Skip to main content

Followers

ដំណើរការនៃការជួយរបស់អ្នកសង្គមកិច្ច

ដំណើរការនៃការជួយរបស់អ្នកសង្គមកិច្ច

ដោយ៖ ភុល សុភារិទ្ធ
ថ្ងៃទី១៩ ខេសា ឆ្នាំ២០២៦

តើមានហេតុផលអ្វីទៅបានជាមនុស្សម្នាក់ ត្រូវទៅជួបអ្នកសង្គមកិច្ច? មនុស្សម្នាក់ទៅទទួលសេវាសង្គមកិច្ចគ្លីនិក ឬបុគ្គលិកសង្គមកិច្ចដែលអនុវត្តផ្ទាល់ ដោយសារតែមូលហេតុជាច្រើនខុសៗគ្នា។ ក្នុងនោះមានកត្តាពីរ ដែលសំខាន់ជម្រុញមនុស្សម្នាក់ទទួលសេវាកម្មសង្គមកិច្ច គឺ កត្តាខាងក្នុង និង កត្តាខាងក្រៅ

កត្តាខាងក្រៅ (External Factors)

សំដៅលើកម្លាំងជម្រុញពីខាងក្រៅ ឬឥទ្ធិពលពីអ្នកជុំវិញខ្លួន រួមមាន៖

👨‍👩‍👧‍👦 គ្រួសារ 👨‍⚕️ វេជ្ជបណ្ឌិត 💼 ចៅហ្វាយនាយ 🏛️ ក្រសួងស្ថាប័ន 🏫 គ្រូបង្រៀន

ករណីអតិថិជនជាកុមារ

កុមារកម្រធ្វើការស្នើរសុំជួយដោយខ្លួនឯងណាស់។ ភាគច្រើនពួកគេត្រូវបានបញ្ជូនមកដោយគ្រូបង្រៀន ឬសមាជិកគ្រួសារ ដោយសារតែបញ្ហាអាកប្បកិរិយារបស់ពួកគេ។ អ្នកដែលជម្រុញឱ្យបុគ្គលម្នាក់ មកជួបអ្នកសង្គមកិច្ចគេអាចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ រួមមានការដាក់សម្ពាធ ឬការជួយសម្របសម្រួល។

សម្រាប់នៅក្នុងប្រទេសកម្ពុជា ការទទួលបានសេវាសង្គមកិច្ចច្រើនតែទទួលបានពីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារជាមួយនឹងជនរងគ្រោះដោយសារការរំលោភបំពានផ្សេងៗ បើទោះបីជាបច្ចុប្បន្ននេះមានអ្នកអនុវត្តការព្យាបាលផ្លូវចិត្ត ជាលក្ខណៈឯកជនច្រើនជាងមុនក៏ដោយ។

ដំណើរការនៃការជួយរបស់អ្នកសង្គមកិច្ច បានដកស្រង់ចេញពីសៀវភៅ “Direct social work practice: Theory and skills. Ch. 3” របស់ Hepworth និង ក្រុមការងារ ឆ្នាំ២០១៧។

ផ្នែកទី១៖ គោលបំណងអ្នកសង្គមកិច្ច

អ្នកសង្គមកិច្ចធ្វើការងារជាមួយនឹងអតិថិជនមានគោលបំណងរួមជាចំបងមួយ គឺជួយអតិថិជនដើម្បីដោះស្រាយបញ្ហានៃការរស់នៅ និងពង្រឹងគុណភាពជីវិតរបស់ពួកគេត្រលប់មកវិញ។ បុគ្គលិកសង្គមកិច្ចដែលអនុវត្តផ្ទាល់ជាមួយនឹងអតិថិជន គូស្រករ គ្រួសារ ក្រុម និងប្រព័ន្ធ ត្រូវការប្រើប្រាស់ទ្រឹស្តី (ម៉ូដែល) ខុសៗគ្នាដើម្បីអាចយល់ដឹងអាកប្បកិរិយាមនុស្ស។

ក្រៅពីនេះអ្នកសង្គមកិច្ច នឹងត្រូវប្រើប្រាស់អន្តរាគមន៍ដែលមានភស្តុតាងជាក់លាក់ ដោយមានលក្ខណៈចម្រុះដើម្បីជួយអតិថិជនដោះស្រាយបញ្ហា។ តាមរយៈការងារនេះ ពួកគេនឹងប្រែក្លាយជាអ្នក "បង្កើតការផ្លាស់ប្តូរ" (Change Agent) ម្នាក់សម្រាប់ជីវិតរបស់អតិថិជន។

ជាអ្នកសង្គមកិច្ចមានជំនាញម្នាក់ គេត្រូវមានជំនឿថា មនុស្សយើងម្នាក់ៗអាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួនបាន តាមរយៈការបង្កើតធនធានថ្មីៗ ឬប្រើប្រាស់នូវធនធានមានស្រាប់។ មានពេលខ្លះអតិថិជនគ្រាន់តែមិនទាន់បានប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ឬប្រើប្រាស់មិនទាន់អស់លទ្ធភាពនៅឡើយនោះទេ។

ផ្នែកទី២៖ ដំណើរការនៃការជួយ

ដើម្បីអាចជួយអតិថិជនឱ្យមានប្រសិទ្ធភាព អ្នកសង្គមកិច្ចត្រូវការអនុវត្តការងារមួយ ដោយផ្អែកលើភស្តុតាងទទួលបានពីការស្រាវជ្រាវ និងរចនាសម្ព័ន្ធមួយជាក់លាក់។ ដំណើរការនៃការជួយអតិថិជន ត្រូវបានបែងចែកជា ៣ ដំណាក់កាល៖

