ចំណាយច្រើនលើអ្នកជំនាញផ្លូវចិត្ត?
មើលអ្វីដែលពួកគេធ្វើ!
ពេលជួបអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត១ម៉ោង ត្រូវចំណាយ ១៥, ៣០, ឬ ៥០ ដុល្លា ជាការចំណាយមួយដ៏ថ្លៃ ព្រោះថាទៅជួបមិនបានធ្វើអ្វីទេ គ្រាន់តែជាការនិយាយគ្នាលេងប៉ុណ្ណោះ។ តើអ្នកធ្លាប់យល់ឃើញបែបនេះដែរទេ?
Dr. Laila Din Osmun បានចែករំលែកលើបណ្តាញសង្គមអំពីអ្វីដែលអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តបានធ្វើ ពីក្រោយរយៈពេល១ម៉ោង ដែលជួបជាមួយនឹងអតិថិជន។ គាត់ជាអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត នៅប្រទេសកាណាដា ដែលធ្វើការងារជាមួយអ្នកមានបញ្ហាអស់រយៈពេលជាច្រើនឆ្នាំ។
ផ្នែកទី១៖ បណ្ណាល័យមើលមិនឃើញ (The Invisible Library)
នៅពេលអ្នកជួបជាមួយអ្នកឯកទេសសុខភាពផ្លូវចិត្ត អ្នកប្រហែលជាឃើញតែ៖
- 🗣️ ជាការជជែកលេងធម្មតាៗ
- 📝 ការសាកសួរជាមួយសំណួរជាច្រើន
- 💡 ការផ្តល់យោបល់ផ្សេងៗ
- 📋 ផែនការក្នុងការព្យាបាល
ប៉ុន្តែ នៅពីក្រោយការងារទាំងនេះ មាន "ឃ្លាំងចំណេះដឹង" ដ៏ធំមួយ ដែលមិនអាចមើលឃើញដោយភ្នែកទទេបាន។ ឃ្លាំងចំណេះដឹងមួយនេះ រួមមានការសិក្សារាប់ឆ្នាំ ការស្រាវជ្រាវ ការបណ្តុះបណ្តាល ការអនុវត្តក្រោមការគាំទ្របច្ចេកទេស បទពិសោធន៍វិជ្ជាជីវៈ និងការបន្តរៀនសូត្រពេញមួយជីវិត។ ធនធានទាំងនេះ ជួយឱ្យអ្នកឯកទេសអាចធ្វើការវាយតម្លៃបានត្រឹមត្រូវ ជ្រើសរើសអន្តរាគមន៍ដែលសមស្រប និងផ្តល់សេវាដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលសមស្របសម្រាប់មនុស្សម្នាក់ៗ។
ការងាររបស់អ្នកឯកទេសសុខភាពផ្លូវចិត្ត មិនគួរត្រូវបានវាស់ត្រឹមអ្វីដែលកើតឡើងក្នុងបន្ទប់ពិគ្រោះនោះទេ ប៉ុន្តែត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំខ្លួន និងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់ ដែលគាំទ្ររាល់ការសម្រេចចិត្តក្នុងការថែទាំអតិថិជន។ តម្លៃពិតនៃការព្យាបាល មិនមែនស្ថិតនៅក្នុងរយៈពេលមួយម៉ោងនៃការសន្ទនាទេ ប៉ុន្តែស្ថិតនៅក្នុងចំណេះដឹង និងការរៀបចំដែលនៅពីក្រោយការសន្ទនានោះ។
