Skip to main content

Followers

កូនៗជជែកជាមួយ AI ច្រើនជាងឪពុកម្តាយ? ផលប៉ះពាល់ និងវិធីជួយផ្នែកសុខភាពផ្លូវចិត្ត

កូនៗជជែកជាមួយ AI ច្រើនជាងឪពុកម្តាយ? ផលប៉ះពាល់ និងវិធីជួយផ្នែកសុខភាពផ្លូវចិត្ត

ក្មេងជំទង់ និងឪពុកម្តាយសម័យ AI៖ ការណែនាំពីសមាគមន៍អ្នកចិត្តសាស្រ្តអាមេរិក (APA)

សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនប្រើប្រាស់ AI ជាពិសេសក្មេងជំទង់ ហើយមានអ្នកខ្លះផ្សេងទៀត ប្រើប្រាស់ Chatbot ដើម្បីពិភាក្សាពីបញ្ហាផ្សេងៗ ជំនួសឱ្យឪពុកម្តាយ ឬមនុស្សទុកចិត្តផ្សេងទៀត។ តើទំនោរ​ក្នុង​ការ​ប្រើប្រាស់ AI ឬ Chatbot ពិភាក្សាពីបញ្ហាក្នុងចិត្តបែបនេះ ល្អសម្រាប់កូនៗវ័យជំទង់ដែរទេ? តើឪពុកម្តាយ​គួរតែ​បញ្ឈប់​មិនឱ្យកូនៗមិនឱ្យប្រើប្រាស់ AI ឬ Chatbot ដែរទេ?

ផ្នែកទី១៖ សេចក្តីផ្តើម

បើសិនជាលោកអ្នកមិនទាន់ដឹងថា AI ឬ Chatbot ជាអ្វី ខ្ញុំសូមធ្វើការពន្យល់ដោយងាយយល់ថា AI ជាបញ្ញា​សប្បនិមិ្មត ដែលអាចឆ្លើយតបនូវសំណួរជាច្រើនរបស់មនុស្សយើង។ AI ឬ Chatbot ទាំងនោះ អាចធ្វើការឆ្លើយ​តបនូវសំណួរឱ្យសមស្របទៅតាមអ្វីដែលអ្នកសួរចង់បាន ដោយសារ AI ទាំងអស់ត្រូវបានមនុស្សយើងបង្រៀនវា​។ ហើយតាមរយៈការនិយាយឆ្លើយឆ្លងគ្នាជាមួយនឹង Chatbot នោះ វាចាប់ផ្តើមរៀនសូត្រពីអ្វីដែលមនុស្សយើង និយាយព្រមទាំងព្យាយាមឆ្លើយសម្របបំពេញចិត្តរបស់អ្នកជជែកសួរនាំជាមួយនឹងវា។

ហេតុអ្វីទៅបានជាអ្នកជាឪពុកម្តាយគួរតែយកចិត្តទុកដាក់ចំពោះការប្រើប្រាស់AI របស់កូនៗខ្លួន?

ព្រោះថានិន្នាការនៃការប្រើប្រាស់ AI មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសពីសំណាក់ក្មេងៗវ័យជំទង់ ដើម្បី​ជួយធ្វើកិច្ចការងារនានា ទាំងកិច្ចការនៅសាលារៀន ទាំងការកំសាន្តផ្សេងៗ។ ម្យ៉ាងវិញទៀត មានការព្រមានពី​ផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយនេះ ទៅលើសុខភាពផ្លូវចិត្តរបស់មនុស្សយើង ជាពិសេសក្មេងៗ​ជំទង់តែម្តង ដោយសារតែពួកគេ នៅមានការពិចារណា ឬគិតមានកម្រិតនៅឡើយ។

