Skip to main content

Followers

ការលេងរបស់ក្មេងៗលើសពីការសប្បាយ៖ គ្រឹះសម្រាប់អនាគតរបស់កុមារ!

ការលេងរបស់ក្មេងៗលើសពីការសប្បាយ៖ គ្រឹះសម្រាប់អនាគតរបស់កុមារ!

ការលេងរបស់ក្មេងៗ៖ ច្រើនជាងការសប្បាយ តែជាគ្រឹះសម្រាប់អនាគត!

ដោយ៖ Phul Sophearith | ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥

១. សេចក្តីផ្តើម

«យី! កូននេះគិតតែពីលេងរហូត! បើខំរៀនដូចលេងមិនដឹងជាល្អប៉ុណ្ណាទេ» តើលោកអ្នកមានធ្លាប់គិតបែបនេះដែរទេ?

ជាឪពុកម្តាយតែងតែចង់ឲ្យកូនផ្ដោតលើការរៀន ការអាន ការសរសេរ ដើម្បីឱ្យគាត់មានអនាគតល្អ។ ប៉ុន្តែ... ចុះបើខ្ញុំប្រាប់លោកអ្នកវិញថា ការលេងហ្នឹងហើយគឺជា«កិច្ចការ» សំខាន់បំផុតសម្រាប់អភិវឌ្ឍកុមារ? ការលេងមិនមែនគ្រាន់តែជាការសប្បាយរីករាយរយៈពេលខ្លីប៉ុណ្ណោះនោះទេ តែវាក៏ជាវិធីមួយដែលក្មេងៗអាចរៀនសូត្រពីពិភពលោកផងដែរ។

- Yogman, et. al, (2018)

២. ការអភិវឌ្ឍខួរក្បាល និងបញ្ញា

ការលេងជួយឲ្យខួរក្បាល និងបញ្ញារបស់កូនរបស់លោកអ្នកឆ្លាតវៃ។ នៅពេលក្មេងលេង មិនថាជាការតម្រៀបឈើ លេងដីខ្សាច់ ឬលេងបាយឡុកបាយឡនោះទេ ខួរក្បាលរបស់ពួកគេកំពុងតែដំណើរការរៀនសូត្រ។ សកម្មភាពទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដំបូងសម្រាប់ រៀនជំនាញនៅសាលាដទៃទៀត ដូចជាការអាន ការសរសេរ និងការគណនាលេខជាដើម។

ឧទាហរណ៍ពេលក្មេងលេងតម្រៀបដុំឈើ ជារូបរាងអ្វីមួយ នោះវានឹងជួយឲ្យក្មេងរៀនពីលំនាំ ទំហំ និងតុល្យភាព ដែលនេះហើយជាជំហានដំបូងនៃមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា។

ការលេងដើរតួធ្វើជាអ្នកលក់ដូរ ឬគ្រូពេទ្យ ជួយអភិវឌ្ឍជំនាញភាសា ការស្រមើស្រមៃ និងការគិតបែបសមហេតុសមផលឡើងមក។ តាមរយៈការលេងនេះ នឹងជួយឱ្យគាត់មានគំនិតឆ្នៃប្រឌិត ក៏ដូចជាបង្កើតនូវអ្វីដែលថ្មីៗផងដែរ។ នៅពេលក្មេងរត់លេងកាន់តែច្រើន កោសិកាប្រសាទក្នុងខួរក្បាលក៏កាន់តែរឹងមាំ ដែលធ្វើឲ្យពួកគេងាយស្រួលក្នុងការរៀនអ្វីដែលថ្មីៗ។ ដូច្នេះ រាល់ពេលដែលអ្នកឃើញកូនកំពុងលេង ចាំថាពួកគេមិនមែនគ្រាន់តែលេងទេ គឺពួកគេកំពុងតែសាងសង់គ្រឹះដ៏រឹងមាំបំផុតសម្រាប់ខួរក្បាលរបស់គេ។

៣. ជួយពង្រឹងសុខភាពរាងកាយ និង ប្រព័ន្ធភាពស៊ាំក្នុងខ្លួន

ការលេងដោយបញ្ចេញកម្លាំងកាយបែបនេះ ជួយដុតបំផ្លាញកាឡូរូរី និងខ្លាញ់មិនល្អក្នុងខ្លួន ធ្វើឲ្យកូនៗរក្សាទម្ងន់បានល្អ និងការពារបញ្ហាធាត់លើសទម្ន់។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយឲ្យប្រព័ន្ធឈាមរត់បានស្រួល កាត់បន្ថយហានិភ័យនៃជំងឺបេះដូងតាំងពីវ័យក្មេង។ អ្វីដែលកាន់តែពិសេសនោះ គឺការលេងនៅខាងក្រៅ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យពួកគេមិនងាយមានជំងឺឈឺថ្កាត់នោះទេ។ និយាយឲ្យខ្លី ការទុកពេលឲ្យកូនលេង គឺជាការវិនិយោគដែលមិនអាចខ្វះបានសម្រាប់សុខភាពរបស់ពួកគេនាពេលអនាគត។

