Skip to main content

Followers

ការធ្វើឯកសារយោង

 ១. សេចក្តីផ្តើម

           ក្នុងការធ្វើឯកសារយោង អ្នកសរសេរអត្ថបទត្រូវដឹងថា ជាទូទៅមានគោលការណ៍ពីរធំៗ ដែលជាធាតុសំខាន់ចាំបាច់ត្រូវមាន ក្នុងនោះគឺ៖

-        ការដកស្រង់ឯកសារ (Citation)

-        ការធ្វើបញ្ជីឯកសារយោង (Reference list)

១.១ ការដកស្រង់ឯកសារ


           ការដកស្រង់ឯកសារ ឬ ជាភាសាអង់គ្លេស ហៅថា “Citation” នេះមានន័យថាឃ្លាដែលអ្នកបានសរសេរក្នុងអត្ថបទរបស់អ្នក គឺជាស្នាដៃ គំនិត ពាក្យសំដី ឬ ព័ត៌មានដែលអ្នកទទួលបានពីអ្នកដទៃ (DkIT, 2016)។ ជាទូទៅពេលអ្នកធ្វើការដកស្រង់ឯកសារ ដោយការយកឃ្លា ឬ សម្តីរបស់អ្នកដទៃដាក់ក្នុងអត្ថបទរបស់អ្នក អ្នកមិនចាំបាច់ក្នុងការដាក់ព័ត៌មានលម្អិតក្នុងអត្ថបទដែលអ្នកសរសេរនោះទេ។ អ្នកគ្រាន់តែដាក់ព័ត៌មានចាំបាច់មួយចំនួនដូចត្រកូលរបស់អ្នកនិពន្ធ និង ឆ្នាំបោះពុម្ភផ្សាយក្នុងវងក្រចកជាការស្រេច។ វានឹងជួយឱ្យអ្នកអាន អាចទៅរកព័ត៌មានលម្អិតក្នុងបញ្ជីឯកសារយោងពេលក្រោយ បើសិនជាអ្នកអានចង់ដឹងបន្ថែមទៀត។ ការដកស្រង់ឯកសារនេះ (Citation) ក៏ជាការបញ្ជាក់ផងដែរថា ឃ្លាដែលអ្នកបានដាក់ក្នុងអត្ថបទរបស់ខ្លួន ជាគំនិត ឬ ព័ត៌មានទទួលបានមកពីអ្នកដទៃ។ ជាឧទាហរណ៍ (Drury, 2013) “ដាក់នៅខាងចុងនៃឃ្លា” ឬ Drury (2013) “អាចដាក់ខាងមុន ឬ កន្លែងផ្សេងទៀតក្នុងឃ្លា”។ ការធ្វើបែបនេះត្រូវបានគេប្រើប្រាស់ជាទូទៅក្នុងការសរសេរបែបវិទ្យាសាស្រ្តសង្គម។

ក្នុងករណីដែលអត្ថបទដែលអ្នកដកស្រងមិនបានដាក់ឈ្មោះអ្នកនិពន្ធ អ្នកត្រូវតែដាក់ពាក្យដំបូងក្នុងចំណងជើង ដែលអ្នកបានដកស្រង់មក ដោយភ្ជាប់ជាមួយនឹងអព្ភត្តរៈសញ្ញាមកជាមួយផង។ ឧទាហរណ៍៖ ក្មេងៗមានការលំបាកក្នុងការគ្រប់គ្រងទំងន់របស់ខ្លួន ត្រូវតែប្រយុទ្ធតទល់នឹងការផ្សព្វផ្សាយ តាមទូរទស្សន៍ផងដែរ ដោយម្ខាងលើកទឹកចិត្តឱ្យញ៉ាំចំណីអត់ប្រយោជន៍ ហើយម្ខាងទៀតផ្សព្វផ្សាយពីរូបរាងស្គមៗ របស់តារាល្បីៗផ្សេងៗផងដែរ (“Television,” 2002)។

