គ្រឹះធ្វើការឱ្យមានប្រសិទ្ធភាពរបស់អ្នកសង្គមកិច្ច
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
តើអ្នកដឹងទេថា "គ្រឹះ" ដ៏សំខាន់បំផុតរបស់អ្នកសង្គមកិច្ច ដើម្បីជួយមនុស្សម្នាក់ទទួលបានជោគជ័យ គឺចាប់ផ្តើមពីកន្លែងណាទៅ? នៅក្នុងការងារសង្គមកិច្ច ដំណាក់កាលដំបូងមិនមែនគ្រាន់តែជាការសាកសួរព័ត៌មាននោះទេ ប៉ុន្តែវាគឺជាការរៀបចំ "ផែនទីបង្ហាញផ្លូវ" ដើម្បីផ្លាស់ប្តូរជីវិត។ គោលបំណងចម្បងរបស់យើងគឺ៖ ទី១. រៀបចំផែនការអន្តរាគមន៍ និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាឱ្យចំគោលដៅ។ និងទី២. បំពាក់អាវុធ និងពង្រឹងជំនាញដោះស្រាយបញ្ហាដល់អតិថិជន ដើម្បីឱ្យពួកគាត់អាចរឹងមាំដោយខ្លួនឯងនាពេលអនាគត។
ផ្នែកទី១៖ ការត្រៀមខ្លួនរបស់អ្នកសង្គមកិច្ច
អ្នកសង្គមកិច្ច គួរតែយកចិត្តទុកដាក់ខ្ពស់លើ "ភាពចម្រុះរបស់បុគ្គល" ឬ “Diversity”។ មនុស្សម្នាក់ៗមានប្រវត្តិ ជាតិសាសន៍ អាយុ និងការកំណត់អត្តសញ្ញាណយេនឌ័រខុសៗពីគ្នា។ ដូច្នេះហើយការធ្វើការសម្ភាសន៍ជាមួយអតិថិជន ត្រូវតែ "បត់បែន និងសមស្រប" ទៅតាមបុគ្គលម្នាក់ៗ ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងការទុកចិត្ត។ ការជួយដែលល្អបំផុត គឺជាការជួយដែលយល់ពី "តម្លៃនៃភាពខុសគ្នា"។
នៅក្នុងការបម្រើការងារជាអ្នកសង្គមកិច្ច ការជួបជាមួយអតិថិជនដែលមានភាពស្ទាក់ស្ទើរ (Resistance) ឬការមន្ទិលសង្ស័យ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ជាពិសេសអតិថិជន ដែលមិនបានស្នើសុំជំនួយដោយចេញពីចិត្តខ្លួនឯងផ្ទាល់ តែងតែមានអារម្មណ៍ស្ទាក់ស្ទើរ សង្ស័យ ឬពេលខ្លះមិនដឹងថាខ្លួនឯងកំពុងមានបញ្ហាអ្វីដែលត្រូវដោះស្រាយទៀតផងក៏ថាបាន។ ទោះជាយ៉ាងណា នេះគឺជាឱកាសមួយ ដែលអ្នកសង្គមកិច្ចគួរតែបង្ហាញពីជំនាញវិជ្ជាជីវៈ និងកសាងទំនុកចិត្តជាមួយហ្នឹងអតិថិជន។
- ទទួលស្គាល់ថា៖ អតិថិជនមានអារម្មណ៍ភ័យខ្លាច ឬអវិជ្ជមានជារឿងធម្មតាបំផុតមួយ។
- បង្ហាញពីគោលបំណងឱ្យបានច្បាស់លាស់៖ បញ្ជាក់ឱ្យអតិថិជនដឹងថា “យើងមកជួបពេលនេះ ដើម្បីជួយអ្នកកំណត់បញ្ហា... រាល់ការសម្រេចចិត្តទាំងអស់ គឹលោកអ្នកនៅតែជាអ្នកសម្រេចចិត្តដោយខ្លួនឯងដដែល”។
- ការលើកទឹកចិត្ត៖ ប្រែក្លាយជាកម្លាំងចិត្តជម្រុញ ដោយមើលឃើញពី “ចំណុចខ្លាំង” និង ”សក្តានុពល” របស់អតិថិជន។
ផ្នែកទី២៖ ទំនាក់ទំនងនៃការព្យាបាល
ដំណើរការនៃការជួយ (Helping Process) ដែលប្រសិទ្ធភាពមិនមែនផ្អែកលើតែចំណេះដឹងទ្រឹស្តីនោះទេ ប៉ុន្តែគឺផ្អែកលើគុណភាពនៃ "ទំនាក់ទំនងនៃការព្យាបាល"។ ទំនាក់ទំនងរវាងអ្នកសង្គមកិច្ច និងអតិថិជនរឹងមាំ ជាកាតាលីករ (Catalyst) ដែលបំប្លែងទស្សនៈរបស់អតិថិជនឱ្យមានភាពវិជ្ជមាន និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររបស់អតិថិជន។ Lambert (1986) បានបង្ហាញតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ ការកសាងទំនាក់ទំនងល្អ អាចជួយឱ្យអតិថិជនមានការផ្លាស់ប្តូរបានរហូតដល់ ៣០% ចំណែកឯ ទ្រឹស្តី និងបច្ចេកទេសនៃការព្យាបាលផ្សេងៗ ជួយរួមចំណែកត្រឹមតែ ១៥% ប៉ុណ្ណោះ។
ចុះចំណែកការផ្លាស់ប្តូរ ៥៥% ផ្សេងទៀតកើតចេញពីណា? ចំណែកដែលនៅសេសសល់ គឺអាស្រ័យលើស្ថានភាពបុគ្គល (៤០%) និងការរំពឹងទុករបស់អតិថិជន (១៥%)។ នេះមានន័យថា ទោះបីជាមានល្អពូកែទ្រឹស្តីកម្រិតណាក៏ដោយ បើគ្មានទំនាក់ទំនងដែលពោរពេញដោយការយល់ចិត្ត និងទំនុកចិត្តទេ ការជួយនឹងមិនទទួលបានលទ្ធផលល្អបំផុតនោះឡើយ។
នេះដូចជាពាក្យចាស់លោកពោលថា “ឃ្លានឆ្ងាញ់ស្រលាញ់ល្អ” ផងដែរ។
តើទំនាក់ទំនងនៃការព្យាបាល កើតចេញពីអ្វី?
- កើតចេញពីការមិនវិនិច្ឆ័យ (Non-judgment)៖ អ្នកសង្គមកិច្ចត្រូវធ្វើការទទួលយក ភាពខ្លួនឯងរបស់អតិថិជន ដោយឥតលក្ខខណ្ឌ។
- ការផ្តល់សិទ្ធិអំណាច (Empowerment)៖ អតិថិជនជាអ្នកស្វ័យសម្រេចលើគ្រប់កិច្ចការទាំងអស់នៃជីវិតរបស់ពួកគេ បើទោះជាការសម្រេចចិត្តនោះខុសពីអ្វីដែលអ្នកសង្គមកិច្ចរំពឹងទុកក៏ដោយ។
- ផ្តល់តម្លៃលើភាពខុសប្លែកពីគេ (Uniqueness): គោរពគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ដែលអតិថិជនមាន។
- សង្កត់ធ្ងន់លើភាពខ្លាំង៖ ផ្តោតលើសក្តានុពលដែលមានក្នុងខ្លួនរបស់អតិថិជន។
ផ្នែកទី៣៖ ស្ពាននៃទំនុកចិត្ត
ស្ពាននៃទំនុកចិត្តរបស់អតិថិជនមកលើអ្នកសង្គមកិច្ច កើតចេញពីការប្រកាន់ខ្ជាប់នូវ ការបង្ហាញឱ្យអតិថិជនឃើញថា អ្នកសង្គមកិច្ច យល់ពីស្ថានភាពខាងក្នុងរបស់អតិថិជន ដែលហៅថា “Empathy” ឬ “ការយល់ចិត្ត”។ លើសពីនេះទៀត អ្នកសង្គមកិច្ច ក៏ត្រូវមានភាពស៊ីសង្វាក់គ្នា (Authenticity ឬភាពស្មោះត្រង់) រវាងអ្វីដែលមានក្នុងចិត្តរបស់អ្នកសង្គមកិច្ច និងការសម្តែងចេញមកក្រៅឱ្យអតិថិជនឃើញ។
ឧទាហរណ៍៖ អតិថិជនមិនបានងូតទឹកច្រើនថ្ងៃ ហើយមកជួបជាមួយនឹងអ្នកសង្គមកិច្ច។ អ្នកសង្គមកិច្ចឆ្លើយតបដោយការទទួលយកថា “មើលទៅ មុនពេលមកជួបខ្ញុំថ្ងៃនេះហាក់ដូចជាមិនបានសម្អាតខ្លួនទេ”។ ការដែលមានតម្លាភាពនេះ នឹងអាចឱ្យអតិថិជនចាប់ផ្តើមដឹងថា អ្វីដែលមានក្នុងគំនិតអ្នកសង្គមកិច្ច គាត់នឹងធ្វើការឆ្លើយតបដោយស្មោះត្រង់។ សូមចាំថាអតិថិជនអាចកត់សម្គាល់ពីភាពខុសគ្នាពេលខាងក្នុងចិត្ត និងកាយវិការរបស់អ្នកសង្គមកិច្ចខុសគ្នា បើទោះបីជាវាតិចតួចក៏ដោយ។
ផ្នែកទី៤៖ ការរុករកបញ្ហា
ឧទាហរណ៍៖ មានសិស្សម្នាក់ត្រូវបានគ្រូបញ្ជូនមកជួបអ្នកសង្គមកិច្ច ក៏ព្រោះតែ "សិស្សនោះមកយឺត និងមិនយកចិត្តទុកដាក់ក្នុងម៉ោងរៀន"។ ប្រសិនបើជាអ្នក ជាអ្នកសង្គមកិច្ច តើអ្នកនឹងចាប់ផ្តើមដោយពាក្យស្តីបន្ទោស ឬអ្នកនឹងធ្វើការយល់ចិត្ត?
