ស្វែងយល់ពីយន្តកម្មការការពារខ្លួនទាំង ៧ ពីទ្រឹស្តីចិត្តវិភាគ
តើពេលណាដែលមនុស្សយើងប្រែក្លាយខ្លួនឯងជាសត្វកាំប្រម៉ា?
សត្វកាំប្រម៉ា មិនងាយឱ្យសត្រូវចូលមកជិតវាបានទេ នៅពេលវាមានអារម្មណ៍ថាត្រូវគំរាមកំហែង វានឹងលើកបន្លារបស់ខ្លួនឡើង ដើម្បីការពារខ្លួនពីគ្រោះថ្នាក់។ នេះហើយជាមូលហេតុដែលសត្រូវរបស់វាគិតជាមុន មុននឹងសម្រេចចិត្តវាយប្រហារវា។ ចុះបើខ្ញុំនិយាយថា មនុស្សយើងមានពេលខ្លះ ក៏ដូចជាសត្វកាំប្រម៉ាដែរ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?
ផ្នែកទី១៖ យន្តកម្មការពារ (Defense Mechanisms)
នៅពេលប្រឈមមុខនឹងការឈឺចាប់ផ្លូវចិត្ត ការខកចិត្ត ការបដិសេធ ឬការរិះគន់ ពេលខ្លះយើងក៏បង្កើត “បន្លាផ្លូវចិត្ត” ដើម្បីការពារខ្លួនឯង ដូចជាសត្វកាំប្រម៉ាដែរ។ ការប្រើប្រាស់បន្លារបស់មនុស្សដែលប្រើប្រាស់នេះ ត្រូវបានអ្នកចិត្តសាស្រ្តគេហៅថា ជា យន្តកម្មការពារខ្លួន (Defense Mechanism) ដើម្បីកាត់បន្ថយការឈឺចាប់ និងរក្សាសុវត្ថិភាពផ្លូវចិត្តរបស់ខ្លួនឯង។
ជារឿយៗ អាកប្បកិរិយាទាំងនេះមិនមែនកើតចេញពីភាពរឹងមាំនោះទេ ប៉ុន្តែអាចកើតចេញពីការព្យាយាមការពារខ្លួនពីការឈឺចាប់ដែលធ្លាប់ជួបប្រទះ។ សម្រាប់ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ ការយល់ដឹងពី “បន្លាផ្លូវចិត្ត” របស់ខ្លួន គឺជាជំហានសំខាន់មួយក្នុងការបង្កើតទំនាក់ទំនងដែលមានសុខភាពល្អ និងមានភាពជឿទុកចិត្ត។
ជាទូទៅ យន្តកម្មទាំងនេះកើតឡើងនៅពេលដែលយើងកំពុងប្រឈមមុខនឹង៖
- 😟 អារម្មណ៍ថប់បារម្ភ (Anxiety)
- 💔 អារម្មណ៍ដែលពិបាកទទួលយក
- ⚠️ ស្ថានភាពដែលមានអារម្មណ៍គំរាមកំហែង
- 🌪️ សន្ទុះចិត្ត ឬបំណងប្រាថ្នាដែលខ្លួនមិនចង់ទទួលស្គាល់
គំនិតមួយនេះ ត្រូវបានពិពណ៌នាដំបូងដោយលោក Sigmund Freud ដែលជាបិតាទ្រឹស្តីចិត្តវិភាគ។ គាត់បានពិពណ៌នាថា យន្តកម្មការពារខ្លួន គឺជាដំណើរការផ្លូវចិត្តដែលជួយមនុស្សគ្រប់គ្រងភាពតានតឹង ទំនាស់ខាងក្នុង និងអារម្មណ៍ដែលពិបាកទទួលយក។ យន្តកម្មនេះ មានតួនាទីការពារលំនឹងផ្លូវចិត្តរវាងសភាវគតិ (Id) និងមនសិការ (Superego)។
ទោះបីជាពាក្យនេះត្រូវបានភ្ជាប់ជាមួយអត្ថន័យអវិជ្ជមានជាញឹកញាប់ក៏ដោយ ការស្រាវជ្រាវបង្ហាញថា យន្តកម្មការពារខ្លួនខ្លះអាចជួយបុគ្គលឱ្យសម្របខ្លួនបានល្អហៅថា Mature Defense Mechanisms រួមមាន៖
- 🤝 Altruism (យន្តកម្មលះបង់ដើម្បីអ្នកដទៃ)
- 😄 Humor (យន្តកម្មកំប្លុកកំប្លែង)
- 🎨 Sublimation (យន្តកម្មបង្វែរអារម្មណ៍ក្នុងទម្រង់វិជ្ជមាន)