ការដកស្រង់ឯកសារ ដោយមិនមែនជាអត្ថបទដើមក៏អាចធ្វើបានផងដែរ ក្នុងករណីអត្ថបទដើមមិនអាចយកមកបាន។ ការធ្វើការដកស្រង់ការងារដែលមិនមែនជាអត្ថបទដើម អ្នកត្រូវដាក់ពីអត្ថបទដែលអ្នកបានអាន និង ដកចេញពីប្រភពដើមណាមួយ។ ឧទាហរណ៍៖ បើតាម Colluzzi និង Pappagallo (2005) ដែលដកស្រង់ពី Holding et al (2008) ឃើញថាអ្នកជំងឺភាគច្រើនដែលបានគ្រូពេទ្យឱ្យអាភៀន មិនបានញៀននឹងអាភៀននេះទេ។

           ដើម្បីធ្វើការដកស្រង់ឯកសារ អ្នកអាចមានរបៀបបីយ៉ាងក្នុងការធ្វើគឺ ការដកស្រង់សម្តីដោយផ្ទាល់ (Quotation) ការបរប្រយោគ (Paraphrase) និង ការសង្ខេប (Summarize)

           ការដកស្រង់សម្តីដោយផ្ទាល់ គឺជាការដែលអ្នកយកមកទាំងស្រុងនូវអត្ថបទរបស់អ្នកដទៃ ដោយមិនមានការផ្លាស់ប្តូរអ្វីនោះទេ។ ក្នុងករណី អ្នកធ្វើការដកស្រង់សម្តីដោយផ្ទាល់ តិចជាងពីរបន្ទាត់អ្នកអាចដាក់វាក្នុងអត្ថបទសរសេររបស់ខ្លួនបាន ដោយអ្នកធ្វើការដាក់អព្ភន្តរសញ្ញានៅក្នុងប្រយោគដែលអ្នកដកស្រង់ ហើយនៅខាងក្រោយអ្នកត្រូវដាក់ជា ត្រកូលរបស់អ្នកនិពន្ធ ឆ្នាំបោះពុម្ភ និង លេខទំព័របើមាន។ វាការដែលល្អអ្នក ពុំគួរមានការដកស្រង់ឯកសារមិនមែនជាឯកសារដើមឱ្យបានកាន់តែច្រើន កាន់តែប្រសើរ ហើយអ្នកគួរតែព្យាយាមស្វែងរកប្រភពឯកសារដើមទើបជាការល្អ។

ឧទាហរណ៍៖ “ការប៉ះទង្គិចផ្លូវចិត្តអាចផ្លាស់ប្តូររចនាសម្ព័ន្ធ និង​ មុខងារនៃខួរក្បាល”(មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 200 9, p. 21)។ នេះជារបៀបមួយក្នុងការដកស្រង់ឯកសារ ដែលតិចជាងពីរបន្ទាត់។

           ក្នុងករណីដែលអ្នកធ្វើការដកស្រង់ នូវពាក្យពេជន៍របស់អ្នកដទៃច្រើនជាងពីរបន្ទាត់ អ្នកត្រូវចូលបន្ទាត់ទាំងសងខាងខុសពីអត្ថបទធម្មតាបន្តិច តែមិនចាំបាច់ក្នុងត្រូវដាក់អព្ភន្តរសញ្ញានោះទេ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវដាក់ប្រភពឯកសារ ដែលអ្នកបានដកស្រង់ដដែល។ ក្នុងនោះដែរអក្សរដែលរបស់សម្រង់សម្តី (Quotation) នេះត្រូវតូចជាងអក្សរក្នុងអត្ថបទធម្មតារបស់អ្នក។ ជាឧទាហរណ៍ដូចជា៖