ហើយម្យ៉ាងទៀតនោះ ពួកគេមិនទាន់អាចបែងចែកបានច្បាស់លាស់ពីកម្រិតនៃការគួរឱ្យជឿជាក់បាន ពីការឆ្លើយតបសាររបស់ AI នោះ​ទេ​។ ប្រសិនបើពួកគេពឹងផ្អែកខ្លាំងពេកទៅលើ AI ទាំងអស់នោះ ពួកគេទំនងជានឹងទទួលការ​រំខាន​ដល់​ការរីក​ចម្រើន​លូតលាស់ជាធម្មតារបស់ពួកគេក្នុងពិភពលោកពិតរបស់យើង ជាពិសេសទំនាក់ទំនងរវាងមនុស្ស និង​មនុស្ស។

⚠️ ផ្នែកទី២៖ សញ្ញាព្រមាន

ការដែលក្មេងៗជំទង់ បង្កើតទម្លាប់នៃការសន្ទនាជាញឹកញាប់អំពីការប្រើប្រាស់ AI ជាសញ្ញាមួយយ៉ាង​សំខាន់​ណាស់​​ក្នុងការ​កត់សម្គាល់ ពីដែលអាចមានបញ្ហា។ នេះជាសញ្ញាព្រមានផ្សេងៗទៀត សម្រាប់អ្នកជា​ឪពុកម្តាយ​ធ្វើ​ការកត់សម្គាល់ពីកូនៗរបស់ខ្លួន សញ្ញាទាំងអស់នោះរួមមាន៖

  • ការប្រើ AI បណ្តាលឱ្យប៉ះពាល់ដល់ការសិក្សា ការគេង ឬទំនាក់ទំនងជាមួយនឹងមនុស្សពិតជាក់ស្តែង
  • ជាប្រភពបង្កឱ្យមានការឈ្លោះប្រកែកជាញឹកញាប់រវាងលោកអ្នក និងកូនៗ
  • ក្មេងធ្វើការផ្តាច់ខ្លួនមិនទាក់ទងជាមួយនឹងអ្នកដទៃច្រើនជាងធម្មតា
  • ហៅ Chatbot ថាជា «មិត្តភក្តិយល់ចិត្តបំផុត» (Best Friend) ឬ​ជាមនុស្សតែម្នាក់​ដែលពួកគេ​អាច​ចែក​រំលែក​ពីអារម្មណ៍របស់ខ្លួនឯងបាន
  • មានអារម្មណ៍រំខានជាខ្លាំង នៅពេលមិនអាចប្រើប្រាស់ AI
  • ចាប់អារម្មណ៍ចែករំលែកជាមួយ Chatbot ជាងជាទំនាក់ទំនងរបស់មនុស្សពិតប្រាកដ
  • ចំណាយរយៈពេលយូរម៉ោងជាមួយ AI
  • មានការផ្លាស់ប្តូរអាកប្បកិរិយា, ឬការគិត ឬក៏អារម្មណ៍គួរឱ្យកត់សម្គាល់
  • ប្រើប្រាស់ AI ហើយគេចវេសមិនជជែកបញ្ហាផ្សេងៗជាមួយនឹងគ្រួសារ ឬ មិត្តភក្តិ

ផ្នែកទី៣៖ ការជួយជំទង់បន្ថយប្រើប្រាស់ AI

ប្រសិនបើកូនរបស់ខ្ញុំ មានសញ្ញាព្រមានដូចខាងលើនេះ តើខ្ញុំគួរតែធ្វើយ៉ាងណាដែរ?

