Skip to main content

Followers

តើអ្វីទៅជា ADHD?

តើអ្វីទៅជា ADHD?

តើអ្វីទៅជា ADHD?

មានការបង្ហោះមួយលើបណ្តាញសង្គមមួយនិយាយថា “ខ្ញុំមានបញ្ហា ADHD ធ្ងន់ធ្ងរ រហូតក្លាយទៅជា AD4K” ហើយ។ នេះជាពាក្យនិយាយលេងលើបណ្តាញសង្គម ហើយការនិយាយលេងនេះឆ្លុះបញ្ចាំងពីការពិបាកផ្ដោតអារម្មណ៍ ឬការមិនអាចនៅស្ងៀមរបស់មនុស្សនាសម័យបច្ចុប្បន្ននេះ។ ចុះតើលោកអ្នកដឹងទេថា តើ ADHDជាអ្វីឱ្យប្រាកដ? ADHD ត្រូវបានគេចាត់ទុកថាជាប្រភេទនៃជំងឺផ្លូវចិត្តម្យ៉ាង ដែលជាប់ពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ។ ជំងឺ ADHD ដែលធ្វើការពន្យល់និងបកស្រាយជាការសង្ខេប ចេញពី ICD-11

ផ្នែកទី១៖ និយមន័យជំងឺ ADHD

ជំងឺ ADHD គឺជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលសម្គាល់ដោយអាការៈកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលយ៉ាងតិច ៦ ខែជាប់ៗគ្នានូវកង្វះការផ្ចង់អារម្មណ៍ (មិនសូវយកចិត្តទុកដាក់លើអ្វីមួយ) និង/ឬ ភាពសកម្មជ្រុល ឬការធ្វើអ្វីតាមសន្ទុះចិត្ត (Hyperactivity-impulsivity)។ អាការៈទាំងនេះជះឥទ្ធិពលជាលក្ខណៈអវិជ្ជមានដោយផ្ទាល់ទៅលើសមត្ថភាពនៃការសិក្សា សមត្ថភាពបំពេញការងារ ឬការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនៅជុំវិញខ្លួនរបស់អ្នកជំងឺ។ ក្នុងនោះការកំណត់ថាមនុស្សម្នាក់មានជំងឺនេះ មានរោគសញ្ញាស្នូលធំចំនួន៣ គឺកង្វះការផ្ចង់អារម្មណ៍, ភាពសកម្មជ្រុល និងធ្វើតាមសន្ទុះចិត្តរបស់ខ្លួន។

ជំងឺ ADHD ច្រើនរកឃើញលើក្មេងប្រុសច្រើនជាងក្មេងស្រី ព្រោះក្មេងប្រុសច្រើនលេចធ្លោខាងភាពរពឹសខ្លាំង។ ផ្ទុយទៅវិញ មនុស្សស្រីជួបប្រទះទម្រង់ 'ចិត្តអណ្តែតអណ្តូង' ច្រើនជាង។ ជិតពាក់កណ្តាលនៃកុមារដែលមានជំងឺនេះ នឹងបន្តបង្ហាញរោគសញ្ញារហូតដល់វ័យជំទង់ និងមនុស្សពេញវ័យ។

ចំណាំ៖ កម្រិតនៃអាការៈ និងការបង្ហាញចេញនៃរោគសញ្ញាស្នូលទាំងនេះ គឺមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវាក៏អាចផ្លាស់ប្តូរទៅតាមការចម្រើនវ័យ និងដំណាក់កាលនៃការលូតលាស់របស់បុគ្គលម្នាក់ៗផងដែរ។ដើម្បីអាចធ្វើរោគវិនិច្ឆ័យបាន អាការៈទាំងនេះត្រូវតែកើតមានជាប់ជាប្រចាំយ៉ាងហោចណាស់ ៦ ខែ បង្ហាញឡើងនៅគ្រប់ស្ថានភាព ឬទីកន្លែងខុសៗគ្នា (ដូចជា នៅផ្ទះ សាលារៀន កន្លែងធ្វើការ) និងហួសពីដែនកំណត់ធម្មតាតាមអាយុរបស់បុគ្គលនោះ។