           ការសិក្សា ជាច្រើនបានបង្ហាញឱ្យឃើញថា ការថតខួរក្បាលរបស់មនុស្ស ដែលមានបញ្ហាខាងទំនាក់ទំនង ឬ បញ្ហាខាងការអភិវឌ្ឍ បញ្ហាការរៀនសូត្រ ឬ បញ្ហាសង្គម ដែលបណ្តាលមកពីជម្ងឺបាក់ស្បាត (PTSD) មានភាពស្រដៀងគ្នាលើភាពមិនប្រក្រតីចំពោះរចនាសម្ព័ន្ធ និង មុខងារ (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009, p. 21)         

           ក្នុងករណីដែលអ្នក មិនបានបំពេញគ្រប់គ្រាន់នូវត្រឹមត្រូវ ទៅតាមការណែនាំនោះទេ វាមានន័យថាអ្នកធ្វើការលួចចំលងស្នាដៃរបស់អ្នកដទៃផងដែរ (Plagiarism)។ សូមចងចាំថា អ្នកមិនគួរធ្វើការដកស្រង់សម្តីដោយផ្ទាល់របស់អ្នកដទៃច្រើនពេកនោះទេក្នុងអត្ថបទរបស់អ្នកនោះទេ ព្រោះថាបើសិនជាអ្នកដាក់ការដកស្រង់សម្តីដើមពីអ្នកដទៃច្រើនពេក វាហាក់ដូចជាវាមិនមែនជាអត្ថបទរបស់អ្នកសរសេរដោយផ្ទាល់នោះទេ។ អ្នកគួរគប្បីប្រើប្រាស់ ពាក្យផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្រើន ដោយការប្រើប្រាស់ការសង្ខេប ឬ ការបរប្រយោគក្នុងអត្ថបទដែលអ្នកសរសេរ។

 

១.២ ការធ្វើការបរប្រយោគ និង សង្ខេបអត្ថបទ

           ក្រៅពីការដកសម្រង់សម្តីដោយផ្ទាល់អ្នកក៏អាចធ្វើការបរប្រយោគ (Paraphrase)ធ្វើការសង្ខេប (Summarize) បានផងដែរ។ ការធ្វើបែបនេះ មានន័យថាអ្នកបានធ្វើការងារមួយចំនួនក្នុងស្នាដៃរបស់អ្នករួចហើយ។ វាជារបៀបមួយ ដែលអ្នកចង់ឱ្យអ្នកដទៃដឹងថាអ្នកបានអាន អត្ថបទផ្សេងទៀត ឬ មានគំនិតផ្សេងៗទៀត។ ការធ្វើការបរប្រយោគមានន័យថា អ្នកប្រើពាក្យផ្ទាល់របស់អ្នកក្នុងការពិពណ៌នាពីការងាររបស់បុគ្គលម្នាក់ទៀត ដោយមិនមានការបាត់បង់អត្ថន័យដើមនោះទេ (DkIT, 2016)។ការធ្វើការសង្ខេបអត្ថបទមានន័យថា ការធ្វើការបង្រួមអត្ថន័យរបស់អត្ថបទដែលយើបានដកស្រង់ ខណៈពេលដែលការធ្វើការបរប្រយោគ មានន័យថា ធ្វើការបង្ហាញព័ត៌មានចំនួនដូចគ្នានូវអត្ថបទដើមដែលយើងបានអាន (Hacker, & Sommers, 2012)

បើទោះជាអ្នកធ្វើការសង្ខេប ឬ បរប្រយោគហើយក៏ដោយ ក៏អ្នកត្រូវតែដាក់ប្រភពដើមនៃឯកសារដែលអ្នកបានអានដែរ។ សូមចាំថាការដាក់ប្រភពដើមនៃឯកសារ ជាការគោរពដល់អ្នកដែលបានសរសេរវាឡើង។ ពេលធ្វើការសង្ខេប ឬ បរប្រយោគ អ្នកអាចមានកំហុសក្នុងការលួចចំលងស្នាដៃ ប្រសិនបើអ្នក ចំលងពាក់កណ្តាលនៃឃ្លារបស់អ្នកនិពន្ធដើម។ ការចំលងនោះ អាចជាការគ្រាន់តែធ្វើការផ្លាស់ប្តូរពាក្យ ដែលមានន័យដូចទៅនឹងអត្ថបទដើម ឬ លើកឃ្លាពីមុខទៅក្រោយចុះឡើងដោយមិនមានការផ្លាស់ប្តូរអ្វីជាដើម។

