Skip to main content

Followers

សម័យ AI តើគួរចិញ្ចឹមកូនដោយរបៀបណា?

ការចិញ្ចឹមកូនសម័យ AI៖ អ្វីដែលឪពុកម្តាយគួរដឹង

ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៦

សម័យបច្ចុប្បន្ននេះ AI បានប្រើប្រាស់យ៉ាងទូលំទូលាយ ក្រៅពីការជួយសម្រួលកិច្ចការប្រចាំថ្ងៃ វាក៏ក្លាយទៅជាវេទិកាមួយ សម្រាប់ជជែកលេងរបស់ក្មេងយុវវ័យផងដែរ។ តើអ្នកគិតថាកូនអ្នកញៀនប្រើប្រាស់ AI ឬក៏គេប្រហែលកំពុងខ្វះ ‘អ្នកស្តាប់’? សមាគមអ្នកចិត្តសាស្ត្រសហរដ្ឋអាមេរិក (APA) បានធ្វើការព្រមានពីការប្រើប្រាស់ AI Chatbots អាចមានផលប៉ះពាល់ដល់មនុស្សយើង ជាពិសេសសុខភាពផ្លូវចិត្តរបស់ជំទង់តែម្តង។

ផ្នែកទី១៖ តួនាទីរបស់ឪពុកម្តាយ

ឪពុកម្តាយ ឬអាណាព្យាបាល នៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការគាំទ្រដល់ការលូតលាស់របស់កូនៗរបស់ខ្លួន បើទោះបីជាបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ។

“មានក្មេងស្រីអាយុ 15 ឆ្នាំម្នាក់រាល់យប់ គាត់អង្គុយនៅលើគ្រែ… chat ជាមួយ AI គាត់ប្រាប់អ្វីៗគ្រប់យ៉ាង—ស្នេហា បញ្ហាមិត្តភក្តិ សូម្បីតែការឈឺចិត្ត… តែមានរឿងមួយដែលគាត់មិនធ្វើ… គាត់មិនដែលប្រាប់ប៉ាម៉ាក់គាត់នោះទេ” ហេតុអ្វីទៅ?

ប្រាកដហើយថា ក្មេងៗជំទង់អាចងាកទៅរកជំនួយពី AI Chatbot ព្រោះថាពួកគេមានអារម្មណ៍ថាវាមានសុវត្ថិភាព ឯកជន និងមិនទទួលបានការរិះគន់ (nonjudgmental) ពី Chatbot ទាំងអស់នោះ។ ឪពុកម្តាយមានទំនួលខុសត្រូវក្នុងការណែនាំកូនៗ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដើម្បីឱ្យគាត់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។

ផ្នែកទី២៖ ការចង់បានឯកជនភាព

AI មិនចេះរិះគន់ (Nonjudgmental) ទេ! កូនរបស់អ្នកអាចនិយាយរឿងខ្មាស់អៀនបំផុតប្រាប់ AI ដោយមិនខ្លាចត្រូវគេស្តីបន្ទោស។ ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកគួរប្រុងប្រយ័ត្ន៖

  • ទិន្នន័យមិនមែនជាអាថ៌កំបាំង៖ វាជា Server ដែលរាល់រឿងរ៉ាវបាក់ទឹកចិត្ត ឬទិន្នន័យផ្ទាល់ខ្លួន អាចនឹងត្រូវបានគេរក្សាទុក យកទៅវិភាគ ឬលក់ផ្សាយពាណិជ្ជកម្ម។
  • អត្តសញ្ញាណឌីជីថល៖ ព័ត៌មានដែលបានចែករំលែក អាចនឹងត្រូវបានគេរក្សាទុកជារៀងរហូត ដោយគ្មានការបញ្ជាក់ច្បាស់លាស់ពីការការពារ។

នៅពេលដែលក្មេងៗចាប់ផ្តើមចម្រើនវ័យធំឡើង ពួកគេតែងចង់បានឯកជនភាព ព្រោះថាគេកំពុងតែស្វែងរកអត្តសញ្ញាណរបស់ខ្លួន កសាងទំនាក់ទំនងនានា និងស្វែងយល់អំពីអារម្មណ៍ថ្មីៗរបស់ខ្លួន។ ការដែលពួកក្មេងជំទង់ ចង់សាកល្បងរបស់ថ្មីៗ គឺជាផ្នែកមួយនៃការលូតលាស់ជាធម្មតា និងប្រកបដោយផាសុកភាពល្អ។ បើដូចនេះ តើជាឪពុកម្តាយគួរតែធ្វើយ៉ាងណាដែរ?