ផ្នែកទី២៖ រោគសញ្ញាស្នូលទាំង ៣

រោគសញ្ញាសំខាន់ទី១៖ ខ្វះការផ្ចង់អារម្មណ៍ (Inattention) អាការៈនេះ សំដៅដល់ការលំបាកយ៉ាងខ្លាំងក្នុងការរក្សាការផ្តោតអារម្មណ៍ទៅលើកិច្ចការអ្វីមួយ បើទោះបីជាកិច្ចការនោះ ជាកិច្ចការសាមញ្ញៗ ដូចជាជជែកជាមួយគ្នារហូតដល់ចប់ ឬអង្គុយស្ងៀមស្តាប់គ្រូជាដើម។ អ្នកមានជំងឺប្រភេទនេះ ងាយនឹងបែកអារម្មណ៍ដោយសារតែ ការរំញោចពីខាងក្រៅ ឬគំនិតរវើរវាយ។ អាការៈអាចបង្ហាញឱ្យមានដូចជា៖

· ខ្វះការយកចិត្តទុកដាក់លើចំណុចលម្អិត៖ងាយបង្កើតកំហុសដោយសារការធ្វេសប្រហែសនៅក្នុងកិច្ចការសាលា ឬការងារ និងធ្វើកិច្ចការអ្វីមួយមិនចប់ចុងចប់ដើម។
· ងាយបែកអារម្មណ៍៖ងាយទទួលរងការរំខានចិត្តដោយសារតែការរំញោចពីខាងក្រៅ ឬដោយសារគំនិតរវើរវាយផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងកិច្ចការនៅចំពោះមុខ។
· អារម្មណ៍រវើរវាយច្រើន៖នៅពេលសន្ទនាជាមួយគ្នា ពួកគេមិនបានស្តាប់ការសន្ទនាគ្នានោះទេហើយឧស្សាហ៍អង្គុយស្រមើស្រមៃ ឬមានអារម្មណ៍អណ្តែតអណ្តូងទៅកន្លែងផ្សេង។
· ភ្លេចភ្លាំង និងខ្វះរបៀបរៀបរយ៖ឧស្សាហ៍ធ្វើឱ្យបាត់បង់របស់របរប្រើប្រាស់ ភ្លេចភ្លាំងច្រើនក្នុងការរស់នៅប្រចាំថ្ងៃ និងពិបាកចងចាំក្នុងការបំពេញកិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដែលត្រូវធ្វើ។
· ពិបាករៀបចំផែនការ៖ជួបការលំបាកខ្លាំងក្នុងការរៀបចំផែនការ ធ្វើការគ្រប់គ្រង និងចាត់ចែងកិច្ចការងារ ឬសកម្មភាពផ្សេងៗទៀតឱ្យមានរបៀបរៀបរយ។

រោគសញ្ញាសំខាន់ទី២ សកម្មជ្រុល (Hyperactivity) សំដៅលើការមានសកម្មភាពខាងផ្នែករាងកាយខ្លាំងហួសប្រមាណ និងមានការលំបាកក្នុងការនៅស្ងៀមមួយកន្លែង។ ចំពោះកុមារតូចៗ ពួកគាត់ចូលចិត្តរត់ចុះឡើង ឬក្រោកចេញពីកៅអីខ្លួនអង្គុយជាញឹកញាប់ ហើយក្មេងៗខ្លះនិយាយច្រើនខ្លាំងហួសប្រមាណ។ ចំណែកយុវវ័យ និងមនុស្សពេញវ័យ ច្រើនមានអាការៈស្តែងចេញជា 'អារម្មណ៍ជ្រួលច្របល់ រសាប់រសល់ ឬនៅមិនសុខក្នុងខ្លួន' នៅពេលតម្រូវឱ្យនៅស្ងៀមមួយកន្លែង។ អាការៈជាក់ស្តែងរួមមាន៖

· មានចលនារាងកាយខ្លាំងហួសប្រមាណ៖ចូលចិត្តក្រោកដើរចេញពីកៅអីអង្គុយក្នុងពេលដែលគេតម្រូវឱ្យអង្គុយស្ងៀម ឬឧស្សាហ៍រត់ចុះឡើង។
· នៅមិនសុខ៖ជួបការលំបាកក្នុងការអង្គុយស្ងៀមមួយកន្លែងដោយធ្វើឱ្យដៃជើងរវៀម (ចំពោះកុមារតូចៗ) ឬមានអារម្មណ៍ជ្រួលច្របល់មិនស្រណុកក្នុងខ្លួនខ្លាំងនៅពេលតម្រូវឱ្យនៅស្ងៀម (ចំពោះយុវវ័យ និងមនុស្សពេញវ័យ)។
· និយាយច្រើន និងពិបាកចូលរួមសកម្មភាពស្ងប់ស្ងាត់៖មានការលំបាកក្នុងការលេង ឬចូលរួមក្នុងសកម្មភាពកម្សាន្តផ្សេងៗដោយស្ងប់ស្ងាត់ និងមានទម្លាប់និយាយច្រើនហួសប្រមាណ។

រោគសញ្ញាសំខាន់ទី៣ ការធ្វើតាមសន្ទុះចិត្ត (Impulsivity) សំដៅទៅដល់ការមានទំនោរធ្វើសកម្មភាពណាមួយភ្លាមៗមួយរំពេចដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចង់បាន ឬគ្រឿងរំញោចនៅចំពោះមុខ ដោយគ្មានការពិចារណាឱ្យបានដិតដល់ ឬខ្វល់ខ្វាយពីហានិភ័យ និងផលវិបាកដែលនឹងកើតឡើងនៅពេលក្រោយនោះឡើយ។ អាការៈជាក់ស្តែងរួមមាន៖

· ធ្វើអ្វីៗភ្លាមៗដោយមិនគិត៖ធ្វើសកម្មភាពភ្លាមៗតាមចិត្តចង់ (ឧទាហរណ៍៖ ឃើញនំខេក រត់ទៅញ៉ាំភ្លាមៗដោយមិនអាចរង់ចាំច្រៀង និងអបអរ) ឬធ្វើការសម្រេចចិត្តដោយតក់ក្រហល់។
· និយាយកាត់ ឬអត់ធ្មត់រង់ចាំមិនបាន៖ចូលចិត្តឆ្លើយកាត់គេឯងនៅសាលារៀន ឬនិយាយកាត់ពេលពិភាក្សាគ្នានៅកន្លែងធ្វើការ។ ពួកគាត់មានការពិបាកក្នុងការរង់ចាំដល់វេនរបស់ខ្លួនពេលនិយាយ ពេលលេងហ្គេម ឬពេលធ្វើសកម្មភាពផ្សេងៗ ព្រមទាំងចូលទៅរំខាន់ចង្វាក់សន្ទនាឬការលេងរបស់អ្នកដទៃ។
· ប្រឈមនឹងគ្រោះថ្នាក់៖មានទំនោរធ្វើសកម្មភាពប្រថុយប្រថានដែលអាចបង្កឱ្យមានរបួសស្នាមលើរាងកាយ ឬបើកបរដោយប្រថុយប្រថាននឹងគ្រោះថ្នាក់។

តើអ្វីទៅជា “គ្រឿងរំញោច”? គ្រឿងរំញោច អាចមានដូចជា៖

· សំឡេងក្រៅថ្នាក់៖ឧ. សំឡេងម៉ូតូ មិត្តភក្តិនិយាយ ឬសំឡេងទូរស័ព្ទ
· អ្វីដែលមើលឃើញជុំវិញ៖ឧ. មិត្តដើរ កង្ហារវិល អ្នកណាម្នាក់ធ្វើចលនា
· គំនិតក្នុងខួរក្បាលខ្លួនឯង៖ឧ. ស្រាប់តែនឹកឃើញហ្គេម អាហារ ឬរឿងវីដេអូដែលខ្លួនបានមើល

រោគសញ្ញាកង្វះការផ្ចង់អារម្មណ៍ ភាពសកម្មជ្រុល និងការធ្វើតាមសន្ទុះចិត្ត អាចកើតមានឡើងជាទូទៅលើកុមារ ក្មេងវ័យជំទង់ និងមនុស្សពេញវ័យជាច្រើន ជាពិសេសនៅក្នុងអំឡុងដំណាក់កាលលូតលាស់ណាមួយ។

ផ្នែកទី៣៖ ទំនាក់ទំនងជាមួយជំងឺផ្លូវចិត្តដទៃៗទៀត

ជំងឺ ADHD មិនមែនជាបញ្ហាសាមញ្ញដែលអាចវិនិច្ឆ័យបានយ៉ាងងាយនោះទេ។ មូលហេតុពិតប្រាកដ និងរោគសញ្ញារបស់វាមានភាពស្មុគស្មាញខ្ពស់។

🧬 កត្តានៃការកកើតទាក់ទងយ៉ាងជិតស្និទ្ធនឹង កត្តាតំណពូជ, បរិស្ថានរស់នៅ, ការវិវត្តប្រព័ន្ធប្រសាទ និង កត្តាផ្លូវចិត្ត។
🧩 រោគសញ្ញាស្រដៀងគ្នារោគសញ្ញាអាចត្រួតស៊ីគ្នាទៅនឹង ជំងឺអូទីស្សឹម (Autism), ជំងឺ Bipolar, ជំងឺថប់បារម្ភ និងជំងឺភ័យខ្លាច
⚠️ ស្ថានភាពបរិស្ថាន និងការទាមទារកុមារធម្មតាដែលមិនមានជំងឺ ADHD សោះ ក៏អាចបង្ហាញចេញនូវអាការៈខ្វះការផ្ចង់អារម្មណ៍ ឬអង្គុយមិនសុខផងដែរ ប្រសិនបើបរិយាកាសជុំវិញមានការទាមទារខ្ពស់ពេក។ ឧទាហរណ៍៖ ប្រសិនបើក្មេងអាយុ ៦ ឆ្នាំ ត្រូវបានបង្ខំឱ្យអង្គុយរៀនគុណលេខរយៈពេល ២ ម៉ោងពេញដោយគ្មានការសម្រាក គាត់ប្រាកដជាចាប់ផ្តើមធុញទ្រាន់។ នេះមិនមែនជាជំងឺ ADHD នោះទេ តែវាជាការឆ្លើយតបធម្មតារបស់រាងកាយ។
🚫 កត្តារូបរាងកាយដែលអាច “បន្លំ” ធ្វើជារោគសញ្ញា៖ស្ថានភាពរាងកាយ ការប្រើប្រាស់គ្រឿងស្រវឹង បារី កញ្ឆា ថ្នាំពេទ្យមួយចំនួន ជំងឺជាតិស្ករក្នុងឈាមទាប (Hypoglycemia) ក្រពេញទីរ៉ូអ៊ីត ឬវិបល្លាសដំណេក សុទ្ធតែជះឥទ្ធិពលដល់ដំណើរការខួរក្បាល មើលទៅស្រដៀងនឹង ADHD ទាំងស្រុង។ គ្រូពេទ្យជំនាញត្រូវតែពិនិត្យប្រវត្តិឱ្យបានច្បាស់លាស់បំផុត។
ផ្នែកទី៤៖ សរុបសេចក្តី

ដូចដែលអ្នកបានឃើញហើយ សុខភាពផ្លូវចិត្តមានភាពស្មុគស្មាញណាស់។ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ ADHD ឱ្យបានត្រឹមត្រូវ លុះត្រាតែរោគសញ្ញានោះកើតមានគ្រប់ស្ថានភាព (ទាំងនៅផ្ទះ សាលារៀន ឬកន្លែងធ្វើការ) និងត្រូវប្រាកដថាមិនមែនបង្កឡើងដោយស្ថានភាពដទៃឡើយ។ មានតែ គ្រូពេទ្យជំនាញឯកទេសប៉ុណ្ណោះ ដែលអាចកាត់សេចក្តីបាន។ សូមបញ្ឈប់ការវិនិច្ឆ័យខ្លួនឯង ឬដាក់ស្លាកខុសលើអ្នកដទៃ!

ការរស់នៅជាមួយ ADHD អាចបង្កើតសម្ពាធខ្លាំងដល់ជីវិត និងបង្កើនហានិភ័យនៃគ្រោះថ្នាក់រាងកាយដោយអចេតនា។ ប៉ុន្តែប្រសិនបើទទួលបានការយល់ចិត្ត ការគាំទ្រពីមជ្ឈដ្ឋានជុំវិញ និងការព្យាបាលត្រឹមត្រូវ ពួកគាត់អាចគ្រប់គ្រងអាការៈ និងប្រើប្រាស់សក្តានុពលច្នៃប្រឌិតរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ សូមរួមគ្នាកាត់បន្ថយការដាក់ស្លាកខុស ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប!

ធនធានវីដេអូសិក្សាបន្ថែម

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...