ដើម្បីជៀសវាងក្នុងការលួចចំលងស្នាដៃរបស់អ្នកនិពន្ធម្នាក់ទៀត អ្នកគប្បីគួរតែកុំមើលអត្ថបទក្នុងពេលធ្វើការសង្ខេប ឬ បរប្រយោគ។ ហើយពេលធ្វើការសង្ខេប ឬ បរប្រយោគរួចហើយចាំអ្នកត្រលប់មក ពិនិត្យមើលឯកសារដើមឡើងវិញ ដើម្បីប្រាកដថាអ្វីដែលអ្នកធ្វើ គឺមិនមានអ្វីខុសគ្នាពីអ្វីដែលឯកសារដើមបានលើកឡើងមក។

ជាឧទាហរណ៍សម្រាប់ការបរប្រយោគ មានដូចខាងក្រោមនេះគឺ សង្គមខ្មែរ គឺនៅតែលាយឡំជាមួយនឹងការនឹកឃើញបញ្ហាឡើងក្នុងជីវភាពប្រចាំថ្ងៃ (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009)។ ឃ្លាខាងលើនេះមិនទាន់អាចទទួលយកបាននោះទេ ដោយសារតែវាមានលក្ខណៈស្រដៀងគ្នាខ្លាំងពេកទៅនឹងអត្ថបទដើមរបស់គេ ដែលបានលើកឡើងថា “ជីវភាពប្រចាំថ្ងៃរបស់សង្គមខ្មែរ គឺនៅតែលាយឡំជាមួយនឹងការដាស់/ឆ្កឹះ (trigger; មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009, p 46)។

ឃ្លាដែលអាចទទួលយកបាន គឺ “ប្រជាជនខ្មែរ ត្រូវរស់នៅប្រឈមនឹងការនឹកឃើញពីការប៉ះទង្គិចដោយសារសម័យខ្មែរក្រហមឡើងវិញជាប្រចាំ ព្រោះមានរឿងរ៉ាវផ្សេងៗជាច្រើន តែងតែរំលឹកពួកគាត់ឱ្យនឹកឃើញពីបញ្ហានោះឡើងវិញ (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009)”។ សូមចងចាំថា អ្នកគួរតែធ្វើការផ្លាស់ប្តូរនូវឃ្លាច្រើនជាងពាក់កណ្តាលនៃច្បាប់ដើម ទើបគេអាចចាត់ទុកថាអ្នកមិនបានលួចចំលងស្នាដៃអ្នកដទៃ។ ការប្រើប្រាស់ពាក្យពេជច៍របស់ខ្លួនជាការបង្ហាញថា ខ្លួនបានធ្វើការយល់ដឹងរបស់ខ្លួនចំពោះស្នាដៃរបស់អ្នកដទៃរួចជាស្រេចហើយ។

ជាឧទាហរណ៍មួយផ្សេងទៀតក្នុងការធ្វើការសង្ខេបដូចជា “ប្រជាជនខ្មែរតែងតែប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនក្នុងសង្គម ដូចជាអំពើហឹង្សា សារនយោបាយ អយុត្តិធម៌សង្គម អំពើពុករលួយ បញ្ហាដីធ្លី ការកេងប្រវ័ញ្ញផ្សេងៗ និង​ កត្តាបទពិសោធន៍ផ្ទាល់ខ្លួន វាជាគ្រឿងរំលឹកធ្វើឱ្យប្រជាជនខ្មែរ នៅតែទទួលរងគ្រោះមិនអាចជាសះពីរបួសផ្លូវចិត្តមួយនេះបាន (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009)។”

