Skip to main content

Followers

ទ្រឹស្តី AIP៖ របួសផ្លូវចិត្ត និងអាថ៌កំបាំងនៃភាពអស្ចារ្យរបស់ខួរក្បាល

ទ្រឹស្តី AIP និងរបួសផ្លូវចិត្ត

ទ្រឹស្តី AIP៖ របួសផ្លូវចិត្ត និងអាថ៌កំបាំងនៃភាពអស្ចារ្យរបស់ខួរក្បាល

ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦

មនុស្សម្នាក់ៗយើង អាចធ្លាប់ឆ្លងកាត់បទពិសោធន៍ឈឺចាប់ណាមួយក្នុងជីវិតរបស់ខ្លួន ហើយពេលរឿងរ៉ាវទាំងអស់ផុសឡើងក្នុងចិត្តរបស់យើងម្តងៗ អ្នកខ្លះអាចនៅបន្តមានការឈឺចុកចាប់ ឬភ័យរន្ធត់ បើទោះបីជារឿងរ៉ាវទាំងអស់នោះ បានកន្លងហួសទៅជាច្រើនឆ្នាំហើយក៏ដោយ។

ឧទាហរណ៍៖ មនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់សង្រ្គាម នៅពេលលឺសម្លេងបាក់បែក ឬសម្លេងខ្លាំងៗណាមួយ អាចធ្វើឱ្យពួកគេមានអារម្មណ៍ភ័យរន្ធត់ បេះដូងលោតញាប់ ហាក់ដូចជាគាត់កំពុងស្ថិតនៅក្នុងស្ថានភាពសង្រ្គាមម្តងទៀត។

បើលោកអ្នកកំពុងរស់នៅជាមួយការចងចាំបែបនេះ វាក៏មិនមានន័យថា «ខ្ញុំជាមនុស្សទន់ខ្សោយ»«ខ្ញុំមិនប្រក្រតី» នោះដែរ។ វាអាចមានន័យត្រឹមតែ… ប្រព័ន្ធព្យាបាលផ្លូវចិត្តរបស់អ្នកគ្រាន់តែត្រូវបានរាំងស្ទះប៉ុណ្ណោះ។

ថ្ងៃនេះយើងនឹងនិយាយអំពី ទ្រឹស្តី AIP (Adaptive Information Processing) ដែលពន្យល់ថា ហេតុអ្វីបានជាមនុស្សយើងអាចមានលទ្ធភាពក្នុងការជំនះពីរបួសផ្លូវចិត្តរបស់ខ្លួនឯង និងរស់បន្តទៅមុខទៀតបាន។

ផ្នែកទី១៖ ការរកឃើញដោយចៃដន្យ

មុននឹងចូលស្វែងយល់អំពីទ្រឹស្តី AIP យើងមកស្គាល់មូលហេតុនៃការរកឃើញរបស់លោកស្រី Francine Shapiro ជាមុនសិន។ ក្នុងឆ្នាំ ១៩៨៧ មានថ្ងៃមួយ លោកស្រីកំពុងមានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំងណាស់ ប្រហែលជាពាក់ព័ន្ធនឹងជំងឺមហារីករបស់គាត់ (Shapiro, 2017)។

គាត់បានចេញពីការិយាល័យ ទៅអង្គុយនៅសួនច្បារ។ បន្ទាប់ពីអង្គុយនៅទីនោះមួយរយៈ អារម្មណ៍តានតឹងចិត្តរបស់គាត់ក៏ប្រែជាល្អឡើងវិញយ៉ាងចម្លែក។ Shapiro ចាប់ផ្តើមសួរខ្លួនឯងថា៖ «មានអ្វីកើតឡើងក្នុងអំឡុងពេលខ្ញុំអង្គុយនៅទីនោះ?»

