៨ វិធីសាស្ត្រ ពីរបៀបចិញ្ចឹមកូនវិជ្ជមាន
ដើម្បីអាចក្លាយខ្លួនជាឪពុកម្តាយល្អម្នាក់ មិនមែនជារឿងងាយស្រួលនោះទេ។ តើមាននរណាម្នាក់ដែល កើតមកចេះពីរបៀបចិញ្ចឹមបីបាច់កូនៗ ភ្លាមដែរទេ? ចម្លើយគឺប្រហែលមិនមាននរណាម្នាក់លើលោកនេះ កើតមករៀនចេះភ្លាមៗ ចិញ្ចឹមកូនៗឱ្យបានល្អប្រសើរនោះដែរ។ ឪពុកម្តាយភាគច្រើនធ្វើការសម្រេចចិត្តចិញ្ចឹមកូនៗរបស់ខ្លួន ដោយផ្អែកលើរបៀបដែលពួកគាត់ត្រូវបានឪពុកម្តាយ ឬគ្រួសាររបស់ខ្លួនចិញ្ចឹមបីបាច់ពីមុនៗមកប៉ុណ្ណោះ។ មានឪពុកម្តាយខ្លះទៀត ពួកគាត់បានអាន ឬបានឃើញ និងទទួលបានដំបូន្មានពីគ្រួសារដទៃ និងមិត្តភក្តិរបស់គាត់។
ផ្នែកទី១៖ ភាពជាឪពុកម្តាយ
បើសិនជាចាត់ទុក ឪពុកម្តាយ ជាការងារមួយវិញ នេះប្រហែលជាការងារមួយដែលលំបាកបំផុតក្នុងលោកយើងនេះហើយ ព្រោះថាការងារនេះ ត្រូវធ្វើការងារ ២៤ម៉ោង ក្នុងមួយថ្ងៃ ហើយចំណាយពេល ៧ថ្ងៃក្នុងមួយសប្តាហ៍។ ការងារនេះ មិនមានថ្ងៃសម្រាក មិនទទួលប្រាក់កម្រៃ មិនមានការឡើងឋានៈតួនាទី និងត្រូវចំណាយប្រាក់កាសច្រើនទៀតផង។ អ្វីដែលលំបាក គឺការចិញ្ចឹមបីបាច់កូនៗ ក៏ជារឿងមួយដ៏តឹងចិត្តមួយ ជាពិសេស ឪពុកម្តាយមិនដឹងថា តើអ្វីដែលខ្លួនកំពុងធ្វើនេះ បានធ្វើល្អហើយឬនៅនោះទេ។
នៅពេលមនុស្សយើងធ្វើតាមទម្លាប់ចាស់ៗ ដែលធ្លាប់ឆ្លងកាត់ពីមុនៗមក វាជារឿងមួយងាយស្រួលណាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏មានវិធីសាស្ត្រចិញ្ចឹមបីបាច់កូនៗមួយចំនួន ដែលលោកអ្នកអាចយកមកសិក្សារៀនសូត្រ និងសាកល្បងជាមួយគ្នាបាន។ ប៉ុន្តែការងារមួយនេះ បើសិនជាធ្វើបានល្អនោះ នឹងបង្កើតមនុស្សម្នាក់ឱ្យធំឡើងក្លាយជាមនុស្សល្អម្នាក់ក្នុងសង្គម។ ជាច្រើនដង ខ្ញុំក៏សួរខ្លួនឯងថា «តើខ្ញុំកំពុងចិញ្ចឹមកូនត្រូវហើយឬនៅ?», «តើខ្ញុំគួរដាក់វិន័យ ឬស្តាប់កូនជាមុន?», «តើខ្ញុំកំពុងធ្វើដូចឪពុកម្តាយរបស់ខ្ញុំធ្លាប់ធ្វើដែរឬទេ?»