ជីវភាពប្រចាំថ្ងៃរបស់សង្គមខ្មែរ គឺនៅតែលាយឡំជាមួយនឹងការដាស់/ឆ្កឹះ (Trigger, គ្រឿងរំលឹក)។ គ្រប់ស្ថានភាពផ្ទាល់ខ្លួន និង សង្គមដ៏គួរ​ឱ្យ​ភ័យខ្លាច​អាច​ដាស់ [ឆ្កែកំពុងដេក] (ការប៉ះទង្គិចផ្លូវចិត្ត) ឱ្យងើបឡើងវិញ ឬ កើតមានម្តងទៀត។ ស្ថានផាពដ៏ភ័យរន្ធត់ អាចជាស្ថានភាពអស្ថិរភាពនយោបាយ គ្រប់សេចក្តីថ្លែងការណ៍ដេលពិបាកដោះស្រាយរបស់មេដឹកនាំខ្មែរ ឬ បទពិសោធន៍ផ្ទាល់ខ្លួរបស់នរណាម្នាក់ ដែលជាប់ទាក់ទងទៅនឹងអំពើពុករលួយ ...... ។ ដរាបណាជីវិរបស់ប្រជាជនពលរដ្ឋខ្មែរនៅបន្តខ្វះភាពទុកចិត្ត និង សុវត្ថិភាពដ៏ពិតប្រាកដនោះ គ្រប់ពេល អ្វីៗជាច្រើនអាចដាស់ការចងចាំពីបទពិសោធន៍ប៉ះទង្គិចផ្លូវចិត្តចាស់ៗ និង អារម្មណ៍នានាបាន (មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម, 2009, p 46)

 

១.៣ ការធ្វើបញ្ជីឯកសារយោង

បញ្ជីឯកសារយោងពេញលេញនេះត្រូវយកទៅដាក់នូវចុងក្រោយបំផុតនៃអត្ថបទរបស់ខ្លួន ដែលបានសរសេរ។ បញ្ជីឯកសារយោង ជាព័ត៌មានលម្អិតនៃប្រភពឯកសារដែលអ្នកបានដកស្រង់ព័ត៌មានចេញមក ហើយវាត្រូវបានដាក់តាមលំដាប់លំដោយនៃអក្ខរក្រមរបស់ឈ្មោះអ្នកនិពន្ធ។ បញ្ជីឯកសារយោង ជាកន្លែងដែលផ្ទុកនូវប្រភពឯកសារដែលអ្នកបានដកស្រង់មានក្នុងអត្ថបទរបស់អ្នក។

           ការធ្វើបញ្ជីឯកសារយោងគឺមានលក្ខណៈខុសៗគ្នា ទៅតាមប្រភពឯកសារ ដែលអ្នកបានយកមក ដោយឯកសារនោះ អាចជា សៀវភៅ គេហទំព័រ ការសែត ទស្សនាវដ្តីវិទ្យាសាស្រ្តជាដើម។

           អ្នកអាចរៀនពីរបៀបធ្វើបញ្ជីឯកសារយោងតាមរបៀបគេហទំព័រផ្សេងៗ ឬ មានកម្មវិធីជាច្រើនក្នុងកុំព្យូទ័រអាចជួយអ្នកក្នុងការរៀបចំឯកសារយោងរបស់អ្នកបាន។

 ដោយ៖ ភុល​ សុភារិទ្ធ

ឯកសារយោង

DkIT (2016). Guide to Harvard Referencing. Dundalk Institute of Technology Library.

Hacker, D. and Sommers, N. (2012). A pocket style manual 6th ed. Boston: Bedford/St. Martin's.

Imperial College (2012). Citing & Referencing: Harvard Style. [ebook] London: The Imperial Library. Available at: http://www.imperial.ac.uk/admin-services/library/ [Accessed 19 Jan. 2019].

មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម )2009). ស្វែងយល់ពីការប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ គំនិតចិត្តវិទ្យាមូលដ្ឋាន. 3rd ed. Phnom Penh, p.21.

Comments

Popular posts from this blog

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA) ការសង្គ្រោះផ្លូវចិត្តបឋម សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួ...

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...