Skip to main content

Followers

ជំងឺ Hysteria ដែលដាក់បន្ទុកឱ្យមនុស្សស្រី ឱ្យមានទំនាក់ទំនងភេទ

តើមនុស្សស្រីនៅលីវយូរ ពិតជាកើតមានជំងឺ Hysteria មែនទេ?

តើអ្នកធ្លាប់ឮពាក្យគេនិយាយថា 'ឱ្យតែមនុស្សស្រីនៅលីវ ឬស្រ្តីមេម៉ាយ ច្រើនតែជាមនុស្សឆាប់ខឹង មួរម៉ៅ ឬឆេវឆាវ? នេះជាពាក្យដៀមដាមដល់មនុស្សស្រី ដែលកើតមានរាប់ពាន់ឆ្នាំមកហើយ ដោយសារតែមនុស្សពីបុរាណ មានជំនឿថា មនុស្សស្រីត្រូវការដៃគូដើម្បីដោះស្រាយចំណង់ភេទពីធម្មជាតិរបស់ខ្លួន ឬអាចនិយាយបានម៉្យាងទៀតបានថា មនុស្សស្រីត្រូវការយកប្ដីមកជួយពន្លត់ភ្លើងកំហឹងខាងក្នុងរបស់ខ្លួន។ ការយល់ថាមនុស្សស្រីនៅលីវក្នុងរយៈពេលយូរ អាចធ្វើឱ្យមានអាការៈភ័យខ្លាច មួរម៉ៅ ថប់ដង្ហើម ឬ 'ឆ្កួតអុកឡុក' អ្នកដទៃនេះ ត្រូវបានគេហៅថាជា ជំងឺ Hysteria!

ផ្នែកទី១៖ និយមន័យ និងការយល់ច្រឡំ

Hysteria ជាជំងឺម្យ៉ាងសំដៅទៅដល់ភាពលំបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនក្នុងមួយរយៈពេលខ្លី។ បើអ្នកយល់ឃើញថា មនុស្សស្រីនៅលីវយូរ ជាមនុស្សឆាប់ខឹង ឬមួរម៉ៅគ្រប់ពេលវេលានោះ លោកអ្នកប្រហែលជាមិនមែនជាមនុស្សតែម្នាក់នោះទេ។ អស់រាប់ពាន់ឆ្នាំមកហើយ ដែលការយល់ច្រឡំមួយនេះកើតមានឡើង ដោយសារតែយល់ឃើញថា វាកើតឡើងដោយសារតែមនុស្សស្រីមិនបានរួមភេទ ឬមិនមានទំនាក់ទំនងភេទយូរ។

ជំនឿកើតមានជំងឺមួយនេះ មានឫសគល់ចេញពីគំនិតដែលថា នៅពេលសារពាង្គកាយរបស់ស្រ្តី “ស្បូន” មិនបាន «បំពេញគោលបំណង» របស់ខ្លួន ដែលជាហេតុបង្កឱ្យមានជំងឺផ្សេងៗ។ ជាឧទាហរណ៍ លោក Hippocrates បានអះអាងថា ប្រសិនបើស្ត្រីមិនមានការរួមភេទ និងមិនបានបង្កកំណើត (មានផ្ទៃពោះ) ទេនោះស្បូនរបស់ស្ត្រីនឹងឡើងស្ងួត ហើយចាប់ផ្តើម «ដំណើរស្វែងរកសំណើម» ដែលនឹងធ្វើចលនាបំលាស់ទី ឬកន្តាក់ ដែលជាហេតុធ្វើឱ្យសង្កត់ទៅលើសារពាង្គកាយផ្សេងៗក្នុងខ្លួន។

ជំនឿមួយនេះ កើតមានរហូតដល់សតវត្សទី ១៩ ដែលធ្វើឱ្យគ្រូពេទ្យមួយចំនួននៅតែយល់ថា ការរៀបការ ឬការមានសកម្មភាពផ្លូវភេទ គឺជាវិធីដែលអាចព្យាបាលជំងឺ Hysteria។ វាធ្វើឱ្យស្ត្រីដែលនៅលីវ ឬស្ត្រីមេម៉ាយជួនកាល ត្រូវបានគ្រូធ្វើការណែនាំឱ្យមានទំនាក់ទំនងភេទថែមទៀតផង។ វិធីសាស្ត្រនេះ បានបង្ខំឱ្យស្ត្រីរស់នៅតាមការរំពឹងទុករបស់សង្គម ទាំងផ្នែកតួនាទី និងសកម្មភាពផ្លូវភេទ។

