Skip to main content

Followers

ជំនឿតៗគ្នាពីជំងឺចិត្តវិកលរ៉ាំរ៉ៃ

ការពិត និងជំនឿតៗគ្នាពីមនុស្សវិកលចរិត

ការពិត និងជំនឿតៗគ្នាពីមនុស្សវិកលចរិត

នៅពេលឮពាក្យថា "មនុស្សឆ្កួត" មនុស្សភាគច្រើនតែងតែស្រមៃឃើញរូបភាពបុគ្គលដែលមានសក់កន្ត្រើងរញ៉េរញ៉ៃ ក្លិនខ្លួនមិនល្អ និងដើរស្រែកឡូឡាតាមដងផ្លូវ ឬជាមនុស្សគ្រោះថ្នាក់។ ប៉ុន្តែការពិតគឺ៖ មនុស្សដែលមានជំងឺផ្លូវចិត្ត ជាពិសេសអ្នកមានជំងឺចិត្តវិកលរ៉ាំរ៉ៃ (Schizophrenia) ភាគច្រើន គឺជាជនរងគ្រោះនៃ “ការរើសអើង” និង “ការយល់ច្រឡំ” ទៅវិញនោះទេ។

ខ្សែភាពយន្ត និងកម្មវិធីមួយចំនួន បានបង្កើតរូបភាពអវិជ្ជមាន ធ្វើឱ្យមនុស្សជាច្រើនជឿថា៖ អ្នកជំងឺផ្លូវចិត្តជាមនុស្សគ្រោះថ្នាក់, មិនអាចធ្វើការងារចិញ្ចឹមជីវិតបានទេ, មិនអាចរស់នៅក្នុងជីវិតធម្មតា ឬពេលខ្លះមិនអាចព្យាបាលឱ្យជាសះស្បើយបាននោះឡើយ។

ផ្នែកទី១៖ អ្វីទៅជាជំងឺចិត្តវិកលរ៉ាំរ៉ៃ?

មុនពេលយើងវិនិច្ឆ័យ ឬដាក់ស្លាកលើនរណាម្នាក់ យើងគួរយល់ជាមុនសិនថា តើជំងឺចិត្តវិកលរ៉ាំរ៉ៃ (Schizophrenia) ជាអ្វី? ជំងឺនេះគឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយ ដែលប៉ះពាល់ដល់ការគិត អារម្មណ៍ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់។

អ្នកជំងឺមានការ៖

  • ឮសំឡេងដែលមិនមានពិត (Auditory Hallucinations)
  • មើលឃើញរូបភាពដែលមិនមាននៅជុំវិញខ្លួន (Visual Hallucinations)
  • មានការភាន់ច្រឡំរវាង “ការពិត” និង “រូបភាពបំភាន់” (Delusions)
  • ពិបាកក្នុងការសម្រេចចិត្ត និងគ្រប់គ្រងអារម្មណ៍

ដោយសារតែហេតុនេះហើយ ទើបធ្វើឱ្យបុគ្គលមានជំងឺ មានការលំបាកយ៉ាងខ្លាំងក្នុងការបែងចែកថា “តើអ្វីដែលខ្លួនស្តាប់ឮ ឬមើលឃើញនោះ ជាការពិត ឬជារូបភាពបំភាន់” អ្នកជំងឺប្រភេទនេះ ក៏ប៉ះពាល់ទៅដល់សមត្ថភាពក្នុងការគិត ការធ្វើសេចក្តីសម្រេចចិត្ត និងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផងដែរ។

📌 ចំណាំ៖ មានពេលខ្លះ អ្វីដែលធ្វើឱ្យអ្នកជំងឺឈឺចាប់ ប្រហែលមិនមែនជារោគសញ្ញាកើតមានលើពួកគាត់នោះទេ ប៉ុន្តែគឺ “ការរើសអើង” និង “ការមិនយល់” ពីសង្គម និងសហគមន៍ដែលខ្លួនរស់នៅទៅវិញនោះទេ។

