Skip to main content

Followers

ទារុណកម្មផ្លូវចិត្ត និងគន្លឹះនៃការជួយ

ទារុណកម្មផ្លូវចិត្ត និងគន្លឹះនៃការជួយ

ទារុណកម្មផ្លូវចិត្ត និងគន្លឹះនៃការជួយ

ដោយ៖ ភុល សុភារិទ្ធ |

ផ្នែកទី១៖ សេចក្តីផ្តើម

ថ្មីៗនេះ កំដៅនៃជំលោះនៅតាមបណ្តោយព្រំដែនខ្មែរថៃហាក់ដូចជាកើនឡើងវិញ ជាពិសេសនៅភូមិភូមិព្រៃចាន់។ ក្រុមយោធា និងក្រុមជ្រុលនិយមថៃ បានប្រើប្រាស់នូវសំលេងខ្មោច និងរូបភាពដើម្បីធ្វើការបន្លាចបងប្អូនប្រជាពលរដ្ឋឱ្យធ្វើការចាកចេញពីផ្ទះរបស់ខ្លួន។

ទង្វើបែបនេះ តាក់ទិចមួយផ្សេងទៀតប្រើប្រាស់ដើម្បីចង់យកជ័យជំនះមកលើប្រទេសកម្ពុជា ក៏ប៉ុន្តែទង្វើបែបនេះត្រូវបានគេចាត់ទុកថាជាការធ្វើទារុណកម្មផ្លូវចិត្តមកលើប្រជាជនកម្ពុជាយើង។

តើទារុណកម្មផ្លូវចិត្តមានន័យយ៉ាងដូចម្តេច ហើយតើយើងអាចធ្វើអ្វីខ្លះដើម្បីជួយឱ្យស្ថានភាពផ្លូវចិត្តរបស់បងប្អូនខ្មែរយើងបានល្អប្រសើរមកវិញបាន?

ផ្នែកទី២៖ តើទារុណកម្មផ្លូវចិត្តជាអ្វី?

យោងតាមទៅតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម ឆ្នាំ1984 បានធ្វើការរៀបរាប់ថា “ការធ្វើទារុណកម្ម” ត្រូវបានគេកំណត់ថាជាអំពើទាំងឡាយណា ដែលបង្កការឈឺចាប់ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ មិនថាការឈឺចាប់នោះកើតឡើងលើរូបរាងកាយ ឬផ្លូវចិត្តនោះទេ។ ហើយអំពើទាំងអស់នោះ ត្រូវបានធ្វើដោយចេតនាទៅលើបុគ្គលណាម្នាក់ក្នុងគោលបំណង ដូចជាការទទួលបានព័ត៌មាន ឬការសារភាពពីគាត់ (ឬក៏បុគ្គលម្នាក់ផ្សេងទៀត​)។

ចេតនានៃទង្វើមួយនេះ ក៏ត្រូវបានរាប់ផងដែរក្នុងករណីដែលធ្វើការដាក់ពិន័យទៅលើ បុគ្គលម្នាក់ ដោយសារតែសកម្មភាព ឬមានការសង្ស័យថាគាត់ (ជនទី៣) បានប្រព្រឹត្ត ឬឃុបឃិតផ្សំគំនិតជាមួយគ្នា(General Assembly resolution 39/46, 1984)។

ធាតុសំខាន់ៗនៃទារុណកម្ម

តាមនិយមន័យមួយនេះ ទារុណកម្មមានធាតុសំខាន់ៗចំនួនបី រួមមានការបង្កការខូចខាតដោយចេតនា, ធ្ងន់ធ្ងរ និងគោលបំណងជាក់លាក់មួយ។ គោលបំណងជាក់លាក់នោះ មានដូចជាធ្វើការដាក់ទណ្ឌកម្ម ការបំភិតបំភ័យ ការបង្ខិតបង្ខំ ឬការទាញយកព័ត៌មាន។

ការធ្វើទារុណកម្មទាំងផ្លូវចិត្ត និងផ្លូវកាយត្រូវបានហាមឃាត់ជាដាច់ខាត ដោយមិនមានករណីលើកលែងណាមួយឡើង បើទោះបីជាស្ថិតក្នុងស្ថានភាពសង្រ្គាម ស្ថានភាពគ្រាអាសន្ន ឬការគំរាមកំហែងសន្តិសុខជាតិក៏ដោយ។ គ្មាន​កាលៈទេសៈ​ពិសេស​ណា​ ដែល​អនុញ្ញាតិឱ្យមាន​ការ​ធ្វើ​ទារុណកម្មនោះទេ បើទោះជាមានការបញ្ជាពីថ្នាក់លើក៏ដោយ ក៏ទង្វើនេះមិនអាចយកមកជាលេសដើម្បីដោះសារបានដែរ។

