Skip to main content

Followers

ចិញ្ចឹមកូនវិជ្ជមាន Vs ចិញ្ចឹមកូនតឹងរុឹង

ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹងការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង - ធូរចិត្ត

ការចិញ្ចឹមបីបាច់កូនវិជ្ជមាន ទល់នឹង ការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង

ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២៩ មិនា ឆ្នាំ២០២៦
“មានពេលមួយខ្ញុំធ្លាប់ជជែកគ្នាជាមួយម៉ាក់ខ្ញុំ ដោយខ្ញុំនិយាយប្រាប់គាត់ថា ខ្ញុំនឹងមិនយកការវៃកូនដើម្បីចិញ្ចឹមកូនរបស់ខ្ញុំនោះទេ។ នៅពេលម្តាយរបស់ខ្ញុំបានលឺបែបនេះ គាត់និយាយថា “បើមិនវៃកូនទេ ម៉េចនឹងអាចអប់រំកូនឱ្យល្អបាន?” ប៉ុន្តែសម្រាប់ខ្ញុំ ដែលបានសិក្សាផ្នែកចិត្តសាស្រ្ត ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ បញ្ជាក់ថាចម្លើយនោះមិនត្រូវទាំងស្រុងទេ។”
“តើគួរធ្វើយ៉ាងដូចម្តេចដើម្បីអាចចិញ្ចឹមកូនរបស់ខ្លួនបានល្អប្រសើរទៅ?”

ផ្នែកទី១៖ គោលដៅធំរបស់អ្នកជាឪពុកម្តាយ

ឪពុកម្តាយគ្រប់រូប តែងតែសង្ឃឹមថា កូនៗរបស់ខ្លួននឹងធំឡើង រស់នៅមានសុភមង្គល ពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង និងជោគជ័យក្នុងជីវិត។ ការចិញ្ចឹមបីបាច់កូនមានលក្ខណៈខុសៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយទៀត ប៉ុន្តែរបៀបដែលមនុស្សយើងឆ្លើយតបក្នុងសកម្មភាពប្រចាំថ្ងៃ អាចបង្កើតឱ្យក្មេងៗទទួលដឹងពីរបៀបចិញ្ចឹមបីបាច់ទៅតាមបែបបទណាមួយជាក់លាក់។

ជាឪពុកម្នាក់ដែរ ខ្ញុំទទួលស្គាល់ថាខ្លួនឯងអាចមានការចិញ្ចឹមបីបាច់កូនទាំងពីរប្រភេទនេះក្នុងពេលតែមួយ តែសំខាន់ខ្ញុំតែងរំលឹកខ្លួនឯងថាត្រូវតែព្យាយាមធ្វើឱ្យបានល្អបំផុត និងព្យាយាមកែនូវចំណុចណាមួយដែលខ្ញុំដឹងថាវានឹងប៉ះពាល់ដល់កូនៗរបស់ខ្ញុំ ជាពិសេសការប៉ះពាល់រយៈពេលវែង និងមានហានិភ័យខ្ពស់សម្រាប់អនាគតរបស់ពួកគេ។

ចំណុចសំខាន់៖ ក្មេងៗអាចលូតលាស់បានល្អបំផុត នៅពេលគាត់រស់នៅក្នុងផ្ទះមួយ ដែលគាត់មានអារម្មណ៍ថាមានសុវត្ថិភាព ហើយនិងដឹងច្បាស់អំពីអ្វីដែលនឹងកើតមានឡើង ដោយមិនមែនរស់នៅជាមួយនឹងអារម្មណ៍មានតែការភ័យខ្លាច ហើយនឹងចាំស្តាប់ការបង្គាប់បញ្ជានោះទេ។

ផ្នែកទី២៖ ការចិញ្ចឹមបីបាច់កូនដោយវិជ្ជមាន

ការចិញ្ចឹមកូនវិជ្ជមាន ឬអ្នកខ្លះទៀតហៅថាចិញ្ចឹមកូនបែបទន់ភ្លន់ ជាការភ្ជាប់ទំនាក់ទំនង និងណែនាំដើម្បីបង្រៀនក្មេងៗឱ្យដឹងជំនួសឱ្យការដាក់ទណ្ឌកម្ម និងការបំភិតបំភ័យ។ ដូចនេះហើយបានជាពេលដែលម្តាយរបស់ខ្ញុំ លឺថាខ្ញុំនឹងចិញ្ចឹមកូនបែបទន់ភ្លន់ គាត់មានការបារម្ភថា នឹងធ្វើឱ្យកូនៗរបស់ខ្ញុំមិនស្តាប់បង្គាប់ ចចេសរឹងរូស និងក្លាយជាក្មេងទំនើងជាដើម។