- 🧠 Suppression (យន្តកម្មទប់/សង្កត់អារម្មណ៍ដោយចេតនា)
ផ្នែកទី២៖ ប្រភេទនៃយន្តកម្មការពារផ្លូវចិត្តទាំង ៧
មានយន្តការការពារផ្លូវចិត្តជាច្រើនប្រភេទខុសៗគ្នា ក្នុងចំណោមនោះមានយន្តកម្មខ្លះមានលក្ខណៈវិជ្ជមាន និងមានប្រយោជន៍ជាងយន្តកម្មផ្សេងទៀត៖
១. ការបង្វែរអារម្មណ៍/កំហឹង (Displacement)
ស្រមៃមើលថា “អ្នកមានថ្ងៃដ៏លំបាកមួយនៅកន្លែងធ្វើការ ដោយអ្នកត្រូវស្តាប់ការរិះគន់ពីថ្នាក់លើ... ប៉ុន្តែពេលត្រឡប់មកផ្ទះវិញ អ្នកបានបញ្ចេញកំហឹងដាក់ប្តី ប្រពន្ធ កូនៗ ឬសូម្បីតែសត្វចិញ្ចឹម។” សុភាសិតខ្មែរ «ខឹងគោ វាយរទេះ» គឺជាការពិពណ៌នាដ៏ល្អមួយនៃគំនិត Displacement នេះ។ បញ្ហាគឺមនុស្សដែលទទួលរងកំហឹងនោះ ជាញឹកញាប់មិនមែនជាមូលហេតុពិតនៃបញ្ហាឡើយ ដែលវាអាចប៉ះពាល់ដល់ទំនាក់ទំនងយ៉ាងខ្លាំង។
២. ការបង្វែរអារម្មណ៍ក្នុងទម្រង់វិជ្ជមាន (Sublimation)
គឺជាការបម្លែងអារម្មណ៍ ឬសន្ទុះចិត្តដែលពិបាកគ្រប់គ្រង ទៅជាសកម្មភាពដែលមានប្រយោជន៍ និងសង្គមអាចទទួលយកបាន។ ឧទាហរណ៍៖ ពេលអ្នកកំពុងខឹងខ្លាំង អ្នកបែបជាជ្រើសរើសទៅហាត់ប្រដាល់ រត់ ហាត់ប្រាណ ឬបង្កើតស្នាដៃសិល្បៈទៅវិញ។
- ✨ ពេលខ្លះ កំហឹងអាចក្លាយជាកម្លាំង។
- ✨ ភាពតានតឹងអាចក្លាយជាការច្នៃប្រឌិត。
- ✨ ហើយការឈឺចាប់អាចក្លាយជាការរីកចម្រើន។
៣. ការទប់/សង្កត់ អារម្មណ៍ខ្លួនឯង (Suppression)
សំដៅលើការសម្រេចចិត្ត ដោយចេតនា ក្នុងការផ្អាកគិតអំពីបញ្ហាដែលបង្កឱ្យមានអារម្មណ៍តានតឹង ដើម្បីផ្តោតលើភារកិច្ចដែលសំខាន់ជាងនៅពេលបច្ចុប្បន្នជាមុនសិន។ ឧទាហរណ៍៖ អ្នកទទួលបានដំណឹងមិនល្អមួយនៅផ្ទះ ប៉ុន្តែអ្នកត្រូវដឹកនាំកិច្ចប្រជុំសំខាន់មួយថ្ងៃនេះ ដូច្នេះអ្នកទុកអារម្មណ៍នោះមួយឡែកសិន។
៤. ការលះបង់ដើម្បីអ្នកដទៃ (Altruism)
សំដៅលើការបំពេញតម្រូវការផ្លូវចិត្ត ឬដោះស្រាយអារម្មណ៍លំបាករបស់ខ្លួន តាមរយៈការជួយ និងគាំទ្រអ្នកដទៃ។ ឧទាហរណ៍៖ បុគ្គលដែលកំពុងស្តារនីតិសម្បទាពីការញៀនគ្រឿងញៀន ជ្រើសរើសចូលរួមជួយ និងលើកទឹកចិត្តអ្នកដែលកំពុងប្រឈមនឹងបញ្ហាស្រដៀងគ្នា។ នេះជាយន្តកម្មការពារខ្លួនកម្រិតខ្ពស់ដ៏ល្អមួយ។
៥. ការប្រើប្រាស់ភាពកំប្លុកកំប្លែង (Humor)
គឺជាការប្រើប្រាស់ការលេងសើច ការនិយាយបែបឌឺដង ឬការមើលស្ថានភាពក្នុងមុំស្រាលជាងមុន ដើម្បីជួយទប់ទល់នឹងភាពតានតឹង។ ឧទាហរណ៍៖ កុំព្យូទ័រគាំងពេលកំពុងធ្វើការងារ អ្នកបែរជានិយាយថា "អីយ៉ា! កុំព្យូទ័រគាំងបាត់ហើយ តែយ៉ាងហោចណាស់ វាមិនអាក្រក់ដល់ថ្នាក់ផ្ទុះទេ!"