គាត់បានសង្កេតឃើញថា ខណៈពេលគាត់កំពុងវិលវល់ក្នុងចិត្ត ភ្នែករបស់គាត់បានរេចុះរេឡើង មើលមនុស្សដើរឆ្លងកាត់ក្នុងសួនច្បារ។

កើតពីការសង្កេតតូចមួយនេះ គាត់បានចាប់ផ្តើមធ្វើស្រាវជ្រាវ អំពីការធ្វើចលនាភ្នែករបស់មនុស្ស ពិសេសក្នុងអំឡុងពេលដេកលក់ (REM sleep) ហើយក្រោយមក គាត់បានបង្កើតជាការព្យាបាលផ្លូវចិត្តតាមបែប EMDR ដោយផ្អែកលើទ្រឹស្តីគោល AIP (ទ្រឹស្តីដំណើរការសម្របសម្រួលព័ត៌មាន)។

ផ្នែកទី២៖ ទ្រឹស្តី AIP ជាអ្វី?

AIP គឺជាទ្រឹស្តីមួយ កើតឡើងពីការសង្កេត និងការពិសោធន៍របស់ Shapiro ហើយបានលើកឡើងថា ខួរក្បាលមនុស្សយើង មានរចនាប្រព័ន្ធពីធម្មជាតិសម្រាប់ «សម្របសម្រួល» ឬរៀបចំរក្សាទុកនូវបទពិសោធន៍ និងការចងចាំរឲ្យចូលក្នុងកន្លែងសមស្របនៅក្នុងខួរក្បាល (Leeds, 2009; Shapiro, 2017)។

ប៉ុន្តែពេលមានព្រឹត្តិការណ៍តានតឹងចិត្តកើតឡើង ប្រព័ន្ធសម្របសម្រួលពីធម្មជាតិនេះ អាចត្រូវបានរាំងស្ទះ ឬរំខានធ្វើឱ្យមនុស្សនៅតែជាប់គាំង ក្នុងស្ថានភាពតានតឹងនោះ បង្កើតជារបួសផ្លូវចិត្ត ឬ ការប៉ះទង្គិចផ្លូវចិត្ត។

លទ្ធផលនៃការព្យាបាលផ្លូវចិត្ត អាចតាមបែប EMDR ឬ TF-CBT គឺ៖

  • អារម្មណ៍ឈឺចាប់តិចជាងមុន ឬលែងមានការឈឺចាប់បន្តទៀត
  • គំនិតអវិជ្ជមានមកលើខ្លួនឯង ត្រូវបានជំនួសដោយគំនិតវិជ្ជមាន
  • បទពិសោធន៍ឈឺចាប់នេះបានប្រែក្លាយជាធនធានសម្រាប់ធ្វើឲ្យផ្លូវចិត្តរឹងមាំជាងមុន

បទពិសោធន៍ដ៏ឈឺចាប់ និងភាពតានតឹងរ៉ាំរ៉ៃ

បទពិសោធន៍ដ៏ឈឺចាប់នោះ អាចជាហេតុការណ៍នៃការប៉ះទង្គិចផ្លូវចិត្ត ឬ ភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃក្នុងរយៈពេលយ៉ាងយូរមកហើយ។

១. ហេតុការណ៍នៃការប៉ះទង្គិចផ្លូវចិត្ត៖

  • ការជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ, ត្រូវបានគេវាយតំលើរាងកាយ ឬប្លន់។
  • ការឃើញផ្ទាល់នឹងភ្នែកនូវនរណាម្នាក់ស្លាប់ ឬរងរបួសធ្ងន់ធ្ងរជាដើម។
  • គ្រោះមហន្តរាយពីធម្មជាតិ៖ ទឹកជំនន់, រញ្ជួយដី, គ្រោះអគ្គីភ័យ។
  • គ្រោះមហន្តរាយពីមនុស្ស៖ សង្គ្រាម, ការបាត់បង់មនុស្សជាទីស្រលាញ់ភ្លាមៗ ឬស្លាប់ដោយមិននឹកស្មានដល់។

ឧទាហរណ៍៖

ឪពុកម្តាយ ដែលត្រូវមើលថែកូនមានតម្រូវការពិសេសជារៀងរាល់ថ្ងៃ ព្រឹកឡើងត្រូវយកសាលាអប់រំពិសេស, យប់ឡើងក៏មិនអាចដេកលក់។ ជារៀងរាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភអំពីអនាគតកូន, អំពីថវិកាទៅថ្ងៃអនាគត និងគិតអំពីជីវិតរបស់ខ្លួន។

«បើស្ថានភាពបែបនេះកើតឡើងលើលោកអ្នក ជារៀងរាល់ថ្ងៃ ហើយបន្តរាប់ឆ្នាំទៅមុខទៀត តើនឹងមានអ្វីកើតឡើងចំពោះលោកអ្នក?»