ចុះតើការចិញ្ចឹមបីបាច់កូនដោយវិជ្ជមានគេធ្វើយ៉ាងណាខ្លះដែរ? ការចិញ្ចឹមបែបនេះ ក៏នៅតែកំណត់ច្បាប់ទំលាប់ដដែល តែការកំណត់ច្បាប់ទំលាប់នេះ ត្រូវតែមានលក្ខណៈច្បាស់លាស់, មានការគោរពគ្នាទៅវិញទៅមក, មានដោយសេចក្តីស្រលាញ់, និងយោគយល់គ្នាផងដែរ។ ក្មេងៗរៀនបានល្អបំផុត តែពេលណាពួកគេដឹងយ៉ាងច្បាស់ អំពីមូលហេតុអ្វីបានជាត្រូវមានច្បាប់មួយនេះ ហើយអ្វីទៅដែលខ្លួនមិនគួរធ្វើ។ ជំនួសឱ្យការដែលមនុស្សធំនិយាយប្រាប់ថា “អា! កុំធ្វើអានេះ” ឬការដាក់ទណ្ឌកម្ម ដោយមិនមានពន្យល់ពីហេតុផលអ្វីដែលនៅពីក្រោយ

ឪពុកម្តាយចិញ្ចឹមកូនដោយវិជ្ជមាន នៅតែបន្តជជែកអំពីសកម្មភាពនីមួយៗ ដែលពួកគេបានធ្វើ និងផលវិបាកកើតចេញពីសកម្មភាពទាំងនោះ។ ការមានច្បាប់ទំលាប់ច្បាស់លាស់ក្នុងគ្រួសារ ផ្តល់នូវអារម្មណ៍សុវត្ថិភាពដល់កុមារ និងជួយពួកគេឱ្យចម្រើនវ័យធំធាត់ឡើងប្រកបដោយទំនុកចិត្តលើខ្លួនឯង និងជំនាញក្នុងជីវិតផ្សេងៗជាច្រើន។

បង្ហាញថាស្រលាញ់គាត់, ចំណាយពេលវេលាជាមួយគ្នា, និងទទួលស្គាល់ពីលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់កូនៗម្នាក់ៗ
ស្តាប់ដោយយកចិត្តទុកដាក់, ចាប់អារម្មណ៍លើអារម្មណ៍ផ្សេងៗរបស់ពួកគេ, និងជួយក្មេងៗឱ្យអាចបញ្ចេញអារម្មណ៍របស់ពួកគេចេញមកក្រៅបានដោយសុវត្ថិភាព
ការដាក់ព្រំណែនកំណត់ច្បាស់លាស់ និងអប់រំណែនាំតាមសម្រួល (មិនមានជាការស្រែកគំហក ធ្វើឱ្យឈឺចាប់ ឬសម្លុតគម្រាមនោះទេ)
ធ្វើដាក់កូនៗមានលក្ខណៈស្មើភាពគ្នា ទាំងការយកចិត្តទុកដាក់ និងការរំពឹងទុក
បង្ហាញពីការអត់ធ្មត់, គោរព, និងធ្វើជាគម្រូ ដោយបង្ហាញសកម្មភាព ដែលលោកអ្នកចង់ឱ្យកូនៗរៀនសូត្រតាមលោកអ្នក

ការចិញ្ចឹមកូនដោយវិជ្ជមាន ត្រូវមានការចូលរួមទាំងឪពុក ទាំងម្តាយ និងអាណាព្យាបាលផ្សេងទៀត ព្រោះថាការងារមួយនេះ ជាទំនួលខុសត្រូវដោយស្មើភាពគ្នាក្នុងការអប់រំក្មេងៗ។ ការចូលរួមនេះ នឹងជួយឱ្យកុមាររៀនសូត្រថា មនុស្សម្នាក់ៗមានតម្លៃស្មើភាពគ្នា តាមរយៈសកម្មភាពដែលគាត់ជួបក្នុងជីវភាពប្រចាំថ្ងៃ។