  • ដំណាក់កាលទី១៖ ការរុករក ការភ្ជាប់ទំនាក់ទំនង ការប៉ាន់ប្រមាណ និងការធ្វើផែនការ
  • ដំណាក់កាលទី២៖ ការអនុវត្ត និង ការសម្រេចគោលបំណង
  • ដំណាក់កាលទី៣៖ ការបញ្ចប់

* ដំណាក់កាលនីមួយៗគួរតែមានភាពបត់បែនក្នុងការអនុវត្ត ដើម្បីអាចជួយអតិថិជនដោះស្រាយបញ្ហារបស់ពួកគេ។

ផ្នែកទី៣៖ ការចាប់ផ្តើមធ្វើការជាមួយអតិថិជន

អតិថិជនដែលមកជួបជាមួយអ្នកសង្គមកិច្ច ច្រើនតែមានស្ថានភាពផ្លូវចិត្តមិននឹងនរ បើទោះបីជាគេមកដោយការស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក្តី។ ដូចនេះការងារដំបូងជាមួយនឹងអតិថិជន អ្នកសង្គមកិច្ចត្រូវចាប់ធ្វើការកសាងទំនាក់ទំនងតាមបែបព្យាបាលផ្លូវចិត្ត ដើម្បីធ្វើការបន្ថយអារម្មណ៍តានតឹងចិត្តរបស់អតិថិជនជាមុនសិន។

ដើម្បីអាចកសាងទំនាក់ទំនងព្យាបាល អ្នកសង្គមកិច្ចត្រូវប្រើប្រាស់ជំនាញប្រាស្រ័យទាក់ទងផ្សេងៗដូចជា៖

ជំនាញចូលរួម ជំនាញសួរសំណួរ ជំនាញបរប្រយោគ ជំនាញឆ្លុះបញ្ចាំងអារម្មណ៍ មានជំនាញច្រើនទៀត...

ស្របពេលជាមួយគ្នានេះដែរ អ្នកសង្គមកិច្ចក៏នឹងត្រូវធ្វើការប៉ាន់ប្រមាណ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលនឹងជួយឱ្យអ្នកសង្គមកិច្ចរៀបចំផែនការសេវាកម្មដ៏មានប្រសិទ្ធក្នុងការជួយបុគ្គលម្នាក់។ អ្នកសង្គមកិច្ច និងអតិថិជន នឹងត្រូវធ្វើការរួមគ្នា ដើម្បីកំណត់គោលដៅរួមមួយ និងជ្រើសរើសយុទ្ធសាស្រ្តមានភស្តុតាងជាក់លាក់។

ផ្នែកទី៤៖ សារៈសំខាន់នៃការកសាងទំនាក់ទំនងព្យាបាល

អតិថិជនភាគច្រើនមិនស្គាល់ពីការងារសង្គមកិច្ចធ្វើនោះទេ ហើយភាគច្រើនគេយល់ថាការស្វែងរកជំនួយ គឺជា "ការបរាជ័យ ទន់ខ្សោយ ខ្វះសមត្ថភាព និងមានអារម្មណ៍ខ្មាស់អៀនក្នុងការបង្ហាញរឿងរបស់ខ្លួន"។ ការទំនាក់ទំនងព្យាបាល នឹងជួយជម្រុញឱ្យអតិថិជនបើកចំហចិត្តក្នុងការជជែកអំពីព័ត៌មានផ្ទាល់ខ្លួន ឬរឿងរ៉ាវឈឺចាប់។

សកម្មភាពដើម្បីចាប់ផ្តើមទំនុកចិត្តរួមមាន៖

• ស្វាគមន៍ និងណែនាំខ្លួន៖ ណែនាំអំពីអ្វីដែលខ្លួនអាចជួយអតិថិជនបានតាមរយៈស្ថាប័ន។

• បង្ហាញការគោរព៖ ទទួលស្គាល់ភាពខុសប្លែក សេចក្តីថ្លៃថ្នូរ មកទាន់ពេល ស្តាប់ដោយយកចិត្តទុកដាក់ និងចាំឈ្មោះអតិថិជន។

• កត្តាវប្បធម៌៖ ស្វែងយល់ពីវប្បធម៌ និងភាពខុសគ្នានៃជំនាន់ (ឧ. Gen Z vs Millennials)។

ផ្នែកទី៥៖ សរុបសេចក្តី

ការស្វែងរកជំនួយ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាជំហានដ៏ខ្លាហានក្នុងការផ្លាស់ប្តូរជីវិត។

កត្តាខាងក្នុង៖ កើតពីអារម្មណ៍មិនល្អ ឬសម្ពាធផ្លូវចិត្ត។
កត្តាខាងក្រៅ៖ គ្រួសារ សាលា អង្គការ ឬសង្គមជុំវិញ។

អ្នកសង្គមកិច្ច មានតួនាទីជា “Change Agent” ដើម្បីជួយបំផ្លាស់បំប្រែជីវិតអតិថិជន តាមរយៈការយល់ពីបញ្ហា និងប្រើប្រាស់សមត្ថភាពព្រមទាំងធនធានដែលមានស្រាប់ ដើម្បីជួយកែលម្អគុណភាពជីវិតឱ្យប្រសើរឡើងវិញ។

ឯកសារយោង៖

Hepworth, D. H., Rooney, R. H., Rooney, G. D., Strom-Gottfried, K., & Larsen, J. A. (2017). Direct social work practice: Theory and skills (9th ed.). Brooks/Cole.

© ២០២៦ ភុល សុភារិទ្ធ. រក្សាសិទ្ធិគ្រប់យ៉ាង។

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...