សម្រាប់ អ្នកឯកទេសសុខភាពផ្លូវចិត្តនៅប្រទេសកាណាដា ការអនុវត្តជំនាញវិជ្ជាជីវៈតម្រូវឱ្យមានការសិក្សាកម្រិតថ្នាក់បណ្ឌិត រួមទាំងការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេសពីអ្នកជំនាញឯកទេស (Supervised Clinical Experience) រាប់ពាន់ម៉ោង មុនពេលអាចផ្តល់សេវាដល់អតិថិជន ឬអ្នកមានបញ្ហាបាន។ អ្នកជំនាញជាច្រើននៅតែបន្តសិក្សាជំនាញឯកទេសផ្សេងៗ ដើម្បីផ្តល់ការថែទាំដែលកាន់តែមានគុណភាព និងស្របតាមភស្តុតាងវិទ្យាសាស្ត្រ។
អ្នកជំនាញជាច្រើននៅតែបន្តអភិវឌ្ឍខ្លួនតាមរយៈជំនាញឯកទេសដូចជា ចិត្តវិទ្យាកុមារ/ការលូតលាស់ (Child/developmental psychology) ចិត្តវិទ្យាប្រព័ន្ធប្រសាទ (Neuropsychology) ចិត្តវិទ្យាសុខភាព (Health psychology) ចិត្តវិទ្យាស្តារនីតិសម្បទា (Rehabilitation psychology) និងចិត្តសាស្រ្តផ្នែកច្បាប់ (Forensic psychology)។ ការរៀនសូត្រឥតឈប់ឈរនេះ មិនមែនដើម្បីប្រមូលសញ្ញាបត្របន្ថែមនោះទេ ប៉ុន្តែដើម្បីធ្វើការសម្រេចចិត្តប្រកបដោយវិជ្ជាជីវៈ និងផ្តល់សេវាដែលមានប្រសិទ្ធភាព សុវត្ថិភាព និងផ្តោតលើតម្រូវការរបស់អតិថិជន។ ការពង្រឹងជំនាញវិជ្ជាជីវៈ មិនមែនគ្រាន់តែការពារអ្នកជំនាញនោះទេ ប៉ុន្តែជាការការពារសិទ្ធិ និងសុវត្ថិភាពរបស់អ្នកទទួលសេវាផងដែរ។
“ចំណេះដឹងដែលមើលមិនឃើញ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកជំនាញ។”ចុះសម្រាប់ប្រទេសកម្ពុជាយើងវិញ?
សំណួរនេះ មិនមានចម្លើយសាមញ្ញតែមួយទេ ព្រោះថាបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍ។ អ្នកដែលបម្រើការងារក្នុងវិស័យនេះ ក៏មិនមានតែអ្នកសង្គមកិច្ចប៉ុណ្ណោះដែរ ប៉ុន្តែរួមមាន អ្នកចិត្តសាស្ត្រ (Psychologists) និង គ្រូពេទ្យឯកទេសវិកលវិទ្យា (Psychiatrists) ផងដែរ។ ដូចនេះហើយប្រព័ន្ធគ្រប់គ្រងវិជ្ជាជីវៈសម្រាប់វិស័យសង្គមកិច្ច និងសុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយ។
ទោះបីប្រព័ន្ធអាជ្ញាបណ្ណសម្រាប់ជំនាញវិជ្ជាជីវៈទាំងអស់ មិនទាន់មានភាពពេញលេញហើយក៏ដោយ ក៏អ្នកជំនាញនៅតែត្រូវមាន ការអប់រំផ្លូវការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុវត្តការងារតាមក្រមសីលធម៌ ដើម្បីធានាគុណភាព និងសុវត្ថិភាពរបស់អតិថិជនដដែល។ ការជ្រើសរើសអ្នកជំនាញ ដែលមានសមត្ថភាព គឺជាជំហានដ៏សំខាន់មួយក្នុងការទទួលបានការថែទាំប្រកបដោយគុណភាព។
ផ្នែកទី២៖ នៅពីក្រោយរាល់ម៉ោងនៃការជួប
អ្នកជំនាញសុខភាពផ្លូវចិត្ត មិនធ្វើការដោយផ្អែកលើអារម្មណ៍ ឬបទពិសោធន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ នៅពីក្រោយរាល់ម៉ោងនៃការជួបជាមួយអ្នកឯកទេសសុខភាពផ្លូវចិត្ត គឺរួមមាន៖
