Skip to main content

Followers

រៀនដោយឆ្លាតវៃ (Smart Study) មិនមែនចេះតែរៀននោះទេ

របៀបរៀនឱ្យទទួលបានលទ្ធផលល្អ៖ គន្លឹះគ្រប់គ្រងពេលវេលា

របៀបរៀនឱ្យទទួលបានលទ្ធផលល្អ៖ គន្លឹះគ្រប់គ្រងពេលវេលាពីអ្នកចិត្តសាស្ត្រ

ដើម្បីអាចរៀនទទួលបានលទ្ធផលល្អ ការរៀបចំពេលវេលាសម្រាប់រៀនមានសារៈសំខាន់ណាស់។ តើអ្នករៀបចំពេលវេលារៀនរបស់ខ្លួនយ៉ាងដូចម្តេចដែរ? ដើម្បីអាចរៀនទទួលបានជោគជ័យ មិនមែនជារឿងចៃដន្យនោះទេ សិស្សម្នាក់ត្រូវមានរបៀបរបបច្បាស់លាស់ក្នុងការសិក្សារបស់ខ្លួន។ ការសិក្សាឱ្យទទួលបានជោគជ័យ វាជាលទ្ធផលនៃ "ការគ្រប់គ្រងពេលវេលា" និង "ទម្លាប់នៃការរៀន" ដ៏ត្រឹមត្រូវ។

ផ្នែកទី១៖ របៀបប្រើប្រាស់ពេលវេលា

ដើម្បីអាចរៀបចំវេលារៀនរបស់ខ្លួនបាន សាកល្បងសួរខ្លួនឯងនូវសំណួរមួយជាមុនសិនថា “តើបច្ចុប្បន្ន អ្នកកំពុងប្រើប្រាស់ពេលវេលារបស់ខ្លួនឯងរបៀបណាដែរ?”

មនុស្សទាំងអស់ មិនថាខ្ញុំ មិនថាអ្នកនោះទេ យើងគ្រប់គ្នាមានពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ដូចៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងម្នាក់ៗតែងតែប្រើប្រាស់ពេលវេលាទាំងអស់នោះ ទៅតាមកាតព្វកិច្ច និងចំណាប់អារម្មណ៍រៀងៗខ្លួន។ មនុស្សខ្លះ ប្រើប្រាស់ពេលវេលាចំគោលដៅល្អ ប៉ុន្តែមានអ្នកខ្លះទៀត មិនទាន់បានប្រើប្រាស់ពេលវេលារបស់ខ្លួន ដោយឆ្លាតវៃនៅឡើយនោះទេ។ ដូចនេះហើយ ទើបការឆ្លុះបញ្ចាំងពី ការប្រើប្រាស់ពេលវេលាប្រចាំថ្ងៃរបស់អ្នក ពិតជាមាន សារៈ​សំខាន់ខ្លាំងណាស់។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នកអាចមើលឃើញពីចន្លោះប្រហោង ដែលអ្នកខ្វះខាត ក៏ដូចជារបៀបនៃការចំណាយពេលវេលា ដែលមិនទាន់ឆ្លាតវៃនៅឡើយ។

ផ្នែកទី២៖ ឆ្លុះបញ្ចាំងនៃការប្រើប្រាស់ពេលវេលារបស់អ្នក

សាកល្បងឆ្លើយសំណួរខាងក្រោមនេះ ដើម្បីអាចជួយអ្នកឱ្យមើលឃើញពីចំណុចចន្លោះប្រហោង ក៏ដូចជាជួយអ្នកស្វែងរកពេលវេលាបន្ថែមសម្រាប់ធ្វើអ្វីមួយ ដែលសំខាន់បំផុត។ សំណួរខាងក្រោមនេះ ជាការសង្កេតទៅលើទម្លាប់នៃការរៀនរបស់អ្នកទាំងអស់គ្នា ដោយអ្នកគ្រាន់តែឆ្លើយថា "បាទ/ចាស""ទេ" នូវចំលើយនីមួយៗប៉ុណ្ណោះ។

