Skip to main content

Followers

អ្វីទៅជា Erotomania? (មានជំងឺផ្លូវចិត្តស្រលាញ់គេតែម្នាក់ឯងដែរ?)

Erotomania ជាអ្វី?

(តើនេះជាជំងឺផ្លូវចិត្តស្រលាញ់គេតែម្នាក់ឯងមែនទេ?)

ផ្នែកទី១៖ សេចក្តីផ្តើម

សង្ឃឹមថាអត្ថបទនេះ នឹងចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺផ្លូវចិត្តមួយប្រភេទ។

ថ្មីៗនេះ មានមនុស្សប្រុសម្នាក់បានអះអាងថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងល្បីម្នាក់ (លឹម តិចម៉េង) បើទោះជាតារាចម្រៀងនោះ និងមិត្តភក្តិរបស់គាត់បានប្រកាសថា គាត់មិនស្គាល់បុរសម្នាក់នោះយ៉ាងណាក៏ដោយ។ បុរសម្នាក់នោះអាចត្រូវបានអ្នកខ្លះហៅគាត់ថា Stalker ឬ អ្នកលួចដើរតាមតារា។

សម្រាប់ការលួច Crush គេម្នាក់ឯង... ជាពិសេសតារាល្បីៗ ជារឿងធម្មតាទេ! ប៉ុន្តែបើការលួចស្រលាញ់នោះ ឈានដល់ការជឿជាក់យ៉ាងពិតប្រាកដថា តារាម្នាក់ហ្នឹងក៏កំពុងស្រលាញ់អ្នកវិញដែរ ហើយគ្រប់វីដេអូ គ្រប់រូបភាពដែលគេបង្ហោះ គឺជាសារសម្ secretos សម្រាប់តែគាត់ម្នាក់គត់វិញនោះ... តើលោកអ្នកយល់យ៉ាងណាដែរ?

នេះមិនមែនជាការលួចស្រលាញ់ធម្មតាទេ តែវាអាចជាសញ្ញានៃអាការៈផ្លូវចិត្តប្រភេទមួយ ដែលគេឲ្យឈ្មោះថា Erotomania។ ដោយសារតែនេះជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលកម្រនឹងមាន ហើយក៏មិនមានការបកប្រែជាភាសាខ្មែរ ខ្ញុំសូមធ្វើការនិយាយឈ្មោះនេះជាភាសាអង់គ្លេសដដែល។

ផ្នែកទី២៖ អ្វីទៅជា Erotomania?

Erotomania ដែលគេស្គាល់ម្យ៉ាងទៀតថា ដឺ ក្លេរ៉ាំបូល ស៊ីនត្រុម (de Clérambault's syndrome) នេះជាប្រភេទជំងឺផ្លូវចិត្តដ៏កម្រមួយ (Valadas & Bravo, 2020)។

អ្នកជំងឺប្រភេទនេះ មានអាការៈដូចជាមានជំនឿខុសពីការពិត (Delusion) ថា មាននរណាម្នាក់កំពុងលង់ស្រលាញ់គេយ៉ាងខ្លាំង។ ចំណុចដែលចម្លែកនោះគឺថា បុគ្គលដែលពួកគេជឿថាស្រលាញ់ខ្លួននោះ ភាគច្រើនជាមនុស្សដែលមានឋានៈសង្គមខុសពីខ្លួន ដូចជាតារាល្បី អ្នកមានអំណាច ឬបុគ្គលសាធារណៈណាម្នាក់ដែលពួកគេមិនដែលបានជួបមុខផ្ទាល់នោះសោះក៏ថាបាន។

ជំងឺផ្លូវចិត្តប្រភេទនេះ បង្ហាញពីការមានបញ្ហាផ្លូវចិត្តម្យ៉ាង ដែលអាចប៉ះពាល់យ៉ាងខ្លាំងទាំងបុគ្គលដែលលង់ស្រលាញ់គេតែម្នាក់ឯង និងអ្នកម្នាក់ទៀតដែលត្រូវបានគេលួចស្រលាញ់នោះ ដូចមានជាតារាល្បី លឹម តិចម៉េង ដូចនេះដែរ។

លក្ខណៈដាក់រោគវិនិច្ឆ័យតាមបែបគ្លីនិក

មានលក្ខណៈស្នូលសំខាន់ៗដូចជា៖

  • មានការភាន់គំនិត (យល់ច្រឡំ)៖

    អ្នកមានជំងឺប្រភេទនេះ មានការជឿជាក់ថា មានមនុស្សម្នាក់ផ្សេងទៀតកំពុងស្រលាញ់ខ្លួន ហើយសំខាន់គឺថាមនុស្សម្នាក់នោះ គឺបានលង់ស្នេហ៍ខ្លួនមុន និងជាអ្នកផ្តួចផ្តើមទំនាក់ទំនងជាមួយខ្លួនទៅវិញ។