៦. ការបង្កើតប្រតិកម្មផ្ទុយ (Reaction Formation)
សំដៅលើការបង្ហាញអារម្មណ៍ អាកប្បកិរិយា ដែល ផ្ទុយស្រឡះពីអារម្មណ៍ពិត ដែលមាននៅខាងក្នុង។ ឧទាហរណ៍៖ គូស្នេហ៍មួយគូ មានបញ្ហាក្នុងទំនាក់ទំនងធ្ងន់ធ្ងរ ប៉ុន្តែការបង្ហាញនៅលើបណ្ដាញសង្គមវិញ បែបជាជីវិតគូរបស់ពួកគេល្អឥតខ្ចោះ។ នេះជារបៀបដែលមនុស្សម្នាក់ធ្វើឡើងដោយមិនដឹងខ្លួន ដើម្បីការពារពីអារម្មណ៍ពិបាកទទួលយក។
៧. ការគេចវេះ (Avoidance)
ព្យាយាមជៀសវាងមិនប្រឈមមុខនឹងមនុស្ស ឬបញ្ហាដែលបង្កអារម្មណ៍មិនល្អ។ ឧទាហរណ៍៖ មានជម្លោះជាមួយមិត្តរួមការងារ តែអ្នកបែរជាគេចមុខ មិនឆ្លើយសារ ឬជៀសវាងការជួបពួកគេទាំងស្រុង។
- ✅ ស្រួលចិត្តជាងមុន
- ✅ កាត់បន្ថយភាពតានតឹងភ្លាមៗ
- ✅ មិនចាំបាច់ប្រឈមមុខនឹងអារម្មណ៍ពិបាក
- ⚠️ បញ្ហានៅតែមានដដែល
- ⚠️ ទំនាក់ទំនងអាចកាន់តែអាក្រក់
- ⚠️ ភាពភ័យខ្លាច និងការថប់បារម្ភអាចកើនឡើង
ផ្នែកទី៣៖ ប្រភេទនៃអារម្មណ៍ថប់បារម្ភ (Types of Anxiety)
បើយោងតាមទស្សនៈរបស់ Sigmund Freud ការថប់បារម្ភមានប្រភពផ្សេងៗគ្នា ហើយមិនមែនកើតឡើងដោយមូលហេតុដូចគ្នាទាំងអស់នោះទេ។ Freud បានបែងចែកការថប់បារម្ភជា ៣ ប្រភេទគឺ៖
ចំណុចគួរឱ្យចាប់អារម្មណ៍មួយ គឺថាអារម្មណ៍ថប់បារម្ភមិនមែនជាសត្រូវរបស់មនុស្សយើងនោះទេ ហើយជាច្រើនដង វាជាសញ្ញាមួយ ដែលប្រាប់ថាមានអ្វីមួយសំខាន់ត្រូវការការយកចិត្តទុកដាក់។ លោក Freud បានពន្យល់ថា ដើម្បីគ្រប់គ្រងអារម្មណ៍ថប់បារម្ភ មនុស្សតែងតែងប្រើប្រាស់ “យន្តកម្មការពារផ្លូវចិត្ត” (Defense Mechanisms) ដោយមិនដឹងខ្លួន។ យន្តកម្មទាំងនេះ អាចជួយការពារលំនឹងផ្លូវចិត្តក្នុងរយៈពេលខ្លី សម្រាប់ការអភិវឌ្ឍខ្លួន ការស្គាល់ប្រភពនៃការថប់បារម្ភរបស់ខ្លួនជារឿងមួយសំខាន់បំផុត។ សូមចាំថា៖ ការយល់ពីប្រភពនៃការថប់បារម្ភ មិនមែនដើម្បីលុបបំបាត់វាទាំងស្រុងទេ ប៉ុន្តែដើម្បីរៀនរស់នៅ និងឆ្លើយតបជាមួយវាដោយមានការយល់ដឹង និងសុខភាពផ្លូវចិត្តកាន់តែល្អ។
ផ្នែកទី៤៖ របៀបគ្រប់គ្រងយន្តកម្មការពារខ្លួនដែលមិនមានផលប្រយោជន៍
យន្តកម្មការពារផ្លូវចិត្ត (Defense Mechanisms) មិនមែនជាសត្រូវរបស់មនុស្សយើងនោះទេ តាមពិតទៅនេះជាវិធីសាស្រ្តមួយ ដែលចិត្តរបស់មនុស្សយើងប្រើប្រាស់ដើម្បីការពារខ្លួនពីអារម្មណ៍តានតឹងចិត្ត ការឈឺចាប់ និងអារម្មណ៍ដែលពិបាកទទួលយក។ ប៉ុន្តែនៅពេលដែលមនុស្សយើងពឹងផ្អែកលើវាច្រើនពេក វាបានប្រែក្លាយពី "របាំងការពារ" ទៅជា "របាំងរារាំង" ដល់ការរីកចម្រើនរបស់មនុស្សយើងទៅវិញ។
⚠️ ឧទាហរណ៍៖ មនុស្សម្នាក់ដែលទទួលបានដំណឹងថាខ្លួនមានជំងឺធ្ងន់ធ្ងរ អាចនឹងប្រើប្រាស់ «យន្តការបដិសេធ» (Denial) ដោយបដិសេធមិនទទួលយកការពិត និងពន្យារពេលមិនព្រមទៅជួបគ្រូពេទ្យ។ ទោះបីជាវាជួយកាត់បន្ថយការភ័យខ្លាចក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរក្នុងរយៈពេលវែង។
ដូច្នេះ តើយើងអាចធ្វើអ្វីបានខ្លះ?
ផ្នែកទី៥៖ សរុបសេចក្តី
ជាសរុបមកសូមចងចាំថា យន្តកម្មការពារខ្លួនអាចផ្តល់ទាំងផលល្អ និងផលអាក្រក់។ ក្នុងជីវិតប្រចាំថ្ងៃ មនុស្សគ្រប់រូបតែងប្រើប្រាស់យន្តកម្មការពារផ្លូវចិត្ត ដើម្បីជួយខ្លួនឯងឆ្លងកាត់ភាពតានតឹង ការខកចិត្ត និងអារម្មណ៍ដែលពិបាកទទួលយក។
- កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ
- ការពារតម្លៃលើខ្លួនឯង (Self-esteem) នៅពេលវិបត្តិ
- ជួយបុគ្គលសម្របខ្លួនទៅនឹងស្ថានភាពលំបាក
- ផ្តល់ពេលវេលាឱ្យរៀបចំខ្លួន មុននឹងប្រឈមមុខ
- អាចរារាំងការទទួលស្គាល់ការពិត
- បង្កើតការបោកប្រាស់ខ្លួនឯង (Self-deception)
- ពន្យារពេលដោះស្រាយបញ្ហាពិតប្រាកដ
- អាចប៉ះពាល់ដល់ទំនាក់ទំនង និងការអភិវឌ្ឍខ្លួន
ជាឧទាហរណ៍៖ អ្នកអាចប្រើភាពកំប្លុកកំប្លែងដើម្បីបន្ធូរភាពតានតឹង ក្នុងពេលបំពេញការងារ ប៉ុន្តែការលេងសើចគ្រប់ពេល ដើម្បីជៀសវាងការប្រឈមមុខនឹងការឈឺចាប់ ឬបញ្ហាពិតប្រាកដ អាចធ្វើឱ្យបញ្ហានោះនៅតែបន្តកើតមាន។
🎥 ធនធានវីដេអូសិក្សាបន្ថែម
សូមស្វែងយល់បន្ថែមអំពីប្រធានបទនេះ តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment