Skip to main content

Followers

សារៈសំខាន់នៃជំនាញប្រាស្រ័យទាក់ទងសម្រាប់ទន្តពេទ្យ

សារៈសំខាន់នៃជំនាញប្រាស្រ័យទាក់ទងសម្រាប់ទន្តពេទ្យ

សារៈសំខាន់នៃជំនាញប្រាស្រ័យទាក់ទងសម្រាប់ទន្តពេទ្យ

អ្នកនិពន្ធ៖ ភុល សុភារិទ្ធ

កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥

ផ្នែកទី១៖ សេចក្តីផ្តើម និងបញ្ហាប្រឈម

ការប្រាស្រ័យ​ទាក់​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ​ជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់អ្នក​ថែទាំ​​សុខភាព​របស់​មនុស្ស ដោយសារតែ​ជំនាញប្រាស្រ័យទាក់ទង នឹងជួយឱ្យការផ្តល់ការថែទាំ​សុខភាព​មួយ ​​ប្រកបដោយ​គុណភាព​។ ជំនាញប្រាស្រ័យទាក់ទង មានរួមបញ្ចូល​វិធីសាស្រ្តក្នុង​ការគ្រប់គ្រង​អាកប្បកិរិយា​របស់​អ្នកជំងឺ វិធីសាស្រ្ត​​កាត់បន្ថយអារម្មណ៍ថប់បារម្ភ និង​លើកកម្ពស់ទំនាក់ទំនង​ជាលក្ខណៈ​វិជ្ជមាន​ រវាង​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល និងអ្នកជំងឺ (J. Ho et al., 2024)។

បញ្ហានៃអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ គឺជាបញ្ហាមួយកើតឡើងជាទូទៅចំពោះមនុស្សពេញវ័យក្នុងស្វែងរកសេវាកម្ម ទន្តពេទ្យ (Leśna et al., 2024)។ អារម្មណ៍អវិជ្ជមានទាំងនេះបណ្តាលឱ្យមនុស្សជាច្រើនគេចវេសពីការថែទាំសុខភាពមាត់ធ្មេញ ដែលនាំឱ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។ នៅទីបំផុត បុគ្គលនោះត្រូវបង្ខំចិត្តស្វែងរកការព្យាបាល ដែលបង្កើតជាបទពិសោធន៍អវិជ្ជមានម្តងទៀត — បញ្ហានេះបានបង្កទៅជា "វដ្តនៃបញ្ហាសុខភាពមាត់ធ្មេញ" ដែលវិលចុះវិលឡើងមិនចេះចប់។

ជំនាញនៃការប្រាស្រ័យទាក់ទង ក្នុងផ្នែកសុខភាព​ជាការស្វែងយល់ លក្ខណៈ​ប្រព័ន្ធនៃ​ផ្នែក​ចិត្ត​សាស្រ្ត  និងបច្ចេកទេសនានាក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ។ ជំនាញប្រាស្រ័យទាក់ទងនានា ត្រូវបាន​សម្រប​សម្រួល និង ធ្វើការគ្រប់គ្រងបញ្ហារបស់អ្នកជំងឺ ជាពិសេសក្នុងអំឡុងពេលព្យាបាល។  ដើម្បី​​ប្រាស្រ័យ​ទាក់ទងល្អរវាងអ្នកជំងឺ និងបុគ្គKលិកថែទាំសុខភាព ការកសាងទំនាក់ទំនងនៃការព្យាបាលមានសារៈសំខាន់​ណាស់។

ការប្រាស្រ័យទាក់ទងតាមរយៈ ភាសាកាយវិការ និងភាសានិយាយ, ការយល់ដឹងពីកត្តាផ្លូវចិត្តនានា ដែលមានឥទ្ធិពលលើអាប្បកិរិយារបស់អ្នកជំងឺ ព្រមទាំងការអនុវត្តនូវជំនាញដែលមានភស្តុងតាង ​ក្នុងការ​គ្រប់គ្រង​អារម្មណ៍ភ័យខ្លាចរបស់អ្នកជំងឺ ជួយជម្រុញឱ្យទទួលបានការសហការណ៍​កាន់តែប្រសើរ ជាមួយនឹង​អ្នក​ជំងឺ កាត់បន្ថយអារម្មណ៍ថប់បារម្ភ និង ជម្រុញឱ្យលទ្ធផលនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព។