ផ្នែកទី៣៖ ការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង

ការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង គឺសំដៅដល់ពេលដែលឪពុកម្តាយ មានក្តីរំពឹងទុកយ៉ាងខ្ពស់ទៅលើកូនៗរបស់ខ្លួន និងធ្វើការកំណត់ច្បាប់ទំលាប់យ៉ាងតឹងរ៉ឹង ហើយក៏ប្រហែលជាប្រើប្រាស់វិន័យតឹងរ៉ឹងណាស់ដែរ ក្នុងការអប់រំប្រៀបប្រដៅកូនៗរបស់ខ្លួន។ ជាធម្មតាមានឪពុកម្តាយប្រភេទនេះ មានទុកចន្លោះតិចតួចណាស់ សម្រាប់ក្មេងៗក្នុងការបង្ហាញអារម្មណ៍ពីខាងក្នុងខ្លួនចេញមកក្រៅ ឬអនុញ្ញាតិឱ្យពួកគេសួរសំណួរផ្សេងៗ។ លើសពីនេះទៀតក្មេងៗក៏មិនមានលទ្ធភាពច្រើនក្នុងការជ្រើសរើសជម្រើសដោយខ្លួនឯង ឬក៏ស្វែងរកអ្វីដែលខ្លួនចាប់អារម្មណ៍ចូលចិត្តធ្វើផងដែរ។

ឪពុកម្តាយរំពឹងថាកូនៗ ត្រូវតែធ្វើទៅតាមច្បាប់កំណត់ផ្សេងៗដោយមិនមានការប្រកែកតវ៉ានោះទេ ត្រូវតែមានអាកប្បកិរិយាល្អ និងតែងតែបង្ហាញការគោរពជាប់ជានិច្ច។ ឪពុកម្តាយជាច្រើន ប្រហែលជាមានជំនឿថា ការមានភាពតឹងរ៉ឹងបែបនេះ នឹងជួយឱ្យកូនៗទទួលបានជោគជ័យក្នុងជីវិត ហើយជួយក្មេងៗឱ្យចៀសផុតពីការបង្កកំហុសណាមួយមិនខាន។ នេះដូចនឹងទស្សនៈរបស់ម្តាយខ្ញុំក្នុងការចិញ្ចឹមបីបាច់កូនដែរ ហើយការមានទស្សនៈបែបនេះមិនខុសនោះទេ។ អ្វីដែលលោកអ្នកត្រូវដឹងថា ខ្សែពិនបើរឹតតឹងពេកវានឹងដាច់ តែបើរឹតធូរពេកវាមិនពិរោះ ដូចនេះគួរតែមានចន្លោះកណ្តាលណាមួយដែលអាចទទួលយកបាន។

⚠️ ផលវិបាកដែលមិននឹកស្មានដល់៖ នៅក្នុងគ្រួសារខ្លះ ការចិញ្ចឹមកូនតឹងរ៉ឹង ប្រហែលក៏រាប់បញ្ចូលទាំងការស្រែកគំហក ឬការវាយតំទៅលើរាងកាយទៀតផង។ ការធ្វើបែបនេះ បង្កើតឱ្យក្មេងៗមានអារម្មណ៍ថប់បារម្ភ ភ័យខ្លាច និងខ្វះទំនុកចិត្តលើខ្លួនឯង ទៅវិញនោះទេ។

ផ្នែកទី៤៖ លទ្ធផលពីការចិញ្ចឹមកូន

ការស្រាវជ្រាវមួយនៅប្រទេសនូវែលសេឡង់ បានរកឃើញថា អ្វីដែលធ្វើឱ្យអនាគតរបស់កុមារ មានសុខភាពល្អ ទទួលបានជោគជ័យ និងមានសុភមង្គល មិនមែនកើតមានឡើងដោយសារតែការមានបញ្ញាខ្ពស់ (IQ), មានអាកប្បកិរិយាល្អ ឬទំហំប្រាក់ដែលពួកគេរកបាននោះទេ។ ការសិក្សាមួយនេះបានរកឃើញថា កត្តាដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការព្យាករណ៍ពីភាពជោគជ័យគឺកុមារមាន៖

