Skip to main content

Followers

ការលេង និង ការរៀនសូត្រ

តើការលេងជារឿងអត់ប្រយោជន៍សម្រាប់កុមារមែនអត់?

តើការលេងជារឿងអត់ប្រយោជន៍សម្រាប់កុមារមែនទេ?

ស្វែងយល់ពីថាមពលនៃការលេង

ដែលជួយកសាងខួរក្បាលកូនរបស់អ្នកឱ្យកាន់តែឆ្លាតវៃ

លោកកូន! ល្មមឈប់លេងទៅ! តោះទៅរៀនភ្លាម!

ប្រយោគប្រភេទនេះ ប្រហែលជាអ្នកធ្លាប់និយាយជាមួយកូនៗ ឬក៏ធ្លាប់បានលឺជាញឹកញាប់ពីម្តាយឪពុករបស់យើងហើយមែនទេ? ក្នុងនាមជាឪពុកម្តាយ យើងតែងតែគិតថា ការលេងសប្បាយរបស់កូន គឺជាការខាតពេល។ ប៉ុន្តែ តើអ្នកដឹងទេថា ការទុកឲ្យគាត់លេងដោយសេរី មិនមែនជាការខាតពេលវេលានោះទេ តែវាគឺជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់អនាគតគាត់ទៅវិញទេ។

១. ការលេងជាគ្រឹះធ្វើឱ្យកុមារឆ្លាត

សូមស្រមៃមើលថាខួរក្បាលរបស់ក្មេងទើបកើតប្រៀបបានទៅនឹងទីក្រុងដ៏ធំមួយដែលកំពុងសាងសង់។ ការលេង គឺដូចជាក្រុមកម្មករដែលកំពុងសាងសង់ផ្លូវ និងតភ្ជាប់ស្ពានរាប់ពាន់ខ្សែក្នុងទីក្រុងនោះ។ នៅពេលកូនរបស់អ្នកកំពុងលេង មិនថាជាការលេងតម្រៀបរូបផ្គុំ រត់លេង ឬលេងសំដែងធ្វើម្ហូបនោះទេ កោសិកាប្រសាទរាប់ពាន់លាន (ណឺរ៉ូន) កំពុងតែបង្កើតទំនាក់ទំនងថ្មីៗ។ ការតភ្ជាប់នេះកាន់តែរឹងមាំ ពេលគាត់ដោះស្រាយបញ្ហាតូចមួយក្នុងការលេង។ និយាយឲ្យខ្លីទៅ ការលេង គឺប្រៀបបានដូចជាលំហាត់ប្រាណសម្រាប់ខួរក្បាលអញ្ចឹងដែរ (Yogman, et. al, 2018)។

២. ប្រភេទ និង សារៈប្រយោជន៍នៃការលេង

ការលេងមានច្រើនបែបយ៉ាង ហើយប្រភេទនីមួយៗក៏មានប្រយោជន៍ខុសៗគ្នាដែរ។ សូមចុចមើលបន្ថែមខាងក្រោម៖

ចំណុចទី១៖ ល្បែងសាងសង់ និងការគិត

ធ្លាប់ឃើញកូនអ្នកអង្គុយលេងយ៉ាងស្ងៀមស្ងាត់ ហើយតម្រៀបឈុតតុក្កតា (LEGO) ឬផ្គុំរូប (puzzles) ទេ? ពេលហ្នឹងហើយ ដែលខួរក្បាលគាត់កំពុងរត់ពេញទំហឹង! ល្បែងប្រភេទនេះ ជម្រុញឲ្យខួរក្បាលរបស់កុមារគិតវិភាគ ដោះស្រាយបញ្ហា និងយល់ពីទំនាក់ទំនងរវាងរូបរាង និងទំហំ។ ពេលកូនរបស់អ្នកព្យាយាមរកដុំនីមួយៗ យកមកផ្គុំឱ្យបានត្រឹមត្រូវនោះហើយ គឺជាការហ្វឹកហាត់ជំនាញដោះស្រាយបញ្ហា។ នៅពេលពួកគេសាងសង់អ្វីមួយតាមការស្រមើលស្រមៃ ពួកគេកំពុងពង្រឹងការគិតបែបច្នៃប្រឌិត និងបង្កើនសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ (Doebel, & Lillard, 2023)។

