Skip to main content

Followers

ថែទាំខ្លួនឯង ដើម្បីថែទាំអ្នកដទ

ថែទាំខ្លួនឯង ដើម្បីថែទាំអ្នកដទៃ
Wellness & Solidarity

ថែទាំខ្លួនឯង
ដើម្បីថែទាំអ្នកដទៃ

ក្នុងកាលៈទេសៈដ៏លំបាក ការពង្រឹងកម្លាំងចិត្តនិងកាយរបស់ខ្លួនឯង គឺជាកាតព្វកិច្ចដ៏សំខាន់ ដើម្បីក្លាយជាបង្អែកដ៏រឹងមាំសម្រាប់អ្នកជុំវិញខ្លួន។

សេចក្តីផ្តើម

ឆ្នាំថ្មីជិតចូលមកដល់ហើយ ជាធម្មតានៅចុងឆ្នាំមនុស្សម្នាគួរតែនាំគ្នារីករាយទទួលឆ្នាំថ្មី។ ប៉ុន្តែជារឿងអកុសលមួយ ដែលក្នុងកាលៈទេសៈខ្លះ ប្រទេសជាតិអាចជួបប្រទះនឹងសង្រ្គាម ឬការឈ្លានពាន ដែលធ្វើឱ្យបងប្អូនយើងជាច្រើនត្រូវជួបការលំបាក រត់គេចពីការទម្លាក់គ្រាប់បែក ឬការប្រយុទ្ធគ្នា។

"បើទោះបីជាជម្លោះមិនបានរីករាលដាលដល់គ្រប់ទីកន្លែងនៃប្រទេសយើងក៏ដោយ ក៏អ្នកនៅសមរភូមិក្រោយ មានក្តីបារម្ភតាមដានពីសភាពការណ៍ និងរួមកម្លាំងសាមគ្គីគ្នាជួយគាំទ្រដល់អ្នកនៅសមរភូមិមុខ។"

ក្នុងអំឡុងពេលដែលលំបាកបែបនេះ ការថែទាំសុខភាពខ្លួនឯងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីយើងទាំងអស់គ្នាមានកម្លាំងរួមគ្នាក្នុងការជួយអ្នកក្នុងសមរភូមិមុខបន្តទៀត។

តើសុខភាព
មានន័យដូចម្តេច?

បើយោងតាមអង្គការសុខភាពពិភពលោក (1949) បានឱ្យនិយមន័យថា៖

"ជាភាពសុខដុមយ៉ាងពេញលេញផ្នែករាងកាយ ផ្លូវចិត្ត និងសង្គម ដោយមិនគ្រាន់តែជាភាពគ្មានជំងឺ ឬគ្មានពិការភាពនោះទេ។"

និយមន័យមួយនេះ ចង់ឱ្យមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ ចំពោះសុខភាពខ្លួនឯងមិនត្រឹមតែសុខភាពរាងកាយប៉ុណ្ណោះនោះទេ សុខភាពផ្លូវចិត្ត និង សុខភាពសង្គមក៏សំខាន់ដូចគ្នាផងដែរ។ លើសពីនេះទៀតនោះ ការដែលគ្រាន់តែគ្មានជំងឺ ក៏មិនមែនមានន័យថាមនុស្សមានសុខភាពល្អប្រសើរផងដែរ។

ស្នូលនៃជីវិតទាំង ៥ (Sweeney & Witmer)

ក្រោយៗមកទៀត Sweeney & Witmer នៅអំឡុងទសវត្សឆ្នាំ១៩៩០ បានរួមបញ្ចូលនូវផ្នែកផ្សេងៗទៀតនៃជីវិតមនុស្ស ដោយផ្តោតទៅលើស្នូលចំនួន៥នៃជីវិតរួមមាន៖

ព្រលឹងវិញ្ញាណ
ការងារ/ការកម្សាន្ត
សេចក្តីស្រលាញ់
មិត្តភាព
ការគ្រប់គ្រងខ្លួនឯង
Wellness Wheel

សុខុមាលភាពទាំង ៨ ផ្នែក

ការថែទាំសុខុមាលភាពចាប់ផ្តើមពីការយល់ដឹង និងការអនុវត្តលើគ្រប់ជ្រុងនៃជីវិត។

១. សុខុមាលភាពរាងកាយ

មិនមែនគ្រាន់តែគ្មានជំងឺនោះទេ គឺត្រូវមានកម្លាំងពលំ និងរាងកាយរឹងមាំ។ សុខភាពរាងកាយមានឥទ្ធិពលផ្ទាល់លើការគិត អារម្មណ៍ និងការចូលរួមក្នុងសង្គម។

ការអនុវត្ត៖

  • ហាត់ប្រាណយ៉ាងតិច ១៥នាទី/ថ្ងៃ
  • បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់
  • គេងឱ្យបាន ៧ ទៅ ៩ ម៉ោង

២. សុខុមាលភាពផ្លូវចិត្ត

សំដៅលើការយល់ ការបង្ហាញ និងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ ការគ្រប់គ្រងអារម្មណ៍បានល្អ ជួយឱ្យយើងដោះស្រាយបញ្ហាចំពោះមុខបានប្រសើរ។

ការអនុវត្ត៖

  • ស្វែងរកការគាំទ្រពីអ្នកដទៃពេលមានបញ្ហា
  • ធ្វើសមាធិ ឬលំហាត់យោហ្គា
  • ប្រើបច្ចេកទេសផ្តោតអារម្មណ៍ "៥៤៣២១"

