Skip to main content

Followers

របៀបកំណត់មនុស្សថាមានចិត្តវិបល្លាស៖ ការកំណត់ដោយ D ទាំង៤

របៀបកំណត់មនុស្សថាមានចិត្តវិបល្លាស៖ ការកំណត់ដោយ D ទាំង៤

របៀបកំណត់មនុស្សថាមានចិត្តវិបល្លាស៖
ការកំណត់ដោយ D ទាំង៤

សេចក្តីផ្តើម

មានការយល់ច្រលំផ្សេងៗទាក់ទងសុខភាពផ្លូវចិត្ត ហើយក្នុងនោះ ក៏មានការយល់ច្រលំមួយដែលថា ឱ្យតែអ្នកមានបញ្ហាផ្លូវចិត្តសុទ្ធតែជា មនុស្សឆ្កួត

១ នាក់ ក្នុងចំណោម ៨ នាក់

ក្នុងពិភពលោកយើងនេះធ្លាប់កើតមានជំងឹផ្លូវចិត្ត។

(អង្គការសុខភាពពិភពលោក, 2025)

បើសិនជាលោកអ្នកមានការលំបាក ឬ វល់ៗ ក្នុងការកំណត់ឱ្យបានច្បាស់ថានរណាម្នាក់ មានវិបល្លាសស្មារតី (Psychological Abnormality) ឬ បញ្ហាផ្លូវចិត្តឱ្យបានច្បាស់នោះ លោកអ្នកប្រហែលមិនមែនជាមនុស្សតែម្នាក់ឯងនោះទេ។ សូម្បីតែអ្នកជំនាញឯកទេសផ្នែកសុខភាពផ្លូវចិត្តក៏មានការលំបាក (វល់ៗ) ក្នុងការធ្វើកំណត់ឱ្យបានច្បាស់​លាស់​ផងដែរ។ ដូច្នេះ មានសំណួរសួរថា តើយើងអាចដឹងដោយរបៀបណាថា មនុស្សដែលយើងស្រលាញ់កំពុងតែត្រូវការជំនួយ?

បើតាមសៀវភៅ “Abnormal Psychology” (Comer & Comer, 2021) បានពន្យល់ពីរបៀបវាយតម្លៃវិបល្លាសស្មារតីដោយផ្អែកលើ D ចំនួន៤៖ Deviance, Distress, Dysfunction, និង Danger

1 D ទីមួយ៖ Deviance (ភាពខុសប្លែក)

ពាក្យថា Deviance នេះមានន័យថា ជាភាពខុសប្លែកពីការទទួលយកបានរបស់សង្គមទាំងអាកប្បកិរិយា ការគិត និងអារម្មណ៍។ ភាពប្លែកៗទាំងអស់នេះ អាចជាលក្ខណៈផ្លូវការ (មានការសរសេរកត់ត្រាទុក) ឬ មិនផ្លូវការពីសង្គមដែលមនុស្សម្នាក់នោះរស់នៅ។ ការកំណត់ភាពប្លែកពីគេឯងនេះ អាស្រ័យយ៉ាងខ្លាំងទៅលើវប្បធម៌របស់សង្គមជាតិសាសន៍នីមួយៗ។

ឧទាហរណ៍ទី១

ពេលមានពិធីបុណ្យសពមួយ ជាទូទៅអ្នកចូលរួមច្រើនតែស្លៀកពាក់ស ឬ ខ្មៅ ដើម្បីបង្ហាញការគោរព តែបើមានមនុស្សម្នាក់ស្លៀកពាក់ពណ៌ស្រស់ឆើតឆាយទៅចូលរួម នោះនឹងត្រូវចាត់ទុកថាចំឡែកខុសគេហើយ។

ការឱ្យតម្លៃរបស់សង្គមក៏មានការផ្លាស់ប្តូរទៅតាមពេលវេលាផងដែរ។ នេះប្រៀបបីដូចជា ការស្លៀកសំលៀកបំពាក់របស់ប្រជាជនខ្មែរយើង ដែលកាលពីបុរណយើងស្លៀកក្បិន និងចងពុង តែបច្ចុប្បន្នការស្លៀកពាក់បែបនេះនៅតាមទីសាធារណៈប្រចាំថ្ងៃនឹងត្រូវបានចាត់ទុកថាជារឿងចម្លែក។

