Skip to main content

Followers

គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ ពីអង្គការ Unicef

គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ | UNICEF Tips

គន្លឹះក្នុងការជួយកូនៗវ័យជំទង់ឱ្យលូតលាស់បានល្អប្រសើរ

ប្រភព៖ អង្គការ UNICEF | កាលបរិច្ឆេទ៖ ១៨ កុម្ភៈ ២០២៦
កែសម្រួលដោយ៖ ភុល សុភារិទ្ធ

ដើម្បីជួយឱ្យកុមារទទួលបានការលូតលាស់ល្អប្រសើរ ការកសាងទំនាក់ទំនងជាមួយពួកគាត់ ជាមូលដ្ឋានគ្រឹះ​មួយយ៉ាងសំខាន់។ ការស្រលាញ់ទៅលើនរណាម្នាក់ មានន័យថាយើងចាប់អារម្មណ៍​នូវអារម្មណ៍របស់ម្នាក់នោះ ក៏ដូចជាអ្វីដែលពួកគេកំពុងគិតផងដែរ។

តើលោកអ្នកស្របលើការនិយាយបែបនេះដែរឬទេ? 🤔

តោះថ្ងៃនេះ យើងនឹងមកស្វែងយល់ពីគន្លឹះខ្លះៗ ដែលបានណែនាំពីអង្គការ Unicef សម្រាប់ជួយឱ្យឪពុកម្តាយ​ក្នុងការចិញ្ចឹមបីបាច់កូន។ បើសិនជាចង់ដឹងថាគន្លឹះទាំងអស់នោះមានអ្វីខ្លះ សូមពិនិត្យមើលអត្ថបទនេះជាមួយគ្នា!

ផ្នែកទី១៖ សេចក្តីផ្តើម និងការស្តាប់សកម្ម

ការ​បង្ហាញ​ថា​លោកអ្នក​ជា​ឪពុក​ម្តាយម្នាក់ដែលស្រលាញ់ និងគោរពឱ្យតម្លៃកូនៗរបស់ខ្លួន គឺការ​ដែល​បាន​បង្ហាញ​ថា ខ្លួនមានទំនាក់ទំនងល្អជាមួយកូនៗ​មាន​សារៈ​សំខាន់​ខ្លាំងណាស់ ជាពិសេសអំឡុងពេលពួកគាត់ កំពុង​រីកលូតលាស់ចម្រើនវ័យកាន់តែធំឡើង។

👂 ការស្តាប់សកម្ម (Active Listening)

លោក​អ្នក​មិន​ចាំបាច់ធ្វើការចំណាយលុយកាកទិញរបស់ថ្លៃៗ តុក្កតាទើបនឹងចេញថ្មី ឬទៅដើរលេងកម្សាន្ត​នៅ​ខាង​ក្រៅ ទើបកូនស្រលាញ់ចូលចិត្តលោកអ្នកនោះទេ។ តាមពិតទៅ ការស្តាប់សកម្មទៅវិញនោះទេ ដែលជួយឱ្យកូនៗស្រលាញ់​លោកអ្នក​ចេញពីខាងក្នុងចិត្តរបស់គាត់។

តើធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាអ្នកស្តាប់សកម្ម?

  • ចូលរួមយ៉ាងពេញលេញ និងយកចិត្តទុកដាក់។
  • មិនវិនិច្ឆ័យ និង​មាន​ការយល់ចិត្ត ទោះបីជាទស្សនៈមិនស្របគ្នា។
  • គោរព និងឱ្យតម្លៃចំពោះទស្សនៈរបស់ពួកគេ។

ការធ្វើបែបនេះ នឹងជួយឱ្យក្មេងៗមាន​អារម្មណ៍​ថា​សំដីរបស់ពួកគេត្រូវបានអ្នកដទៃស្តាប់លឺ, យល់ពីខ្លួន, មិនឯកោ និងស្ងប់ចិត្ត។

ផ្នែកទី២៖ គន្លឹះទាំង ១១ សម្រាប់ឪពុកម្តាយ

(សូមចុចលើគន្លឹះនីមួយៗដើម្បីអានលម្អិត)

គន្លឹះទី ១ ចំណាប់អារម្មណ៍ពីអ្វីដែលមានសារៈសំខាន់ ចុចដើម្បីអាន...
+

ការបង្ហាញថាលោកអ្នកចាប់អារម្មណ៍​នូវអ្វីដែល​មាន​សារៈសំខាន់បំផុតសម្រាប់កូនៗ របស់លោកអ្នក សកម្មភាព​មួយ​នេះ បានបង្ហាញឱ្យក្មេងៗដឹងថា​លោកអ្នកពិតជាបាន​យក​ចិត្ត​ទុកដាក់ខ្លាំងណាស់ទៅលើពួកគេ។