ផលវិបាកទទួលបានពីការធ្វើទារុណកម្មផ្លូវចិត្ត គឺមិនត្រឹមតែកើតមានឡើងភ្លាមៗនោះទេ ជារឿយៗវាបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្តរយៈពេលវែង ការផ្លាស់ប្តូរផ្នែកសរីរៈរបស់មនុស្ស ហើយផលរំខានមួយនេះ ក៏សូម្បីតែអាចបង្កជាការប៉ះទង្គិចផ្លូវចិត្តបន្តដល់ជំនាន់ក្រោយៗទៀតផងដែរ។

  • ការប៉ះពាល់សុខភាពផ្លូវចិត្ត៖ អាចបង្កជាជំងឺបាក់ស្បាត (PTSD) ជំងឺធ្លាក់ទឹកចិត្ត និងជំងឺការថប់បារម្ភជាដើម (De la Rie et al., 2018)።
  • ការប៉ះពាល់សុខភាពរាងកាយ៖ អាចមានការ​ចុះខ្សោយ​​ការ​ចងចាំយ៉ាងខ្លាំង និងមានការឈឺចុកចាប់រ៉ាំរ៉ៃផងដែរ (Rizkalla et al., 2024)។
  • ការប៉ះពាល់ទំនាក់ទំនងសង្គម៖ អ្នកខ្លះអាចមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដកខ្លួននៅតែឯងឯកោ និងមិនចង់ធ្វើអ្វីទាំងអស់ (Antelo et al., 2021)።

សូមគូសបញ្ជាក់ ការទទួលរងការធ្វើទារុណកម្មផ្លូវចិត្ត ត្រូវការជាបន្ទាន់សម្រាប់ការថែទាំអ្នកទាំងអស់នោះ ដោយធ្វើការថែទាំសម្រាប់អ្នកទទួលរងការប៉ះទង្គិចផ្លូវចិត្ត។

ផ្នែកទី៣៖ ជំហានជាក់ស្តែងដែលអាចធ្វើបាន

ខាងក្រោមនេះជាវិធីសាស្រ្តងាយៗ ៥យ៉ាងសម្រាប់ថែទាំសុខភាពផ្លូវចិត្ត ផ្ទាល់ខ្លួន ដែលលោកអ្នកអាចធ្វើបាន៖

នៅពេលលោកអ្នកទទួលអារម្មណ៍មិនល្អ សូមទុកពេលសម្រាប់ខ្លួនឯងបន្តិច ហើយផ្តោតអារម្មណ៍ទៅលើអ្វីដែលកើតមាននៅជុំវិញខ្លួនរបស់លោកអ្នក។ ចាប់ផ្តើមធ្វើការដកដង្ហើមមួយយឺតៗ ម្តង ពីរដង បីដង...។ ហើយសម្គាល់ពីជើងរបស់លោកអ្នក ដែលកំពុងនៅជាប់នឹងដី។ សម្គាល់អ្វីៗ ដែលលោកអ្នកអាចមើលឃើញ បាន​ស្តាប់​ឮ និងបានប៉ះស្ទាប។ តើលោកអ្នកចាប់អារម្មណ៍ឃើញអ្វីខ្លះពេលក្រលេកមើលយឺតៗជុំវិញខ្លួន របស់លោកអ្នក? ការប្រើប្រាស់លំហាត់មួយនេះ នឹងផ្តល់នូវជាមូលដ្ឋានជួយឱ្យលោកអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពម្តងទៀត នៅពេលដែលលោកអ្នកអារម្មណ៍សន្ធប់លើសលប់ខ្លាំងពេក។

នៅក្នុងអំឡុងពេលស្ថានភាពតានតឹងចិត្តបែបនេះ សូមលោកអ្នកនិយាយថា “ឈប់” ហើយកត់សម្គាល់ពីអារម្មណ៍ដែលមានក្នុងខ្លួនរបស់លោកអ្នក។

"ខ្ញុំកត់សំគាល់ថា ខ្ញុំមានអារម្មណ៍ព្រួយបារម្ភ" ឬ "ខ្ញុំកត់សំគាល់ថា ខ្ញុំមានអារម្មណ៍អស់សង្ឃឹម និងសោកសៅ" ។

បន្ទាប់មកទៀត ទាយអារម្មណ៍របស់ខ្លួន យឺតៗត្រឡប់មកវិញ ហើយផ្តោតអារម្មណ៍ទៅលើអ្វីដែលលោកអ្នកកំពុងធ្វើតែនាពេលឥឡូវនេះ។

ការធ្វើសកម្មភាពប្រកបដោយក្តី​សប្បុរស ឬសកម្មភាពប្រកប​ដោយភាព​ក្លាហាន​ អាច​មានន័យខ្លាំងក្នុងគ្រា​មិន​ប្រាកដប្រជា។ សកម្មភាពទាំងអស់នោះអាចជា៖

