Skip to main content

Followers

ស្វែងយល់ពីគ្រាប់មីនប្រឆាំងមនុស្ស៖ ប្រវត្តិ យុទ្ធសាស្រ្តយោធា និងផលប៉ះពាល់

ផ្នែកទី១៖ សេចក្តីផ្តើម

ការផ្ទុះជម្លោះតាមបណ្តោយព្រំដែនខ្មែរ-ថៃ ភាគីថៃច្រើនតែលើកយកការផ្ទុះគ្រាប់មីនរបស់ទាហានខ្លួន ដើម្បីបង្កបង្កើតជាភាពតានតឹងបន្ថែមទៀត។ ហើយតែងតែលើកឡើងថា “យោធាកម្ពុជាប្រើប្រាស់មីន មានផែនការជាលក្ខណៈប្រព័ន្ធ ដើម្បីគំរាមកំហែង និងបង្កគ្រោះថ្នាក់ដល់ប្រទេសខ្លួន”

នៅពេលលឺពីគ្រាប់មីនកប់ក្នុងដីបែបនេះ មានជាចម្ងល់ថា តើគ្រាប់មីននេះ ជាអាវុធប្រភេទបែបណាដែរ? ហើយតើវាត្រូវបានគេប្រើប្រាស់ក្នុងយុទ្ធសាស្រ្តសង្គ្រាមយ៉ាងណា បានជាយោធាខាងថៃនិយាយថាវាបង្កការគំរាមកំហែង និងគ្រោះថ្នាក់ដល់ប្រទេសខ្លួន?

ឯកសារមួយនេះដកស្រង់ និងកែសម្រួលចេញពីវេបសាយ Wikipedia ដែលបាននិយាយអំពីគ្រាប់មីនកប់ក្នុងដី។ សង្ឃឹមថាឯកសារមួយនេះនឹងរួមចំណែក ចែករំលែកចំណេះដឹងបន្ថែមទៀតពីគ្រាប់មីន និងយុទ្ធសាស្រ្តដែលយោធាប្រើប្រាស់គ្រាប់មីនក្នុងសង្គ្រាម។

ផ្នែកទី២៖ ប្រវត្តិនៃគ្រាប់មីន

គ្រាប់មីនកប់ក្នុងដី ជាអាវុធជាតិផ្ទុះម៉្យាងដែលអាចបំផ្ទុះ ដោយធ្វើការលាក់ទុកនៅខាងក្រោមដី ឬធ្វើការក្លែងបន្លំ បំភាន់ភ្នែកទុកដាក់នៅកន្លែងណាមួយ។ អាវុធប្រភេទនេះ ត្រូវបានរចនាឡើងដើម្បីបំផ្លិចបំផ្លាញ ឬមានគោលដៅធ្វើឱ្យសត្រូវមិនអាចធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរវាបាន (Wikipedia, 2025)។

មីនកប់ក្នុងដីត្រូវបានបែងចែកជាពីរប្រភេទធំៗ៖

🚜 មីនប្រឆាំងយានយន្ត

សម្រាប់កម្ទេចរថក្រោះ ឬយានយន្តធុនធ្ងន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយសមត្ថភាពធ្វើដំណើរ។

☠️ មីនប្រឆាំងមនុស្ស

ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យរបួស ឬសម្លាប់មនុស្ស ជាឧបសគ្គដល់កងទ័ពថ្មើរជើង។

ការប្រើប្រាស់មីនកប់ក្នុងដីបង្កជាបញ្ហាយ៉ាងខ្លាំង ព្រោះថាវាធ្វើការវាយប្រហារមិនរើសមុខ ហើយសក្តានុពលគ្រោះថ្នាក់របស់វានៅតែមានបន្តទៀតរយៈពេលវែង បើទោះបីជាត្រូវកប់ទុកអស់រយៈពេលជាច្រើនឆ្នាំ និងបន្ទាប់ពីជម្លោះបានបញ្ចប់ក៏ដោយ។

ដោយសារផលវិបាកដល់ជនស៊ីវិល និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ទើបមានយុទ្ធនាការសាកលដើម្បីហាមឃាត់ការប្រើប្រាស់អាវុធនេះ។ សន្ធិសញ្ញានេះត្រូវបានគេស្គាល់ថាជា ”សន្ធិសញ្ញាអូតាវ៉ា” (ឆ្នាំ១៩៩៧) ដែលបច្ចុប្បន្នមាន ១៦៤ ប្រទេសជាហត្ថលេខី រួមទាំងកម្ពុជា និងថៃ។ ផ្ទុយទៅវិញ ប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក មិនទាន់បានចុះហត្ថលេខាទេ។

ផ្នែកទី៣៖ គោលបំណង និងយុទ្ធសាស្រ្ត

គ្រាប់មីនកប់ក្នុងដីត្រូវបានគេរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងគោលដៅសំខាន់ពីរយ៉ាងគឺ៖
១. ដើម្បីបង្កើតរបាំងយុទ្ធសាស្ត្រការពារខ្លួន។
២. ដើម្បីរារាំងការប្រើប្រាស់ដី ធនធាន ឬសម្ភារៈមានតម្លៃរបស់សត្រូវ។

យុទ្ធសាស្រ្តចំបង ៤ យ៉ាងក្នុងការប្រើប្រាស់មីនលើសមរភូមិ៖

១. កម្រិតការធ្វើបំលាស់ទី

មីនប្រឆាំងមនុស្សបង្កើតជារបាំងបង្ខំឲ្យសត្រូវធ្វើដំណើរតាមផ្លូវវៀសវែងជាងមុន ឬផ្លូវបើកចំហ។ ការដាក់ចម្ការមីននៅផ្លូវភ្នំ ឬទីតាំងយុទ្ធសាស្ត្រ ជួយការពារទីតាំង និងគ្រប់គ្រងចលនាសត្រូវដោយមិនចាំបាច់ប្រើកម្លាំងយាមល្បាត។

២. កាត់បន្ថយកម្លាំងសត្រូវ

ប្រវត្តិសាស្ត្របង្ហាញថា មីនមានប្រសិទ្ធភាពក្នុងការបង្ករបួស និងស្លាប់។ ការស្រាវជ្រាវនៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បង្ហាញថា ១/៤ នៃអ្នកស្លាប់និងរបួសបណ្តាលមកពីគ្រាប់មីន។ ការធ្វើឱ្យសត្រូវរងរបួស គឺបន្ថែមបន្ទុកផ្នែកភស្តុភា (ការជម្លៀស/ព្យាបាល) ដល់ភាគីម្ខាងទៀត។

៣. សង្គ្រាមចិត្តសាស្ត្រ

បង្កើតការភ័យខ្លាច និងភាពមិនប្រាកដប្រជា។ បង្ខំឱ្យសត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន បន្ថយល្បឿន និងបង្វែរធនធានសម្រាប់ការដោះមីន។ ផលប៉ះពាល់ផ្លូវចិត្តនេះអាចសំខាន់ដូចការគំរាមកំហែងដោយអាវុធទំនើបដែរ។

៤. ជំនួយការវាយប្រហារ

ប្រើក្នុងប្រតិបត្តិការវាយលុក ដោយដាក់មីនការពារការលួចវាយប្រហារពីក្រោយ ឬការពារការឡោមព័ទ្ធ។ អាចបង្កើត "តំបន់មរណៈ" នៅតាមផ្លូវតូចចង្អៀត ឬស្ពាន ដើម្បីរារាំងការពង្រឹងកម្លាំងសត្រូវ។

ផ្នែកទី៤៖ សរុបសេចក្តី

គ្រាប់មីនជាអាវុធមួយដែលអាចបំផ្លាញជីវិតមនុស្សយើងបាន បើទោះជាជំលោះបានបញ្ចប់រយៈពេលយូរយ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាយើង បានរងគ្រោះជាច្រើនឆ្នាំហើយពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងដឹងយ៉ាងច្បាស់ពីផលប៉ះពាល់ និងការឈឺចាប់របស់ជនស៊ីវិល។

រាជរដ្ឋាភិបាលកម្ពុជា ក៏ជាហត្ថលេខីនៃសន្ឋិសញ្ញាអូតាវ៉ា និងមានការតាំងចិត្តយ៉ាងមុតមាំក្នុងការមិនប្រើប្រាស់គ្រាប់មីនក្នុងជម្លោះនានាផងដែរ។

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...