ផ្នែកទី២៖ ប្រវត្តិសាស្ត្រ និងដំណើរវិវឌ្ឍ

១. សម័យអេហ្ស៊ីប និងក្រិកបុរាណ៖ គេបានរកឃើញកំណត់ត្រានៅប្រហែលឆ្នាំ ១៩០០ មុន គ.ស។ លោក Hippocrates យល់ថាការខ្វះសកម្មភាពផ្លូវភេទ បណ្ដាលឱ្យមានការកកស្ទះ "សារធាតុរាវមានជាតិពុល" ដែលបណ្តាលឱ្យស្បូន "ធ្វើដំណើរចុះឡើង" ក្នុងខ្លួនដើម្បីរកសំណើម បង្កឱ្យមានអាការៈថប់បារម្ភ ញ័រខ្លួន ប្រកាច់ និងពិការ។
២. អំឡុងមជ្ឈិមសម័យ (Middle Ages)៖ មនុស្សជំនាន់នោះលែងចាត់ទុកជាបញ្ហាសុខភាពតែមួយមុខទៀតហើយ តែពួកគេជឿថាបណ្ដាលមកពី "វិញ្ញាណអាក្រក់ ឬបញ្ហាអាបធ្មប់"។ ជាលទ្ធផល ស្រ្តីរាប់ពាន់នាក់ត្រូវបានកាត់ទោសប្រហារជីវិតក្រោមបទចោទប្រកាន់ថាជា "មេធ្មប់" តាមរយៈការធ្វើទារុណកម្មឱ្យសារភាព។
៣. សតវត្សទី ១៧ ដល់ ១៩៖ សហគមន៍វេជ្ជសាស្ត្រចាប់ផ្ដើមបោះបង់ទ្រឹស្ដី "ស្បូនធ្វើដំណើរ" ហើយងាកមកផ្ដោតលើ ប្រព័ន្ធប្រសាទ។ លោក Willis និង Thomas Sydenham បានកត់សម្គាល់ថាវាពាក់ព័ន្ធនឹងខួរក្បាល។ ចំណែកលោក Jean-Martin Charcot បានបង្ហាញថាជំងឺនេះក៏កើតមានលើបុរសដែរ។

ផ្នែកទី៣៖ ទស្សនៈចិត្តវិភាគ (Sigmund Freud)

លោក Sigmund Freud បានបង្វែរការយល់ដឹងពីផ្នែករាងកាយ មកជាទ្រឹស្ដីតាមបែបចិត្តសាស្ត្រវិញ៖

- ការពន្យល់ទ្រឹស្តីបញ្ច្រាស៖ លោក Freud បកស្រាយថាគឺជំងឺ Hysteria នេះឯងដែលធ្វើឱ្យស្ត្រីមិនអាចមានផ្ទៃពោះបាន (មិនមែនមកពីការមិនមានផ្ទៃពោះ ទើបកើតជំងឺនោះទេ)។
- វិបត្តិអ៊ីឌីភីស (Oedipal Conflict)៖ ជាជំងឺដែលមានឫសគល់ពីការមិនបានទទួលការវិវឌ្ឍថាមពលភេទ (Libido) ដែលឈានទៅរកជម្លោះផ្លូវចិត្តក្នុងគ្រួសារ។
- ការបញ្ចេញថាមពល Libido៖ រោគសញ្ញាខាងក្រៅគឺជាគោលបំណងដើម្បី "បញ្ចេញ" ថាមពលផ្លូវភេទដែលត្រូវបានសង្កត់ទុកក្នុងចិត្ត។
- ការទទួលស្គាល់លើបុរស៖ ជួយឱ្យមានការទទួលស្គាល់ថា ជំងឺ Hysteria ក៏កើតមានទៅលើបុរសផងដែរ ព្រោះវាជាបញ្ហាផ្លូវចិត្ត មិនមែនបញ្ហាស្បូន។

ផ្នែកទី៤៖ ចិត្តសាស្ត្រសម័យទំនើប

បច្ចុប្បន្ន ជំងឺ Hysteria ត្រូវបានជំនួសដោយរោគវិនិច្ឆ័យ «ជំងឺធ្លាក់ទឹកចិត្ត» និង «ជំងឺថប់បារម្ភ»។ វាត្រូវបានលុបឈ្មោះចេញពីសៀវភៅ DSM-III (១៩៨០) និង DSM-5 ព្រោះអ្នកជំនាញយល់ថាវាជាកំហុសឆ្គងផ្នែកវេជ្ជសាស្ត្រ និងការរើសអើងលើស្ត្រីកាលពីអតីតកាល។

រោគសញ្ញាទាំងនោះត្រូវបានបែងចែកចូលក្នុងប្រភេទជំងឺថ្មីៗដូចជា Dissociative Disorders និង Conversion Disorders (ការបំប្លែងបញ្ហាផ្លូវចិត្តឱ្យទៅជារោគសញ្ញាលើរាងកាយ) ដែលមានលក្ខណៈវិទ្យាសាស្ត្រជាងមុន។

ផ្នែកទី៥៖ សរុបសេចក្តី

ការឈប់ចាត់ថ្នាក់ជំងឺនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតពី «បញ្ហាជីវសាស្ត្រស្ត្រី» មកជាបញ្ហាផ្លូវចិត្ត ឬប្រព័ន្ធប្រសាទដែលអាចកើតមានលើមនុស្សគ្រប់រូប។ ប្រវត្តិសាស្ត្រនៃជំងឺ Hysteria តំណាងឱ្យការរើសអើងផ្នែកវេជ្ជសាស្ត្រលើមនុស្សស្រីរាប់ពាន់ឆ្នាំ ជាជាងការបង្ហាញពីការពិតជាក់ស្ដែងផ្នែកជីវសាស្ត្រ។

ដូចនេះហើយនៅពេលឃើញ មនុស្សម្នាក់នៅលីវ ឬ មិនមានទំនាក់ទំនងដៃគូ ជាមួយនឹងអ្នកដទៃ មិនមែនគាត់កើតមានជំងឺនោះទេ គាត់អាចមានបញ្ហាផ្លូវចិត្តដទៃៗទៀត ដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់ក្នុងការជួយ។

ធនធានវីដេអូសិក្សាបន្ថែម

សូមស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ និងចំណេះដឹងសុខភាពផ្លូវចិត្ត តាមរយៈបណ្តុំវីដេអូខាងក្រោម៖

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...