ឪពុកម្តាយខ្លះ អាចចាប់ផ្តើមគិតថា «ខ្ញុំជាមនុស្សអត់បានការ»«ខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់កូនខ្ញុំទេ» បើទោះបីជាពួកគាត់ខិតខំអស់លទ្ធភាពរបស់ខ្លួនហើយក៏ដោយ។

២. ស្ថានភាពតានតឹងផ្លូវចិត្តរ៉ាំរ៉ៃ៖ សំដៅទៅដល់ស្ថានភាពមិនល្អ កើតឡើងឥតឈប់ឈរ ដូចជា៖

  • ការរស់នៅរបស់បងប្អូនជនភៀសសឹកនៅទីទួលសុវត្ថិភាព។
  • មានជំងឺរ៉ាំរ៉ៃផ្សេងៗ (ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម, ជំងឺមហារីក...)។
  • ការមើលថែអ្នកជំងឺរ៉ាំរ៉ៃ ឬឪពុកម្តាយចិញ្ចឹមកូនមានតម្រូវការពិសេស។
  • ការទទួលប្រាក់ចំណូលមិនទៀងទាត់ ឬធ្វើការងារក្នុងកន្លែងមួយដែលមានសម្ពាធខ្លាំង។

ផ្នែកទី៣៖ សរុបសេចក្តី

ជាសរុបមក មនុស្សយើងម្នាក់ៗ មានប្រព័ន្ធព្យាបាលផ្លូវចិត្តកើតពីធម្មជាតិ ដើម្បីជំនះនូវគ្រប់ស្ថានភាពឈឺចាប់ទាំងអស់ក្នុងជីវិត។

បើសិនជាលោកអ្នក កំពុងរស់នៅជាមួយបទពិសោធន៍ឈឺចាប់ណាមួយ ដែលនៅតែបន្តរំខានទៀតមក សូមកុំគិតថា «ខ្ញុំខ្សោយ» ឬ «ខ្ញុំមិនធម្មតាខុសប្លែកពីគេ»។ តែសូមចាំថា ប្រព័ន្ធព្យាបាលផ្លូវចិត្តពីធម្មជាតិរបស់លោកអ្នក អាចត្រូវការជំនួយបន្ថែមតិចតួចដើម្បីឱ្យវាដំណើរការឡើងវិញ។

ការស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត គឺមិនមែនជាសញ្ញានៃភាពខ្សោយទេ តែជាជំហានមួយនៃភាពរឹងមាំផ្លូវចិត្តរបស់លោកអ្នក។

ឯកសារយោង៖

  • Leeds, A. M. (2009). A guide to the standard EMDR protocols for clinicians, supervisors, and consultants. Springer Publishing Company.
  • Shapiro, F. (2017). Eye movement desensitization and reprocessing (EMDR) therapy: Basic principles, protocols, and procedures. Guilford Publications.
ពាក្យគន្លឹះសម្រាប់ស្វែងរក (Tags/Keywords):
ទ្រឹស្តី AIP, របួសផ្លូវចិត្ត, សុខភាពផ្លូវចិត្ត, ការព្យាបាល EMDR, Francine Shapiro, ភាពអស្ចារ្យនៃខួរក្បាល, ជំងឺបាក់ស្បាត, ការប៉ះទង្គិចផ្លូវចិត្ត, វិធីសាស្រ្តព្យាបាលផ្លូវចិត្ត, ភាពរឹងមាំផ្លូវចិត្ត, Adaptive Information Processing.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...