គន្លឹះទី ២ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ចុចដើម្បីអាន...
+

ការធ្វើការចែករំលែកពីខ្លួនលោកអ្នក ទាំងការចូលចិត្ត ទាំងសកម្មភាពប្រចាំថ្ងៃ ទាំងអ្វីដែលកំពុងធ្វើ ជារបៀបមួយ ដែលជួយឱ្យលោកអ្នក និងកូនៗផ្សាភ្ជាប់ជាមួយគ្នា ហើយទាំងសងខាង​ដឹង​អំពីនូវចំណាប់​អារម្មណ៍​ណា​មួយ​ដែល​ដូចគ្នា និងចំណាប់អារម្មណ៍ណាមួយ ដែលមិនសូវស៊ីគ្នា។

“តើលោកអ្នក មានពេលវេលា​ក្នុងការចែក​រំលែក​ជាមួយ​នឹងកូនៗខ្លួនដែរទេ?”
គន្លឹះទី ៣ សាកសួរគ្នាទៅវិញទៅមក ចុចដើម្បីអាន...
+

ការជជែកគ្នា គួរតែមានពេលសម្រាប់សួរអំពីមតិយោបល់ ទស្សនៈ និង ការយល់ឃើញផ្សេងៗពីកូនៗ​លោកអ្នក​ព្រោះថាការធ្វើបែបនេះ នឹងជួយឱ្យលោកអ្នកអាចយល់ដឹងពីអារម្មណ៍កូនៗលោកអ្នកឱ្យកាន់តែប្រសើរឡើងថែម​ទៀត។

ឧទាហរណ៍៖ “តើថ្ងៃនេះកូនចង់ទៅដើរលេងនៅខាងក្រៅជាមួយគ្នាទេ?” “តើកូនចង់ទៅ​លេង​នៅ​​កន្លែង​ណាដែរ?” ឬក៏ “តើកូនចង់ញ៉ាំអីដែរថ្ងៃនេះ?”
គន្លឹះទី ៤ កសាងទំនាក់ទំនង ចុចដើម្បីអាន...
+

សូមចាប់ផ្តើមកសាងទំនាក់ទំនងឱ្យបានច្រើន ជាមួយនឹងកូនៗរបស់លោកអ្នក ជាពិសេស​ក្នុងអំឡុងពេល​ ដែល​គា​ត់ស្ថិតក្នុងវ័យក្មេងនៅឡើយ។ កុមារកាន់តែធំ គាត់កាន់តែមានភាពមមាញឹកជាមួយនឹងជីវិតក្នុងសង្គមនៅ​ខាងក្រៅ ហើយរយៈពេលនៅជាមួយគ្រួសាររបស់ខ្លួនក៏កាន់តែតិចជាងមុនផងដែរ ដូចនេះហើយការប្រាស្រ័យ​ទាក់ទងចាប់តាំងពីកុមារភាព​សំខាន់ខ្លាំងណាស់។

បើទោះជាគេចម្រើនវ័យធំហើយក៏ដោយ ក៏ប្រសិនបើលោកអ្នក និង​​កូនៗលោកអ្នកមានទំនាក់ទំនងជាមួយគ្នាល្អ តាមរយៈការចែករំលែកអារម្មណ៍ និង ការគិតផ្សេងៗ វាទំនង​ជា​នឹង​ជួយឱ្យលោកអ្នក និងកូននៅតែបន្តធ្វើការជជែកជាមួយគ្នារហូតដល់គាត់ធំឡើងដដែល។

គន្លឹះទី ៥ ប្រើភាសាកាយវិការ ចុចដើម្បីអាន...
+

ការបង្ហាញកាយវិការថាយកចិត្តទុកដាក់ តាមរយៈការរក្សាប្រើក្រសែភ្នែក ការងក់ក្បាលបញ្ជាក់ ការ​បង្ហាញ​ទឹក​មុខ​ព្រួយបារម្ភ ឬញញឹមលើកទឹកចិត្ត ជាសកម្មភាពតូចៗពិតមែន តែវាបាន បង្ហាញ​ថា​លោកអ្នក​កំពុង​តែ​ស្តាប់​ពួកគេ​ដោយយកចិត្តទុកដាក់។

ការប្រើប្រាស់ភាសាកាយវិការ នឹងធ្វើឱ្យកូនៗមានអារម្មណ៍ថា អ្នក​កំពុងមាន​វត្ត​មាននៅ​ជាមួយពួកគាត់, មានការចាប់អារម្មណ៍, និងយកចិត្តទុកដាក់យ៉ាងពិតប្រាកដជាមួយនឹងគេ។ ទោះបីជា​មិន​បាននិយាយចេញឱ្យគេលឺជាពាក្យសម្តីណាក៏ដោយ ក៏វាបានបញ្ជាក់រួចហើយថា លោកអ្នកកំពុងតែស្តាប់ ជាពិសេសទៅទៀតនោះអ្វីដែលក្មេងៗ បាននិយាយចេញមកពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នក។