  • ឋាៈសង្គមខុសគ្នា៖

    មនុស្សដែលអ្នកជំងឺនោះស្រលាញ់ ច្រើនតែមានឋានៈសង្គម ជំនាញវិជ្ជាជីវៈ ឬសេដ្ឋកិច្ចខ្ពស់ជាង - ដោយជារឿយៗ ជាតារាល្បី ឬ បុគ្គលសាធារណៈ ឬក៏អាចជានរណាម្នាក់ដែលមានឋានៈសង្គមខ្ពស់ជាងខ្លួនយ៉ាងខ្លាំង។

  • ការបកស្រាយខុស៖

    អ្នកជំងឺមានជំនឿថា អ្នកដែលខ្លួនស្រលាញ់ម្នាក់នោះ បើទោះបីជាបានធ្វើការបដិសេធជាសាធារណៈចំពោះខ្លួនម្តងហើយម្តងទៀត... សម្រាប់រូបអ្នកជំងឺ យល់ថាការបដិសេធនេះជាភស្តុតាងនៃសេចក្តីស្រឡាញ់ ដែលជាសញ្ញាលាក់កំបាំងទៅវិញ។

  • ទំនាក់ទំនងតិចតួចបំផុត៖

    អ្នកជំងឺ ជាធម្មតាមានទំនាក់ទំនងពីមុនមកមានតិចតួចណាស់ ឬសឹងមិនមានទំនាក់ទំនងអ្វីសោះ ជាមួយអ្នកដែលខ្លួនស្រលាញ់នោះ។

  • មានទំនាក់ទំនងដោយប្រយោល៖

    អ្នកជំងឺមានជឿថា ពួកគេនៅតែមានការសន្ទនាដោយប្រយោលជាមួយនឹងមនុស្ស ដែលខ្លួនឯងស្រលាញ់តាមរយៈកាយវិការ សញ្ញាផ្សេងៗ ឬក៏និមិត្តរូបជាទំនាក់ទំនងនានា (ដូចជាការបកស្រាយការបង្ហោះលើបណ្ដាញសង្គម)។

ចំណាំ៖ ក្នុងសម័យបច្ចេកវិទ្យា បណ្តាញសង្គមកាន់តែធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ។ ការដែលយើងអាចតាមដានជីវិតប្រចាំថ្ងៃរបស់មនុស្សដែលយើងលួចស្រលាញ់បានយ៉ាងងាយស្រួល អាចក្លាយជាកត្តាជំរុញឲ្យជំនឿវង្វេងនេះកាន់តែចាក់ឫសជ្រៅ។

ផ្នែកទី៣៖ ដំណើរប្រែប្រួលនៃអ្នកជំងឺ

បើយោងតាមសៀវភៅ DSM-5 និង ICD-11 លក្ខណៈរបស់ Erotomania ត្រូវបានចាត់ថ្នាក់ជាផ្នែកមួយនៃ ជំងឺ Delusional Disorder (ប្រភេទ Erotomanic)

ដោយសារតែក្រុមអ្នកជំងឺប្រភេទនេះ មានការបកស្រាយកាយវិការ ពាក្យសម្ដី ឬសកម្មភាពផ្សេងៗ ថាជាសារសម្ងាត់ដែលផ្ញើមកសម្រាប់តែពួកគេប៉ុណ្ណោះ នោះធ្វើឱ្យអ្នកជំងឺ អាចនឹងព្យាយាមទាក់ទងទៅបុគ្គលនោះគ្រប់មធ្យោបាយ មិនថាផ្ញើសារតាមគ្រប់បណ្ដាញសង្គម ផ្ញើសំបុត្រ អំណោយ ឬសូម្បីតែទៅជួបផ្ទាល់។ អាកប្បកកិរិយានេះហើយ ដែលពេលខ្លះរហូតដល់ Stalking (ការតាមយាយី) ក្នុងករណីធ្ងន់ធ្ងរ។

ដំណើរវិវត្តន៍ជា ៣ ដំណាក់កាល (តាម De Clérambault)

  1. មានសង្ឃឹម (Hope)៖ អ្នកជំងឺ​ មានសង្ឃឹមថាអ្នកដែលខ្លួនស្រលាញ់ នឹងធ្វើការប្រកាសពីសេចក្តីស្រឡាញ់របស់ពួកគេដោយបើកចំហ ហើយបន្តតាមដានអ្នកដែលគេស្រលាញ់នោះយ៉ាងជាប់លាប់។
  2. អាក់អន់ចិត្ត (Resentment)៖ បន្ទាប់ពីទទួលបានការបដិសេធម្តងហើយម្តងទៀត អ្នកជំងឺចាប់ផ្តើមមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។
  3. ចងគំនុំ (Rancor)៖ អ្នកជំងឺអាចចាប់ផ្តើមស្អប់ អ្នកដែលខ្លួនស្រលាញ់ ហើយប្រែក្លាយជាសកម្មភាពរំលោភបំពានផ្សេងៗ។ ការភាន់គំនិតនៃសេចក្តីស្រឡាញ់នេះ អាចប្រែទៅជាការភាន់គំនិតថា ខ្លួនទទួលរងការបៀតបៀនធ្វើបាបពីអ្នកដែលខ្លួនស្រលាញ់ទៅវិញ។

១. មានសង្ឃឹម (Hope)

អ្នកជំងឺ​សង្ឃឹម និងបន្តតាមដានយ៉ាងជាប់លាប់។

២. អាក់អន់ចិត្ត (Resentment)

ក្រោយការបដិសេធម្តងហើយម្តងទៀត អ្នកជំងឺមានអារម្មណ៍អាម៉ាស់។

៣. ចងគំនុំ (Rancor)

ប្រែក្លាយជាស្អប់ ហើយអាចឈានដល់ការរំលភបំពាន។

ផ្នែកទី៤៖ មូលហេតុ និងការព្យាបាល

តើអ្វីជាមូលហេតុពិតប្រាកដ?

