Skip to main content

Followers

កុមារ និង ការប្រើប្រាស់អេក្រង់


បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ជីវិតមនុស្សនាសម័យទំនើបនេះ ហើយវាបាន​គ្របដណ្តប់ ស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃរបៀបរស់នៅរបស់មនុស្សយើង។ ការរួមបញ្ចូល​នៃបច្ចេក​វិទ្យាក្នុងជីវភាពប្រចាំថ្ងៃបានធ្វើឱ្យមានការផ្លាស់ប្តូរទិដ្ឋភាពផ្សេងៗនៃសង្គម ហើយក្នុង​នោះរួមទាំងការលូតលាស់របស់កុមារផងដែរ (Sundus, 2017)។ បច្ចុប្បន្នឧបករណ៍ឌីជីថលជាច្រើន ដូចជាទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ ថេប្លេត ប្រដាប់ក្មេងលេងឌីជីថល និងកុំព្យូទ័រ មានវត្តមាននៅស្ទើរតែគ្រប់គេហដ្ឋាន​ទាំងអស់ ដែលវាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស​ (Panjeti-Madan & Ranganathan, 2023)។ នៅពេលដែលកុមារធំឡើងជុំវិញដោយឧបករណ៍ឌីជីថល ការរៀនសូត្ររបស់ពួកគេ ការប្រាស្រ័យទាក់ទងជាមួយនឹងសង្គម និងសកម្ម​ភាព​កម្សាន្ត ត្រូវបានទទួលរងនូវឥទ្ធិពលយ៉ាងខ្លាំងពីរបស់របរឌីជីថលទាំងអស់នេះ។ បច្ចេកវិទ្យា ជំរុញឱ្យមានភាពច្នៃប្រឌិត និងការតភ្ជាប់រវាងយុវជននូវទូទាំងពិភពលោក ឱ្យកាន់តែខិតជិតគ្នាជាងមុន។ ទោះ​ជា​យ៉ាងណាក៏ដោយ ក៏វាបង្កើតឱ្យមានការព្រួយបារម្ភពីឥទ្ធិពលជាអវិជ្ជមានលើសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់មនុស្សផងដែរ ជាពិសេសទៅលើកុមារ (Manolche, 2024)។ ការរក្សាឱ្យមានតុល្យភាពរវាងការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យា និងការកាត់បន្ថយប៉ះពាល់អវិជ្ជ​មានពីបច្ចេកវិទ្យា គឺជារឿងមួយដ៏ចាំបាច់។  


ទារកជាញឹកញាប់ស្ថិតនៅក្នុងបរិយាកាសមួយ ដែលឧបករណ៍ឌីជីថល ឬ ឧបករណ៍ឆ្លាតវៃផ្សេងទៀតត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលទារកកំពុងនៅជាមួយឪពុកម្តាយ ឬបងប្អូនរបស់គាត់ នៅក្នុងបន្ទប់តែមួយជាមួយនឹងទារក គាត់មិនមែនជាអ្នកប្រើប្រាស់នូវ ឧបករណ៍ទំនើបនេះដោយផ្ទាល់នោះទេ (Anderson & Hanson, 2013)។  មនុស្សធំ ប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះ ក្នុងគោលបំណងផ្សេងៗ ដូចជាការទាក់ទងជាមួយនឹងសាច់ញាតិ ឬមិត្តភក្តិរបស់ខ្លួន ឬក៏ជាការកំសាន្តផ្សេងៗអាចជាមើលវីដេអូ ឬប្រើប្រាស់បណ្តាញសង្គមក្នុងអំឡុងពេលនៅជាមួយទារក (Panjeti-Madan & Ranganathan, 2023)។  ឪពុកម្តាយ និងអ្នកថែទាំខ្លះ បានប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីជួយរម្ងាប់អារម្មណ៍ទារក ដែលកំពុងមានបញ្ហា (Radesky et al., 2016) ដោយធ្វើការចាក់វីដេអូ ឬ កម្មវិធីទារកចូលចិត្ត។ ខណៈពេលដែលការប្រើវិធីសាស្រ្តនេះ ពិតជាអាចជួយបានក្នុងរយៈពេលខ្លីពិតប្រាកដមែន ប៉ុន្តែការធ្វើបែបនេះ គឺគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ។ ការធ្វើបែបនេះ ប្រហែលជាអាចបង្កើតឱ្យមានផលប៉ះពាល់ក្នុងរយៈពេលវែងលើកុមារ ដែលធ្វើឱ្យគេកាន់តែពឹងផ្អែកលើការប្រើប្រាស់អេក្រង់កាន់តែច្រើន ដើម្បីប្រើជាយុទ្ធសាស្ត្រក្នុងការជួយកុមារឱ្យ មានអារម្មណ៍ស្ងប់ក្នុងចិត្តឡើងវិញ។ ការដែលពឹងផ្អែកទៅលើ ការប្រើប្រាស់​ឧបករណ៍ឌីជីថលផ្សេងៗកាន់តែខ្លាំង នោះវានឹងប្រហែលជាអាចធ្វើការរារាំង ដល់ការអភិវឌ្ឍន៍យន្តការដោះស្រាយបញ្ហា ដែលបង្កើតដោយខ្លួនឯងរបស់កុមារ។ ហើយជាពិសេសវាក៏អាចនឹងប៉ះពាល់ទៅដល់សមត្ថភាពរបស់កុមារ ក្នុងការបន្ធូរអារម្មណ៍ចេញពីខ្លួនឯង ដោយមិនមានចាំបាច់មានការរំញោចពីខាងក្រៅ។ ការសិក្សាពីបញ្ហានៃការប្រើប្រាស់អេក្រង់ច្រើនរបស់កុមារ បានធ្វើឡើងជាយូរណាស់មកហើយ ដោយគ្រាន់តែគេធ្វើទៅលើការប្រើប្រាស់ទូរទស្សន៍ ចំណែកឯបច្ចុប្បន្ននេះ គឺមានឧបករណ៍ឌីជីថលជាច្រើនផ្សេងទៀតនៅជុំវិញកុមារតូច និងទារក។