ហេតុផលសំខាន់មួយ ដែលធ្វើឱ្យក្មេងជំទង់មួយចំនួនប្រាស្រ័យទាក់ទងជាមួយនឹង AI គឺដោយសារតែពួកគេ មាន ”អារម្មណ៍ថាឯកោ”។ មានរបាយការណ៍បានបង្ហាញថា យុវវ័យចំណាយពេល​តិចតួចជាមួយមិត្តភក្តិ​របស់​ខ្លួន ដែលបានបន្ថយការប្រាស្រ័យទាក់ទងរបស់គេជាមួយនឹងអ្នកនៅជុំវិញខ្លួនគេ ហើយជាលទ្ធផល​ធ្វើឱ្យ​មាន​អ្នក​ខ្លះ​ជ្រើសរើសទៅទទួលការគាំទ្រផ្នែកអារម្មណ៍ជាមួយនឹង Chatbots ជំនួសវិញ។

ដើម្បីអាចជួយជំទង់បន្ថយការជជែកជាមួយនឹង AI ឪពុកម្តាយគួរតែចាប់ផ្តើមភ្ជាប់ទំនាក់ទំនង ជាមួយនឹងពួកគេ​ឡើង​វិញ។ ឪពុកម្តាយ ក្លាយជាគន្លឹះមួយយ៉ាងសំខាន់ក្នុងការជួយ ក្មេងៗជំទង់​ឱ្យផ្សាភ្ជាប់ទំនាក់ទំនង​គេជាមួយ​នឹង​​សង្គម​​ខាងក្រៅបាន តាមរយៈវិធីណាមួយដែលសមស្របនឹងអាយុរបស់គេដូចជា៖

  • ចូលរួមសកម្មភាពផ្សេងៗ ដែលមានក្នុងសាលា
  • ចេញទៅលេងក្នុងសហគមន៍របស់ខ្លួន ឬទៅដើរលេងនៅសួនច្បារ
  • ចូលរួមសកម្មភាពសង្គមផ្សេងៗដទៃទៀត

ក្រៅពីនេះ អ្នកដែលជាឪពុកម្តាយ ឬអាណាព្យាបាល ក៏គួរតែធានាឱ្យបានថា លោកអ្នកនៅតែបន្ត​គាំទ្រពួក​គេ​គ្រប់​ពេលវេលា ដោយមិនមានការស្តីបន្ទោស ឬធ្វើឱ្យក្មេងៗមានអារម្មណ៍ភ័យខ្លាច ដែលនឹងជម្រុញ​ឱ្យគេ​ស្វែង​រក AI ជំនួសវិញ។

ទោះបីជា AI មើលទៅរស់រាយរាក់ទាក់ ឬមានប្រយោជន៍យ៉ាងណាក៏ដោយ វាមិន​អាច​ជំនួស​ទំនាក់​ទំនងស៊ីជម្រៅ របស់មនុស្សយើងបាននោះទេ។

ការពង្រឹងទំនាក់ទំនង ជាមួយកូនៗជំទង់របស់អ្នក ក៏អាចធ្វើបានតាមរយៈសកម្មភាពប្រចាំថ្ងៃផ្សេងៗ ដូចជា៖ ក្នុង​អំឡុងពេលញ៉ាំអាហារជាមួយគ្នា ឬពេលធ្វើដំណើរទៅសាលាផងដែរ ឬក៏ការនិយាយគ្នាលេង​អំពីអ្វី​ដែល​បាន​កើត​ឡើងក្នុងថ្ងៃនេះជាមួយនឹងកូនៗ ហើយព្យាយាមស្តាប់គាត់ដោយយកចិត្តទុកដាក់។ សកម្មភាពសាមញ្ញៗ​ទាំងអស់នេះ នឹងជួយកសាងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនៗរបស់ខ្លួនកាន់តែល្អប្រសើរ។ សូមចងចាំថា​ការកសាងទំនាក់ទំនងរវាងឪពុកម្តាយ និងកូនៗ គឺអាចកើតមានគ្រប់ពេលវេលាទាំងអស់។

💬 ចែករំលែកបទពិសោធន៍របស់អ្នក!

តើលោកអ្នកអាចធ្វើសកម្មភាពសប្បាយៗ ឬអ្វីដែលចូលចិត្តធ្វើរួមគ្នាបានខ្លះដែរ ជាមួយនឹងកូនៗរបស់លោកអ្នក?