៤. ការកសាងជំនាញសង្គម និងទំនាក់ទំនង

ការលេងគឺជាសាលារៀនដំបូងបង្អស់សម្រាប់រៀនរស់នៅក្នុងសង្គមរបស់ខ្លួន។ ពេលក្មេងៗលេងជាមួយមិត្តភក្តិរបស់ខ្លួន ពួកគេត្រូវរៀនចេះចែករំលែក ចេះយោគយល់គ្នា ចេះរង់ចាំវេនរបស់ខ្លួន និងចេះចរចាគ្នា។ ជំនាញទាំងអស់នេះហើយ ដែលជាគ្រឹះដ៏សំខាន់សម្រាប់គាត់រស់នៅក្នុងសង្គមនាពេលខាងមុខ។ តាមរយៈការលេងជាក្រុម ក្មេងៗរៀនធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅរួមមួយ។ ពួកគេរៀនដោះស្រាយបញ្ហា ពេលមានការខ្វែងគំនិតគ្នាអំពីការលេងរបស់ខ្លួន។ ពួកគេក៏រៀនយល់ពីអារម្មណ៍ និង ទស្សនៈរបស់អ្នកដទៃ ដែលជាចំណុចស្នូលនៃការអភិវឌ្ឍបញ្ញានៃផ្នែកអារម្មណ៍ (Emotional Intelligence)។ ការលេងដើរតួ ជួយឲ្យក្មេងៗដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃ ធ្វើឲ្យពួកគេក្លាយជាមនុស្សដែលចេះយល់ចិត្ត និងយោគយល់អធ្យាស្រ័យ។ ជំនាញបែបនេះ ពិបាកទទួលបានការបង្ហាត់បង្រៀនក្នុងថ្នាក់រៀនណាស់ វាទាល់តែកើតចេញពីការអនុវត្តជាក់ស្ដែងតាមរយៈការលេងនេះឯង។

៥. ការគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្ត

ចំណុចសំខាន់ចុងក្រោយមួយទៀត ដែលយើងជាឪពុកម្តាយមើលរំលងច្រើនជាងគេ នោះគឺធ្វើឱ្យសុខភាពផ្លូវចិត្តកុមាររឹងមាំ។ ពិភពរបស់ក្មេងពោរពេញដោយអារម្មណ៍ស្មុគស្មាញ និងប្រែប្រួល ដែលហេតុធ្វើឱ្យពួកគេមិនទាន់ចេះបង្ហាញចេញមកជាពាក្យសម្ដីមកក្រៅបាន។ ហើយការលេង គឺប្រៀបដូចជាបង្អួចមួយ ដែលអនុញ្ញាតឲ្យពួកគេបញ្ចេញអារម្មណ៍តានតឹង ខកចិត្ត ឬសប្បាយរីករាយ ដែលពិបាកនឹងនិយាយប្រាប់យើង។

ពេលកំពុងលេង ពួកគេមានអារម្មណ៍ថាខ្លួនឯGជាអ្នកគ្រប់គ្រងពិភពតូចមួយរបស់គេ ដែលនឹងជាការជួយកសាងទំនុកចិត្តលើខ្លួនឯងរបស់កុមារ។ នៅពេលពួកគេអាចសាងសង់អ្វីមួយបានសម្រេច ឬដោះស្រាយបញ្ហាដែលមានល្បែងកំសាន្តបាន វាផ្តល់ឲ្យពួកគេនូវអារម្មណ៍មោទនភាព និងជឿជាក់លើសមត្ថភាពខ្លួនឯង។ ការលេងក៏អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងថប់បារម្ភបានយ៉ាងល្អ។ ការលេងដោយសេរី ជួយឲ្យខួរក្បាលបានសម្រាក និងផ្ដោតលើភាពរីករាយ ដែលពិតជាចាំបាច់សម្រាប់សុខភាពផ្លូវចិត្តដ៏រឹងមាំ។

៦. សរុបសេចក្តី

តើលោកអ្នកយល់យ៉ាងណាដែរ? ការលេងរបស់ក្មេងៗ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនជាងអ្វីដែលយើងគិតទៅទៀត។ ការលេងដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់របស់កុមារ ដូចនេះវាមិនមែនជាការខ្ជះខ្ជាយ​ពេលវេលាឥតប្រយោជន៍នោះទេ ប៉ុន្តែជា៖

  • ការសាងសង់ខួរក្បាលឲ្យកាន់តែឆ្លាតវៃ
  • ជួយធ្វើឲ្យរាងកាយរឹងមាំ និងមានសុខភាពល្អ
  • ជាសាលាបណ្ដុះបណ្ដាលជំនាញសង្គមដ៏ល្អបំផុត
  • និងជាចុងក្រោយគឹជាឱសថសម្រាប់ថែទាំសុខភាពផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព

ការលេង គឺជាធម្មជាតិរបស់កុមារដើម្បីជាការរៀនសូត្រ​ ពីជីវិតរបស់មនុស្សយើង។ វាជាការសិក្សាដែលសប្បាយបំផុត ហើយនិងមានប្រសិទ្ធភាពបំផុតផងដែរ។

ឯកសារយោង

Yogman, M., Garner, A., Hutchinson, J., Hirsh-Pasek, K., Golinkoff, R. M., Committee on Psychosocial Aspects of Child and Family Health, & Council on Communications and Media. (2018). The power of play: A pediatric role in enhancing development in young children. Pediatrics, 142(3), e20182058.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...