រាល់ការវាយតម្លៃ ការណែនាំ និងការព្យាបាល គឺផ្អែកលើ ភស្តុតាងវិទ្យាសាស្ត្រ (Evidence-Based Practice) មិនមែនការស្មាន ឬមតិផ្ទាល់ខ្លួននោះទេ។ ក្នុងវិស័យចិត្តសាស្រ្ត និងសុខភាពផ្លូវចិត្ត តែងតែមានការស្រាវជ្រាវថ្មីៗជាប់ជានិច្ច ដូច្នេះហើយជាអ្នកជំនាញម្នាក់ក៏ត្រូវបន្តរៀន និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជានិច្ច ដើម្បីធានាថា អតិថិជនទទួលបានការថែទាំដែលមានគុណភាព និងសុវត្ថិភាពបំផុត។ នៅពីក្រោយការសន្ទនាមួយម៉ោងជាមួយអតិថិជន មានការសិក្សា ការស្រាវជ្រាវ និងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់។ វិទ្យាសាស្ត្រ គឺជាមូលដ្ឋាននៃការជឿទុកចិត្ត។ ហើយការរៀនសូត្រឥតឈប់ឈរ គឺជាមូលដ្ឋាននៃអ្នកមានជំនាញមានវិជ្ជាជីវៈម្នាក់។
នៅពេល មនុស្សម្នាក់មកទទួលជួបអ្នកឯកទេសសុខភាពផ្លូវចិត្ត អ្វីដែលអ្នកឯកទេសធ្វើ មិនមែនគ្រាន់តែសួរពីបញ្ហា ហើយផ្តល់ដំណោះស្រាយភ្លាមៗនោះទេ។ ពួកគេត្រូវស្វែងយល់ពី "មនុស្សម្នាក់ទាំងមូល" រួមមាន៖ អារម្មណ៍ និងគំនិត, គ្រួសារ និងទំនាក់ទំនង, បរិបទរស់នៅ និងបរិយាកាស, ការងារ ឬការសិក្សា, ចំណុចខ្លាំង ធនធាន និងកត្តាការពារ ក៏ដូចជាប្រវត្តិជីវិត និងបទពិសោធន៍ដែលបានឆ្លងកាត់។
លើសពីនេះ អ្នកឯកទេសប្រើប្រាស់ឧបករណ៍វាយតម្លៃដែលត្រូវបានទទួលស្គាល់ និងមានការស្រាវជ្រាវគាំទ្រពីប្រសិទ្ធភាព ដើម្បីធានាថាការសម្រេចចិត្តមានភាពត្រឹមត្រូវ និងសមស្របទៅនឹងតម្រូវការរបស់អតិថិជន។ ការធ្វើការវាយតម្លៃនេះ ប្រៀបដូចជាពេលគ្រូពេទ្យធ្វើការព្យាបាលមួយដែលត្រឹមត្រូវ គ្រូពេទ្យត្រូវការពិនិត្យឈាម ឬ Scan ផ្សេងៗ ដើម្បីរកមូលហេតុនៃជំងឺឱ្យបានច្បាស់ មុននឹងចាប់ផ្តើមព្យាបាលឱ្យចំមូលហេតុអញ្ចឹងដែរ។
- ➔ មនុស្សម្នាក់ មិនអាចត្រូវបានកំណត់ត្រឹមតែរោគសញ្ញាមួយនោះទេ
- ➔ បើសិនជាមើលឃើញតែរោគសញ្ញា អាចនាំឱ្យខកខានការយល់ពីមនុស្សហើយ ការមើលឃើញមនុស្សទាំងមូល គឺជាមូលដ្ឋាននៃការថែទាំដែលមានគុណភាព