មកទល់សព្វថ្ងៃនេះ អ្នកជំនាញនៅមិនទាន់ប្រាកដ ១០០% ថាអ្វីជាមូលហេតុបង្កឱ្យអ្នកជំងឺមានបញ្ហាបែបនេះនោះទេ។

ពេលខ្លះ Erotomania អាចនឹងកើតឡើងដោយឯកឯង ប៉ុន្តែភាគច្រើនវាជាប់ទាក់ទងនឹងជំងឺផ្លូវចិត្តផ្សេងទៀត ដូចជា ជំងឺចិត្តវិកលរ៉ាំរ៉ៃ (Schizophrenia)ជំងឺបាយប៉ូឡា (Bipolar Disorder) ជាដើម។

ដំណឹងល្អ! អាការៈនេះអាចព្យាបាលបាន

ការព្យាបាលជាទូទៅត្រូវប្រើវិធីសាស្ត្ររួមបញ្ចូលគ្នា ដោយការព្យាបាលដោយប្រើថ្នាំ និង ការព្យាបាលតាមបែបចិត្តសាស្រ្ត៖

  • ១. ការព្យាបាលដោយថ្នាំ (Medication)៖

    លោកគ្រូពេទ្យឯកទេសវិកលវិទ្យាអាចចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងជំងឺចិត្តវិកល (Antipsychotics) ដើម្បីជួយគ្រប់គ្រងរោគសញ្ញា ការភាន់គំនិតផ្សេងៗ និងកាត់បន្ថយជំនឿខុសឆ្គងទាំងនោះ។

  • ២. ការព្យាបាលដោយចិត្តសាស្រ្ត (Psychotherapy)៖

    ផ្នែកនេះក៏សំខាន់ណាស់ដែរ! ការពិភាក្សាជាមួយអ្នកឯកទេសចិត្តសាស្រ្ត (ដូចជាការព្យាបាលតាមបែប CBT) អាចជួយអ្នកជំងឺឲ្យរៀនស្គាល់ពីជំនឿមិនសមស្របរបស់ខ្លួន និងរៀនពីវិធីថ្មីៗក្នុងការគ្រប់គ្រងអារម្មណ៍។

  • ៣. ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ (Hospitalization)៖

    ក្នុងករណីធ្ងន់ធ្ងរ ដែលអ្នកជំងឺអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរយៈពេលខ្លី ជាការចាំបាច់ ដើម្បីធ្វើឲ្យអាការៈមានស្ថិរភាពត្រលប់មកវិញ។

ផ្នែកទី៥៖ សរុបសេចក្តី

សរុបមក Erotomania មិនមែនគ្រាន់តែជាការលួចស្រលាញ់គេតែម្នាក់ឯងយ៉ាងខ្លាំងនោះទេ ប៉ុន្តែគឺជាអាការៈបញ្ហាផ្លូវចិត្តមួយ ដែលអាចផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតអ្នកជំងឺ និងមនុស្សនៅជុំវិញរបស់ខ្លួន។

ប្រាកដណាស់ហើយថា លោក លឹម តិចម៉េង ជាជនរងគ្រោះទទួលការរំខាន ក៏ប៉ុន្តែបុគ្គលដែលប្រព្រឹត្តអំពើនោះ ក៏គាត់មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយចាំបាច់ត្រូវទទួលការព្យាបាលផ្លូវចិត្ត ដើម្បីកុំឱ្យមាននរណាម្នាក់មានការឈឺចាប់បន្តទៀត។

ការយល់ដឹងពីអាការៈទាំងអស់នេះ គឺជារឿងសំខាន់ណាស់ ដើម្បីឲ្យយើងអាចលុបបំបាត់ការរើសអើងចំពោះអ្នកជំងឺផ្លូវចិត្ត និងចូលរួមលើកទឹកចិត្តឲ្យអ្នកជំងឺផ្លូវចិត្ត អាចក្លាហានហ៊ានស្វែងរកជំនួយពីអ្នកជំនាញឯកទេស។

ឯកសារយោង (References)

American Psychiatric Association. (2013). Diagnostic and statistical manual of mental disorders: DSM-5. American psychiatric association.

Valadas, M. T. T. R. T., & Bravo, L. E. A. (2020). De Clérambault’s syndrome revisited: a case report of Erotomania in a male. BMC Psychiatry, 20(1), 516. https://doi.org/10.1186/s12888-020-02921-5

WHO. (2022). ICD-11 for Mortality and Morbidity Statistics. World Health Organization. https://icd.who.int/browse/2025-01/mms/en#932028588

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...