“សមត្ថភាពក្នុងការយល់ និងគ្រប់គ្រង៖ អារម្មណ៍ ការគិត និងអាកប្បកិរិយារបស់ពួកគេបានល្អ។”

ភស្តុតាងតាមបែបវិទ្យាសាស្រ្ត បានបង្ហាញយ៉ាងច្បាស់ថាការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង អាចនាំឱ្យកូនស្តាប់បង្គាប់ក្នុងរយៈពេលខ្លីមួយពិតមែន ប៉ុន្តែវាក៏ត្រូវចំណាយថ្លៃខ្ពស់ណាស់ដែរ។ កូនៗដែលត្រូវបានចិញ្ចឹមដោយប្រើប្រាស់ច្បាប់វិន័យតឹងរ៉ឹង ទទួលរងការស្រែកគំហក ឬការធ្វើឱ្យអាម៉ាស់ ឬក៏ដាក់ទណ្ឌកម្មលើរាងកាយ ជាទូទៅច្រើនតែនាំឱ្យមាន បញ្ហាថប់បារម្ភ ការឱ្យតម្លៃលើខ្លួនឯងទាប ឬមានអាកប្បកិរិយាកោងកាច។

ផ្ទុយទៅវិញ ការចិញ្ចឹមកូនដោយវិជ្ជមាន គឺមានទំនាក់ទំនងនឹងការឱ្យតម្លៃលើខ្លួនឯងខ្ពស់ ទទួលបានលទ្ធផលនៃការសិក្សាល្អប្រសើរ និងជួយឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយល្អប្រសើរក្នុងរយៈពេលវែង។ យើងមិនអាចនិយាយថាក្មេងៗ មិនត្រូវការការមានរចនាសម្ព័ន្ធជាក់លាក់ពីការមានច្បាប់ទំលាប់នោះទេ ពួកគេពិតជាត្រូវការណាស់! ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ច្បាប់ទំលាប់ត្រូវតែមានតុល្យភាពជាមួយនឹងសេចក្តីមេត្តា និងបើកចំហក្នុងការប្រាស្រ័យទាក់ទង។

សរុបសេចក្តី

ជារួមការចិញ្ចឹមបីបាច់កូនតឹងរ៉ឹង នឹងបន្សល់នូវការប៉ះពាល់ផ្លូវចិត្ត ដែលស្ថិតជាប់រហូតដល់គេធំពេញវ័យជាមនុស្សធំ។ ផលប៉ះពាល់នេះ នឹងក្លាយជារបៀបមួយ ដែលក្មេងៗមើលមកខ្លួនឯង (មិនឱ្យតម្លៃខ្លួនឯង ឬមិនមានទំនុកចិត្តលើខ្លួនឯង) ការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ក៏ដូចជារបៀបក្នុងការដោះស្រាយបញ្ហានាពេលខាងមុខផងដែរ​។ ក្មេងដែលជោគជ័យក្នុងជីវិត គឺអាចគ្រប់គ្រងខ្លួនឯងបាន ហើយពួកគេអាចរៀនបានតាមរយៈការចិញ្ចឹមបីបាច់កូនដោយវិជ្ជមាន។

យើងមិនអាចគ្រប់ពេលវេលាជាមនុស្សវិជ្ជមាននោះទេ តែយើងអាចចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយនឹងកូនៗរបស់ខ្លួន ចំណាយពេលជាមួយនឹងពួកគាត់ ហើយក៏ដូចជាស្តាប់នូវសម្លេងរបស់គាត់ផងដែរ។

សូមព្យាយាមឱ្យអស់លទ្ធភាព
ជាជាងចង់ធ្វើខ្លួនជាឪពុកម្តាយល្អឥតខ្ចោះ។

ឯកសារយោង (APA Style):
UNICEF East Asia and Pacific. (2025, May 29). Positive parenting vs. strict parenting: What parenting style works best for children — and how to change yours. https://www.unicef.org/eap/stories/positive-parenting-vs-strict-parenting

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...