ចំណេះដឹង និងបច្ចេកទេស គឺជាផ្នែកសំខាន់នៃការអនុវត្តវិជ្ជាជីវៈ ប៉ុន្តែបើគ្មាន ក្រមសីលធម៌ជំនាញវិជ្ជាជីវៈ (Professional Ethics) ការអនុវត្តនោះមិនអាចបង្កើតទំនុកចិត្ត និងសុវត្ថិភាពសម្រាប់អតិថិជនបានដែរ។ ការគោរពក្រមសីលធម៌ មិនមែនជាការអនុវត្តតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាក្របខណ្ឌដែលជួយការពារទាំងអតិថិជន និងអ្នកជំនាញ ព្រមទាំងលើកកម្ពស់គុណភាព និងភាពជឿជាក់នៃសេវាកម្មវិជ្ជាជីវៈ។ ក្រមសីលធម៌ជំនាញវិជ្ជាជីវៈ ក៏ថែមទាំងការពារអតិថិជនពីការរើសអើង ការកេងប្រវ័ញ្ច និងការប្រើប្រាស់វិជ្ជាជីវៈមិនសមស្របផងដែរ។ ការងាររបស់អ្នកឯកទេស ត្រូវផ្អែកលើ៖ ភាពស្មោះត្រង់, គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស, ការរក្សាការសម្ងាត់, ទំនួលខុសត្រូវក្នុងវិជ្ជាជីវៈ, និងគោលការណ៍សំខាន់មួយគឺ «មិនបង្កគ្រោះថ្នាក់» (Do No Harm)។
“នៅក្នុងវិជ្ជាជីវៈជួយមនុស្ស ក្រមសីលធម៌មិនមែនជាជម្រើសទេ ប៉ុន្តែជាមូលដ្ឋាននៃការអនុវត្តប្រកបដោយការទទួលខុសត្រូវ។”មនុស្សម្នាក់ៗ មានប្រវត្តិជីវិត បុគ្គលិកលក្ខណៈ បញ្ហា និងគោលដៅខុសៗគ្នា។ ដូច្នេះ ការព្យាបាលផ្លូវចិត្តក៏មិនអាចប្រើរូបមន្តតែមួយសម្រាប់មនុស្សគ្រប់រូបបានដែរ។ អ្នកឯកទេសសុខភាពផ្លូវចិត្ត ជ្រើសរើសវិធីព្យាបាលដោយផ្អែកលើ ភស្តុតាងវិទ្យាសាស្ត្រ (Evidence) និងសម្របឱ្យស្របទៅនឹងតម្រូវការ ស្ថានភាព និងគោលដៅរបស់អតិថិជនម្នាក់ៗ។ បច្ចុប្បន្ន មានវិធីព្យាបាលផ្លូវចិត្តដែលមានភស្តុតាងគាំទ្រជាច្រើនប្រភេទ ហើយវិធីនីមួយៗមានគោលបំណង និងលក្ខណៈសមស្របខុសៗគ្នា។ ដូច្នេះ អ្នកឯកទេសត្រូវបន្តរៀន និងទទួលការបណ្តុះបណ្តាល ដើម្បីជ្រើសរើសអន្តរាគមន៍ដែលសាកសមបំផុតសម្រាប់អតិថិជនម្នាក់ៗ។
“ការព្យាបាលល្អ មិនមែនជាការប្រើវិធីដែលពេញនិយមបំផុតទេ ប៉ុន្តែជាការជ្រើសរើសវិធីដែលសមស្របបំផុតសម្រាប់មនុស្សម្នាក់នោះ។”ការជួយអតិថិជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត មិនមែនជាការងាររបស់អ្នកជំនាញម្នាក់ឯងនោះទេ មានករណីជាច្រើន ដែលមានភាពស្មុគស្មាញ និងពាក់ព័ន្ធនឹងកត្តាជីវសាស្ត្រ ផ្លូវចិត្ត គ្រួសារ និងសង្គម ដែលទាមទារការសហការពីអ្នកមានជំនាញវិជ្ជាជីវៈជាច្រើនផ្សេងគ្នា។ អ្នកឯកទេសសុខភាពផ្លូវចិត្ត អាចធ្វើការសហការជាមួយគ្រួសារ វេជ្ជបណ្ឌិត អ្នកសង្គមកិច្ច គ្រូបង្រៀន ឬអ្នកជំនាញផ្សេងៗ ដើម្បីបង្កើតផែនការជួយដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន។
“ការសហការមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាសញ្ញានៃជំនាញវិជ្ជាជីវៈ និងទំនួលខុសត្រូវចំពោះអតិថិជន ដែលខ្លួនធ្វើការងារជាមួយ។”មនុស្សជាច្រើនគិតថា បន្ទាប់ពីទទួលបានសញ្ញាបត្រហើយ អ្នកជំនាញអាចចាប់ផ្តើមធ្វើការបានភ្លាមៗ ប៉ុន្តសម្រាប់អ្នកឯកទេសសុខភាពផ្លូវចិត្ត ការរៀនមិនឈប់ត្រឹមថ្នាក់រៀននោះទេ។ នៅពីក្រោយការជួបអតិថិជនណាម្នាក់ អ្នកជំនាញត្រូវទទួលការហ្វឹកហ្វឺនជាបន្តបន្ទាប់ ការទទួលការគាំទ្រពីអ្នកជំនាញជាន់ខ្ពស់ (Clinical Supervision) ការចូលរួមវគ្គបណ្តុះបណ្តាល និងការធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប់ជានិច្ច។
ការរៀនសូត្រពេញមួយជីវិត មិនមែនដើម្បីទទួលបានវិញ្ញាបនបត្របន្ថែមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីធានាថា អតិថិជនទទួលបានសេវាដែលមានគុណភាព សុវត្ថិភាព និងស្របតាមភស្តុតាងវិទ្យាសាស្ត្រថ្មីៗ។ នៅពេលជួបករណីស្មុគស្មាញ អ្នកឯកទេសក៏ត្រូវស្វែងរក ការគាំទ្របច្ចេកទេស (Clinical Consultation/ Supervision) ពីអ្នកជំនាញដទៃទៀត។ ការពិភាក្សាជាមួយអ្នកជំនាញដទៃៗទៀត គឺដើម្បីពិភាក្សា និងស្វែងរកវិធីជួយដែលសមស្របបំផុតសម្រាប់អតិថិជន។ ព្រោះថាជួបនេះ នឹងជួយបង្កើនគុណភាពនៃការសម្រេចចិត្ត កាត់បន្ថយហានិភ័យ និងធានាថាអតិថិជនទទួលបានការថែទាំដែលមានប្រសិទ្ធភាព និងសុវត្ថិភាព។
“វិជ្ជាជីវៈមិនត្រូវបានវាស់ត្រឹមសញ្ញាបត្រទេ ប៉ុន្តែត្រូវបានឆ្លុះបញ្ចាំងតាមរយៈការប្តេជ្ញាចិត្តក្នុងការរៀន អភិវឌ្ឍ និងកែលម្អខ្លួនឯងជាបន្តបន្ទាប់។”ជាសរុបមក តម្លៃដែលអ្នកត្រូវបង់សម្រាប់ជួបជាមួយនឹងអ្នកឯកទេសសុខភាពផ្លូវចិត្តពិតប្រាកដ ខ្ញុំមិនអាចកំណត់ថាពិតជាថ្លៃមែន ឬក៏អត់នោះទេ ប៉ុន្តែសូមអ្នកជួបជាមួយនឹងអ្នកដែលមានជំនាញឯកទេសពិតប្រាកដ។ ការរៀបរាប់ខាងលើបានបង្ហាញពី «ឃ្លាំងចំណេះដឹង» មួយ ដែលប្រហែលជា អ្នកមើលមិនឃើញនឹងភ្នែកមែន ពីអ្នកឯកទេសសុខភាពផ្លូវចិត្ត ប៉ុន្តែនេះជាតម្លៃដែលអ្នកជំនាញពិតប្រាកដត្រូវចំណាយក្នុងការគាំទ្រដល់អតិថិជនរបស់ខ្លួន។
អ្នកជំនាញឯកទេស ប្រហែលជាមិនពូកែនិយាយផ្សព្វផ្សាយពីខ្លួនឯងឱ្យគេជឿនោះទេ តែរាល់ការធ្វើការងារជាមួយអតិថិជនរបស់ខ្លួន ពួកគាត់សុទ្ធធ្វើឡើងដោយឆ្លងកាត់ការស្រាវជ្រាវ ដោយផ្អែកលើភស្តុតាងច្បាស់លាស់។
សូមស្វែងយល់បន្ថែមអំពីចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវចិត្ត តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment