន ដើម្បីឱ្យខ្លួនអាចបំពេញការងារឱ្យបានច្រើនជាងមុន។ ប៉ុន្តែ តាមពិតទៅការគេងគ្រប់គ្រាន់ជួយឱ្យយើងមានថាមពល ប្រសើរឡើងទាំងការគិត ការសម្រេចចិត្ត ការរៀន និងទំនាក់ទំនងជាមួយអ្នកដទៃ។
ផ្នែកទី២៖ ការរៀបចំផែនការរយៈពេលវែង
ដើម្បីឱ្យយើងអាចរៀបចំផែនការល្អបាន អ្នកគួរតែចាប់ផ្តើមពីផែនការរយៈពេលវែងរបស់ខ្លួន ដូចជាសិស្សនៅមុនបើកបវេសនកាលចូលរៀន គាត់គួរតែរៀបចំកាលវិភាគរៀនសម្រាប់ឆមាសរបស់ខ្លួន។ ការរៀបចំកាលវិភាគមិនមែនគ្រាន់តែជាការកត់ថ្ងៃប្រឡងប៉ុណ្ណោះទេ ប៉ុន្តែជាការមើលឃើញទិដ្ឋភាពទាំងមូលនៃការសិក្សា ការងារ និងជីវិតផ្ទាល់ខ្លួន។
ដូចនេះហើយ បើសិនជាសម្រាប់សិស្សានុសិស្ស មុនពេលឆមាសថ្មីចាប់ផ្តើម សាកល្បងចំណាយពេលបន្តិចដើម្បីរៀបចំកាលវិភាគរបស់អ្នក ដូចជា៖ កត់ថ្ងៃប្រឡង, កំណត់ថ្ងៃប្រគល់កិច្ចការ (Assignments), កត់ថ្ងៃសកម្មភាព និងការប្រឡងប្រចាំសប្តាហ៍ (Quizzes) ហើយកុំភ្លេចបញ្ចូលកាលវិភាគការងារ និងកាតព្វកិច្ចគ្រួសារផងដែរ។
មិនថាអ្នកប្រើ Calendar ក្នុងទូរស័ព្ទ ឬសៀវភៅ Planner នោះទេ អ្វីដែលសំខាន់គឺ ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពកាលវិភាគជាប់ជាប្រចាំ។ កាលវិភាគដែលមានប្រសិទ្ធភាព គឺជាកាលវិភាគដែលអាចបត់បែនទៅតាមការផ្លាស់ប្តូរដែលអាចកើតមានភ្លាមៗបាន។
ផ្នែកទី៣៖ ការរៀបចំផែនការប្រចាំសប្តាហ៍ (Plan Your Week)
គោលដៅធំៗ ត្រូវការផែនការតូចៗដែលអាចអនុវត្តបាន។ ឧទាហរណ៍ខាងលើសម្រាប់សិស្សភាគច្រើនប្រហែលកំណត់គោលដៅសម្រាប់ឆមាស ដូចជា ប្រឡងជាប់ បញ្ចប់កិច្ចការទាន់ពេល ឬអភិវឌ្ឍជំនាញថ្មីៗ។ ប៉ុន្តែគោលដៅទាំងនេះ នឹងមិនក្លាយជាការពិតទេ ប្រសិនបើវាមិនត្រូវបានបម្លែងឱ្យទៅជាទម្លាប់ប្រចាំថ្ងៃបាន ដែលយើងចង់សម្រេចនៅចុងឆមាសនោះ។
នៅពេលរៀបចំផែនការប្រចាំសប្តាហ៍ សូមអនុវត្ត ៣ ជំហានសាមញ្ញ៖
ការរៀបចំកាលវិភាគល្អ មិនមែនមានន័យថា បំពេញរាល់នាទីដោយការងារ ទេ ប៉ុន្តែជាការបែងចែកពេលវេលាឱ្យមានតុល្យភាព និងអាចអនុវត្តបានជារៀងរាល់ថ្ងៃ។ ការបម្លែងគោលដៅទៅជាទម្លាប់ប្រចាំថ្ងៃ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការកសាងភាពជោគជ័យ ដែលមាននិរន្តរភាព។
ផ្នែកទី៤៖ គន្លឹះបន្ថែមសម្រាប់ការរៀបចំកាលវិភាគ
១. ធ្វើការបែងចែកពេលវេលាសមស្រប៖ ការសិក្សាជាច្រើនបានបង្ហាញថា ការរៀនដោយធ្វើការបែងចែកពេលវេលា (Spaced Study) មានប្រសិទ្ធភាពជាង ការរៀនបុកក្នុងពេលតែមួយ (Massed Study) ព្រោះថាខួរក្បាលរបស់យើងមិនចងចាំបានល្អបំផុតតាមវិធីនេះទេ។ ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការរៀនរយៈពេល ៣ ម៉ោង សម្រាប់មុខវិជ្ជាមួយ សាកល្បងបែងចែកជា ១ ម៉ោង នៅថ្ងៃទី១, ១ ម៉ោង នៅថ្ងៃទី២ និង ១ ម៉ោង នៅថ្ងៃទី៣។ សូមចាំថា៖ ការធ្វើការងារដែលមានប្រសិទ្ធភាព មិនមែនអាស្រ័យលើចំនួនម៉ោងដែលអ្នកអង្គុយធ្វើការងារនោះទេ ប៉ុន្តែអាស្រ័យលើរបៀបដែលអ្នករៀបចំពេលវេលារបស់ខ្លួន។