៣. សុខុមាលភាពសង្គម

ការបង្កើត និងថែរក្សាទំនាក់ទំនងល្អ។ ការជួយគាំទ្រវីរៈកងទ័ព និងជនភាសន៍សឹក គឺជាការកសាងសុខុមាលភាពសង្គមដ៏ល្អ។

ការអនុវត្ត៖

  • រក្សាទំនាក់ទំនងជាមួយមិត្តភក្តិចាស់ៗ
  • ចូលរួមសកម្មភាពសហគមន៍/ចែករំលែកចំណេះដឹង
  • ទទួលស្គាល់ថាយើងត្រូវការអ្នកដទៃ

៤. សុខុមាលភាពបញ្ញា

ពង្រីកចំណេះដឹង និងជំនាញជានិច្ច។ សួរខ្លួនឯងថា តើការស្តាប់ ឬអាននេះ បានជួយអ្វីខ្លះដល់ការគិតរបស់ខ្ញុំ?

ការអនុវត្ត៖

  • រៀនវគ្គខ្លីៗ ឬភាសាបរទេស
  • អានសៀវភៅ ចូលបណ្ណាល័យ ឬទស្សនាសារមន្ទីរ
  • ជជែកផ្លាស់ប្តូរយោបល់ជាមួយអ្នកដទៃ

៥. សុខុមាលភាពព្រលឹងវិញ្ញាណ

មិនមែនសំដៅលើតែសាសនាទេ តែជាការស្វែងរកអត្ថន័យជីវិត គោលបំណង និងគុណតម្លៃផ្ទាល់ខ្លួន ដើម្បីបណ្តុះក្តីសង្ឃឹម និងភាពធន់។

ការអនុវត្ត៖

  • ការប្រតិបត្តិជំនឿសាសនា ឬគោរពគោលការណ៍ជីវិត
  • ធ្វើសមាធិ និងស្វែងយល់ពីខ្លួនឯង
  • ការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ

៦. សុខុមាលភាពបរិស្ថាន

ការរស់នៅមានទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានជុំវិញ។ ទោះបីជាការរស់នៅរបស់ជនភាសន៍សឹកមិនល្អដូចមុនសង្រ្គាម ប៉ុន្តែការថែរក្សាបរិស្ថាននៅតែសំខាន់។

ការអនុវត្ត៖

  • កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក/ក្រដាស
  • សន្សំសំចៃទឹក និងថាមពល
  • ប្រើប្រាស់ធនធានប្រកបដោយចីរភាព

៧. សុខុមាលភាពហិរញ្ញវត្ថុ

លុយមិនអាចទិញសុភមង្គល តែស្ថេរភាពហិរញ្ញវត្ថុជួយកាត់បន្ថយភាពតានតឹង។ ការពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន និងមានផែនការអនាគត។

ការអនុវត្ត៖

  • រៀនគ្រប់គ្រងចំណូល និងចំណាយ
  • ចំណាយស្របតាមគុណតម្លៃ និងគោលដៅ
  • ចេះច្នៃប្រឌិត (ឧ. ដើរលេងតាមបែបសន្សំសំចៃ)

៨. សុខុមាលភាពការងារ

រាប់បញ្ចូលទាំងការងារស្ម័គ្រចិត្ត ការមើលថែក្មេង ឬការងារគ្មានប្រាក់កម្រៃ។ សំខាន់គឺភាពរីករាយ និងការរីកចម្រើនក្នុងអ្វីដែលកំពុងធ្វើ។

ការអនុវត្ត៖

  • ស្វែងរកការងារដែលស្របនឹងបុគ្គលិកលក្ខណៈ
  • បើកចំហចំពោះការផ្លាស់ប្តូរ និងរៀនជំនាញថ្មី
  • បញ្ចេញទេពកោសល្យឱ្យអស់ពីសមត្ថភាព

សំណួរសញ្ជឹងគិត

"តើបំណែកណាមួយនៃសុខុមាលភាពរបស់លោកអ្នកធ្វើបានល្អជាងគេក្នុងចំណោមបំណែកទាំង៨នេះ?"

"តើលោកអ្នកត្រូវការធ្វើអ្វីបន្ថែមទៀត ដើម្បីឱ្យផ្នែកផ្សេងៗនៃសុខុមាលភាពរបស់លោកអ្នកកាន់តែប្រសើរឡើង?"

សរុបសេចក្តី

ការថែទាំខ្លួនឯងមិនមែនជាទង្វើអត្មានិយម ដែលស្វែងរកការសប្បាយចិត្តសម្រាប់តែខ្លួនឯងនោះទេ។ ការថែទាំខ្លួនឯងគឺដើម្បីជួយឱ្យមនុស្សយើងកាន់តែរឹងមាំ ដើម្បីអាចមានលទ្ធភាពជួយអ្នកដទៃផ្សេងទៀតបានកាន់តែច្រើនឡើង។ ផ្នែកទាំង ៨ នេះសុទ្ធតែមានទំនាក់ទំនងគ្នា។ នៅពេលផ្នែកណាមួយល្អប្រសើរ វានឹងជម្រុញឱ្យផ្នែកផ្សេងៗទៀតល្អប្រសើរផងដែរ។

ឯកសារយោង

  • Myers, J. E., & Sweeney, T. J. (2008). Wellness counseling: The evidence base for practice. Journal of Counseling & Development, 86(4), 482–493. https://doi.org/10.1002/j.1556-6678.2008.tb00536.x
  • World Health Organization. (1948). Summary reports on proceedings minutes and final acts of the International Health Conference held in New York from 19 June to 22 July 1946. https://apps.who.int/iris/handle/10665/85573

© 2024 Self-Care & Wellness Blog. All rights reserved.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...