Skip to main content

Followers

តើអូទីស្សឹមជាអ្វី?

តើអូទីស្សឹមជាអ្វី? | អត្ថបទសម្រាប់ប្លុក

ដោយ៖ ភុល សុភារិទ្ធ

១៤ ខែតុលា ឆ្នាំ២០២៥

ផ្នែកទី១៖ ការចាប់ផ្ដើម

ថ្មីៗនេះ លោកប្រធានាធិបតតី Donald Trump បានលើឡើងថា ស្ត្រីមានផ្ទៃពោះមិនគួរលេបថ្នាំ បញ្ចុះកម្តៅ Tylenol ឬ ប៉ារ៉ាសេតាម៉ុលទេ ព្រោះវាហ្នឹងអាចបង្កឱ្យកុមារកើតជំងឺអូទីស្សឹម។ ... ឈប់! ឈប់! ឈប់! សិន តើអ្នកស្គាល់លោកប្រធានាធិបតី Donald Trump ជាអ្នកណាទេ? គាត់មិនមែនជាដុកទ័រនោះទេ ហើយគាត់ក៏ជាមនុស្សម្នាក់ធ្លាប់សួរដែរថា ជំងឺកូវីត១៩ អាចព្យាបាលដោយគ្រាន់តែចាក់ថ្នាំលាងបន្ទប់ទឹកចូលក្នុងខ្លួនបានដែរទេ? គាត់ជាមនុស្សម្នាក់ ដែលគ្រប់គ្នាទទួលស្គាល់ចូលចិត្តធ្វើអ្វីដែលមិនដូចអ្នកដទៃ ហើយសូម្បីតែ និយាយអំពីអ្វីដែលគាត់មិនជំនាញក៏ដោយ។ តើការលើកឡើងរបស់ លោក Trump អំពីជំងឺអូទីស្សឹមពិតកម្រិតណាដែរ?

ផ្នែកទី២៖ តើអូទីស្សឹមជាអ្វី?

មុននឹងធ្វើការបកស្រាយពីទំនាក់ទំនងរវាងជំងឺអូទីស្សឹម និងថ្នាំ Tylenol សូមពន្យល់អំពីអ្វីទៅជាជំងឺអូទីស្សឹមនេះជាមុនសិន។ អូទីស្សឹម (Autism Spectrum Disorder - ASD) ជាជំងឺប្រព័ន្ធប្រសាទម្យ៉ាង ដែលបង្កឱ្យការរំខានដល់ការលូតលាស់របស់មនុស្ស ជាពិសេសពួកគេមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ក៏ដូចជាមានសកម្មភាពដដែលៗ (CDC, 2025)។

មូលហេតុដែលបង្កឱ្យមានជំងឺនេះ គេនូវមិនទាន់ដឹងច្បាស់នៅឡើយទេ។ បើទោះបីជាមានករណីខ្លះបណ្តាលមកពីកត្តាហ្សែនក៏ដោយ អ្នកជំនាញជឿជាក់ថាមានកត្តាជាច្រើនផ្សេងទៀតដែលរួមចំណែកបង្កឱ្យមានជំងឺនេះ។

កំណត់សម្គាល់៖ អូទីស្សឹម មិនមែនជាជំងឺឆ្លង ហើយក៏មិនមែនជាជំងឺផ្លូវចិត្តដែរ។ វាគឺជាលក្ខខណ្ឌនៃភាពមិនធម្មតាក្នុងការអភិវឌ្ឍប្រព័ន្ធប្រសាទ ដែលមានន័យសាមញ្ញថា ខួរក្បាលរបស់ពួកគាត់ដំណើរការ និងយល់ឃើញពិភពលោកខុសពីមនុស្សភាគច្រើន។

ផ្នែកទី៣៖ សញ្ញាសម្គាល់

សញ្ញាទាំងនេះមិនមែនមានន័យថា កូនអ្នកមានបញ្ហានោះទេ ប៉ុន្តែវាជាចំណុចដែលយើងគួរយកចិត្តទុកដាក់។ បើលោកអ្នកចង់ប្រាកដក្នុងចិត្ត សូមយកកូនទៅជួបអ្នកជំនាញឯកទេសដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ។ សញ្ញាទាំងនេះអាចត្រូវបានមើលឃើញលើកុមារក្នុងវ័យចន្លោះពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ (CDC, 2025)។

ការលំបាកក្នុងការប្រាស្រ័យទាក់ទង

អាចនឹងមិនចូលចិត្តសម្លឹងភ្នែកចំៗ នៅពេលហៅឈ្មោះអាចធ្វើព្រងើយកន្តើយ ហើយចូលចិត្តលេងតែឯងៗ។

អាកប្បកិរិយាដដែលៗ

ចូលចិត្តរៀបចំតម្រៀបរបស់ក្នុងរបៀបជាក់លាក់ ឬធ្វើសកម្មភាពដដែលៗ (ឧ. រត់ជុំវិញសរសរ) ដើម្បីឱ្យអារម្មណ៍ល្អប្រសើរឡើងវិញ។

របៀបឆ្លើយតបខុសពីធម្មតា

អាចប្រតិកម្មខ្លាំងចំពោះសំឡេងលឺៗ ឬពន្លឺភ្លឺ ប៉ុន្តែពេលខ្លះហាក់ដូចជាមិនមានអារម្មណ៍ឈឺចាប់ ឬមិនខ្វល់នឹងអាកាសធាតុក្តៅឬត្រជាក់។

