Skip to main content

Followers

វិធីសាស្ត្រ SQ3R៖

វិធីសាស្ត្រ SQ3R៖ ៥ ជំហានអានសៀវភៅមេរៀនឱ្យមានប្រសិទ្ធភាព

វិធីសាស្ត្រ SQ3R៖ ៥ ជំហានអានសៀវភៅមេរៀនឱ្យមានប្រសិទ្ធភាព

ពេលអានសៀវភៅមេរៀន ជាពេលវេលាមួយដែលគួរឱ្យធុញទ្រាន់ មិនដឹងថាអ្នកមានអារម្មណ៍ដូចគ្នានេះដែរឬទេ? ចុះបើសិនជាខ្ញុំប្រាប់អ្នកថា មានរបៀបមួយដែលជួយឱ្យអ្នកអាចអានសៀវភៅមេរៀនមានប្រសិទ្ធភាពវិញ តើអ្នកនឹងចាប់អារម្មណ៍ដែរទេ?

មនុស្សជាច្រើនយល់ថា រៀនច្រើនទាល់តែ "អានកាន់តែច្រើន" ប៉ុន្តែការរៀនដែលមានប្រសិទ្ធភាពពិតប្រាកដ គឺការអាចយល់ ចងចាំ និងយកចំណេះដឹងទាំងអស់នោះទៅប្រើប្រាស់បាន។

ផ្នែកទី១៖ SQ3R ជាអ្វី?

តើ SQ3R ជាអ្វីដែរ? ពាក្យនេះមកពីពាក្យថា Survey (មើលត្រួសៗ), Question (សួរសំណួរ), Read (អាន), Retrieve (រំលឹកឡើងវិញ) និង Review (ពិនិត្យឡើងវិញ)។ សម្រាប់សិស្ស និស្សិត អ្នកជំនាញ និងអ្នកដែលរៀនពេញមួយជីវិត (Lifelong Learners) SQ3R គឺជាឧបករណ៍ដ៏សាមញ្ញមួយ ដែលអាចជួយបង្កើនគុណភាពនៃការសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។

មនុស្សជាច្រើន ចំណាយពេលរាប់ម៉ោងអង្គុយអានសៀវភៅ ប៉ុន្តែនៅពេលទៅប្រឡង ឬពេលត្រូវប្រើប្រាស់ចំណេះដឹងវិញ បែរជានឹកមិនឃើញ។ បញ្ហាអាចមិនមែនមកពីការចងចាំរបស់អ្នក "មិនល្អ" នោះទេ តែអាចមកពី "របៀបអាន" របស់អ្នកទៅវិញ។ អ្វីដែលធ្វើឱ្យ SQ3R មានប្រសិទ្ធភាព គឺវាបានបម្លែងអ្នកពីការសិក្សាទទួលព័ត៌មានដោយអកម្ម (Passive Learner) ទៅជាអ្នករៀនដែលមានការចូលរួមយ៉ាងសកម្ម (Active Learner)។ អ្នកអាចសាកល្បងប្ដូរពី "អានដើម្បីចប់" ឱ្យមកជាការ "អានដើម្បីយល់ និងចងចាំ" វិញ។

ផ្នែកទី២៖ យល់ដឹងពី SQ3R ទាំង ៥ ជំហាន

1 Survey (មើលត្រួសៗ)

មនុស្សជាច្រើនបើកសៀវភៅភ្លាម ក៏ចាប់ផ្តើមអានភ្លាម ប៉ុន្តែបើសិនជាចង់រៀនបានលឿន និងចងចាំបានយូរ ការមើលត្រួសៗ (Survey) អំពីអ្វីដែលមានក្នុងអត្ថបទកំពុងអានជាមុនសិន។ ជំហានទី១ នៃវិធីសាស្ត្រ SQ3R ជួយឱ្យខួរក្បាលត្រៀមខ្លួនមុន ដើម្បីទទួលបានព័ត៌មានថ្មីៗ។ គោលបំណងគឺជួយឱ្យអ្នកសិក្សាទទួលបានទិដ្ឋភាពទូទៅ (Big Picture) មុនពេលចូលទៅក្នុងព័ត៌មានលម្អិត។