ផ្នែកទី២៖ ជំនឿតៗគ្នា និងការពិត

(សូមចុចលើចំណុចនីមួយៗខាងក្រោម ដើម្បីអានការពិត)

ជំនឿតៗគ្នាទី១៖ ជំងឺនេះមិនអាចព្យាបាលឱ្យជាសះស្បើយបាននោះទេ
💡 ការពិត៖

ទោះបីជាបច្ចុប្បន្ន មិនទាន់មានវិធីព្យាបាលជំងឺចិត្តវិកលរ៉ាំរ៉ៃ ឱ្យជាដាច់ ១០០% ក៏ដោយ ក៏ការព្យាបាលអាចជួយឱ្យអ្នកជំងឺគ្រប់គ្រងរោគសញ្ញា និងកាត់បន្ថយផលប៉ះពាល់នៃជំងឺមកទៅលើជីវិតបានយ៉ាងច្រើនផងដែរ។ ថ្នាំប្រភេទ Antipsychotics អាចជួយឱ្យស្ថានភាពមានលំនឹង។ ក្រៅពីថ្នាំ ការប្រឹក្សាផ្លូវចិត្ត និងការព្យាបាលតាមបែបពុទ្ធីអាកប្បកិរិយា (CBT) ក៏ជាឧបករណ៍ដ៏ល្អ។ ដូចគ្នានឹងជំងឺរ៉ាំរ៉ៃដទៃៗទៀតដូចជា ជំងឺទឹកនោមផ្អែម ពេលទទួលបានការថែទាំត្រឹមត្រូវ ពួកគាត់អាចរស់នៅក្នុងជីវភាពជាធម្មតារបស់ខ្លួនបាន។

ជំនឿតៗគ្នាទី២៖ យល់ច្រឡំជំងឺចិត្តវិកលរ៉ាំរ៉ៃ ជាមួយនឹងជំងឺផ្លូវចិត្តដទៃទៀត
💡 ការពិត៖

ការយល់ច្រឡំមួយ គឺគិតថា “Schizophrenia” មានន័យថា មនុស្សម្នាក់មានចរិតលក្ខណៈពីរ ឬច្រើនក្នុងខ្លួនរបស់មនុស្សម្នាក់។ តាមពិតទៅ នេះគឺជាជំងឺខុសគ្នាទាំងស្រុងពីជំងឺដែលមានចរិតលក្ខណៈពីរ ដែលគេហៅថា Dissociative Identity Disorder (DID)។ រោគសញ្ញាទូទៅបំផុតនៃជំងឺចិត្តវិកលរ៉ាំរ៉ៃ គឺមានការភាន់គំនិត (Delusions) និងមមាល (Hallucinations) ដូចជាឮសំឡេងក្នុងក្បាល ដែលខុសគ្នាស្រឡះពីជំងឺ DID។

ជំនឿតៗគ្នាទី៣៖ អ្នកមានជំងឺចិត្តវិកលរ៉ាំរ៉ៃភាគច្រើនជាអ្នកបង្កអំពើហិង្សា ឬជាមនុស្សគ្រោះថ្នាក់
💡 ការពិត៖

នៅក្នុងភាពយន្តតែងតែបង្ហាញអ្នកជំងឺផ្លូវចិត្តជាឃាតករ ប៉ុន្តែនៅក្នុងជីវិតពិតវាមិនមែនដូចអ្វីដែលបានមើលនោះទេ។ បើទោះបីជាអ្នកជំងឺអាចធ្វើសកម្មភាពមួយចំនួនដែលមិនអាចស្មានបានក៏ដោយ ក៏ភាគច្រើនគាត់មិនមានអំពើហិង្សានោះទេ ជាពិសេសនៅពេលពួកគាត់បានទទួលបានការព្យាបាលត្រឹមត្រូវ។ ផ្ទុយទៅវិញ ពួកគាត់ច្រើនតែក្លាយជា “ជនរងគ្រោះ” នៃការរើសអើង ការបដិសេធ និងអំពើហិង្សាពីសង្គមទៅវិញ។