អ្នកជាឪពុកម្តាយ អាចជួយក្មេងជំទង់ យល់ដឹងពីឯកជនភាពទាំងនេះ និងលើកទឹកចិត្តឱ្យពួកគេ "គិតឱ្យបានហ្មត់ចត់" ទុកជាមុន មុននឹងធ្វើការចែករំលែកព័ត៌មានរសើបផ្សេងៗជាមួយនឹង AI។ ឪពុកម្តាយត្រូវដឹងថា បំណងចង់បានឯកជនភាព និងភាពឯករាជ្យម្ចាស់ការលើខ្លួនជារឿងធម្មតាក្នុងអំឡុងវ័យជំទង់ក៏ដោយ ក៏នេះមិនមានន័យថាឪពុកម្តាយ និងអាណាព្យាបាល មិនគួរឈប់តាមដាន និងជួយអប់រំណែទាំពួកគាត់នោះដែរ ជាពិសេសនៅក្នុងពិភពឌីជីថលសម័យបច្ចុប្បន្ននេះ។

ឪពុកម្តាយ និងអាណាព្យាបាល គួរតែជួយកូនៗ ឱ្យឆ្លុះបញ្ចាំងពិចារណាទៅលើកន្លែងណាដែលមានសុវត្ថិភាពពិតប្រាកដ។

បើសិនជា AI អាចក្លាយជាមិត្តល្អ…
តើវាអាចដណ្តើមតួនាទីឪពុកម្តាយបានដែរទេ?

ផ្នែកទី៣៖ ការកសាងទំនាក់ទំនង

ប្រសិនបើកូនអ្នកមានអារម្មណ៍ថា AI ងាយនិយាយជាងអ្នក វាមិនមែនបញ្ហារបស់ AIទេ តែវាជាសញ្ញាថា relationship ត្រូវការកែលម្អ។ AI គឺចាំតែ "យល់ស្រប" គ្រប់យ៉ាង! បើកូនរបស់អ្នកខឹងមិត្តភក្តិ ហើយទៅប្រាប់ AI ប្រាកដណាស់ AIនឹងលួងលោមយកចិត្ត និងគាំទ្រគំនិតកូនអ្នក ១០០% វានឹងធ្វើឱ្យក្មេងសប្បាយចិត្តបានមួយឆាវពិតមែន។ AI នឹងមិនធ្វើការដាក់ពិន័យលើអ្នកប្រើប្រាស់នោះទេ ឬក៏និយាយដោយប្រើពាក្យបណ្តុះបង្អាប់នោះដែរ។ លើសពីនេះទៀតវាមានវត្តមាន ២៤ ម៉ោងលើ២៤ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ។

ប៉ុន្តែក្នុងជីវិតពិត មនុស្សយើងត្រូវការជួបការខកចិត្ត និងការពិភាក្សាដេញដោល ដើម្បីជួយពួកគេឱ្យគិតបានគ្រប់ជ្រុងជ្រោយ និងមានភាពធន់នឹងបញ្ហា មិនគ្រាន់តែការទទួលបានអារម្មណ៍ល្អតែមួយពេលនោះទេ។ នេះហើយដែល "ឪពុកម្តាយ" ជាមនុស្សពិតប្រាកដមិនអាចខ្វះបាន។ យើងអាចស្តាប់ យល់ពីអារម្មណ៍កូន ហើយជួយកូនឱ្យមើលឃើញបញ្ហាគ្រប់ជ្រុងជ្រោយ មិនមែនគ្រាន់តែលួងលោមដូច AIនោះទេ។ កុំឱ្យ AI ដណ្តើមតួនាទីជាអ្នកផ្តល់កក់ក្តៅរបស់អ្នកឱ្យសោះ!

ហេតុដូច្នេះហើយ ទើបអ្នកជំនាញ បានផ្តល់ជាអនុសាសន៍ឱ្យគ្រប់ឪពុកម្តាយទាំងអស់ រក្សាទំនាក់ទំនងរឹងមាំ និងផ្តល់ការគាំទ្រជាមួយកូនៗជំទង់របស់ខ្លួន។ នៅពេលឪពុកម្តាយ និងអាណាព្យាបាល បង្ហាញថាវត្តមានរបស់ខ្លួនពោរពេញដោយភាពកក់ក្តៅ, មានការគោរព និងការចង់ដឹងចង់លឺ (ដោយក្តីបារម្ភ) ពីកូនៗរបស់ខ្លួន ជាសកម្មភាពជួយពង្រឹងចំណងទំនាក់ទំនងល្អជាមួយនឹងជំទង់ ជាពិសេសនៅក្នុងសម័យឌីជីថលនេះ។