ក្រៅពីនេះ ភាពខុសប្លែកក៏ប្រែប្រួលទៅតាមស្ថានភាពផងដែរ។ ឧទាហរណ៍ ប្រសិនបើតារាសម្តែងស្លៀកសំលៀកបំពាក់បុរាណសម្រាប់ថតរឿង នោះគឺជារឿងធម្មតាទេ។ បើនិយាយជារួម ដើម្បី​ធ្វើការកំណត់មនុស្សម្នាក់ថា មានវិបល្លាសស្មារតី ចំណុច Deviance នេះប្រហែលជាចំណុចមួយស្រាល​ជាងគេ បើប្រៀបធៀបជាមួយ D ផ្សេងទៀត។

2 D ទីពីរ៖ Distress (ការតានតឹង)

ពាក្យថា Distress ឬ ការតានតឹង ចំណុចនេះមានន័យថាបុគ្គលម្នាក់នោះមានភាពតានតឹង ឬអារម្មណ៍រំខានក្នុងចិត្ត ដែលបណ្តាលពីអាកប្បកិរិយា ការគិត ឬ អារម្មណ៍ផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់សកម្មភាពប្លែកៗទាំងអស់សុទ្ធតែបង្កជាភាពតានតឹងនោះទេ។

ឧទាហរណ៍ សកម្មភាពមិនធម្មតាមួយចំនួនដូចជាការជះទឹក និងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំ មិនត្រឹមតែមិនបានបង្កជាអារម្មណ៍រំខានដល់អ្នកចូលរួមនោះទេ តែថែមទាំងធ្វើឱ្យមានអារម្មណ៍រីករាយទៀតផង។

ផ្ទុយទៅវិញ

មានមនុស្សម្នាក់គាត់បានលឺសម្លេង​​មួយខ្សឹបដាក់ត្រចៀកគាត់ ឱ្យគាត់ធ្វើរឿងនេះ ឬធ្វើរឿងនោះ បើទោះបីជាមិនមានអ្នកណាផ្សេងលឺក៏ដោយ។ ទោះបីគាត់អាចមិនមានអារម្មណ៍រំខានភ្លាមៗក៏ដោយ ក៏ការលឺសម្លេងខ្សឹបនេះ អាចត្រូវបានគេចាត់ទុកថាជារឿងមួយមិនធម្មតារួចទៅហើយ។

ដូច្នេះ ប្រភពដែលធ្វើឱ្យមានភាពតានតឹងចិត្ត ឬមិនមានភាពតានតឹងចិត្ត មិនប្រាកដថាអាចធ្វើការកំណត់បុគ្គលម្នាក់មានវិបល្លាសស្មារតីដោយត្រង់ៗនោះទេ។

3 D ទីបី៖ Dysfunction (ការបំពេញមុខងារខុសប្រក្រតី)

ពាក្យថា Dysfunction នេះ ចង់សំដៅដល់ការបំពេញមុខងារខុសប្រក្រតី ឬ មិនបានល្អត្រឹមត្រូវក្នុងសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់។ ការបំពេញមុខងារមិនសមស្របនេះ រាប់បញ្ចូលទាំងការមិនយកចិត្តទុកដាក់ថែទាំខ្លួនឯង មិនអាចចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ឬក៏មិនអាចចេញទៅបំពេញការងារឱ្យទទួលបានលទ្ធផលល្អ។ ជាធម្មតា សង្គមឱ្យតម្លៃទៅលើបុគ្គលដែលអាចធ្វើសកម្មភាពប្រចាំថ្ងៃក្នុងរបៀបមួយដែលគេទទួលយកបាន ហើយនៅពេលដែលមានសកម្មភាពមិនប្រក្រតី នោះនឹងត្រូវគេចាត់ទុកថាមិនធម្មតា។ សូមចាំថា សកម្មភាពខុសប្រក្រតីនេះ មិនដូចគ្នានឹងអ្នកមានចរិកលក្ខណៈប្លែកៗ (Eccentric) នោះទេ។

4 D ទីបួន៖ Danger (គ្រោះថ្នាក់)

ពាក្យថា Danger សំដៅទៅលើការបំពេញមុខងារ ឬ សកម្មភាពខុសប្រក្រតីមួយនោះ អាចបង្កជាគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ សកម្មភាពនេះរួមបញ្ចូលទាំងការធ្វើរឿងប្រថុយប្រថានញឹកញាប់ ឬ សកម្មភាពប្រទូស្តសារាយជាមួយអ្នកដទៃ។

ឧទាហរណ៍

ចុះបើសម្លេងខ្សឹបប្រាប់ឱ្យគាត់ជិះម៉ូតូលឿនខ្លាំង ឬ វាយធ្វើបាបនរណាម្នាក់វិញនោះ?