គន្លឹះទី ៦ សួរបញ្ជាក់បន្ថែម ចុចដើម្បីអាន...
+

ការសួរសំណួរបញ្ជាក់បន្ថែម ជាការបង្ហាញថា លោកអ្នកយល់បានយល់ច្បាស់ពីអារម្មណ៍ និងគំនិត​របស់​កូន​វ័យជំទង់​របស់លោកអ្នក ហើយសូមចាំថារាល់ចំលើយដែលគាត់ឆ្លើយតបមកវិញ មិនមានចម្លើយណាមួយខុស​នោះឡើយ។

ឧទាហរណ៍៖ “តើកូនអាចពន្យល់បន្ថែមអំពីអ្វីចង់មានន័យបានទេ?” ឬក៏ “ហេតុអ្វីកូន​មាន​អារម្មណ៍​ខឹង​/អន់ចិត្ត នៅពេល…?”

សូមប្រើប្រាស់​ភាសាធ្លាប់ប្រើ សមស្របនឹងការយល់របស់កូនលោកអ្នក ព្រោះថា​ការនិយាយពាក្យដែលកូនលោកអ្នកយល់ គាត់នឹងដឹងថាលោកអ្នកយល់ពីចិត្តគាត់ពិតមែន ហើយគាត់ក៏​យល់​ពី​អ្វីដែលអ្នកចង់បានផងដែរ។

គន្លឹះទី ៧ និយាយឡើងវិញ/បរប្រយោគ ចុចដើម្បីអាន...
+

ការនិយាយឡើងវិញដូចអ្វីដែល កូនលោកអ្នកនិយាយឡើងវិញ នេះជាបង្ហាញ​ថា​អ្នក​យល់​ពីអ្វីដែលគាត់​និយាយ​។

ជា​ឧទាហរណ៍៖ លោកអ្នកអាចនិយាយទៅកាន់គាត់ថា “អ្វីដែលម៉ាក់/ប៉ាបានឮ គឺកូននិយាយថា…” ឬក៏ “តើអ្វីម៉ាក់/ប៉ាយល់ត្រឹមត្រូវទេថា ដែលកូនកំពុងមានអារម្មណ៍ថា…?”
គន្លឹះទី ៨ ផ្តល់ការលើកទឹកចិត្ត និងការសរសើរ ចុចដើម្បីអាន...
+

ការសរសើរគួរតែត្រូវធ្វើឡើងភ្លាមៗ និងនិយាយចំពោះសកម្មភាពជាក់លាក់ ដែលកូនៗគាត់ពិត​ជា​បាន​ធ្វើ​ពិតប្រាកដមែន​។ ការនិយាយសរសើរលើកទឹកចិត្ត នឹងអាចជួយបង្កើនទំនុកចិត្ត ក៏ដូចជា​ការឱ្យតម្លៃលើខ្លួន​ឯង​សម្រាប់​យុវជន។ សកម្មភាពមួយនេះ នឹងជួយជម្រុញលើកទឹកចិត្តឱ្យកូនៗលោកអ្នក​បន្តសកម្មភាព​ដូចគ្នា​បន្ត​ទៀត​នាពេលក្រោយទៀត។

ឧទាហរណ៍៖ “អរគុណណាស់ដែលកូនក្លាហាន និងចែករំលែក​អារម្មណ៍​របស់​កូន​ជា​មួយ​ម៉ាក់/ប៉ា” ឬក៏ “វាមិនងាយទេក្នុងការនិយាយពីអារម្មណ៍តានតឹងចិត្តរបស់ខ្លួន ជាមនុស្សអ្នកដទៃ។ ម៉ាក់/ប៉ា ពិត​ជា​រីករាយ​ណាស់ដែលកូននិយាយវាចេញមកក្រៅ។”

តើលោកអ្នកធ្លាប់សរសើរកូនៗលោអ្នកដែរទេ? តើមានអ្វីខ្លះដែលលោកអ្នកតែងតែឃើញកូនៗរបស់លោកអ្នកធ្វើ​បាន​ល្អ​?