អ្នកសង្គមកិច្ចមានជំនាញម្នាក់ នឹងចាប់ផ្តើមដោយ៖
- ការបង្ហាញការព្រួយបារម្ភ៖ ជជែកពីបញ្ហាអាកប្បកិរិយារបស់សិស្សដោយភាពទន់ភ្លន់ តែមិនមែនជាការរិះគន់។ ដោយសាកល្បងនិយាយថា៖ “ខ្ញុំលឺថាប្អូនបានមករៀនយឺតជាញឹកញាប់ តើមានអ្វីដែលខ្ញុំអាចជួយប្អូនបានទេ?”
- ស្វែងរក "ករណីលើកលែង" (Exceptions)៖ បើសិស្សម្នាក់នោះមកយឺត តើមានថ្ងៃណាមួយ ដែលគាត់បានមកទាន់ពេលដែរទេ? ហេតុអ្វីបានជាថ្ងៃនោះគាត់អាចធ្វើបាន? នេះហើយគឺជា "ភាពខ្លាំង" ដែលលាក់ទុកពីខាងក្នុងរបស់អតិថិជន!
- កំណត់កម្លាំងជម្រុញ៖ អ្នកសង្គមកិច្ច អាចមានប្រភពព័ត៌មាន Intake Form ឬ ឯកសារបញ្ជូន ដែលបង្ហាញពីបញ្ហារបស់អ្នកដែលត្រូវបានគេបញ្ជូនមកជួប។ ទោះជាយ៉ាងណាក៏ដោយ ក៏ជារឿងល្អបំផុតដែលអ្នកសង្គមកិច្ចធ្វើការកំណត់ឱ្យច្បាស់ថា អ្វីទៅជាកម្លាំងជម្រុញលើកទឹកចិត្តឱ្យអតិថិជន មកទទួលសេវាសង្គមកិច្ច។ សាកល្បង ស្វែងយល់ថា “មានអ្វីដែលជំរុញឱ្យគេចង់ផ្លាស់ប្តូរដែរទេ” ឬ “មានអ្វីដែលធ្វើឱ្យគេនៅបន្តធ្វើអាកប្បកិរិយាដដែលនេះ”។ ការធ្វើនេះ នឹងជួយឱ្យអ្នកសង្គមកិច្ចយល់កាន់តែច្បាស់ពី បញ្ហារបស់អតិថិជន មិនមែនគ្រាន់តែមានការសរសេរពីលិខិតបញ្ជូន ដើម្បីឱ្យអ្នកសង្គមកិច្ចធ្វើការងារជាមួយនោះទេ។
អ្នកសង្គមកិច្ចមិនមែនជាតុលាការ ដែលធ្វើការកាត់ទោសចំពោះសកម្មភាពរបស់សិស្សខាងលើនោះទេ ប៉ុន្តែជាអ្នកជំនាញម្នាក់ធ្វើការងារ "ចម្រាញ់រកនូវអ្វីជាការពិត" និង "កសាងក្តីសង្ឃឹម" សម្រាប់ជម្រុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
ផ្នែកទី៥៖ សរុបសេចក្តី
ជាសរុបមក ដើម្បីអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាពជាមួយនឹងអតិថិជន អ្នកសង្គមកិច្ចតម្រូវឱ្យមានការត្រៀមខ្លួនទុកជាមុន មុនជួបធ្វើការងារជាមួយនឹងអតិថិជន។ នៅក្នុងជំនាញវិជ្ជាជីវៈជាអ្នកសង្គមកិច្ច ដំណាក់កាលដំបូងមិនមែនគ្រាន់តែជាការសាកសួរព័ត៌មាននោះទេ ប៉ុន្តែវាគឺជាការរៀបចំ "ផែនទីបង្ហាញផ្លូវ" ដើម្បីនាំមកនូវការផ្លាស់ប្តូរជីវិតរបស់អតិថិជន។ បើទោះបីជាអតិថិជនមកជួបដោយស្ម័គ្រចិត្ត ឬត្រូវបានគេបង្ខំ (Resistance) ក្តី ក៏អ្នកសង្គមកិច្ចត្រូវតែបង្កើតកន្លែងមួយ ដែលសុវត្ថិភាពសម្រាប់អតិថិជនក្នុងការបង្ហាញចេញមកក្រៅ។
“អ្នកសង្គមកិច្ចមិនមែនជាតុលាការសម្រាប់កាត់ទោសនោះទេ ប៉ុន្តែជាអ្នកនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់បុគ្គល និងសហគមន៍។”
ឯកសារយោង
Hepworth, D. H., Rooney, R. H., Rooney, G. D., Strom-Gottfried, K., & Larsen, J. A. (2017). Direct social work practice: Theory and skills (9th ed.). Brooks/Cole.
Lambert, J. M. (1986). Implications of Psychotherapy Outcome Research for Eclectic Psychotherapy. In C. J. Norcross (Ed.), Handbook of Eclectic Psychotherapy (Chapter 16). Brunner/Mazel.
- Get link
- X
- Other Apps
Labels
សង្គមកិច្ច- Get link
- X
- Other Apps
Comments
Post a Comment