  • សាកសួរសុខទុក្ខអ្នកនៅជិតៗខ្លួន
  • អោបក្មេងថ្មមៗ ហើយប្រាប់គាត់ថា “មិនអីទេប៉ា ឬ ខ្ញុំនៅជិតកូន”?
  • បង្កបរិយាកាសរីករាយ ដូចជាច្រៀងកំសាន្ត
  • ជួយចុះយកទឹកទៅជូនដល់មនុស្សចាស់ជាដើម

លោកអ្នកប្រហែលជាមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ទាំងអស់នេះបាននោះទេ ប៉ុន្តែលោកអ្នកតែងតែមានលទ្ធភាពក្នុងការរជ្រើសរើសយករបៀបក្នុងការឆ្លើយតបនឹងស្ថានភាពបែបនេះបាន។

លោកអ្នកសាកល្បង និយាយទៅកាន់ខ្លួនឯង តាមរបៀបមួយដែលលោកអ្នកចង់និយាយទៅកាន់មិត្តភ័ក្តិ ឬនរណាម្នាក់ដែលលោកអ្នកយកចិត្តទុកដាក់។ លោកអ្នកអាចសាកល្បងនិយាយទៅកាន់ខ្លួនឯងថា “បាទ! អ្នកពិតជារឹងមាំណាស់ ដែលអាចតស៊ូបានរហូតមកដល់ពេលនេះ” ឬនិយាយថា “ខ្ញុំជាមនុស្សល្អ ព្រះនឹងជួយខ្ញុំ” ឬក៏អាចថា “ខ្ញុំ មិនបានបៀតបៀនធ្វើបាបអ្នកណាទេ អំពើបាបអ្នកណាធ្វើអ្នកនោះនឹងទទួលដោយខ្លួនឯង”។ ការមើលថែរក្សាទាំសុខុមាលភាពផ្ទាល់ខ្លួនរបស់លោកអ្នក នឹងផ្តល់កម្លាំងដល់លោកអ្នកបន្ថែម ហើយលោកអ្នកនឹងមានកំលាំងពលំក្នុងការមើលថែទាំអ្នកដទៃ បានកាន់តែច្រើនថែមទៀត។

ដោយសារក្នុងស្ថានភាពលំបាកបែបនេះ លោកអ្នកអាចមានអារម្មណ៍មិនល្អ ដូច​ជា​ការ​ភ័យ​ខ្លាច ឬ​ភាព​សោកសៅលេចឡើងមកជាច្រើន។ ជំនួស​ព្យាយាមទប់អារម្មណ៍ទាំងនោះ សូមលោកអ្នក​អនុញ្ញាតិឱ្យអារម្មណ៍ទាំងអស់នោះ បាន​ឆ្លង​កាត់​ក្នុងខ្លួនរបស់លោកអ្នក ដូចជា​ពពករសាត់​នៅ​លើ​មេឃអញ្ចឹងដែរ។ អារម្មណ៍ទាំងអស់នោះ នឹងកន្លងហួសទៅ! ការដែលយើងអនុញ្ញាតឱ្យ មានការសម្គាល់ពីអារម្មណ៍ផ្សេងៗរបស់យើង នោះជាការជួយលោកអ្នកឱ្យជាសះស្បើយ និងភ្ជាប់ទំនាក់ទំនងជាមួយរឿងរ៉ាវសំខាន់ដែលកើតមាន។

សម្រាប់អត្ថបទបន្ថែមសូមចូលទៅកាន់៖ Doing What Matters in Times of Stress: An Illustrated Guide

កំណត់សម្គាល់សំខាន់

ការព្យាបាលផ្លូវចិត្តគឺត្រូវការពេលវេលា។ សូមអនុវត្តដោយការអត់ធ្មត់! ប្រសិនបើស្ថានភាពអារម្មណ៍របស់លោកអ្នកមានការលំបាកខ្លាំង ការស្វែងរកជំនួយពីអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តគឺជារឿងសំខាន់ណាស់។ វាជាទង្វើប្រកបដោយការទទួលខុសត្រូវចំពោះសុខភាពផ្លូវចិត្តរបស់ខ្លួនឯង។

ផ្នែកទី៤៖ សេចក្តីសន្និដ្ឋាន

សូមចងចាំថា ការព្យាបាលរបួសផ្លូវចិត្តគឺជា "ដំណើរមួយ" ហើយដំណើរមួយនេះ មិនមែនជា "ការប្រណាំងប្រជែង" គ្នាដើម្បីឱ្យឆាប់ទៅដល់គោលដៅនោះទេ។ ដរាបណាលោកអ្នកនៅតែបន្តដើរឈានឆ្លោះទៅមុខបន្តទៀត បើទោះបីជាត្រូវដើរមួយជំហានម្តងៗក៏ដោយ ក៏ន័យថាលោកអ្នកកំពុងតែខិតទៅជិតការសះស្បើយឡើងវិញហើយ។