សំណួរទី១៖ តើអ្នកតែងតែរៀបចំកាលវិភាគ ដើម្បីបែងចែកពេលវេលាសម្រាប់ រៀន ធ្វើការងារ មានការកម្សាន្ត និងធ្វើសកម្មភាពផ្សេងៗទៀតដែរឬទេ?
សំណួរទី២៖ តើអ្នកចូលចិត្តពន្យាពេលវេលាក្នុងការរៀន រហូតទាល់តែដល់ពេល បានអ្នកចាប់ផ្តើមប្រញាប់ខ្លាំងខិតខំរៀនទាំងបង្ខំ (ឬរៀនបុកក្នុងពេលតែមួយ) មែនទេ?
សំណួរទី៣៖ តើអ្នកមានអារម្មណ៍ថា មិត្តភក្តិដទៃទៀតហាក់ដូចជារៀនតិចជាងអ្នក ប៉ុន្តែពួកគេបែរជាទទួលបាននិទ្ទេសល្អជាងអ្នកមែនទេ?
សំណួរទី៤៖ តើអ្នកតែងតែចំណាយពេលច្រើនម៉ោងជាប់ៗគ្នារៀនតែមុខវិជ្ជាមួយ ដោយមិនមានបែងចែក​ពេលវេលាទៅលើមុខវិជ្ជាផ្សេងទៀតមែនទេ?
សំណួរទី៥៖ តើអ្នកជួបការលំបាកក្នុងការចងចាំ នូវអ្វីដែលអ្នកទើបតែបានអាននៅក្នុងសៀវភៅមែនទេ?
សំណួរទី៦៖ មុនពេលចាប់ផ្តើមអានមេរៀនណាមួយ តើអ្នកបានពិនិត្យមើលត្រួសៗ លើខ្លឹមសារ និងអានចំណងជើងរង (ចំណងជើងតូចៗ) ជាមុនដែរឬទេ?
សំណួរទី៧៖ តើអ្នកធ្លាប់ព្យាយាម ប៉ាន់ស្មានសំណួរប្រឡង ចេញពីកំណត់ត្រានៅក្នុងថ្នាក់ និងមេរៀនដែលបានអានដែរឬទេ?
សំណួរទី៨៖ បន្ទាប់ពីអានមេរៀនចប់ តើអ្នកតែងតែព្យាយាមសង្ខេបខ្លឹមសារទាំងនោះ ដោយប្រើពាក្យសម្តីផ្ទាល់ខ្លួនរបស់អ្នកដែរឬទេ?
សំណួរទី៩៖ តើអ្នកមានអារម្មណ៍ថា ពិបាកក្នុងការផ្ដោតអារម្មណ៍ (ប្រមូលអារម្មណ៍ឱ្យមូល) ឱ្យបានយូរ នៅពេលដែលអ្នករៀនមែនទេ?
សំណួរទី១០៖ តើអ្នកមានអារម្មណ៍ថាខ្លួនឯងរៀនមិនចំ ចំណុចគោលដៅនៃមេរៀនដែលត្រូវប្រឡងញឹកញាប់មែនដែរឬទេ?

តោះមកមើលការបកស្រាយនៃលទ្ធផល!

សំណួរទាំងអស់នេះ ត្រូវបានសិស្សរាប់ពាន់នាក់បានចូលរួមឆ្លើយ ហើយគេបានរកឃើញថា សិស្សដែលបានប្រើប្រាស់សមត្ថភាពក្នុងការសិក្សារបស់ពួកគេបានពេញលេញ និងមានប្រសិទ្ធភាព ភាគច្រើនតែងតែឆ្លើយនូវចំលើយដូចជា៖ សំណួរទី១ “មាន” ហើយសំណួរទី២ ដល់សំណួរទី៥ “មិនមាន”។ សំណួរទី៦ ដល់ទី៨ “មាន” និងចុងក្រោយ​ សំណួរទី៩ ដល់ទី១០ “មិនមាន”។ បើទោះបីជាឆ្លើយចំលើយមិនដូចនឹងចំលើយចង់បានក៏ដោយ ក៏វាជាចំណុចមួយចំនួនដែល អ្នកអាចចាប់ផ្តើមពង្រឹងបន្ថែម ដើម្បីជាជំនួយក្នុងការគ្រប់គ្រងពេលវេលា និងទម្លាប់នៃការរៀនសូត្ររបស់អ្នក ឱ្យបានកាន់តែប្រសើរ​ឡើង។

ផ្នែកទី៣៖ សារៈសំខាន់របស់សំណួរនីមួយៗ

នៅពេលពិនិត្យមើលលើ សំណួរទី១ ដែលនិយាយអំពីការរៀបចំកាលវិភាគសម្រាប់ខ្លួនអ្នកសិក្សាផ្ទាល់ខ្លួន ព្រោះ​ថា ការរៀបចំកាលវិភាគជួយឱ្យយើងដឹងថា ពេលវេលារបស់យើងត្រូវប្រើសម្រាប់អ្វីខ្លះ។ វាជួយកាត់បន្ថយការភាន់ច្រឡំ និងការខ្ជះខ្ជាយពេលវេលា ហើយធ្វើឱ្យមានតុល្យភាពរវាងការរៀន ការសម្រាក និងការកម្សាន្ត។