នៅលើពិភពលោកនេះ មិនមានឪពុកម្តាយណាម្នាក់ ដែលល្អឥតខ្ចោះនោះទេ អ្វីដែលកូនត្រូវការបំផុត ក៏មិនមែនជាឪពុកម្តាយល្អឥតខ្ចោះនោះដែរ ប៉ុន្តែជាឪពុកម្តាយដែលបន្តរៀន ស្តាប់ យល់ចិត្ត និងរីកចម្រើនជាមួយពួកគេរាល់ថ្ងៃ។ ភាពជាឪពុកម្តាយមិនមែនជាការប្រកួតប្រជែងទេ តែវាជាដំណើរនៃការរៀនសូត្ររួមគ្នា។
ផ្នែកទី២៖ របៀបចិញ្ចឹមបីបាច់កូនវិជ្ជមាន
របៀបទី១៖ កុំប្រញាប់ប្រញាល់ដាក់វិន័យភ្លាមៗនៅពេលកូនៗបង្កើតឱ្យមានបញ្ហា
ឪពុកម្តាយជាច្រើនមានប្រតិកម្មភ្លាមៗនៅពេលកូនបង្កបញ្ហាអ្វីមួយ ដោយចាប់ផ្តើមនិយាយថា "ហេតុអ្វីបានជាធ្វើបែបនេះ?", "ម៉េចក៏មិនចេះស្តាប់គ្នាសោះអញ្ចឹង?" ឬ "ប៉ុន្មានដងហើយដែលនៅតែធ្វើខុសដូចនេះទៀត!"។ ប៉ុន្តែពេលខ្លះ អាកប្បកិរិយាដែលយើងមើលឃើញគ្រាន់តែជាសញ្ញាមួយប៉ុណ្ណោះ។ ខាងក្រោយវា អាចជាការខកចិត្ត ភាពភ័យខ្លាច ភាពតានតឹង ឬអារម្មណ៍ដែលពួកគេមិនទាន់ចេះបង្ហាញចេញ។
មុននឹងដាក់វិន័យ សាកល្បង៖
- ស្តាប់ដោយមិនកាត់សេចក្តី
- រក្សាភាពស្ងប់ស្ងាត់របស់ខ្លួន
- អនុញ្ញាតឱ្យកូននិយាយពីអារម្មណ៍របស់ពួកគេ
- ទទួលស្គាល់ និងឱ្យតម្លៃដល់អារម្មណ៍ទាំងនោះ
នៅពេលកូនមានអារម្មណ៍ថា "ខ្ញុំត្រូវបានគេស្តាប់" ពួកគេនឹងរៀនថា ផ្ទះគឺជាកន្លែងមានសុវត្ថិភាព មិនមែនជាកន្លែងដែលត្រូវភ័យខ្លាចនោះទេ។ អ្នកបានបង្កើតបរិយាកាស ដែលមានសុវត្ថិភាពសម្រាប់កូនក្នុងការចែករំលែករឿងរ៉ាវមិនសប្បាយចិត្ត លោកអ្នកបានចាប់ផ្តើមនូវកសាងទំនុកចិត្តជាមួយពួកគេរួចហើយ។ ការដាក់វិន័យអាចធ្វើឱ្យកូនស្តាប់អ្នកមួយរយៈពេលខ្លី ប៉ុន្តែការស្តាប់ដោយយល់ចិត្ត អាចធ្វើឱ្យកូនទុកចិត្តអ្នកពេញមួយជីវិត។
របៀបទី២៖ ចំណាយពេលស្វែងយល់ពីកូនៗឱ្យបានច្រើន
នៅក្នុងជីវិតដ៏មមាញឹក សម្រាប់ឪពុកម្តាយជាច្រើន ការបំពេញតួនាទីការងារ និងការទទួលខុសត្រូវក្នុងគ្រួសារ គឺជាបញ្ហាប្រឈមប្រចាំថ្ងៃ។ ការខិតខំធ្វើការតាំងពីព្រឹកដល់យប់ របស់ឪពុកម្តាយក៏ដើម្បីឱ្យកូនមានអ្វីៗគ្រប់គ្រាន់ ដូចជា ផ្ទះល្អ, អាហារគ្រប់គ្រាន់ និងការសិក្សាល្អ ប៉ុន្តែអ្វីទាំងអស់នេះ ពិតជាអ្វីដែលកូនត្រូវការបំផុតមែនទេ?
កូនៗពេលខ្លះ ពួកគេគ្រាន់តែចង់ឱ្យអ្នកជាឪពុកម្តាយសួរថា៖
- «ថ្ងៃនេះកូនយ៉ាងម៉េចដែរ?»
- «មានរឿងអ្វីកើតឡើងនៅសាលាខ្លះ?»
- «មានអ្វីដែលកូនចង់ប្រាប់ម៉ាក់ ឬប៉ាទេ?»
ការចំណាយពេលត្រឹម ៥ នាទី ដើម្បីស្តាប់កូន អាចជាអំណោយមួយយ៉ាងមានតម្លៃជាង របស់របរថ្លៃៗដែលលោកអ្នកទិញឱ្យគាត់ទៅទៀត។ ព្រោះនៅពេលនោះកូនៗលោកអ្នកនឹងមានអារម្មណ៍ថា ពួកគេជាមនុស្សសំខាន់ ដូចនេះហើយពួកគេនឹងរៀនទុកចិត្តលើអ្នកដទៃ, ពួកគេនឹងហ៊ានចែករំលែកបញ្ហា និងពួកគេនឹងមានអារម្មណ៍ថាខ្លួនទទួលបានក្តីស្រឡាញ់។ ថ្ងៃណាមួយ កូនរបស់អ្នកប្រហែលមិនចាំថា អ្នករកប្រាក់បានប៉ុន្មានទេ ប៉ុន្តែពួកគេនឹងចាំថា "ម៉ាក់ និងប៉ា តែងតែមានពេលវេលាសម្រាប់ខ្ញុំ។" ការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់កូនៗ មិនមែនតែងតែជាប្រាក់កាសនោះទេ ប៉ុន្តែជាវត្តមាន និងការយកចិត្តទុកដាក់របស់ឪពុកម្តាយ។
"កូនប្រហែលជាភ្លេចអ្វីដែលលោកអ្នកទិញឱ្យពួកគេ ប៉ុន្តែពួកគេនឹងមិនភ្លេចពេលវេលា ដែលលោកអ្នកចំណាយជាមួយពួកគេនោះទេ។"
របៀបទី៣៖ លើកទឹកចិត្តកូនៗឱ្យចែករំលែកគំនិត និងទស្សនៈរបស់ពួកគេ
មានមនុស្សជាច្រើនយល់ច្រលំថា "កូននៅតូច គាត់មិនទាន់យល់អីនោះទេ!" ឬថា "ចាំធំសិនទៅ ចាំនិយាយ!" ឬក៏ "ធ្វើតាមម៉ាក់ប៉ាទៅ កុំគិតអីច្រើន!"។ តាមពិតទៅកុមារគ្រប់រូបមានគំនិត អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួន ទោះបីជាពួកគេនៅតូចក៏ដោយ ហើយនៅពេលឪពុកម្តាយស្តាប់ និងផ្តល់តម្លៃដល់គំនិតរបស់កូនៗនោះជា៖
- ការបង្រៀនថាថាខ្លួនគេមានតម្លៃ
- ពួកគេមានទំនុកចិត្តលើខ្លួនឯង
- ពួកគេហ៊ានបញ្ចេញមតិ និងគិតដោយឯករាជ្យ
- ពួកគេរៀនគោរពមតិខុសគ្នារបស់អ្នកដទៃ
ទោះជាយ៉ាងណាក៏ដោយ ក៏ឪពុកម្តាយមិនមែនស្តាប់កូន ឬត្រូវយល់ស្របជាមួយពួកគេគ្រប់រឿងនោះដែរ ប៉ុន្តែវាមានន័យថា៖ "ខ្ញុំគោរពសិទ្ធិកូនក្នុងការគិត", "ខ្ញុំចង់ស្តាប់អ្វីដែលកូនខ្ញុំគិត", "គំនិតរបស់កូនមានតម្លៃសម្រាប់ខ្ញុំ"។
ការអប់រំកុមារមិនមែនគ្រាន់តែបង្រៀនឱ្យពួកគេស្តាប់បង្គាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការជួយឱ្យពួកគេរៀនគិត រៀនវិភាគ និងមានទំនុកចិត្តក្នុងការបញ្ចេញមតិដោយការទទួលខុសត្រូវ។ មនុស្សពេញវ័យ ដែលមានទំនុកចិត្តក្នុងការសម្រេចចិត្ត ជាញឹកញាប់ធំធាត់ឡើងពីក្នុងបរិយាកាស ដែលគំនិតរបស់ពួកគេត្រូវបានគេគោរពតាំងពីខ្លួននៅវ័យកុមារភាពមកម្ល៉េះ។
"កូនៗដែលមានគេស្តាប់ នឹងរៀនស្តាប់អ្នកដទៃ! កូនដែលមានគេយល់ចិត្ត នឹងរៀនយល់ចិត្តអ្នកដទៃ!"
របៀបទី៤៖ គោរពឯកជនភាពរបស់កូនៗ ដើម្បីជួយកសាងទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង
ក្នុងនាមជាឪពុកម្តាយ ឬអ្នកថែទាំ យើងតែងតែចង់ការពារកុមារពីហានិភ័យផ្សេងៗ ហើយឪពុកម្តាយគិតថា ឆែកទូរស័ព្ទ, អានសៀវភៅកំណត់ហេតុ, លួចមើលសារជជែក គឺជាវិធីការពារកូនពីគ្រោះថ្នាក់។ ទោះជាយ៉ាងណា ការការពារមិនគួរត្រូវបានបកស្រាយថាជាការគ្រប់គ្រង ឬការលួចតាមដានគ្រប់ជំហានរបស់កុមារនោះទេ ព្រោះថាអ្វីដែលកូនបាត់បង់ មិនមែនត្រឹមតែឯកជនភាពប៉ុណ្ណោះទេ តែជាទំនុកចិត្តលើឪពុកម្តាយផងដែរ។
កុមារក៏ត្រូវការកន្លែងផ្ទាល់ខ្លួន ដើម្បីរៀនស្គាល់ខ្លួនឯង ស្វែងយល់ពីអារម្មណ៍ និងអភិវឌ្ឍអត្តសញ្ញាណរបស់ពួកគេ។ ហើយការគោរពឯកជនភាព មិនមែនមានន័យថាបោះបង់ការមើលថែកូននោះដែរ ផ្ទុយទៅវិញ វាមានន័យថា៖
- បង្កើតទំនុកចិត្ត
- គោរពព្រំដែនកំណត់ផ្ទាល់ខ្លួន
- លើកទឹកចិត្តឱ្យកូននិយាយការពិត
- ធ្វើឱ្យកូនហ៊ានស្វែងរកជំនួយនៅពេលមានបញ្ហា
សូមចាំថា៖ ឪពុកម្តាយដែលកូនៗទុកចិត្ត មិនចាំបាច់លួចតាមដានកូនគ្រប់ពេលនោះទេ កូននឹងជ្រើសរើសយកមកប្រាប់លោកអ្នកដោយខ្លួនឯង។ ជាការពិតណាស់ នៅពេលមានហានិភ័យចំពោះសុវត្ថិភាព សុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្តរបស់កុមារ ឪពុកម្តាយគួរតែធ្វើអន្តរាគមន៍។ ប៉ុន្តែក្នុងស្ថានភាពធម្មតា ការសន្ទនាបើកចំហ និងការកសាងទំនុកចិត្ត គឺមានប្រសិទ្ធភាពជាងការលួចតាមដាន។
"ការគោរពឯកជនភាពរបស់កូន មិនមែនជាការបាត់បង់ការគ្រប់គ្រងទេ។ វាជាការទទួលបានទំនុកចិត្ត ដែលមានតម្លៃជាងការត្រួតពិនិត្យ។"
របៀបទី៥៖ ផ្តល់ជម្រើសដល់កូនៗ
ឪពុកម្តាយជាច្រើនស្រឡាញ់កូនខ្លាំង រហូតដល់សម្រេចចិត្តជំនួសកូនគ្រប់រឿងមិនថា “ត្រូវស្លៀកពាក់អ្វី!”, “ត្រូវរៀនអ្វី!”, “ត្រូវលេងអ្វី!” ឬ “ត្រូវញ៉ាំអ្វី!” នោះទេ។ ប៉ុន្តែមានសំណួរមួយដែលលោកអ្នកគួរសួរខ្លួនឯងថា៖ “បើថ្ងៃណាមួយគ្មានលោកអ្នកនៅក្បែរ តើកូនអាចសម្រេចចិត្តដោយខ្លួនឯងបានទេ?”
ការផ្តល់ជម្រើសមិនមែនជាការបោះបង់ចោលអំណាចជាឪពុកម្តាយនោះទេ ផ្ទុយទៅវិញនេះជាវិធីបង្រៀនកូនឱ្យ៖
- មានទំនុកចិត្តលើខ្លួនឯង
- រៀនទទួលខុសត្រូវលើជម្រើសរបស់ខ្លួន
- អភិវឌ្ឍជំនាញដោះស្រាយបញ្ហា
- ក្លាយជាមនុស្សឯករាជ្យម្ចាស់ការ
សូមសាកល្បងចាប់ផ្តើមពីរឿងតូចៗជាមុនសិនដូចជា៖
- "ថ្ងៃនេះកូនចង់ស្លៀកអាវមួយណា?"
- "កូនចង់អានរឿងនេះ ឬរឿងនោះ?"
- "កូនចង់ញ៉ាំផ្លែប៉ោម ឬចេក?"
ការផ្តល់ជម្រើសតូចៗថ្ងៃនេះ អាចក្លាយជាមូលដ្ឋាននៃការសម្រេចចិត្តធំៗនៅថ្ងៃអនាគត ព្រោះថាមនុស្សដែលអាចធ្វើការសម្រេចចិត្តបានល្អ មិនមែនកើតមកមានសមត្ថភាពនេះស្រាប់ទេ ប៉ុន្តែពួកគេបានហ្វឹកហាត់វាតាំងពីកុមារភាព។
របៀបទី៦៖ សរសើរកូនៗនៅពេលពួកគេធ្វើបានល្អ
មានឪពុកម្តាយជាច្រើនគិតថា បើសរសើរច្រើនពេក កូននឹងបានចិត្ត! ហើយឈប់ខិតខំប្រឹងប្រែងទៀតហើយ ឬយល់ថា "ធ្វើបានតែប៉ុណ្ណឹង ចាំបាច់អីត្រូវសរសើរ!"។ ឬមានអាណាព្យាបាលខ្លះ គិតថាចាំឱ្យកូនធ្វើបានល្អជាងនេះសិន ចាំសរសើរកូនៗរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា? កុមារមិនត្រូវការការសរសើរ ដោយសារតែពួកគេធ្វើបានល្អឥតខ្ចោះនោះទេ ពួកគេត្រូវការការសរសើរ ព្រោះពួកគេបានខិតខំប្រឹងប្រែង។
ការសរសើរគួរតែធ្វើឡើង៖
- ពេលកូនខំរៀន ទោះពិន្ទុមិនទាន់ខ្ពស់
- ពេលកូនព្យាយាមកែប្រែកំហុសរបស់ខ្លួន
- ពេលកូនជួយការងារផ្ទះដោយស្ម័គ្រចិត្ត
លោកអ្នកជាឪពុកម្តាយអាចប្រើប្រាស់ពាក្យសាមញ្ញមួយដូចជា៖ "ប៉ាឃើញកូនខំប្រឹងខ្លាំងណាស់" ឬ "ប៉ាសប្បាយចិត្តណាស់ ដែលកូនមិនបានបោះបង់ចោល" ឬក៏អាចនិយាយថា "កូនធ្វើបានល្អណាស់!"។ ពាក្យសរសើរទាំងអស់នេះ អាចក្លាយជាកម្លាំងចិត្តដ៏ធំសម្រាប់ក្មេងៗក្នុងការបន្តធ្វើអ្វីដែលល្អៗបន្តទៅទៀត។
ការសរសើរក៏ត្រូវមានតុល្យភាពដែរ ដោយកុំសរសើរគ្រប់រឿងដោយគ្មានហេតុផល និងសរសើរទៅលើ "ការខិតខំប្រឹងប្រែង" មិនមែនសំដៅលើ "លទ្ធផល" នោះទេ។ កុមារមិនត្រូវការធ្វើការងារមួយឱ្យបានល្អឥតខ្ចោះនោះទេ! ពួកគេត្រូវការមនុស្សម្នាក់ដែលមើលឃើញ និងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ។
របៀបទី៧៖ ផ្តល់ការគាំទ្រ និងការណែនាំដ៏ទន់ភ្លន់នៅពេលមិនទទួលបានជោគជ័យ ឬបង្កើតឱ្យមានកំហុសឆ្គង
ក្នុងនាមជាឪពុកម្តាយ ឬអ្នកអប់រំ យើងតែងតែចង់ឃើញកុមារទទួលបានភាពជោគជ័យ។ ប៉ុន្តែការអភិវឌ្ឍជំនាញ សមត្ថភាព និងភាពធន់ផ្លូវចិត្ត មិនអាចកើតឡើងដោយគ្មានកំហុស ឬឧបសគ្គនោះទេ។ ឪពុកម្តាយជាច្រើនមានអារម្មណ៍ខកចិត្ត ហើយប្រតិកម្មភ្លាមៗដោយការស្តីបន្ទោស ឬប្រៀបធៀប ប៉ុន្តែសាកល្បងគិតបែបនេះវិញ “គ្មាននរណាម្នាក់រៀនជិះកង់ដោយមិនធ្លាប់ដួលទេ។” ឬ “គ្មាននរណាម្នាក់ជោគជ័យដោយមិនធ្លាប់បរាជ័យទេ។”
ពេលមានកំហុសកើតមានឡើង កុមារត្រូវការមនុស្សម្នាក់ដែលនិយាយថា៖
- "មិនអីទេ! យើងអាចរៀនពីវាបាន។"
- "លើកក្រោយយើងសាកល្បងវិធីថ្មីមើល។"
- "ប៉ា និងម៉ាក់នៅក្បែរកូន។"
នៅពេលកុមារបរាជ័យ ឪពុកម្តាយអាចដើរតួនាទីជា "គ្រូបង្វឹក" (Coach) ជាជាង "ចៅក្រម" (Judge)។ ជំនួសឱ្យនិយាយថា "ហេតុអ្វីបានជាកូនធ្វើខុសបែបនេះ?" លោកអ្នកអាចសួរថា "តើកូនបានរៀនអ្វីពីបទពិសោធន៍នេះ?" ឬ "តើលើកក្រោយកូនចង់សាកល្បងវិធីណាផ្សេងទៀត?"។
សូមចាំថា៖ កំហុសមិនមែនជាទីបញ្ចប់ទេ តែកំហុសគឺជាផ្នែកមួយនៃការលូតលាស់។ នៅពេលកូនដួល កុំប្រញាប់ទាញពួកគេឱ្យឈរ សូមបង្រៀនពួកគេពីរបៀបក្រោកឈរដោយខ្លួនឯង។
របៀបទី៨៖ ស្វែងរកជំនួយពីអ្នកជំនាញ (Seek professional help)
ឪពុកម្តាយល្អ មិនមែនជាមនុស្សដោះស្រាយគ្រប់បញ្ហាបានដោយខ្លួនឯងទេ ប៉ុន្តែជាមនុស្សដែលដឹងថា ពេលណាគួរស្វែងរកជំនួយ។ មានពេលខ្លះ កូនៗអាចមិនស្តាប់, ទំនាក់ទំនងក្នុងគ្រួសារតានតឹង, មានអារម្មណ៍ខឹង ធុញថប់ ឬសម្ពាធកើនឡើង, ឬព្យាយាមដោះស្រាយបញ្ហាដដែលៗ តែមិនឃើញលទ្ធផល។
អ្នកជាឪពុកម្តាយ អាចមានអារម្មណ៍ថា "ខ្ញុំគួរតែអាចដោះស្រាយវាបានដោយខ្លួនឯង។" ប៉ុន្តែការពិតគឺការស្នើសុំជំនួយ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ វាជាសញ្ញានៃភាពក្លាហាន និងមានទទួលខុសត្រូវ។ ការជួបជាមួយអ្នកជំនាញផ្លូវចិត្ត ឬអ្នកពិគ្រោះយោបល់ អាចជួយលោកអ្នកជាឪពុកម្តាយ៖
- ស្គាល់ពីអារម្មណ៍របស់ខ្លួនឯងកាន់តែច្បាស់
- រៀនចេះគ្រប់គ្រងសម្ពាធ និងភាពតានតឹងរបស់ខ្លួន
- ពង្រឹងទំនាក់ទំនងជាមួយកូនៗ
- រៀនវិធីថ្មីៗក្នុងការដោះស្រាយបញ្ហា
នៅពេលឪពុកម្តាយមានសុខភាពផ្លូវចិត្តល្អ កូនៗក៏ទទួលបានបរិយាកាសល្អសម្រាប់ការលូតលាស់ផងដែរ។ គ្រួសារដែលរឹងមាំ មិនមែនជាគ្រួសារដែលមិនធ្លាប់ជួបបញ្ហាទេ ប៉ុន្តែជាគ្រួសារដែលដឹងពីរបៀបស្វែងរកការគាំទ្រនៅពេលត្រូវការ។
ផ្នែកទី៣៖ សរុបសេចក្តី
សរុបមក ការចិញ្ចឹមបីបាច់កូនវិជ្ជមាន មិនមែនជាការព្យាយាមក្លាយជាឪពុកម្តាយដែលល្អឥតខ្ចោះនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរៀនសូត្រ លូតលាស់ និងកែលម្អខ្លួនឯងជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសដែលពោរពេញដោយក្តីស្រឡាញ់ ការគោរព និងការយល់ចិត្តសម្រាប់កូនៗ។
កុមារលូតលាស់បានល្អបំផុត នៅពេលពួកគេទទួលបានការស្តាប់ ការយកចិត្តទុកដាក់ ការគោរពឯកជនភាព ការលើកទឹកចិត្ត និងការណែនាំដោយភាពទន់ភ្លន់។ ជាមួយគ្នានេះដែរ ឪពុកម្តាយក៏ត្រូវទទួលស្គាល់ថា ខ្លួនឯងក៏ជាមនុស្សដែលត្រូវការការគាំទ្រ និងការរៀនសូត្រផងដែរ។ ការស្វែងរកជំនួយពីអ្នកជំនាញនៅពេលចាំបាច់ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាសញ្ញានៃការទទួលខុសត្រូវ។
សូមស្វែងយល់បន្ថែមអំពីគន្លឹះ និងចំណេះដឹងសុខភាពផ្លូវចិត្តគ្រួសារ តាមរយៈបណ្តុំវីដេអូខាងក្រោម៖
Comments
Post a Comment