ជំហានតូចៗ ដែលលោកអ្នកបានចាប់ផ្តើមនៅថ្ងៃនេះ គឺជាគ្រឹះសម្រាប់ជីវិតថ្មីដែលពោរពេញដោយសន្តិភាពក្នុងចិត្តនៅថ្ងៃស្អែក។ លោកអ្នកសាកសមទទួលបាននូវជីវិតមួយ ដែលស្លាកស្នាមពីអតីតកាល មិនបន្តធ្វើឱ្យលោកអ្នកឈឺចាប់បន្តទៅទៀត។


ឯកសារយោង

Antelo, E., Saldaña, O., & Rodríguez-Carballeira, Á. (2021). The impact of group psychological abuse on distress: the mediating role of social functioning and resilience. European Journal of Psychotraumatology, 12(1). https://doi.org/10.1080/20008198.2021.1954776

De la Rie, S. M., Bos, J., Knipscheer, J., & Boelen, P. A. (2018). The impact of torture on mental health in the narratives of two torture survivors. Torture Journal, 28(2), 130–139. https://doi.org/10.7146/torture.v28i2.106810

General Assembly resolution 39/46. (1984). Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment. United Nations. https://www.ohchr.org/en/...

Rizkalla, N., Alsamman, S., Bakr, O., Masud, H., Sbini, S., & Segal, S. P. (2024). Hidden scars: the persistent multifaceted health and psychosocial consequences for Syrian torture survivors. European Journal of Psychotraumatology, 15(1). https://doi.org/10.1080/20008066.2024.2400833

World Health Organization. (n.d.). Doing What Matters in Times of Stress: An Illustrated Guide. https://www.who.int/publications/i/item/9789240003927

Comments

Popular posts from this blog

ការសង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពវិបត្តិ (PFA)

ការសង្គ្រោះផ្លូវចិត្តបឋម (PFA) ការសង្គ្រោះផ្លូវចិត្តបឋម សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម អ្វីជា PFA? ជំហានទាំង៣ សេចក្តីសន្និដ្ឋាន សេចក្តីផ្តើម ដោយសារតែមានជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនខ្មែរថៃ មានជនភៀសសឹករាប់ម៉ឺននាក់។ នៅពេលដែលស្ថានការណ៍ដ៏លំបាកនេះក្នុងប្រទេសយើងកំពុងតែជួ...

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

តើអ្វីទៅរបួសផ្លូវចិត្ត?

យល់ដឹងពីរបួសផ្លូវចិត្ត៖ និយមន័យ និង រោគសញ្ញា ដែលអ្នកគួរដឹង អត្ថបទដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥ សេចក្តីផ្តើម៖ របួសដែលមើលមិនឃើញ តើលោកអ្នកធ្លាប់មុតដៃនឹងកាំបិតទេ? ជាទូទៅ របួសនោះនឹងជាសះស្បើយ បើសិនជាវាគ្រាន់តែជាការដាច់រលាត់ស្បែកធម្មតា។ របួសលើរាងកាយក៏ដូចគ្នាដែរ របួសខ្លះមិនចាំបាច់ទៅពេទ្យ ក៏អាចជាសះស្បើយដោយឯកឯងតាមពេលវេលា។ ប៉ុន្តែ មានរបួសមួយប្រភេទទៀត ដែលលាក់កំបាំងយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។ របួសនេះមិនត្រឹមតែជាការចងចាំមិនល្អនោះទេ តែវាថែមទាំងអាចផ្លាស់ប្តូរជីវិតយើងដោយស្ងៀមស្ងាត់ទៀតផង។ ស្រមោលនៃអតីតកាលទាំងនោះ អាចធ្វើឲ្យអ្នកមានអារម្មណ៍​ឯកោ និងគ្មាននរណាអាចយល់ពីអ្នកបាន។ ចំណុចសំខាន់ដែលត្រូវយល់៖ អ្នករងការប៉ះទង្គិចផ្លូវចិត្តមិនមែនមានន័យថា អ្នកនោះមានជំងឺផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះ អ្នកមិនមែននៅតែម្នាក់ឯងនោះទេ ហើយវាក៏មិនមែនជាកំហុសរបស់អ្នកដែរ។ តោះ! នៅក្នុងអត្ថបទនេះ យើងមកស្វែងយល់ទាំងអស់គ្នាថា តើអ្វីទៅជារបួសផ្លូវចិត្ត ឬដែលអ្នកជំនាញហៅថា “ក...