Skip to main content

Followers

របួសផ្លូវចិត្តនៅក្រោយសង្គ្រាមឈ្លានពាន

របួសផ្លូវចិត្តនៅក្រោយសង្គ្រាមឈ្លានពាន

របួសផ្លូវចិត្តនៅក្រោយសង្គ្រាមឈ្លានពាន

ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦

សម្លេងផ្ទុះគ្រាប់នៅតាមព្រំដែន បានចាប់ផ្តើមស្ងប់ស្ងាត់មកវិញហើយ បន្ទាប់ពីមានការចរចាស្វែងរកសន្តិភាព។ បើទោះជាស្នូរគ្រាប់ស្ងាត់ពិតមែន ប៉ុន្តែពលរដ្ឋភៀសសឹកជាច្រើនក៏អាចនៅតែមានការប្រយុទ្ធផ្សេងទៀត កើតមានក្នុងចិត្តរបស់ពួកគាត់ ដែលគាត់កំពុងតស៊ូជាមួយនឹងការប៉ះទង្គិចផ្លូវចិត្ត។

▶ ទស្សនាវីដេអូពេញ

ផ្នែកទី១៖ សេចក្តីផ្តើម

ការប៉ះទង្គិចគ្នាដោយអាវុធជាថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានរីករាលដាលទៅតាមបណ្តាលខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។ គ្រាប់កាំភ្លើង និងគ្រាប់បែកពីយន្តហោះចម្បាំង បានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ កន្លែងទាំងនេះអាចសាងសង់មកវិញបាន តែមានស្លាកស្នាមមួយទៀតដែលបន្សល់ទុកយ៉ាងជ្រៅក្នុងដួងចិត្ត គឺ «របួសផ្លូវចិត្ត»

💡 របួសផ្លូវចិត្ត បើយើងមិនមើលថែបានល្អទាន់ពេលទេ វានឹងអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរបាន។ ខុសប្លែកពីរបួសរាងកាយ របួសផ្លូវចិត្តអាចបន្តនៅជាប់នឹងមនុស្សយើងរាប់សិបឆ្នាំ។

ផ្នែកទី២៖ សញ្ញាសម្គាល់ (រោគសញ្ញាធំៗទាំង ៤)

(សូមចុចលើចំណងជើងនីមួយៗដើម្បីអានលម្អិត 👇)

១. ការនឹកឃើញឡើងវិញ (Re-experience)

ការនឹកឃើញឡើងវិញនូវបទពិសោធន៍នៃសង្គ្រាមនោះឡើងវិញ ឬហៅថា ការជ្រៀតជ្រែងក្នុងចិត្ត (Intrusion)។ អាការៈនេះច្រើនបង្ហាញតាមរយៈ៖

  • 🛌 ការយល់សប្តិអាក្រក់៖ អាចយល់សប្តិឃើញការទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង ឬហេតុការណ៍គួរឱ្យខ្លាចផ្សេងៗ។
  • 🎬 Flashbacks៖ មានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងនៅក្នុងព្រឹត្តការណ៍នោះម្តងទៀត ទោះបីជាពេលបច្ចុប្បន្នមានសុវត្ថិភាពហើយក៏ដោយ។
២. ការគេចវេស (Avoidance)

គឺជាការព្យាយាមគេចចេញពីអ្វីៗដែលធ្វើឱ្យខ្លួននឹកឃើញរឿងរ៉ាវឈឺចាប់ មិនថាជា មនុស្ស វត្ថុ ការគិត អារម្មណ៍ ឬទីកន្លែងឡើយ។

📌 ឧទាហរណ៍ជាក់ស្តែង៖
អ្នកខ្លះព្យាយាមមិនមើលព័ត៌មានទាក់ទងនឹងសង្គ្រាម ឬមិនចង់ជជែកគ្នាពីភូមិកំណើត។ ការគេចវេសយូរៗទៅ អាចធ្វើឱ្យបុគ្គលដកខ្លួនចេញពីគេឯង ឬលែងចាប់អារម្មណ៍លើសកម្មភាពដែលខ្លួនធ្លាប់ចូលចិត្ត។
៣. គំនិត និងអារម្មណ៍អវិជ្ជមាន

មានការផ្លាស់ប្តូររបៀបគិត និងអារម្មណ៍ទៅរកភាពអវិជ្ជមានខ្លាំង ចំពោះខ្លួនឯង និងពិភពលោក៖

  • 🌍 ពិភពលោកគ្រោះថ្នាក់៖ មានអារម្មណ៍អស់សង្ឃឹម ឬគិតថាគ្មានកន្លែងណាមានសុវត្ថិភាព។
  • 💔 បាត់បង់ទំនុកចិត្ត៖ លែងទុកចិត្តអ្នកដទៃ មានអារម្មណ៍សោកសៅ ឬឆាប់ខឹងឆេវឆាវ។
  • 🧠 បញ្ហាចងចាំ៖ លំបាកក្នុងការចងចាំរឿងរ៉ាវសំខាន់ៗខ្លះនៃហេតុការណ៍ ឬផ្តាច់ខ្លួនចេញពីអ្នកដទៃ ដែលធ្វើឱ្យពិបាករៀបចំផែនការអនាគត។
៤. ការងាយរំជួលចិត្ត (Hyperarousal)

រាងកាយស្ថិតក្នុងការ ប្រុងប្រយ័ត្នគ្រប់ពេលវេលា (On High Alert) ប្រៀបដូចជាគ្រោះថ្នាក់នៅតែកើតមាន។