គន្លឹះទី ៩ ទទួលស្គាល់ និងបញ្ជាក់ពីអារម្មណ៍ ចុចដើម្បីអាន...
+

ការទទួលស្គាល់អារម្មណ៍របស់ក្មេង នឹងអាចជួយពួកគេយល់ និងស្គាល់កាន់តែច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង។ សកម្មភាពមួយនេះ ក៏ជួយឱ្យក្មេងៗ​មានអារម្មណ៍ថា​ខ្លួនសុវត្ថិភាព​ក្នុងការបង្ហាញ​អារម្មណ៍​ផ្សេងៗ​ របស់​ខ្លួន​ចេញ​មក​ក្រៅ។

ឧទាហរណ៍៖ “វាសមគួរហើយ ដែល​កូន​គួរ​តែមាន​អារម្មណ៍​ខឹងបែបនេះ បើសិនជាម៉ាក់/ប៉ាវិញ ក៏ប៉ា/ម៉ាក់អាចនឹងមានអារម្មណ៍ខឹងដូចគ្នានេះដែរ”
“ប៉ា/ម៉ាក់ពិតជាសោកស្តាយណាស់ ដែលដឹងថាកូនមិនសប្បាយចិត្ត បើប៉ា/ម៉ាក់​ស្ថិត​ក្នុងស្ថានភាពនេះដែរ ក៏ប៉ា/ម៉ាក់អាចមានអារម្មណ៍ដូចគ្នានេះដែរ។ តោះយើងសាកល្បងថា តើយើងអាចធ្វើ​អ្វី​បាន​ខ្លះដើម្បីជួយអារម្មណ៍មួយនេះបាន!”
គន្លឹះទី ១០ កុំបង្ខំឱ្យនិយាយចេញ ចុចដើម្បីអាន...
+

មានពេលខ្លះកូនៗ គេអាចនឹងមិនងាយស្រួល ក្នុងការនិយាយពីអារម្មណ៍ខាងក្នុង ចេញមកក្រៅនោះទេ ហើយ​ពេលខ្លះទៀតក៏ពួកគេមិនដឹងថា គួរតែរៀបរាប់វាចេញមកក្រៅបែបណានោះដែរ។

មិនជាបញ្ហាអ្វីទេ ដែល​លោក​អ្នក​ប្រាប់កូនៗ ពីអ្វីដែលកើតមានក្នុងខ្លួនកូនៗរបស់លោកអ្នក ហើយបញ្ជាក់ឱ្យក្មេងៗ ដឹងថាលោកអ្នក​ជា​ឪពុក​ម្តាយ ត្រៀមខ្លួនរួចជាស្រេចក្នុងការនិយាយ និងស្តាប់ពួកគាត់គ្រប់ពេលវេលា។ សូមកុំព្យាយាមបង្ខំ ឱ្យក្មេងៗ​និយាយអ្វី ដែលពួកគេមិនអាចធ្វើការបកស្រាយចេញមកក្រៅធ្វើអ្វី។

គន្លឹះទី ១១ ប្រាស្រ័យទាក់ទងគ្រប់ពេលវេលា ចុចដើម្បីអាន...
+

ការប្រាស្រ័យទាក់ទងគ្នា មិនមែនកើតមានតែនៅពេលមានបញ្ហាណាមួយនោះទេ។ ការទំនាក់ទំនងជាមួយគ្នា គួរ​តែ​មានការចែករំលែកទាំងរឿងសប្បាយៗ អ្វីដែលកើតមានល្អៗក្នុងជីវិត ហើយព្យាយាម​ស្វែងរកការបង្កើត​ឱ្យ​មាន​បរិយាកាសសើចលេងជាមួយគ្នា។

ការលេងសើចសប្បាយរីករាយ ជាមួយគ្នា នឹងជួយបង្កើត​ឱ្យមាន​ជា​អារម្មណ៍​វិជ្ជមាន និងពង្រឹងទំនាក់ទំនងរវាងលោកអ្នក និងកូនៗ បានយ៉ាងមានប្រសិទ្ធភាព។ តើថ្មីៗនេះលោកអ្នកមានលេងអ្វីជាមួយកូនៗដែរទេ?

ផ្នែកទី៣៖ សរុបសេចក្តី

ជាសរុបមក ការជួយឱ្យកូនវ័យជំទង់លូតលាស់បានល្អប្រសើរ មិនមែនផ្អែកលើការផ្គត់ផ្គង់សម្ភារៈទំនើប ឬការ​ចាយ​លុយច្រើននោះទេ ប៉ុន្តែផ្អែកលើគុណភាពនៃទំនាក់ទំនង រវាងឪពុកម្តាយ និងកូន។

មូលដ្ឋាន​សំខាន់​បំផុត​គឺ “ការស្តាប់សកម្ម”៖ ស្តាប់ដោយយក​ចិត្ត​ទុក​ដាក់, មិន​វិនិច្ឆ័យ, មានការយល់ចិត្ត និងគោរពទស្សនៈរបស់កូន។ ❤️

ឯកសារយោង (References)

UNICEF. (n.d.). 11 tips for communicating with your teen. UNICEF. Retrieved February 18, 2026, from https://www.unicef.org/parenting/child-care/11-tips-communicating-your-teen
YouTube. (n.d.). Video Source [Video]. https://youtu.be/wlEns5AVgMk

Comments

Popular posts from this blog

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA) ការសង្គ្រោះផ្លូវចិត្តបឋម សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួ...

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...