សម្រាប់ សំណួរទី២ លើកឡើងពីការពន្យារពេល រួចសម្រុករៀនច្រើនក្នុងពេលតែមួយ ការធ្វើនេះនឹងអាចធ្វើឱ្យយើងចងចាំបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ខួរក្បាលត្រូវការពេលវេលាដើម្បីរៀបចំ និងរក្សាទុកព័ត៌មានឱ្យបានល្អ។ ការសម្រុករៀននៅពេលជិតប្រឡង ធ្វើឱ្យខួរក្បាលទទួលរងសម្ពាធ (Stress) ខ្លាំង ដែលព័ត៌មានទាំងនោះនឹងស្ថិតនៅក្នុង "ការចងចាំរយៈពេលខ្លី" ប៉ុណ្ណោះ។ ឧទាហរណ៍៖ ដូចការញ៉ាំបាយអញ្ចឹង! បើយើងញ៉ាំមួយថ្ងៃបន្តិចៗ យើងនឹងមានសុខភាពល្អ ប៉ុន្តែបើទុកឱ្យដាច់បាយមួយសប្តាហ៍ រួចមកញ៉ាំបុកចូលគ្នាក្នុងពេលតែមួយ នោះក្រពះយើងច្បាស់ជាធ្លាយ។

សំណួរទី៣ ផ្តោតសំខាន់ទៅលើការរៀនច្រើន តែលទ្ធផលមិនសូវល្អដូចគេដែរ ដោយសំណួរមួយនេះ ជួយឱ្យយើងពិចារណាថា បញ្ហាអាចមិនមែនស្ថិតនៅលើចំនួនម៉ោងដែលរៀនទេ ប៉ុន្តែស្ថិតនៅលើរបៀបរៀនវិញ។ លទ្ធផលរៀនបានល្អ មិនមែនស្ថិតលើចំនួនម៉ោង ដែលអង្គុយធ្មឹងនោះទេ គឺស្ថិតនៅលើបច្ចេកទេសរៀន ដែលនិយាយបានថាជា "ការរៀនដោយឆ្លាតវៃ" (Smart Work) ជាជាង "ការរៀនច្រើនម៉ោង" (Hard Work)។

សំណួរទី៤ គឺផ្តោតទៅលើការដែលសិស្សម្នាក់គាត់ រៀនមុខវិជ្ជាដដែលៗច្រើនម៉ោងជាប់ៗគ្នា។ បើតាមគោលការណ៍ចិត្តសាស្រ្ត ការធ្វើរឿងមួយដដែលៗ ម្តងហើយម្តងទៀតជាប់គ្នាយូរ នឹងអាចធ្វើឱ្យខួរក្បាលមានភាពនឿយហត់ (Mental Fatigue)។ ជារឿងល្អ ការផ្ដោតលើរឿងដដែល មិនគួរលើសពី ២ម៉ោងនោះទេ ហើយដើម្បីអាចទទួលបានលទ្ធផលល្អក្នុងការរៀន អ្នកគួរធ្វើការផ្លាស់ប្តូរមុខវិជ្ជារៀន។

សំណួរទី៥ ចង់ដឹងថាបន្ទាប់ពីអានហើយ មានការភ្លេចកើតឡើងភ្លាមៗដែរទេ។ ប្រសិនបើអានហើយភ្លេចភ្លាមៗ វាអាចបង្ហាញថា វិធីសាស្ត្ររៀនមិនទាន់មានប្រសិទ្ធភាព ឬការផ្តោតអារម្មណ៍មិនទាន់ល្អ។

សំណួរទី៦ គឺផ្តោតទៅលើការមើលដោយត្រួសៗទុកជាមុន មុនពេលអានលម្អិត។ វាដូចជាការមើលផែនទីទុកជាមុន នៅមុនពេលចេញធ្វើដំណើរ។ ឧទាហរណ៍៖ ដូចជាមុននឹងយើងមើលរឿងក្នុងរោងកុន ជាធម្មតាយើងមើល Trailer នៃរឿងជាមុន ព្រោះថាវា highlight ចំណុចដែលសំខាន់ៗក្នុងរឿង។

សម្រាប់ សំណួរទី៧ លើកឡើងពីការប៉ាន់ស្មានសំណួរប្រឡងទុកជាមុន។ ការរៀនបណ្តើរ គិតបណ្តើរថាលោកគ្រូអាចនឹងចេញប្រឡងនៅត្រង់ណា នឹងជួយឱ្យយើងយល់ពីចំណុចស្នូលនៃមេរៀន។

នៅក្នុង សំណួរទី៨ ជាការសង្ខេបមេរៀនដោយប្រើពាក្យសម្តីរបស់ខ្លួនឯងផ្ទាល់ នេះបង្ហាញថាអ្នកមិនត្រឹមតែអានប៉ុណ្ណោះនោះទេ ប៉ុន្តែជាការយល់នូវអ្វីដែលបានរៀន។