ចំណុចទី២៖ ការលេងដើរតួ និងសិល្បៈ

"ប៉ាៗ កូនដើរតួធ្វើជាមនុស្សពីងពាង!" ប្រយោគបែបនេះពិតជាគួរឲ្យស្រលាញ់! ការលេងសំដែងតួ ដូចជាលេងលក់ដូរ លេងធ្វើម្ហូប ឬលេងជាតួអង្គណាមួយក្នុងរឿងនិទាន គឺដូចជាជួយឲ្យកូនៗចូលរៀននៅក្នុង "សាលាជីវិត" ខ្នាតតូចមួយអញ្ចឹងដែរ។ គេរៀនយល់ពីការងាររបស់អ្នកដទៃ អភិវឌ្ឍជំនាញភាសា និងពង្រីកការប្រើប្រាស់ពាក្យពេចន៍ថ្មីៗ។ ចំណែកឯការគូររូប ឬច្រៀងលេងកំសាន្តវិញ វានឹងជួយឲ្យកូនបញ្ចេញអារម្មណ៍ ដែលពេលខ្លះគេមិនអាចនិយាយចេញមកបាន ព្រមទាំងជំរុញការស្រមើលស្រមៃរបស់គេឲ្យកាន់តែទូលំទូលាយ (Jankowska, & Omelańczuk, 2018)។

ចំណុចទី៣៖ ការលេងនៅខាងក្រៅ និងកីឡា

សម័យនេះ ស្រួលណាស់ឲ្យតែទូរស័ព្ទទៅក្មេងទៅ គឺគេស្ងាត់ហើយ។ ប៉ុន្តែ... កុំភ្លេចឲ្យសោះថា ការលេងនៅខាងក្រៅផ្ទះ គឺមានប្រយោជន៍ខ្លាំងមែនទែន ដែលអេក្រង់មិនអាចធ្វើបាន។ ការរត់ លោត ឡើងចុះ មិនត្រឹមតែធ្វើឲ្យរាងកាយ សាច់ដុំ និងឆ្អឹងរឹងមាំទេ តែវាជួយបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលកាន់តែច្រើន។ ជាលទ្ធផល? គឺការចងចាំ និងការផ្ចង់អារម្មណ៍បានកាន់តែល្អប្រសើរ។ ការលេងជាក្រុម ក៏បង្រៀនកូនពីមេរៀនជីវិតដ៏សំខាន់ដែរ ដូចជាការសហការ ការចែករំលែក និងការគោរពគ្នាទៅវិញទៅមក (Yogman, et. al, 2018)។

សេចក្តីសន្និដ្ឋាន៖ ការលេងជាដៃគូដ៏ល្អបំផុតនៃការរៀនសូត្រ

ការលេងមិនមែនជាការខ្ជះខ្ជាយពេលវេលាទេ វាគឺជាការវិនិយោគដែលមិនអាចកាត់ថ្លៃបានក្នុងអនាគតរបស់កូនអ្នក។ សកម្មភាពទាំងអស់នេះកំពុងតែតភ្ជាប់បំណែកផ្សេងៗក្នុងខួរក្បាលរបស់កូនអ្នកឲ្យកាន់តែវៃឆ្លាត និងមានសុខភាពរឹងមាំ។

តើអ្នកអាចសាកល្បងលេងជាមួយកូនបានទេ?

ចំណាយពេលត្រឹមតែ ១៥ នាទីជារៀងរាល់ថ្ងៃ... ដាក់ទូរស័ព្ទចុះ ហើយសង្កេតមើលការផ្លាស់ប្តូរដ៏អស្ចារ្យរបស់កូនអ្នក។

ឯកសារយោង

  • Yogman, M., et al. (2018). The power of play: A pediatric role in enhancing development in young children. Pediatrics, 142(3).
  • Doebel, S., & Lillard, A. S. (2023). How does play foster development? A new executive function perspective. Developmental Review, 67.
  • Jankowska, D. M., & Omelańczuk, I. (2018). Potential mechanisms underlying the impact of imaginative play on socio-emotional development in childhood. Creativity. Theories–Research-Applications, 5(1).

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...