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពអាចបង្កឱ្យគ្រោះថ្នាក់មិនត្រូវបានគេរួមបញ្ចូលគ្រប់ពេលក្នុងការកំណត់វិបល្លាសស្មារតីនោះទេ ព្រោះមនុស្សដែលមានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត មិនប្រាកដថាបង្កគ្រោះថ្នាក់ភ្លាមៗ​ដល់ខ្លួនឯងនិងអ្នកដទៃនោះទេ។

ម្យ៉ាងទៀត មានអាជីពមួយចំនួនតម្រូវឱ្យបុគ្គលជាប់ពាក់ព័ន្ធនឹងសកម្មភាពហានិភ័យជាប្រចាំ ដូចជាកងទ័ព ឬអ្នកពន្លត់អគ្គីភ័យជាដើម។ ក្នុងករណីនេះ សកម្មភាពគ្រោះថ្នាក់របស់ពួកគាត់មានហេតុផលសមស្រប និងជាកាតព្វកិច្ច ដូច្នេះវាមិនត្រូវបានចាត់ទុកថាជាសញ្ញានៃជំងឺផ្លូវចិត្តឡើយ។

សរុបសេចក្តី

សរុបមកការប្រើ D ទាំងបួន ជាការចាប់ផ្តើមកំណត់មួយយ៉ាងល្អ ប៉ុន្តែនេះមិនមែនជាការកំណត់ចុងក្រោយនោះទេ។ ការវិនិច្ឆ័យលើស្ថានភាពរបស់អ្នកជំងឺផ្លូវចិត្ត អាស្រ័យច្រើនទៅលើបរិបទ និងវប្បធម៌របស់បុគ្គលម្នាក់ៗ ហើយភាពខុសគ្នារវាងចរិកលក្ខណៈប្លែកៗ និងអាកប្បកិរិយាមិនប្រក្រតី ក៏នៅមិនទាន់មានការបែងចែកច្បាស់លាស់ដែរ។

យើងត្រូវទទួលស្គាល់ផងដែរថា មានពេលខ្លះសង្គមអាច "បរាជ័យក្នុងការកំណត់" អាកប្បកិរិយាខុសប្រក្រតី នៅពេលដែលសកម្មភាពទាំងនោះត្រូវបានមនុស្សក្នុងសង្គមឱ្យតម្លៃដូចៗគ្នា។ ឧទាហរណ៍ ការវាយធ្វើបាបចោរឆក់តាមដងផ្លូវ អាចត្រូវបានសង្គមទាំងមូលមើលរំលង ដោយម្នាក់ៗគិតថាវាជាការបញ្ចេញកំហឹងចំពោះមនុស្សអាក្រក់។ ទង្វើនេះមានទាំង Deviance, Dysfunction, និង Danger ប៉ុន្តែដោយសារមនុស្សទូទៅចាត់ទុកថាជាការជួយសង្គម ពួកគេអាចនឹងមិនមើលឃើញថាវាជាបញ្ហាឡើយ។ ដូចនេះ ការទទួលយករបស់សង្គមមានពេលខ្លះអាចបិទបាំងនូវសកម្មភាពដែលបង្កជាបញ្ហាបាន។

សូមចំណាំ

អត្ថបទនេះធ្វើឡើងក្នុងគោលបំណងអប់រំតែប៉ុណ្ណោះ មិនមែនសម្រាប់ការធ្វើរោគវិនិច្ឆ័យលើនរណាម្នាក់នោះឡើយ។ មានតែអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តទេ ដែលអាចផ្តល់ការវិនិច្ឆ័យ និងការព្យាបាលមួយដ៏ត្រឹមត្រូវ។

ខ្ញុំសូមលើកទឹកចិត្តឱ្យស្វែងរកជំនួយពីអ្នកជំនាញឯកទេសពិតប្រាកដ ដូចជាអ្នកប្រឹក្សាផ្លូវចិត្ត ឬគ្រូពេទ្យចិត្តវិកល ដើម្បីជួយដល់លោកអ្នក។

ឯកសារយោង

  • Comer, R. J. ., & Comer, J. S. . (2021). Abnormal psychology. Worth Publishers/Macmillan Learning.
  • WHO. (2025, September 2). Over a billion people living with mental health conditions – services require urgent scale-up. World Health Organization.

Comments

Post a Comment

Popular posts from this blog

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA) ការសង្គ្រោះផ្លូវចិត្តបឋម សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួ...

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...