ជំនឿតៗគ្នាទី៤៖ ការចិញ្ចឹមបីបាច់មិនបានល្អជាមូលហេតុបង្កជំងឺ
💡 ការពិត៖

ពាក្យថា «កូនឆ្កួត ព្រោះម្តាយចិញ្ចឹមមិនល្អ» ជាពាក្យដែលបានធ្វើឱ្យគ្រួសារជាច្រើនឈឺចាប់ ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់។ ការពិតគឺថាជំងឺនេះមិនមែនបង្កឡើងដោយ “ការចិញ្ចឹមកូនមិនល្អ” តែមួយមុខនោះទេ។ វាអាចពាក់ព័ន្ធនឹង ហ្សែន, ការប៉ះទង្គិចផ្លូវចិត្ត, ការប្រើប្រាស់សារធាតុញៀន, និងកត្តាបរិស្ថាន។ សូមកុំដាក់ស្លាកលើគ្រួសារអ្នកជំងឺ ដែលបង្កើតជាសម្ពាធផ្លូវចិត្តបន្ថែម។

ជំនឿតៗគ្នាទី៥៖ បើសិនជាឪពុកម្តាយមានជំងឺ អ្នកនឹងមានជំងឺនេះដែរ
💡 ការពិត៖

នេះគឺជា “ជំនឿខុស”។ បើទោះបីជា “ហ្សែន” មានតួនាទី ក៏វាមិនមែនមានន័យថា អ្នក “ប្រាកដជា” នឹងកើតជំងឺនេះនោះដែរ។ អ្នកដែលមានឪពុក ឬម្តាយកើតជំងឺនេះ អាចមាន “ហានិភ័យខ្ពស់ជាង” មនុស្សទូទៅបន្តិចប៉ុន្តែមិនមែនជាការកំណត់ថា “នឹងកើតជំងឺ” ដាច់ខាតនោះទេ។ ការយល់ខុសថាជំងឺនេះកើតចេញពី “តំណពូជ” សុទ្ធសាធ អាចធ្វើឱ្យគ្រួសាររងសម្ពាធដោយមិនចាំបាច់។

ជំនឿតៗគ្នាទី៦៖ មនុស្សដែលកើតមានជំងឺចិត្តវិកលរ៉ាំរ៉ៃ “មិនឆ្លាត” នោះទេ
💡 ការពិត៖

អ្នកមានជំងឺនេះ អាចមានការលំបាកខ្លះៗក្នុងការផ្ចង់អារម្មណ៍ ការចងចាំ ឬការរៀនសូត្រ ប៉ុន្តែវា “មិនមានន័យថា” ពួកគាត់មិនឆ្លាតនោះទេ។ មនុស្សឆ្លាត និងមានភាពច្នៃប្រឌិតជាច្រើនក្នុងប្រវត្តិសាស្ត្រ ក៏ធ្លាប់រស់នៅជាមួយជំងឺនេះដែរ ឧទាហរណ៍៖ លោក John Nash អ្នកគណិតវិទ្យាដ៏ល្បីល្បាញ និងជាម្ចាស់ពានរង្វាន់ណូបែល។

ជំនឿតៗគ្នាទី៧៖ ត្រូវតែចូលទៅរស់នៅក្នុងមន្ទីរពេទ្យវិកលចរិតដាច់ដោយឡែក
💡 ការពិត៖

ពីមុន អ្នកជំងឺផ្លូវចិត្តជាច្រើនត្រូវបានបញ្ជូនទៅដាក់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែបច្ចុប្បន្ន ការយល់ដឹងបានផ្លាស់ប្តូរច្រើនហើយ។ មនុស្សភាគច្រើន មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យរយៈពេលវែងនោះទេ ពួកគេអាចធ្វើការ រៀនសូត្រ និងរស់នៅក្នុងសង្គមបាន ប្រសិនបើទទួលបានការព្យាបាល និងការគាំទ្រត្រឹមត្រូវពីសហគមន៍។

ជំនឿតៗគ្នាទី៨៖ អ្នកជំងឺមិនអាចបំពេញការងារអ្វីបានទេ
💡 ការពិត៖

ប្រាកដហើយថា ជំងឺនេះអាចធ្វើឱ្យពួកគាត់ជួបការលំបាកខ្លះៗ ប៉ុន្តែប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ មានការគាំទ្រពីគ្រួសារ និងកន្លែងការងារ ព្រមទាំងមានបរិយាកាសដែលមិនរើសអើង មនុស្សជាច្រើននៅតែអាចមានការងារ, មានជំនាញ និងរស់នៅដោយមានតម្លៃក្នុងសង្គមបាន។ ជំងឺផ្លូវចិត្ត មិនបានកំណត់សមត្ថភាព ឬអនាគតរបស់មនុស្សម្នាក់ឡើយ។

ជំនឿតៗគ្នាទី៩៖ ជំងឺនេះធ្វើឱ្យមនុស្សក្លាយជាមនុស្សខ្ជិលច្រអូស
💡 ការពិត៖

ពាក្យថា «គាត់ខ្ជិលណាស់…» អាចធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្តឈឺចាប់។ តាមពិតទៅ ជំងឺនេះអាចប៉ះពាល់ដល់ថាមពល ការផ្ចង់អារម្មណ៍ និងសមត្ថភាពក្នុងការបំពេញកិច្ចការ។ អាការៈទាំងនេះ គឺជាផ្នែកមួយនៃរោគសញ្ញាជំងឺ មិនមែនជាកង្វះឆន្ទៈ ឬភាពខ្ជិលនោះទេ។ អ្វីដែលពួកគាត់ត្រូវការបំផុត គឺការគាំទ្រ ការយល់ចិត្ត មិនមែនការស្តីបន្ទោសទេ។

ជំនឿតៗគ្នាទី១០៖ ជំងឺនេះផ្ទុះឡើងអាការៈផ្សេងៗភ្លាមៗមួយរំពេច
💡 ការពិត៖

រោគសញ្ញាជាច្រើន ច្រើនតែចាប់ផ្តើម “ស្ងប់ស្ងាត់” និង “បន្តិចម្តងៗ”។ សញ្ញាដំបូងៗ អាចមានដូចជា៖ មិនសូវចង់ជួបមនុស្ស, លែងចូលចិត្តអ្វីដែលធ្លាប់ចូលចិត្ត, បាត់បង់ការផ្ចង់អារម្មណ៍ និងគិតច្រើនខុសធម្មតា មុននឹងឈានដល់ការមមាល។ ការសង្កេតឃើញឆាប់ និងការទទួលបានជំនួយទាន់ពេលវេលា អាចជួយឱ្យអ្នកជំងឺមានស្ថានភាពប្រសើរឡើងបាន។

ផ្នែកទី៣៖ សរុបសេចក្តី

ជាសរុបមក ជំងឺចិត្តវិកលរ៉ាំរ៉ៃ ឬ Schizophrenia ដូចជាជំងឺដទៃៗទៀតដែរ នៅពេលទទួលបានការថែទាំត្រឹមត្រូវ ជំងឺមួយនេះអាចគ្រប់គ្រងបាន ដោយមិនចាំបាច់ក្នុងការដាក់អ្នកជំងឺឱ្យដាច់ដោយឡែកពីអ្នកដទៃនោះទេ។ មានតែអ្នកជំនាញឯកទេសប៉ុណ្ណោះ ទើបអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។ ការជួយបុគ្គលមានជំងឺផ្លូវចិត្ត ទទួលបានការព្យាបាលសមស្រប នឹងជួយជីវិតមនុស្សម្នាក់ឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។

❤️

“សូមរួមគ្នាលុបបំបាត់ការដាក់ស្លាកខុសៗគ្នាលើអ្នកជំងឺផ្លូវចិត្ត ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ដើម្បីជួយឱ្យសហគមន៍របស់យើងក្លាយជាកន្លែងដែលពោរពេញដោយក្តីស្រឡាញ់ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។”

ឯកសារយោង

Watson, S. (2025, April 13). Schizophrenia myths and facts. WebMD. Retrieved May 10, 2026, from https://www.webmd.com/schizophrenia/schizophrenia-myths-and-facts

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...