Skip to main content

Followers

តើអ្វីជាឯកសារយោង?

 


ឯកសារយោង

          តើអ្វីទៅជាឯកសារយោង? ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើឯកសារយោង? ឯកសារយោង ជាវិធីសាស្រ្តមួយជាក់លាក់ក្នុងការបង្ហាញដល់អ្នកដែលបានអានថា អ្នកបានធ្វើការងារដ៏ត្រឹមត្រូវមួយ ក្នុងការដកស្រង់នូវគំនិត ឬ ពាក្យសម្តីរបស់អ្នកដទៃមកប្រើប្រាស់ (Imperial College, 2012)។ ការធ្វើឯកសារយោងមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាវាជាកាយវិការមួយក្នុងការបង្ហាញការគោរពរបស់អ្នក ចំពោះម្ចាស់គំនិតដើម​ (Hacker, & Sommers, 2012; DkIT, 2016; Imerial College, 2012)។ ហើយមិនត្រឹមតែជាការគោរព ឬ ទទួលស្នាដៃរបស់អ្នកដទៃប៉ុណ្ណោះទេ ការដាក់ប្រភពឯកសារយោងក៏ជួយអ្នកអាន ឱ្យអាចទៅធ្វើការស្វែងរកនូវប្រភពឯកសារដើមបានផងដែរ ពេលដែលគាត់ចង់ធ្វើការស្វែងយល់បន្ថែមទៀត។ លើស​ពីនេះទៀតនោះ វាក៏បង្ហាញពីថាអ្នកសរសេរ បានខិតខំក្នុងការស្រាវជ្រាវ​រកប្រភពផ្សេងៗ ដើម្បីគាំទ្រនូវអំណះអំណាងរបស់ខ្លួន។ ជាចុងក្រោយ គឺការដាក់​ឯកសារយោង ជាការមួយដែលអ្នកសរសេរ អាចជៀសវាងបានពីការលួចចំលងស្នាដៃរបស់អ្នកដទៃ ការបោកប្រាស់ ឬ លួចចំលងគំនិតរបស់គេ។ ការធ្វើឯកសារយោង ជារឿងសំខាន់សម្រាប់អ្នកក្នុងការធ្វើការស្រាវជ្រាវមួយជោគជ័យ ហើយវាក៏ជាការចាំបាច់សម្រាប់អ្នកអានរបស់អ្នកឃើញ អ្នកមានការស្រាវជ្រាវយ៉ាងណាខ្លះផងដែរ។

          តើអ្វីទៅជាការលួចចំលងស្នាដៃ (Plagiarism)? ការលួចចំលងស្នាដៃ គឺជាការខកខានក្នុងការដាក់ព័ត៌មានរបស់ឯកសារដើម ដែលអ្នកបានដកស្រង់ (ទោះជាឯកសារនោះជាឯកសាររបស់ខ្លួនអ្នកផ្ទាល់ក៏ដោយ) ទៅក្នុងអត្ថបទរបស់អ្នក ទោះបីជាកើតឡើងដោយចេតនា ឬ អចេតនាក្តី (DkIT, 2016)។ ការលួចចំលងស្នាដៃ វាមិនកំណត់ត្រឹមតែគំនិតរបស់អ្នកដទៃប៉ុណ្ណោះទេ វារួមបញ្ចូលទាំង រូបភាព ដ្យាក្រាម ទិន្នន័យ ស្ថិតិ ចំរៀង ពាក្យពេជច៍ផ្សេងៗជាដើម។ ប្រាកដណាស់ថាមានប្រភពជាច្រើន ដែលអ្នកអាចយកមកធ្វើជាឯកសារយោងរបស់ខ្លួនបាន។ ប្រភពទាំងនោះមានដូចជា សៀវភៅ សៀវភៅអេឡិចត្រូនិច ព្រឹត្តិប័ត្រវិទ្យាសាស្រ្ត ទស្សនាវដ្តី រូបភាព វីដេអូ កម្មវិធីវិទ្យុ ឬ ខ្សែភាពយន្តជាដើម។ អ្នកក៏អាចយកការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ មកធ្វើជាប្រភពឯកសារយោងរបស់អ្នកបានផងដែរ បើទោះបីជាវាមិនសូវជាក់លាក់ខ្លាំងណាស់ណាក៏ដោយ។ មានសកម្មភាពបី ត្រូវគេចាត់ទុកថាជាការលួចចំលងឯកសារ (Plagiarism) គឺទីមួយការមិនបានដាក់ប្រយោគដែលអ្នកដកស្រង់សម្តីដើមក្នុងអព្ភន្តរសញ្ញា ឬ សញ្ញាធ្មេញកណ្តុរ។ ទីពីរ គឺការមិនបានដាក់ប្រភពឯកសារចំពោះគំនិត ឬ ស្នាដៃរបស់អ្នកដទៃពេលដែលអ្នកប្រើប្រាស់ក្នុងអត្ថបទរបស់ខ្លួន។ ទីបី​ គឺការមិនបានធ្វើការសង្ខេប ឬ បរប្រយោគ ពីគំនិតរបស់អ្នកដទៃជាពាក្យផ្ទាល់ខ្លួន (Hacker, & Sommers, 2012)

ទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងមួយចំនួនដែលមិនត្រូវបានគេចាត់ទុកជាការលួចចំលងស្នាដៃនោះទេ បើទោះបីជាអ្នកសរសេរមិនបានដាក់ពីប្រភពឯកសារដើមក៏ដោយ។ ករណីនោះ គឺព័ត៌មាន ដែលអ្នកសរសេរបានដាក់ចូលក្នុងអត្ថបទរបស់ខ្លួននោះ ត្រូវបានអ្នកដទៃដឹងជាទូទៅថាមានប្រភពចេញពីណាមក។ ជាឧទាហរណ៍ ទ្រឹស្តី Core Condition របស់លោក Carl Rogers ឬ ឋានានុក្រមតម្រូវការរបស់លោក Maslow ជាដើម។ ក្នុងករណីដែលអ្នកមិនច្បាស់ ថាតើអ្វីដែលអ្នកសរសេរ វាជាចំណេះដឹងទូទៅដែរឬក៏អត់នោះ អ្នកគួរគប្បីដាក់ប្រភពឯកសារដែលអ្នកបានដកស្រង់ចេញមក ដើម្បីជៀសវាងកុំឱ្យមាន ចោទប្រកាន់ថាអ្នកលួចចំលងស្នាដៃរបស់អ្នកដទៃក្នុងអត្ថបទរបស់ខ្លួន។ ជាការកត់សម្គាល់មួយទៀត ដែលអ្នកគួរតែដឹងដែរនោះ គឺក្នុងករណីអ្នកធ្វើការដកស្រង់នូវទិន្នន័យជាក់លាក់ (ជាតួលេខ ឬ សិ្ថតិ) ឬ ព័ត៌មានលក្ខណៈផ្ទុយគ្នាពីកន្លែងណាមួយនោះ អ្នកគួរតែដាក់ប្រភពឯកសារយោង។

ដោយ៖ ភុល សុភារិទ្ធ

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...