ដូចនេះហើយមុនពេលអាន សាកល្បងចំណាយពេល ២-៣ នាទី មើលចំណងជើងធំ និងចំណងជើងរងជាមុន, សង្កេតមើលគោលបំណងនៃមេរៀន, មើលរចនាសម្ព័ន្ធ ឬគ្រោងមេរៀន, កត់សម្គាល់ពាក្យគន្លឹះសំខាន់ៗ។

  • ផ្តោតអារម្មណ៍បានល្អជាងមុន
  • យល់ទំនាក់ទំនងរវាងគំនិតផ្សេងៗគ្នា
  • ចងចាំព័ត៌មានបានកាន់តែប្រសើរ
  • កាត់បន្ថយអារម្មណ៍ច្របូកច្របល់នៅពេលអាន
💡 សូមចាំថា៖ ការអានដែលមានប្រសិទ្ធភាព មិនមែនចាប់ផ្តើមដោយការអានភ្លាមៗទេ ប៉ុន្តែចាប់ផ្តើមដោយការមើលឃើញទិដ្ឋភាពទាំងមូលជាមុនសិន។

2 Question (សួរសំណួរ)

ការរៀនមិនចាប់ផ្តើមពីចម្លើយទេ តែវាចាប់ផ្តើមពីសំណួរល្អមួយ។ ពេលអ្នកសួរសំណួរ ខួរក្បាលនឹងភ្ញាក់រឭក និងផ្តោតអារម្មណ៍កាន់តែខ្លាំង ទៅលើអ្វីដែលអ្នកកំពុងអាន ហើយអ្នកនឹងស្វែងរកចម្លើយដោយស្វ័យប្រវត្តិ។ អ្វីដែលពិសេសអ្នកនឹងភ្ជាប់ចំណេះដឹងថ្មីជាមួយបទពិសោធន៍ចាស់ ដែលជួយឱ្យចងចាំរបស់អ្នកបានកាន់តែយូរ។

ឧទាហរណ៍៖ ពេលអ្នកឃើញចំណងជើង "SQ3R" អ្នកអាចមានចំងល់ថា “SQ3R មានន័យដូចម្តេច?”, “តើគេប្រើវាយ៉ាងដូចម្តេចដែរ?” ឬ “តើវាអាចជួយខ្ញុំរៀនបានល្អជាងមុនយ៉ាងដូចម្តេច?”។ ការសួរសំណួរជាប្រចាំ ជួយបម្លែងការរៀនពីការទទួលព័ត៌មានទៅជា Active Learning។

3 Read (អាន)

អ្នកដែលអានដោយឆ្លាតវៃ គឺមិនមែន "អានដោយភ្នែក" នោះទេ តែគួរតែ "អានដោយប្រើខួរក្បាល" ទៅវិញ។ ក្នុងជំហានទី៣ នេះ អ្នកមិនគួរអានដើម្បីឱ្យបានបញ្ចប់ទំព័រទេ តែគួរអានដើម្បីស្វែងរកចម្លើយនូវសំណួរ ដែលអ្នកឆ្ងល់វិញ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ព័ត៌មានសំខាន់ៗជាច្រើនអាចត្រូវបានបង្ហាញតាមរយៈរូបភាព ក្រាហ្វ ឬតារាង។ សេចក្តីពន្យល់នៅក្រោមរូបភាពទាំងនោះ នឹងជួយពន្យល់បន្ថែមទៅលើអ្វីដែលមានក្នុងរូបភាព ហើយពេលអ្នកអានរូបភាព និងអត្ថបទជាមួយគ្នា ខួរក្បាលនឹងបង្កើតការយល់ដឹងកាន់តែស៊ីជម្រៅ។

💡 សូមចាំថា៖ សូមកុំអានដើម្បី ឱ្យតែ "ចប់មេរៀន" តែសូមអានដើម្បី "យល់មេរៀន" វិញ។

4 Retrieve (រំលឹកឡើងវិញ)

ក្នុងចំណោមជំហានទាំង ៥ នេះ Retrieve ត្រូវបានចាត់ទុកថាជាវិធីដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជួយឱ្យអ្នកទទួលបានការចងចាំក្នុងរយៈពេលវែង​។ បញ្ហានៃការភ្លេច អាចមកពីអ្នកមិនទាន់អនុវត្តវិធីសាស្រ្តនេះបន្ទាប់ពីអានរួច។

ដើម្បីរំលឹកឡើងវិញឱ្យមានប្រសិទ្ធភាព អ្នកអាចសាកល្បងបិទសៀវភៅ ឬឯកសារ ហើយព្យាយាមរំលឹកចម្លើយដោយខ្លួនឯង ដោយប្រើពាក្យផ្ទាល់ខ្លួន។ ការអានដោយមើលសៀវភៅជាប់ជានិច្ច អាចបង្កើត "ភាពជឿជាក់ក្លែងក្លាយ" (Illusion of Learning) ដោយអ្នកអាចគិតថា "ខ្ញុំចេះហើយ"។ ប៉ុន្តែពេលចូលការប្រឡងពិតប្រាកដ ការប្រឡងមិនបានសាកល្បងថា អ្នកបានអានប៉ុន្មានទំព័រទេ តែសាកល្បងថា អ្នកអាចនឹកឃើញអ្វីខ្លះ។

5 Review (អានឡើងវិញ)

មនុស្សជាច្រើនធ្វើកំហុសមួយ គឺបន្ទាប់ពីអានចប់ បិទសៀវភៅ ហើយទៅធ្វើរឿងផ្សេងទៀតភ្លាម ដែលធ្វើឱ្យព័ត៌មានបាត់បង់មួយផ្នែកធំក្នុងរយៈពេលខ្លី។ ជំហានចុងក្រោយគឺ Review ជាដំណាក់កាលសម្រាប់ពង្រឹងការយល់ដឹង។ បន្ទាប់ពីអាន និងរំលឹកចម្លើយរួច សូមចំណាយពេលត្រឹម ២-៣ នាទី ដើម្បី៖

  • អានសំណួរ និងចម្លើយដែលបានសរសេរ
  • មើលឡើងវិញនូវគំនិតសំខាន់ៗ
  • សង្ខេបមេរៀនដោយពាក្យផ្ទាល់ខ្លួន
  • ពិនិត្យថាតើមានចំណុចណាដែលនៅមិនទាន់យល់

ផ្នែកទី៣៖ សរុបសេចក្តី

ការប្រើប្រាស់វិធីសាស្ត្រ SQ3R ដំបូង អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា វាហាក់ដូចជាខាតពេល និងចំណាយកម្លាំងច្រើន ប៉ុន្តែនៅពេលដែលអនុវត្តច្រើនលើកច្រើនសារ វានឹងក្លាយទៅជាទម្លាប់ដ៏ងាយស្រួល។ ខ្ញុំក៏ដឹងដែរថា មនុស្សម្នាក់ៗមានរបៀបរៀនរបស់ខ្លួនផ្ទាល់ ហើយសម្រាប់ SQ3R គ្រាន់តែជារបៀបមួយក្នុងចំណោមរបៀបជាច្រើនប៉ុណ្ណោះ។

✨ សូមអ្នកសាកល្បងស្វែងរក និងកែច្នៃរបៀបរៀនណាមួយដែលសាកសមសម្រាប់ខ្លួនឯងផ្ទាល់។

🎥 ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីវិធីសាស្ត្រសិក្សា និងពង្រឹងការចងចាំ តាមរយៈបណ្តុំវីដេអូខាងក្រោម៖

📚 ឯកសារយោង

Myers, D. G., & DeWall, C. N. (2018). Psychology (12th ed.). Worth Publishers.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...