ក្នុងការអនុវត្តជាក់ស្តែង ការធ្វើខ្លួនជាអាណាព្យាបាលប្រកបដោយការគាំទ្រ «មិនមែនមានន័យថា ត្រូវតែស្របតាមអ្វីដែលកូនចង់បាន ឬក៏គ្មានការដាក់វិន័យចំពោះអ្វីដែលពួកគេធ្វើនោះទេ»។ ប៉ុន្តែមានន័យថា កូនរបស់អ្នកដឹងច្បាស់ថា ពួកគេអាចមកជជែកជាមួយអ្នកបាន ដោយលើកជាសំណួរសំខាន់ណាមួយក្នុងជីវិតរបស់ខ្លួន ហើយដឹងថាអ្នកនឹងនៅតែស្រឡាញ់ និងគាំទ្រពួកគេគ្រប់ពេលវេលា។

ផ្នែកទី៤៖ ស្វែងយល់ពីពិភព AI ជាមួយគ្នា

“ឪពុកម្តាយឆ្លាត មិនមែនហាម AI តែ ‘ដឹកនាំការប្រើ AI’”

ការប្រើប្រាស់ AI អាចជាការផ្តល់ឱកាសក្នុងការពង្រឹងជំនាញផ្សេងៗ ប្រសិនបើមនុស្សធំមានឆន្ទៈក្នុងការចូលរួមជាចំណែកស្វែងយល់ជាមួយគ្នា។ ឈប់ធ្វើជាប៉ូលីសតាមដាន តែត្រូវធ្វើជាដៃគូស្វែងយល់ជាមួយគ្នា! អ្នកមិនចាំបាច់ពូកែ IT ទេ! បើអ្នកមិនដឹងនិយាយអ្វីជាមួយកូន សាកបបួលកូនថា "តោះកូន! ប៉ា ចង់ដឹងណាស់ អា AI ហ្នឹងវាឆ្លាតប៉ុណ្ណា សាកសួរវាមើល៍!"។ បន្ទាប់មកសួរថា៖“តើវាគួរជឿទេ?” “មានអ្វីខុស?” និង “មានប្រភពផ្សេងទៀតទេ?”។ ការរៀនសូត្ររួមគ្នានេះ នឹងជួយបណ្តុះទាំង "Critical Thinking (ការគិតស៊ីជម្រៅ)" និង "ការប្រើប្រាស់ AI ប្រកបដោយទំនួលខុសត្រូវ" ដែលជាជំនាញមួយសំខាន់សម្រាប់ពួកគេ នៅពេលគេចម្រើនវ័យធំជាមនុស្សពេញវ័យនាពេលអនាគត។

៣ ចំណុចសំខាន់ដែលអ្នកត្រូវធ្វើ៖

1
សួរ (Ask): "តើកូនកំពុងប្រើ AI ជួយរឿងអីខ្លះថ្ងៃនេះ?"
2
ស្តាប់ (Listen): ស្តាប់ដោយមិនរិះគន់ (ដូចដែល AI ធ្វើ)
3
ផ្ទៀងផ្ទាត់ (Verify): បង្រៀនកូនឱ្យចេះស្វែងរកប្រភពផ្សេង ដើម្បីផ្ទៀងផ្ទាត់។

នេះមានន័យថា មិនត្រឹមតែជួយក្មេងៗ ឱ្យចេះវាយតម្លៃពីខ្លឹមសារ ដែលគេទទួលបានប៉ុណ្ណោះនោះទេ ថែមទាំងជួយពួកគេកត់សម្គាល់អំពីរបៀបក្នុងការប្រាស្រ័យទាក់ទង ជាមួយនឹងអារម្មណ៍របស់ខ្លួនថែមទៀតផង។ ការបង្រៀនកូនឱ្យចេះចាប់កំហុស AI កូននឹងមាន "ការគិតស៊ីជម្រៅ" មិនងាយចាញ់បោកព័ត៌មានខុសនោះទេ។

សូមចាំថាបច្ចេកវិទ្យា ជារឿងថ្មីសម្រាប់មនុស្សគ្រប់គ្នា ហើយការស្វែងយល់ពីវាជាមួយគ្នា អាចជាបទពិសោធន៍រៀនសូត្រយ៉ាងមានតម្លៃសម្រាប់ទាំងឪពុកម្តាយ និងកូនៗ។

កំណត់សម្គាល់៖ នៅពេលបច្ចេកវិទ្យាថ្មីនេះកាន់តែរីកសុះសាយ មានភាពចាំបាច់ណាស់ក្នុងការជជែកគ្នាជាប់ជាប្រចាំរវាងអាណាព្យាបាល និងក្មេងៗមានសារៈសំខាន់។ មិនមែនគ្រាន់តែជជែកគ្នាអំពី AIតែម្តងហើយនឹងត្រូវបញ្ចប់នោះទេ។