ភាសាកាយវិការ និងភាសានិយាយ

ប្រើប្រាស់ការប្រាស្រ័យទាក់ទងទាំងពាក្យសម្ដី និងមិនមែនពាក្យសម្ដីប្រកបដោយការយល់ចិត្ត។

ការយល់ដឹងពីចិត្តសាស្រ្ត

យល់ដឹងពីកត្តាផ្លូវចិត្តដែលមានឥទ្ធិពលលើអាកប្បកិរិយារបស់អ្នកជំងឺ។

ការគ្រប់គ្រងការភ័យខ្លាច

អនុវត្តនូវជំនាញដែលមានភស្តុងតាងក្នុងការគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់អ្នកជំងឺ។


វីដេអូបន្ថែម៖ ការប្រាស្រ័យទាក់ទងក្នុងផ្នែកថែទាំសុខភាព

ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រធានបទនេះ សូមទស្សនាវីដេអូពាក់ព័ន្ធខាងក្រោម៖


ផ្នែកទី២៖ ទំនុកចិត្ត និងគុណភាពនៃការថែទាំ

តួនាទីស្នូលនៃជំនាញប្រាស្រ័យទាក់ទង (King, 2006)

យោងតាម (King, 2006) ជំនាញប្រាស្រ័យទាក់ទងសំខាន់ព្រោះវាអនុញ្ញាតឱ្យអ្នកថែទាំសុខភាព៖

1

ប្រមូលព័ត៌មាន និងឆ្លើយតប៖ ប្រមូលព័ត៌មានពីអ្នកជំងឺ និងឆ្លើយតបសំណួរផ្សេងៗ​ពីអ្នកជំងឺ ឬគ្រួសារ។

2

លើកទឹកចិត្ត៖ ជម្រុញ​លើកទឹកចិត្តអ្នកជំងឺក្នុងការថែទាំសុខភាពរបស់ខ្លួន។

3

បន្ធូរបន្ថយអារម្មណ៍៖ ជួយបន្ធូបន្ថយអារម្មណ៍ព្រួញបារម្ភពីបញ្ហាសុខភាព ជាពិសេសចំពោះកុមារ។

4

កសាងទំនុកចិត្ត៖ ផ្តល់នូវការកសាងទំនុកចិត្ត និង​បង្កើត​កិច្ចសន្យាក្នុងការព្យាបាល។

ការកសាងទំនុកចិត្ត៖ ចលករនៃភាពជោគជ័យ

ការសិក្សាជាច្រើន (John & Raveendranadhan, 2023; He et al., 2025) បង្ហាញថា ទំនុកចិត្ត គឺជាចលករដ៏សំខាន់សម្រាប់ការព្យាបាលដ៏ជោគជ័យ។ ទំនុកចិត្តនេះជួយឱ្យអ្នកជំងឺ៖

  • ស្តាប់តាមការណែនាំ និងជួបគ្រូពេទ្យតាមការណាត់។
  • កាត់បន្ថយអារម្មណ៍ថប់បារម្ភ។
  • យល់ឃើញថាគ្រូពេទ្យមានសមត្ថភាពខ្ពស់។

ទំនុកចិត្តនេះកើតឡើងតាមរយៈ៖ ការយល់ចិត្ត, ការស្តាប់ដោយយកចិត្តទុកដាក់, ភាពច្បាស់លាស់, និង ភាពស្មោះត្រង់