២. ផ្លាស់ប្តូរសកម្មភាពការងារ៖ ធ្វើការងារយូរៗទៅ ខួរក្បាលចាប់ផ្តើមនឿយ។ វិធីសាស្ត្រដែលអាចជួយរក្សាថាមពល គឺការផ្លាស់ប្តូរសកម្មភាព ឧទាហរណ៍៖ 📖 រៀនគណិតវិទ្យា ➜ 🌍 ភូមិវិទ្យា ➜ 📚 ត្រឡប់មកគណិតវិទ្យាវិញ។ ប៉ុន្តែត្រូវប្រយ័ត្ន! ប្រធានបទដែលមានលក្ខណៈស្រដៀងគ្នាពេក (ឧទាហរណ៍ ភាសាបរទេសពីរផ្សេងគ្នា) អាចបង្កឱ្យមាន Interference ដែលជាការច្របូកច្របល់រវាងព័ត៌មានថ្មី និងចាស់។
៣. កុំដាក់គោលដៅខ្ពស់ពេកនៅពេលចាប់ផ្តើម៖ ការរីកចម្រើនតិចតួចជាប្រចាំ មានតម្លៃជាងការខិតខំខ្លាំងពេលចាប់ផ្តើមដំបូង ហើយបោះបង់នៅពេលក្រោយ។
៤. កំណត់កម្រិតនៃភាពលំបាក៖ ការងារស្មុគស្មាញត្រូវការពេលច្រើន។ សូមចងចាំថា៖ រាល់រយៈពេល ១ ម៉ោងដែលរៀនក្នុងថ្នាក់ គួរតែត្រូវចំណាយ ១–២ ម៉ោងសម្រាប់ស្វ័យសិក្សានៅផ្ទះ។ រៀបចំកាលវិភាគឱ្យសមនឹងលក្ខណៈនៃការងាររបស់ខ្លួន។
៥. ទុកម៉ោងដែលអាចបត់បែនបាន (Flexible Hours)៖ ប្រសិនបើកាលវិភាគរបស់អ្នកពេញគ្រប់នាទី ការផ្លាស់ប្តូរតូចមួយអាចធ្វើឱ្យផែនការទាំងមូលរញ៉េរញ៉ៃ។ ចូរព្យាយាមទុកពេលវេលាខ្លះសម្រាប់ភាពបត់បែន។ “កាលវិភាគដែលតឹងរឹងពេក អាចងាយបរាជ័យនៅពេលមានការផ្លាស់ប្តូរ។”
៦. រៀបចំតាមកម្រិតថាមពល៖ ការរៀបចំកាលវិភាគមិនគួរផ្អែកតែលើ "ម៉ោងទំនេរ" ប៉ុណ្ណោះនោះទេ តែវាគួរផ្អែកលើកម្រិតថាមពល និងការផ្តោតអារម្មណ៍របស់យើងផងដែរ។ ដាក់ការងារពិបាកនៅពេលដែលអ្នកមានថាមពលខ្ពស់បំផុត។
ផ្នែកទី៥៖ រៀបចំផែនការជាមុន
យើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ទាំងអស់បានទេ ដោយថ្ងៃនេះ អាចមានឡាន ឬម៉ូតូខូច, មានបញ្ហាក្នុងគ្រួសារ, ឬមានការងារបន្ទាន់។ បើយើងចាំទាល់តែបញ្ហាកើតឡើង ទើបចាប់ផ្តើមដោះស្រាយ យើងងាយមានអារម្មណ៍តានតឹង។
សាកល្បងផ្លាស់ប្តូរទៅជា "អ្នកត្រៀមខ្លួនជាមុន" ដោយចាប់ផ្តើមថ្ងៃថ្មី ជាមួយនឹងផែនការច្បាស់លាស់។ ការត្រៀមខ្លួនទុកជាមុន នឹងជួយឱ្យយើង៖ គ្រប់គ្រងពេលវេលាបានកាន់តែមានប្រសិទ្ធភាព, កាត់បន្ថយភាពតានតឹង, និងរក្សាថាមពលខួរក្បាលសម្រាប់ការសម្រេចចិត្តដែលសំខាន់ជាង។
“ភាពជោគជ័យ មិនអាស្រ័យលើការដោះស្រាយបញ្ហាបានលឿនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏អាស្រ័យលើការត្រៀមខ្លួនបានល្អ មុនពេលបញ្ហាកើតឡើងផងដែរ។”
ផ្នែកទី៦៖ សរុបសេចក្តី
ជាសរុបមកការរៀបចំផែនការល្អ មិនមែនជាការព្យាយាមគ្រប់គ្រងគ្រប់នាទីទេ ប៉ុន្តែជាការត្រៀមខ្លួនសម្រាប់អ្វីដែលយើងមិនអាចគ្រប់គ្រងបាន។ នៅពេលយើងមានផែនការជាមុន ខួរក្បាលមិនចាំបាច់ចំណាយថាមពលលើការសម្រេចចិត្តតូចៗម្ដងហើយម្ដងទៀតទេ។
សូមស្វែងយល់បន្ថែមអំពីគន្លឹះអភិវឌ្ឍន៍ខ្លួនឯង តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment