Skip to main content

Followers

Tiger Parenting៖ តើជាជោគជ័យលើការសិក្សា ឬជាការបំផ្លាញអនាគតកូនខ្លួនឯង?

តើធ្លាប់លឺគេយកសត្វខ្លាមកប្រៀបធៀបក្នុងការចិញ្ចឹមកូនទេ?

លោកអ្នកប្រហែលជាស្គាល់សត្វខ្លាហើយ ចុះបើគេយកមកប្រៀបធៀបនឹងការចិញ្ចឹមកូនមានន័យយ៉ាងណាដែរ? ការយកសត្វខ្លាមកប្រៀបធៀបនេះ មិនមែនចង់សំដៅតែលើការដែលឪពុកម្តាយ ចិញ្ចឹមកូនកាចសាហាវវាយដំកូនៗរបស់ខ្លួនប៉ុណ្ណោះនោះទេ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនទាក់ទងនឹងការចិញ្ចឹមបីបាច់កូនកាចដូចខ្លានេះ ឬ ភាសាអង់គ្លេសហៅថា Tiger Parenting

ផ្នែកទី១៖ ប្រវត្តិនៃការប្រើប្រាស់ពាក្យ

ពាក្យថា "ការចិញ្ចឹមបីបាច់កាចកូនដូចសត្វខ្លា (Tiger parenting)" ត្រូវបានអ្នកនៅលោកខាងលិចទទួលស្គាល់ តាមរយៈសៀវភៅ "Battle Hymn of the Tiger Mother" របស់ Amy Chua សាស្រ្តាចារ្យនៅសាកលវិទ្យាល័យច្បាប់នៅ Yale។ សៀវភៅនោះជាការសរសេររៀបរាប់ពីជីវិតកុមារភាពរបស់គាត់ ដែលលូតលាស់ឡើងក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងពីឪពុកម្តាយជនជាតិរបស់គាត់។ សៀវភៅនេះគ្រាន់តែជា "កំណត់ហេតុចងចាំ (Memoir)" ឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនស្របតាមវប្បធម៌ពីរខុសគ្នាតែប៉ុណ្ណោះ វាមិនមែនជាសៀវភៅណែនាំ "របៀបចិញ្ចឹមកូន" ដើម្បីបង្ហាញថាឪពុកម្តាយអាស៊ីពូកែចិញ្ចឹមកូនឱ្យទទួលបានជោគជ័យជាង ឪពុកម្តាយលោកខាងលិចនោះឡើយ។

យើងសាកល្បងមកស្វែងយល់ពីទស្សនៈវិទ្យា ខុងជឺ របស់ជនជាតិចិនជាមុនសិន។ ទស្សននេះផ្តោតលើការគោរពរចនាសម្ព័ន្ធគ្រួសារ តាមលំដាប់ឋានានុក្រម (ការគោរពស្តាប់បង្គាប់តាមលំដាប់ចាស់ទុំ) ភក្ដីភាព វិន័យនៃការខិតខំប្រឹងប្រែងធ្វើការងារ ភាពស្មោះត្រង់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការសម្រេចបាននូវជោគជ័យក្នុងការសិក្សា។ នៅប្រទេសកម្ពុជាយើង ក៏ឱ្យតម្លៃខ្ពស់ទៅលើការគោរពចាស់ទុំ និងជោគជ័យក្នុងការសិក្សាផងដែរ។

ការសិក្សាអប់រំត្រូវបានចាត់ទុកជា «ច្រកទ្វារ» ឆ្ពោះទៅរកភាពជោគជ័យ ដើម្បីលើកកម្ពស់កម្រិតជីវភាពក៏ដូចជាឋានៈក្នុងសង្គមកាន់តែប្រសើរឡើង។ ការទទួលបានការរៀនបានខ្ពង់ខ្ពស់ ជានិមិត្តរូបតំណាងឱ្យកិត្តិយស ឋានៈ និងអំណាចនៅក្នុងសង្គម។ ជាឪពុក ដែលមានកូនពីរនាក់ដែរ ខ្ញុំក៏រំពឹងខ្ពស់ចង់ឃើញកូនៗទទួលបានជោគជ័យ និងចេះច្បាមយកឱកាសល្អៗ ក្នុងការអភិវឌ្ឍខ្លួន ដែលកាលពីមុន ខ្ញុំមិនដែលធ្លាប់មានឱកាស។

ផ្នែកទី២៖ អ្វីទៅជា Tiger Parenting?

ការរំពឹងចង់ឱ្យកូនមានអនាគតល្អ មិនមែនមានន័យថាលោកអ្នកជាឪពុកម្តាយចិញ្ចឹមបីបាច់កាចដូចខ្លានោះទេ។ ការចិញ្ចឹមបីបាច់កូនកាចដូចខ្លា (Tiger parenting) គឺចិញ្ចឹមកូនៗ ដោយអនុវត្តតាមច្បាប់វិន័យយ៉ាងតឹងរ៉ឹង ហើយអ្នកជាឪពុកម្តាយគ្រប់គ្រងអំណាចទាំងស្រុង។ យន្តការទំនាក់ទំនងរបៀបនេះ បង្កើតឱ្យមានអតុល្យភាពអំណាច ដែលរារាំងដល់ការជជែកពិភាក្សាគ្នាដោយបើកចំហ និងស្មោះត្រង់រវាងកូនៗ និងឪពុកម្តាយ។

ការគោរពកើតចេញក្នុងផ្លូវតែមួយគត់ (ពីកូនទៅឪពុកម្តាយ) ដោយមិនទទួលបានការផ្តល់រង្វាន់ ឬការលើកទឹកចិត្តចំពោះទង្វើល្អៗនោះទេ។ តែពេលមានអាកប្បកិរិយាមិនល្អណាមួយកើតឡើង កូនៗនឹងត្រូវរងការដាក់ទណ្ឌកម្មទៅវិញ។ លើសពីនេះទៀត Tiger Parenting ក៏ជម្រុញឱ្យកូនរបស់ខ្លួនត្រូវរៀនឱ្យពូកែ ពូកែខាងកីឡា និងរៀនគួរបន្ថែម ដោយមិនខ្វាយខ្វល់ពីការចំណាយតម្លៃអ្វីទាំងអស់។ អ្នកជាឪពុកម្តាយ អាចនឹងធ្វើការតាមដានយ៉ាងដិតដល់លើកូនៗ ហើយជម្រុញឱ្យកុមារត្រូវតែធ្វើអ្វីឱ្យបានល្អបំផុត។

លក្ខណៈរបស់ Tiger Parenting រួមមាន៖

· ភាពតឹងរ៉ឹងជ្រុលហួសហេតុ (Overly strict)៖
អ្នកជាឪពុកម្តាយ ផ្តោតខ្លាំងលើការខិតខំប្រឹងប្រែងធ្វើការងារ និងលះបង់ពេលវេលាជីវិតផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងរយៈពេលវែង។ ចំណុចនេះអាចមានន័យថា កូនៗនឹងមិនអាចអនុញ្ញាតិចូលរួមកម្មវិធីខួបកំណើត ការគេងលេងផ្ទះមិត្តភក្តិ (Sleepovers) ឬសកម្មភាពសប្បាយៗផ្សេងទៀតនោះទេ។ ការធ្វើសកម្មភាពកំសាន្តទាំងអស់នេះ អាចធ្វើឱ្យកូនៗបាត់បង់ការផ្តោតអារម្មណ៍លើការខិតខំប្រឹងប្រែង លើការសិក្សារបស់ខ្លួន។ លើសពីនេះ ពួកគាត់ហាមដាច់ខាតចំពោះទង្វើ ដែលមានហានិភ័យខ្ពស់ ដូចជាការសេពគ្រឿងស្រវឹង គ្រឿងញៀន និងការមានទំនាក់ទំនងស្នេហាក្នុងវ័យសិក្សា ព្រោះពួកគាត់ចាត់ទុកទង្វើទាំងនេះជាការគំរាមកំហែងដល់គោលដៅអនាគតរបស់កូនៗខ្លួន។
· ការរំពឹងទុកខ្ពស់ហួសប្រមាណ (High expectations)៖
ឪពុកម្តាយ រំពឹងថាកូនៗរបស់ខ្លួនត្រូវសម្រេចឱ្យបានលទ្ធផលល្អឥតខ្ចោះ និងបង្ខំឱ្យកូនខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ប្រសិនបើកូនរបស់ខ្លួនបរាជ័យ ពួកគេនឹងត្រូវបានស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យមានភាពអាម៉ាស់ដល់គ្រួសាររបស់ខ្លួន។ ដើម្បីបំពេញតាមការរំពឹងទុកដ៏ខ្ពស់នេះ កុមារត្រូវចំណាយពេលស្ទើរតែទាំងអស់ផ្ដោតតែលើកិច្ចការសាលា ការរៀនសូត្រ ការអនុវត្តកិច្ចការសាលា និងការចូលរួមក្នុងសកម្មភាពក្រៅម៉ោងសិក្សាផ្សេងៗ ដែលអាចជួយបង្កើនឱកាសឱ្យពួកគេត្រូវបានទទួលយកឱ្យចូលរៀននៅក្នុងសាកលវិទ្យាល័យល្បីៗ។
· វិធីសាស្ត្រគ្រប់គ្រងដោយប្រើការបំភិតបំភ័យ (Fear-based approach)៖
ឪពុកម្តាយកាចដូចខ្លា ស្ថិតក្នុងតំណែងជាអ្នកមានអំណាចដាច់ខាត ហើយកូនៗត្រូវតែគោរពកោតខ្លាចពួកគាត់។ ចំណែកឯកូនៗមិនអាចនិយាយតវ៉ាជាមួយចាស់ទុំ និង/ឬ ប្រកែកប្រឆាំងនឹងមតិយោបល់របស់ឪពុកម្តាយបានឡើយ។ ប្រសិនបើកូនមិនយល់ស្រប ពួកគេនឹងត្រូវដាក់វិន័យតាមរយៈការគំរាមកំហែងខាងផ្លូវអារម្មណ៍ និង/ឬ ការធ្វើទារុណកម្មរាងកាយ (ការវាយដំ)។ វិធានការទាំងអស់នេះអាចរួមមាន៖
  • ការចោលប្រដាប់ក្មេងលេងដែលពួកគេចូលចិត្តនៅចំពោះមុខដោយចេតនា
  • ដាក់ទណ្ឌកម្មដោយបង្អត់បាយ
  • ការវាយដំ
  • ការស្រែកគំហក
  • ការជេរប្រមាថ
  • ការបង្អាប់មិនឱ្យតម្លៃកូនជាដើម
· ការខ្វះភាពឯករាជម្ចាស់ការ (Lack of autonomy for the child)៖
អ្នកជាឪពុកម្តាយ មានសិទ្ធិគ្រប់គ្រងទាំងស្រុងលើជីវិតរបស់កូនៗ។ ហើយកូនៗត្រូវបានចិញ្ចឹមអប់រំ ដោយមិនឱ្យធ្វើការសម្រេចចិត្តណាមួយឡើយ លុះត្រាតែមានការយល់ព្រមពីឪពុកម្តាយប៉ុណ្ណោះ ដោយមិនមានឱ្យតម្លៃលើរបៀបដែលពួកគាត់អាចមានភាពម្ចាស់ការលើខ្លួនឯង ឬការគិតដោយឯករាជ្យនោះឡើយ។ ឪពុកម្តាយប្រភេទនេះ មិនមានអត់ធ្មត់ និង/ឬ គ្មានបំណងប្រាថ្នាចង់ស្វែងយល់ពីចរិកលក្ខណៈ គំនិត អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនរបស់កូននោះទេ។ ពួកគាត់រំពឹងថា ក្តីស្រមៃរបស់ឪពុកម្តាយ ត្រូវតែជាក្តីស្រមៃរបស់កូនៗដូចគ្នាផងដែរ​។
· ការវាស់វែងជោគជ័យ ដោយស្នាដៃសម្រេចបាន (Success is defined as achievements)៖
ឪពុកម្តាយ ធ្វើការកំណត់និយមន័យនៃភាពជោគជ័យ ដោយផ្អែកលើអំណាច ឋានៈ និងកិត្តិយសដែលកូនអាចនាំមកជូនគ្រួសារ។ ឧទាហរណ៍ដូចជា៖
  • ការក្លាយខ្លួនជាវេជ្ជបណ្ឌិត ឬមេធាវីនៅថ្ងៃអនាគត
  • ការទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា
  • ការរកលុយបានច្រើន
  • និងការឈ្នះការប្រកួតប្រជែងផ្សេងៗ។

សំគាល់៖ ឪពុកម្តាយចិញ្ចឹមកូនកាចដូចខ្លា មិនឱ្យតម្លៃទៅលើ ភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ (EQ) ភាពច្នៃប្រឌិត ការគិតបែបស៊ីជម្រៅ (Critical thinking) ភាពម្ចាស់ការលើខ្លួនឯង ការកសាងទំនាក់ទំនង និងជំនាញទន់ដទៃៗទៀត (Soft skills) នោះទេ។ ព្រោះថាក្នុងគំនិតរបស់ពួកគាត់ អ្វីៗទាំងអស់នោះមិនមានសារៈ​សំខាន់ ដើម្បីធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យនោះឡើយ។

ផ្នែកទី៣៖ ផលវិបាក

ប្រាកដហើយថា ការអប់រំតឹងតែងរបស់ឪពុកម្តាយបែបនេះ នឹងធ្វើឱ្យកូនទទួលបានលទ្ធផលល្អក្នុងការសិក្សា ឬចូលក្នុងសាកលវិទ្យាល័យល្បីៗទៀតផងក៏ថាបាន។ ប៉ុន្តែការចិញ្ចឹមកូនដែលតឹងរ៉ឹងជ្រុលហួសហេតុ និងពោរពេញដោយការដាក់ទណ្ឌកម្ម អាចបណ្តាលឱ្យកូនៗ៖

  • ប្រឈមនឹងហានិភ័យខ្ពស់ នៃជំងឺថប់បារម្ភ (Anxiety) ការឱ្យតម្លៃទាប (Low self-esteem) និងជំងឺធ្លាក់ទឹកចិត្ត (Depression)
  • ងាយនឹងមានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន (Psychologically maladjusted)
  • ជួបការលំបាក ក្នុងការធ្វើការសម្រេចចិត្តផ្សេងៗដោយខ្លួនឯង ព្រោះថាការសម្រេចចិត្តពីមុនកើតចេញពីឪពុកម្តាយរបស់ខ្លួន
  • ពិបាកក្នុងការបង្កើតទំនាក់ទំនងស្និតស្នាលជាមួយអ្នកដទៃ និងខ្វះសមត្ថភាពក្នុងការរស់ដោយឯករាជ្យម្ចាស់ការលើខ្លួនឯង
  • មានការភ័យខ្លាចខ្លាំងចំពោះការបង្កើតកំហុស ដូចគ្នានឹងការដែលពួកគេមិនចង់ធ្វើឱ្យឪពុកម្តាយខកបំណងដែរ
  • មានស្មារតីទទួលខុសត្រូវចំពោះកាតព្វកិច្ចមានក្នុងគ្រួសារតិចតួច មានអារម្មណ៍ឯកោដាច់ចេញពីគេកាន់តែខ្លាំង និងរងសម្ពាធខ្លាំងឡើងក្នុងការសិក្សា
  • បង្កើនហានិភ័យខ្ពស់នៃការធ្វើបាបខ្លួនឯង (Self-harm) និងការចង់សម្លាប់ខ្លួន (Suicidal behavior) ជាពិសេសក្នុងចំណោមកុមារ និងមនុស្សវ័យក្មេងក្នុងតំបន់អាស៊ី
  • មានបញ្ហាទាក់ទងនឹងការដាក់វិន័យលើខ្លួនឯង (Self-discipline) ត្រូវការអ្នកដទៃបង្គាប់បញ្ជា ដោយសារតែពួកគេមិនធ្លាប់ត្រូវបានគេបង្រៀនឱ្យចេះកំណត់ព្រំដែន ឬគ្រប់គ្រងខ្លួនឯង ពីព្រោះកន្លងមក រាល់ការរស់នៅរបស់ពួកគេ គឺធ្វើឡើងតាមតែការបង្គាប់បញ្ជារបស់ឪពុកម្តាយតែមួយមុខគត់
ផ្នែកទី៤៖ សរុបសេចក្តី

ជាសរុបមក Tiger Parenting មិនត្រឹមតែជាឪពុកម្តាយផ្តាច់ការប៉ុណ្ណោះទេ គាត់ក៏មានការរំពឹងខ្ពស់លើការទទួលបានលទ្ធផលល្អក្នុងការសិក្សារបស់កូនៗផងដែរ។ ប្រាកដហើយថា ការតឹងរ៉ឹងរបស់គាត់អាចធ្វើឱ្យកូន ទទួលបានលទ្ធផលល្អក្នុងការសិក្សាក៏ពិតមែន ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ កូនៗត្រូវចំណាយតម្លៃមួយយ៉ាងខ្ពស់ គឺពេលវេលាល្អនៅពេលកុមារភាព និងភាពឯករាជ្យម្ចាស់ការលើខ្លួន នៅពេលគាត់ធំពេញវ័យ។

ស្ថានភាពផ្លូវចិត្ត របស់ក្មេងៗ ពេលគេធំពេញវ័យឡើង ក៏ជារឿងមួយគួរឱ្យព្រួយបារម្ភផងដែរ ស្របពេលដែលការសិក្សាស្រាវជ្រាវ បានរកឃើញទំនាក់ទំនងរវាង ការចិញ្ចឹមបីបាច់កូនកាចដូចខ្លានេះ ទៅនឹងជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងការឱ្យតម្លៃលើខ្លួនឯងទាប។ អ្វីដែលគួរឱ្យបារម្ភ គឺហានិភ័យខ្ពស់នៃការធ្វើបាបខ្លួនឯង (Self-harm) និងការចង់សម្លាប់ខ្លួន (Suicidal behavior) ជាពិសេស ពេលកុមារមិនទទួលបាន១០០ពិន្ទុ។

ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីចំណេះដឹងទាក់ទងនឹងការចិញ្ចឹមកូន តាមរយៈបណ្តុំវីដេអូខាងក្រោម៖

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...