ចំណុចសំខាន់ក្នុង សំណួរទី៩ គឺការពិបាកក្នុងការផ្ដោតអារម្មណ៍ឱ្យបានយូរ។ ការបើមានទូរស័ព្ទ ឬមានសំឡេងរំខានក្នុងពេលរៀន នឹងធ្វើឱ្យខួរក្បាលត្រូវបែងចែកថាមពល ធ្វើឱ្យធ្លាក់ចុះការចងចាំ ដូចនេះហើយអ្នកគួរតែកាត់បន្ថយនូវ "បរិយាកាសរំខាន" (Distractions) ជុំវិញ​។

ចំណុចចុងក្រោយគឺ សំណួរទី១០ ដែលការរៀនរបស់យើងត្រូវតែរៀនឱ្យចំគោលដៅនៃមេរៀន។ ពេលខ្លះសិស្សចំណាយពេលច្រើនលើព័ត៌មានលម្អិតតូចៗ ប៉ុន្តែខកខានចំណុចស្នូលដែលមេរៀនចង់ឱ្យយើងយល់។

ផ្នែកទី៤៖ ការរៀនសូត្របានពីសំណួរ

អ្នកបានធ្វើការឆ្លុះបញ្ចាំងពីទម្លាប់នៃការរៀនរួចមក ចំណុចសំខាន់បន្ទាប់ ដែលអ្នកត្រូវដឹង គឺថាតើក្នុងមួយថ្ងៃៗ អ្នកបានចំណាយពេលវេលាទៅលើ សកម្មភាពអ្វីខ្លះឱ្យពិតប្រាកដ? ដើម្បីអាចដឹងច្បាស់ពីចំណុចមួយនេះ អ្នកអាចសាកល្បងកត់ត្រាសកម្មភាពប្រចាំថ្ងៃរបស់អ្នកចូលក្នុង 'កំណត់ហេតុ' ឬអ្វីមួយក៏បាន រយៈពេលមួយសប្តាហ៍ពេញ។

នៅពេលដែលអ្នកកត់ត្រាសកម្មភាពទាំងនេះ សូមសាកល្បងសង្កេតមើលពីអារម្មណ៍ និងកម្រិតថាមពលរបស់អ្នកក្នុងពេលតែមួយផងដែរ។ តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង ល្វើយល្ហិតល្ហៃក្នុងការធ្វើការងារ? ហើយតើនៅពេលណាដែលអ្នកមានអារម្មណ៍ថាមានកម្លាំងរឹងមាំ និងស្វាហាប់បំផុត? សូមរៀបចំដាក់កិច្ចការសំខាន់បំផុត សម្រាប់អ្នក ពេលដែលមានអារម្មណ៍ថា ថាមពលរបស់អ្នកកើតមានខ្លាំងបំផុត

ផ្នែកទី៥៖ សរុបសេចក្តី

ជាសរុបមក សំណួរទាំង ១០ នេះ មិនមែនសម្រាប់វាស់ថា "អ្នកឆ្លាត ឬមិនឆ្លាត" នោះទេ។ ផ្ទុយទៅវិញ វាជួយឱ្យអ្នកឆ្លុះបញ្ចាំងអំពី ទម្លាប់នៃការរៀន (Study Habits) និង ការគ្រប់គ្រងពេលវេលា (Time Management) របស់អ្នក។ ការរៀន ឬរៀនដោយឆ្លាតវៃ (Smart Study) គឺត្រូវរៀបចំកាលវិភាគច្បាស់លាស់ (Schedule), កុំប្រឹងបុករៀននៅពេលជិតប្រឡង, ផ្លាស់ប្តូរមុខវិជ្ជារៀន យ៉ាងហោចណាស់ ២ ម៉ោងម្តង ដើម្បីកាត់បន្ថយភាពនឿយហត់ខួរក្បាល។

សូមចងចាំថា៖ ការរៀនបានល្អ មិនមែនអាស្រ័យលើការចំណាយពេលច្រើននោះទេ ប៉ុន្តែអាស្រ័យលើការរៀនដោយឆ្លាតវៃ និងមានប្រព័ន្ធជាក់លាក់។ ការកែលម្អទម្លាប់តូចៗជារៀងរាល់ថ្ងៃ អាចនាំឱ្យមានការផ្លាស់ប្តូរធំៗនៅក្នុងលទ្ធផលសិក្សារបស់អ្នកនាពេលអនាគត។

ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីគន្លឹះរៀនសូត្រ និងចិត្តសាស្ត្រអប់រំ តាមរយៈបណ្តុំវីដេអូខាងក្រោម៖

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...