ផ្នែកទី៥៖ កំណត់ដែនកំណត់រួមគ្នា

ជំនួសឱ្យការដាក់កំហិតតឹងរ៉ឹង ពីសំណាក់ឪពុកម្តាយតែម្ខាង អ្នកជំនាញណែនាំឱ្យអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលគួរតែពិភាក្សា និងសហការជាមួយ កូនជំទង់របស់ខ្លួន ដើម្បីកំណត់គោលការណ៍ប្រើប្រាស់បច្ចេកវិទ្យា AIវិញ។ ពេលកូនចូលរួម ពួកគេនឹងគោរពច្បាប់ច្រើនជាង ហើយពួកគេនឹង យល់ពីហេតុផលនៅពីក្រោយការដាក់ដែនកំណត់នៃច្បាប់ទាំងនោះ។

ការអនុញ្ញាតិឱ្យ មានការចូលរួមក្នុងការសម្រេចចិត្តបែបនេះ នឹងជួយបង្កើតបរិយាកាសមួយដែលបង្ហាញថា ឪពុកម្តាយក៏ស្តាប់ និងព្យាយាមស្វែងយល់ពីកូនៗរបស់ខ្លួនផងដែរ។ សកម្មភាពនេះ នឹងអាចលើកទឹកចិត្តឱ្យក្មេងជំទង់ មកជួបពិភាក្សាជាមួយឪពុកម្តាយអំពីបទពិសោធន៍នៃការប្រើប្រាស់AI របស់ពួកគេ នៅពេលក្រោយៗទៀត។ ឧទាហរណ៍នៃគោលការណ៍ដែលអាចពិភាក្សារួមមាន៖ កំណត់ប្រធានបទដែលអាច/មិនអាច share ក៏ដូចជា ពេលណា និងប្រើដោយរបៀបណា។

គោលបំណងនៃការជជែកគ្នានេះ មិនមែនធ្វើការបញ្ឈប់កុំឱ្យប្រើប្រាស់ AI ទាំងស្រុងនោះទេ ប៉ុន្តែជួយឱ្យរក្សាបាននូវតុល្យភាព និងទំនួលខុសត្រូវក្នុងការប្រើបច្ចេកវិទ្យាមួយនេះ។

ការពិភាក្សាទាំងនេះក៏អាចជួយឱ្យគ្រួសារកែសម្រួលដែនកំណត់នៅពេលចាំបាច់ ទទួលស្គាល់ថាមានអ្វីដែលសមស្របសម្រាប់ក្មេងនៅអាយុចន្លោះ ១៣ ឆ្នាំ អាចធ្វើបាន វាខុសគ្នាពីអ្វីដែលក្មេងអាយុ ១៧ ឆ្នាំ អាចធ្វើបាន។

ផ្នែកទី៦៖ សរុបសេចក្តី

បច្ចេកវិទ្យាដើរលឿនណាស់ យើងមិនអាចហាមឃាត់កូនមិនឱ្យប្រើប្រាស់បានទេ តែយើងអាចបង្រៀនគេពីរបៀបប្រើប្រាស់វាប្រកបដោយសុវត្ថិភាពបាន!

AI អាចជួយកូនអ្នកបានច្រើនណាស់…ប៉ុន្តែវាមិនអាចជំនួសអ្នកជាឪពុកម្តាយបានទេ។

ហេតុអ្វីក្មេងៗចូលចិត្ត AI? ព្រោះក្មេងមិនមែនញៀន AI ទេ…ពួកគេចូលចិត្ត ‘អារម្មណ៍’ ដែល AI ផ្តល់ឱ្យ៖

  • មិនវិនិច្ឆ័យ
  • មិនខឹង
  • មិនធ្វើឲ្យខ្មាស់អៀន

កូនលោកអ្នកមិនត្រូវការឪពុកម្តាយ Perfect ល្អឥតខ្ចោះនោះទេ ពួកគេត្រូវការឪពុកម្តាយដែល ‘មានវត្តមាននៅជាមួយ និងយល់ពីពួកគេ’

តើថ្ងៃនេះ អ្នកបានស្តាប់កូនអ្នកហើយឬនៅ?

ត្រៀមខ្លួនសម្រាប់អនាគតកូនៗក្នុងសម័យឌីជីថល

ឯកសារយោង៖
American Psychological Association. (2026, February 2). Your teen turned to AI instead of you. What experts say parents can do. Link

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...