💡 សូមចាំថា៖ ការកសាងទំនាក់ទំនងល្អ នៅក្នុងគ្រួសាររបស់ខ្លួន នឹងជួយឱ្យក្មេងជំទង់ធ្វើការប្រាស្រ័យទាក់ទង​បាន​ល្អ​ប្រសើរ​ជាមួយនឹងមិត្តភក្តិផ្សេងទៀត ដែលនៅខាងក្រៅ។ មានពេលខ្លះ ការព្យាបាលអារម្មណ៍ឯកោ គឺត្រូវការការភ្ជាប់​​ទំនាក់ទំនងដែលមានស្រាប់ ជាពិសេសអ្នកជាឪពុកម្តាយ។

ផ្នែកទី៤៖ អ្នកជំនាញសុខភាពផ្លូវចិត្ត

ក្នុងករណីប្រសិនបើជំទង់ប្រើប្រាស់ AI ដើម្បីពិភាក្សាអំពី៖

មានគំនិតធ្វើបាបខ្លួនឯង
ការប៉ុនប៉ងធ្វើអត្តឃាត
ភាពបញ្ហាធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
វិបត្តិផ្លូវចិត្តផ្សេងៗ

ឪពុកម្តាយ គួរស្វែងរកជំនួយពីអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តភ្លាមៗ ពីអ្នកប្រឹក្សាផ្លូវចិត្ត ឬគ្រូពេទ្យ​ឯក​ទេស​​វិកលវិទ្យា ពីព្រោះថាការមានអន្តរាគមន៍ឆាប់រហ័សអាចជួយស្ថានភាពមានភាពល្អប្រសើរកាន់តែលឿន កាត់បន្ថយបញ្ហាស្មុគស្មាញផ្សេងៗទៀត។

ផ្នែកទី៥៖ សរុបសេចក្តី

ជាសរុបមក សម័យបច្ចុប្បន្ននេះ មាននិន្នាការនៃការប្រើប្រាស់ AI ឬ Chatbot កាន់តែច្រើនឡើងរបស់ក្មេងជំទង់ ហើយមានក្មេងខ្លះ បានប្រើប្រាស់ជាជំនួយផ្នែកអារម្មណ៍ និងការជជែកកម្សាន្តជំនួសឱ្យមនុស្សពិតប្រាកដ។ AI chatbots មិនត្រូវបានរចនាឡើងសម្រាប់ធ្វើការព្យាបាលផ្លូវចិត្តនោះទេ ហើយនៅក្នុងស្ថានភាពមានវិបត្តិផ្សេងៗ អ្នកជំនាញនៅតែសំខាន់។

ឪពុកម្តាយ មិនគួរស្តីបន្ទោស ឬហាមឃាត់ដាច់ខាតក្មេងមិនឱ្យប្រើប្រាស់វានោះទេ ប៉ុន្តែគួរតែព្យាយាមស្តាប់ កសាងទំនាក់ទំនងជាមួយកូនឡើងវិញតាមរយៈសកម្មភាពប្រចាំថ្ងៃ និងជំរុញឱ្យពួកគេ​ចូល​រួមសកម្មភាពសង្គមខាងក្រៅជំនួសវិញ។ ប្រសិនបើឃើញសញ្ញាព្រមានធ្ងន់ធ្ងរ ត្រូវទាក់ទងអ្នកជំនាញ​សុខភាព​ផ្លូវចិត្តភ្លាមៗ ដូចជាប្រើប្រាស់ AI ដើម្បីពិភាក្សាពីការចង់ធ្វើបាបខ្លួនឯង ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ឬការ​ប៉ុនប៉ង​ធ្វើអត្តឃាត។

ឯកសារយោង៖
American Psychological Association. (2026, February 2). Your teen turned to AI instead of you. What experts say parents can do. https://www.apa.org/topics/artificial-intelligence-machine-learning/teens-chatbots-parents

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...