កំណត់សម្គាល់៖ អូទីស្សឹមប៉ះពាល់ដល់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ។ អ្នកខ្លះអាចមានភាពឆ្លាតវៃខ្ពស់ តែពិបាកក្នុងការបង្កើតមិត្តភាព ខណៈអ្នកខ្លះទៀតត្រូវការជំនួយច្រើនក្នុងជីវិតប្រចាំថ្ងៃ។ ជាក់ស្ដែងដូចជាតួឯកក្នុងរឿង "Extraordinary Attorney Woo" ដែលទោះបីជាគាត់មានជំងឺអូទីស្សឹមក៏ដោយ ក៏គាត់នៅតែក្លាយជាមេធាវីដ៏ពូកែម្នាក់បានដែរ។

ផ្នែកទី៤៖ ការពិតទាក់ទងនឹងអូទីស្សឹម

ការយល់ច្រលំទី១៖ “ការប្រើ Tylenol បង្កឱ្យមានជំងឺអូទីស្សឹម”

ការពិត៖ “មកទល់បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងណាមួយចង្អុលបង្ហាញថា ការប្រើប្រាស់ថ្នាំបញ្ចុះកម្តៅអំឡុងពេលមានផ្ទៃពោះបង្កឱ្យមានជំងឺអូទីស្សឹមនោះទេ (Damkier et al., 2025)។” អ្នកជំនាញនៅមិនទាន់អាចកំណត់បានថា កត្តាណាមួយជាអ្នកបង្កឱ្យមានជំងឺនេះឡើយ។ ស្ត្រីមានផ្ទៃពោះគួរពិគ្រោះជាមួយគ្រូពេទ្យឯកទេសជានិច្ច។

ការយល់ច្រលំទី២៖ “អ្នកមានជំងឺអូទីស្សឹម មិនអាចធ្វើការងារបានទេ”

ការពិត៖ “បុគ្គលដែលមានជំងឺអូទីស្សឹមជាច្រើន នៅតែអាចបង្កើតទំនាក់ទំនង និងទទួលបានអាជីពមួយជាក់លាក់ នៅពេលដែលពួកគេទទួលបានការគាំទ្រសមស្រប (Tomczak & Ziemiański, 2023)។” យើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឧបសគ្គ និងការរើសអើង ដើម្បីបង្កើនឱកាសសម្រាប់ពួកគាត់។

ផ្នែកទី៥៖ តើគួរធ្វើអ្វីបន្ត?

អូទីស្សឹមជាលក្ខខណ្ឌមួយពេញមួយជីវិត និងមិនអាច "ព្យាបាល" ឱ្យជាសះស្បើយបានឡើយ។ ប៉ុន្តែដំណឹងល្អគឺ ការជួយអន្តរាគមន៍បានលឿន អាចជួយឱ្យកូនរបស់អ្នកអភិវឌ្ឍជំនាញសំខាន់ៗ និងមានជីវិតកាន់តែប្រសើរ។

1 កត់ត្រា និងសង្កេត

ចាប់ផ្ដើមសង្កេតរាល់អាកប្បកិរិយា និងប្រៀបធៀបជាមួយការលូតលាស់តាមវ័យ (Developmental Milestones) របស់កុមារទូទៅ។

2 ពិគ្រោះជាមួយអ្នកជំនាញ

យកកំណត់ត្រារបស់អ្នកទៅជួបគ្រូពេទ្យឯកទេសកុមារ។ នៅកម្ពុជា អ្នកអាចស្វែងរកការប្រឹក្សាបាននៅមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅ។

3 ស្វែងរកការអប់រំពិសេស

នេះមិនមែនជាការលេបថ្នាំទេ តែជាកម្មវិធីអប់រំពិសេសដែលជួយបង្រៀនគាត់នូវជំនាញសង្គម ការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាកប្បកិរិយា។

ផ្នែកទី៦៖ សេចក្ដីសន្និដ្ឋាន

សម្រាប់ឪពុកម្ដាយ ការយល់ដឹងគឺជាអំណាចដ៏អស្ចារ្យបំផុត។ ការទទួលស្គាល់ និងព្យាយាមយល់ពីពិភពលោករបស់កុមារ គឺជាកាដូដ៏អស្ចារ្យបំផុតដែលលោកអ្នកអាចផ្តល់ឱ្យកូនៗបាន។ កុមារដែលមានអូទីស្សឹម ត្រូវការការយល់ដឹង និងការទទួលយកពីលោកអ្នក។

សូមចងចាំថា លោកអ្នកមិនមែនជាមនុស្សតែម្នាក់ ដែលជួបរឿងរ៉ាវនេះនោះទេ។

ប្រសិនបើអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍ សូមជួយចែករំលែកទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬឪពុកម្ដាយដទៃទៀត!

ឯកសារយោង

CDC. (2025, April 12). About Autism Spectrum Disorder. CDC. https://www.cdc.gov/autism/about/index.html

Damkier, P., et al. (2025). Acetaminophen in Pregnancy and Attention-Deficit and Hyperactivity Disorder and Autism Spectrum Disorder. Obstetrics & Gynecology, 145(2), 168–176.

Tomczak, M. T., & Ziemiański, P. (2023). Autistic Employees’ Technology-Based Workplace Accommodation Preferences Survey—Preliminary Findings. International Journal of Environmental Research and Public Health, 20(10), 5773.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...