ការសម្រេចចិត្តរួមគ្នា និងការពេញចិត្ត

បើយោងទៅតាម​ Systematic Review មួយទាក់ទងនឹងការអនុវត្តរបស់ទន្តពេទ្យ បានបង្ហាញថា ការ​ប្រាស្រ័យទាក់ទង មានប្រសិទ្ធភាព​រវាងទន្តបណ្ឌិត និងអ្នកជំងឺនឹងអាចបង្កើន​គុណភាព​នៃ​ការថែទាំសុខភាព​មាត់​ធ្មេញ រួមទាំងបង្កើន​ឱ្យ​មាន​ការពេញចិត្តទៅលើសេវាកម្មថែទាំផងដែរ(J. C. Y. Ho et al., 2025)។ ពេល​ដែល​លោក​គ្រូ​ពេទ្យ​គាត់ការប្រាស្រ័យទាក់ទងមានប្រសិទ្ធភាព គ្រូពេទ្យ​អាច​ផ្តល់​នូវ​ព័ត៌​មានខាងផ្នែក​វេជ្ជសាស្ត្រ​​​ចំបាច់​ផ្សេងៗ​​​​ដល់​អ្នកជំងឺ។ ព័ត៌មានទាំងអស់នេះ នឹងរួមចំណែកក្នុង​ការផ្តល់ជាជម្រើស​នៃ​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ ដោយ​ធានាថាអ្នកជំងឺនឹងអាចចូលរួម​ក្នុងការធ្វើការសម្រេច​ចិត្ត​ទទួល​ការព្យាបាល​របស់ខ្លួន។

ផ្នែកទី៣៖ សរុបសេចក្តី

ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មិនមែនជាជំនាញទន់ (Soft Skill) នោះទេ ប៉ុន្តែជាសមត្ថភាពគ្លីនិកស្នូល (Core Clinical Competence) ដែលមិនអាចខ្វះបានសម្រាប់អ្នកថែទាំសុខភាពមានជំនាញវិជ្ជាជីវៈម្នាក់។

ជំនាញនេះបង្កើតជាមូលដ្ឋានក្នុងការកសាងទំនុកចិត្ត និងអនុញ្ញាតឱ្យទន្តបណ្ឌិតបំបែក "វដ្តនៃបញ្ហា" នៃការជៀសវាងធ្មេញ និងការធ្លាក់ចុះនៃសុខភាពមាត់ធ្មេញជាបន្តបន្ទាប់ ដោយការគ្រប់គ្រងការភ័យខ្លាច និងការថប់បារម្ភរបស់អ្នកជំងឺ។

លទ្ធផលនៃការស្រាវជ្រាវបង្ហាញច្បាស់ថា ការកសាងទំនុកចិត្តតាមរយៈការយល់ចិត្ត និងការពន្យល់ច្បាស់លាស់ នាំឱ្យ៖

  • ការពេញចិត្តខ្ពស់ របស់អ្នកជំងឺ។
  • ការអនុវត្តខ្ជាប់ខ្ជួន តាមផែនការព្យាបាល។
  • ការយល់ឃើញល្អ ចំពោះសមត្ថភាពនៃសេវាថែទាំសុខភាព។

នៅទីបំផុត ការប្រាស្រ័យទាក់ទងផ្តល់អំណាចដល់អ្នកជំងឺឱ្យចូលរួមក្នុងការសម្រេចចិត្តរួមគ្នា ធានាថាការថែទាំមានប្រសិទ្ធភាព និងស្របតាមតម្រូវការពិតប្រាកដរបស់ពួកគេ។


ឯកសារយោង

  • He, K., Sale, J., Singhal, S., & Dempster, L. (2025). Trust and Distrust in Dental Professionals: Patient Perceptions and Experiences. Journal of Dental Education. https://doi.org/10.1002/jdd.70017
  • Ho, J. C. Y., Luo, B. W., Lo, E. C. M., Huang, M. Z., & Chu, C. H. (2025). An Overview of Dentist–Patient Communication in Quality Dental Care. Dentistry Journal, 13(1), 31. https://doi.org/10.3390/dj13010031
  • Ho, J., Chai, H., Lo, E., Huang, M., & Chu, C. H. (2024). Strategies for Effective Dentist-Patient Communication: A Literature Review. Patient Preference and Adherence, Volume 18, 1385–1394. https://doi.org/10.2147/PPA.S465221
  • John, D., & Raveendranadhan, S. (2023). Trust between dental professionals and patients: a scoping review. Patient Education and Counseling, 109, 51. https://doi.org/10.1016/j.pec.2022.10.124
  • King, J. (2006). Communication skills. In Essential Skills for Dentists (pp. 37–48). Oxford University Press Oxford. https://doi.org/10.1093/oso/9780198526193.003.0003
  • Leśna, M., Górna, K., & Kwiatek, J. (2024). Managing Fear and Anxiety in Patients Undergoing Dental Hygiene Visits with Guided Biofilm Therapy: A Conceptual Model. Applied Sciences, 14(18), 8159. https://doi.org/10.3390/app14188159

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...