           អ្នកជំនាញផ្នែកកុមារ (American Academy of Pediatrics) បានធ្វើការណែនាំ មិនឱ្យទារកអាយុក្រោមពីរឆ្នាំ ប៉ះពាល់ជាមួយឧបករណ៍ឌីជីថលកម្មវិធីកម្សាន្តផ្សេងៗនោះទេ ព្រោះថាវាអាចបង្កជាការរំខានដល់សកម្មភាពអភិវឌ្ឍន៍សំខាន់ៗ ដូចជាការលេង និងការប្រាស្រ័យទាក់ទងជាមួយអ្នកថែទាំ (Hill et al., 2016)។ បើទោះបីជាមានការណែនាំយ៉ាងដូចនេះហើយក៏ដោយ ក៏ទារកជាច្រើន នូវតែប៉ះពាល់ជាមួយឧបករណ៍ឌីជីថលនៅអាយុមុន 12ខែដដែល (Panjeti-Madan & Ranganathan, 2023)។ ជារឿយៗក្មេងអាយុ ប្រហែលជាពីរឆ្នាំ អាចគ្រប់គ្រងឧបករណ៍បច្ចេកវិជ្ជាទំនើប បានយ៉ាងងាយស្រួល ដោយមានសមត្ថភាពក្នុងការប្រើប្រាស់ ឧបករណ៍នោះស្ទាត់ជំនាញ ហើយប្រែក្លាយទៅជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ ការណែនាំនេះ មិនបានរាប់បញ្ចូល នូវការធ្វើវីដេអូខល ជាមួយអ្នកជាឪពុកម្តាយធ្វើការងារឆ្ងាយពីផ្ទះនោះទេ។ ការប្រើវីដេអូខល អាចជាការជួយផ្សាភ្ជាប់ទំនាក់ទំនងរវាងទារកនឹងអាណាព្យាបាលរបស់ពួកគេបើទោះបីជានៅដាច់ឆ្ងាយពីគ្នាក៏ដោយ (Hill et al., 2016)



ដោយ៖ ភុល សុភារិទ្ធ

ឯកសារយោង

Anderson, D. R., & Hanson, K. G. (2013). What researchers have learned about toddlers and television. Zero to Three, 33(4), 4–10.

Hill, D., Ameenuddin, N., Reid Chassiakos, Y. L., Cross, C., Hutchinson, J., Levine, A., Boyd, R., Mendelson, R., Moreno, M., & Swanson, W. S. (2016). Media and young minds. Pediatrics, 138(5).

Manolche, M. (2024, June 10). The Impact of Technology on Childhood. The Different Level. https://different-level.com/the-impact-of-technology-on-childhood/

Panjeti-Madan, V. N., & Ranganathan, P. (2023). Impact of screen time on children’s development: cognitive, language, physical, and social and emotional domains. Multimodal Technologies and Interaction, 7(5), 52.

Radesky, J. S., Peacock-Chambers, E., Zuckerman, B., & Silverstein, M. (2016). Use of mobile technology to calm upset children: Associations with social-emotional development. JAMA Pediatrics, 170(4), 397–399.

Sundus, M. (2017). The Impact of using Gadgets on Children. Journal of Depression and Anxiety, 06(04). https://doi.org/10.4172/2167-1044.1000296

 


Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...