  • 🔊 ងាយភ្ញាក់ផ្អើល៖ ពេលលឺសំឡេងខ្លាំងៗ (ដូចជាសំឡេងទ្វារបិទ ឬស៊ីផ្លេរថយន្ត) ព្រោះសំឡេងទាំងនេះដាស់អារម្មណ៍ឱ្យនឹកឃើញសមរភូមិ។
  • 😡 ការគ្រប់គ្រងអារម្មណ៍៖ ងាយភ័យស្លន់ស្លោ ឆាប់ខឹង ឬផ្ទុះកំហឹងដោយមិនសមហេតុផល។
  • 💤 បញ្ហាដំណេក៖ គេងមិនលក់ ឬគេងលក់មិនស្កប់ស្កល់។
  • 🤕 បញ្ហារាងកាយ៖ ពិបាកក្នុងការផ្ចង់អារម្មណ៍ អស់កម្លាំង ឈឺក្បាល ឬឈឺក្រពះជាដើម។

ផ្នែកទី៣៖ ការជួយដោះស្រាយបញ្ហា

សូមចងចាំថា រោគសញ្ញាទាំងនេះគឺជា ប្រតិកម្មពីធម្មជាតិ ដែលរាងកាយត្រូវការពេលវេលាយ៉ាងហោចណាស់ ៣០ថ្ងៃ ដើម្បីជាសះស្បើយ។

វិធីសាស្រ្តជួយខ្លួនឯង និងអ្នកដទៃ៖

  • ទទួលស្គាល់ការឈឺចាប់៖ កុំព្យាយាមលាក់ទុក ឬសង្កត់សង្កិន។ ការហ៊ានទទួលស្គាល់ និងចែករំលែករឿងរ៉ាវជាមួយមនុស្សដែលទុកចិត្ត គឺជាជំហានដំបូងនៃការព្យាបាល។
  • ភ្ជាប់ទំនាក់ទំនង៖ ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ដើម្បីកាត់បន្ថយអារម្មណ៍ឯកោ។
  • ស្តាប់ដោយយកចិត្តទុកដាក់៖ ប្រសិនបើអ្នកជាអ្នកស្តាប់ សូមកុំកាត់សេចក្តី។ ការស្តាប់ជួយសម្រាលបន្ទុកក្នុងចិត្តរបស់ពួកគេ។
  • ថែរក្សាសុខភាព៖ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងហាត់ប្រាណស្រាលៗ។

🫁 លំហាត់ដង្ហើមសាមញ្ញ (៥ នាទី/ថ្ងៃ)

១. ដកដង្ហើមចូល (រាប់ដល់ ៤)២. ឃាត់ដង្ហើម (រាប់ដល់ ៤)៣. បញ្ចេញដង្ហើម (រាប់ដល់ ៤)

⚠️ ចំណាំ៖ ប្រសិនបើរោគសញ្ញានៅតែបន្តរំខានដល់ការរស់នៅប្រចាំថ្ងៃខ្លាំង ការស្វែងរកជំនួយពី អ្នកជំនាញចិត្តសាស្ត្រ គឺជាការសម្រេចចិត្តដ៏ក្លាហាន និងត្រឹមត្រូវបំផុត។

ផ្នែកទី៤៖ សរុបសេចក្តី

រោគសញ្ញាសំខាន់ៗទាំងបួនយ៉ាងនេះ — ការនឹកឃើញឡើងវិញ, ការគេចវេស, គំនិតអវិជ្ជមាន, និងការឆាប់រំជួលចិត្ត — គឺជារបួសដែលមើលមិនឃើញ កើតឡើងដោយសារសង្គ្រាមឈ្លានពានមួយនេះ។

នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា បានបង្រៀនយើងហើយថា របួសផ្លូវចិត្តអាចបន្តពីមួយជំនាន់ទៅមួយជំនាន់ ប្រសិនបើយើងមិនព្យាបាលវាឱ្យបានត្រឹមត្រូវ។ ការព្យាបាលរបួសដែលមានក្នុងចិត្តក្រោយពីសង្គ្រាមមួយនេះ គឺត្រូវការពេលវេលា និងការអត់ធ្មត់ ដើម្បីឱ្យទទួលបានការជាសះស្បើយឡើងវិញ។

ប្រតិកម្មផ្លូវចិត្តទាំងអស់នេះ មិនអាចបាត់ទៅវិញភ្លាមៗនោះទេ ប៉ុន្តែការចាប់ផ្តើមធ្វើសកម្មភាពថែទាំខ្លួនឯងនៅថ្ងៃនេះ គឺជាការចាប់ផ្តើមជួយឱ្យខ្លួនឯងជាសះស្បើយជាបណ្តើរៗហើយ។

✨ សូមចាំថា៖

  • 🗣️ ការហ៊ាននិយាយចេញមកក្រៅ
  • 😴 ការបង្កើតទម្លាប់ល្អផ្សេងដូចជាគេងគ្រប់គ្រាន់
  • 🤝 ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនឡើងវិញ
  • 🌱 ការស្វែងរកអត្ថន័យជីវិត
  • 👨‍⚕️ និងសូមកុំមានការស្ទាក់ស្ទើរក្នុងការសុំជំនួយពីអ្នកជំនាញឯកទេសផ្លូវចិត្តនៅពេលដែលចាំបាច់។

ឯកសារយោង៖

  • American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders: DSM-5.
  • Schulte-Herbrüggen, O., & Heinz, A. (2012). Psychological trauma in soldiers.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...