Skip to main content

Followers

ប្រព័ន្ធផ្សព្វផ្សាយ និង ការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល

ចំណេះដឹង

ចំណេះដឹង

១. សេចក្តីផ្តើម

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ជួយ​សម្រួល​ឱ្យមនុស្សយើងដឹងពីព្រឹត្តិការណ៍នៅជុំវិញពិភពលោក​ ស្របពេលជាមួយគ្នានេះដែរ មនុស្សយើងក៏ មើលឃើញនូវ​រូបភាព​នៃ​ព្រឹត្តិការណ៍​ហិង្សា ឬ មិនល្អកើនឡើងផងដែរ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះមនុស្ស ប្រើប្រាស់បណ្តាយសង្គមយ៉ាងច្រើន ហើយក្នុងនោះមានពេលខ្លះលោកអ្នកប្រហែលជា អូសទៅមើលឃើញវីដេអូពីឧបទ្ទេវហេតុផ្សេងៗ។ វីដេអូនេះ មិនបានជួយឱ្យអារម្មណ៍យើងរីករាយទេ តែចិត្តរបស់មនុស្សយើងចេះតែចង់មើល។

តើបន្ទាប់ពីលោកអ្នកបានមើលរឿង មិនល្អជាច្រើន ដែលកើតមានក្នុងបណ្តាយសង្គមរួចហើយ អ្នកមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃដែរទេ? ឬក៏ស្រាប់តែមានអារម្មណ៍ក្រៀមក្រំដោយគ្មានហេតុផលទេ? ឬក៏អាចមានបញ្ហាពេលគេងដូចជាគេងមិនលក់ ឬគេងយល់សប្តិអាក្រក់ដែរទេ?
នេះគឺជាលទ្ធផល បណ្តាលមកពី ទទួលយកនូវអារម្មណ៍ទុក្ខព្រួយជាបន្តបន្ទាប់ ពីហេតុការណ៍ហឹង្សា ឬ មិនល្អផ្សេងៗពីអ្នកដទៃ ហើយវាមានឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃរបស់យើង។

ផ្នែកទី១៖ អ្វីទៅជាការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល?

ការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល សំដៅលើ ផលវិបាកកើតឡើងដោយធម្មជាតិ ដាក់បន្ទុកទៅលើផ្លូវចិត្តរបស់យើង បង្កដោយការមានទំនាក់ទំនងជាមួយនឹងមនុស្សណាម្នាក់ ដែលគេធ្លាប់ជួបព្រឹត្តិការណ៍នៃការប៉ះទង្គិចផ្លូវចិត្ត ដោយព្យាយាមចង់ជួយអ្នកទាំងនោះ (Figley, 1995)។

បើទោះបីជាអ្នករងការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល មិនបានឆ្លងកាត់ហេតុការណ៍អាក្រក់ដោយផ្ទាល់ក៏ដោយ ក៏ពួកគេមានរោគសញ្ញាដូចគ្នានឹងអ្នករងការប៉ះទង្គិចផ្លូវចិត្តផងដែរ។ បច្ចុប្បន្ន ដោយសារបំរែបំរួលនៃប្រព័ន្ធផ្សព្វផ្សាយ មនុស្សយើងមើលឃើញ និងស្តាប់លឺកាន់តែច្រើនឡើងៗ ពីរឿងរ៉ាវអាក្រក់ៗរបស់អ្នកដទៃជាពិសេសតាម​បណ្តាញសង្គម ដែលអាចបណ្តាលឱ្យមានអារម្មណ៍ថប់បារម្ភកើនឡើង។

បើសិនជានិយាយឱ្យងាយយល់បន្តិច វាគឺជារបួសផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដែលយើងទទួលរង ដោយសារតែយើងស្រូបយកភាពតក់ស្លុត ការឈឺចាប់ និងភាពតានតឹងពីមនុស្សជុំវិញខ្លួន។ ពេលយើងមានការប៉ះទង្គិចផ្លូវចិត្តដោយប្រយោលនេះកើតមានឡើង គឺជាយើងមានការផ្លាស់ប្តូរកើតឡើងនៅក្នុងខ្លួនរបស់យើង បណ្តាលមកពីស្តាប់លឺ ឬ មើលឃើញ នូវរឿងរ៉ាវឈឺចាប់របស់មនុស្សណាម្នាក់ ហើយក្នុងចិត្តរបស់យើងមានក្តីអាណិតអាសូរ និងការយល់ចិត្តពីរឿងហេតុមួយនេះ។

ឧ. យើងមើលឃើញឧបទ្ទេវហេតុ ឡានប៉ះក្មេងតូច ដែលរត់នៅលើចិញ្ចើមថ្នល់។

បន្ទុក ឬ របួសមួយនេះ មិនមែនកើតឡើងភ្លាមៗទេ តែវាកកកុញក្នុងខ្លួនរបស់យើងបន្តិចម្តងៗ រហូតដល់ថ្ងៃមួយ យើងអាចនឹងមានអារម្មណ៍ថា ការគិតរបស់លោកអ្នកចំពោះពិភពលោកទាំងមូលនេះបានផ្លាស់ប្តូរ។

ឧ. ដោយសារតែមើលវីដេអូ គ្រោះថ្នាក់លើកុមារជាច្រើនតាមបណ្តាញសង្គម វាធ្វើឱ្យលោកអ្នកចេះតែ មានការប្រុងប្រយ័ត្ន និង មិនចង់ឱ្យកូនៗរបស់លោកអ្នកចេញទៅក្រៅផ្ទះលេងនោះទេ។

ផ្នែកទី២៖ មូលហេតុ

តើហេតុអ្វីបានជារឿងរបស់អ្នកដទៃ បែជាជះឥទ្ធិពលមកលើខ្លួនរបស់ខ្ញុំទៅវិញ? ចម្លើយ គឺស្ថិតនៅក្នុងសមត្ថភាពដ៏ពិសេសមួយរបស់មនុស្សយើង នោះគឺ "ការយល់ចិត្ត" (Empathy)។ ការយល់ចិត្ត គឺជាសមត្ថភាពពិសេសមួយ ដែលយើងអាចស្រមៃដាក់ខ្លួនយើង ស្ថិតនៅក្នុងស្ថានភាពរបស់អ្នកដទៃ ដើម្បីយល់អាចពីអារម្មណ៍របស់អ្នកដទៃបាន (Bellet & Maloney, 1991)។

ឧ. ពេលយើងឃើញក្មេងៗមិនមានអ្វីញ៉ាំជាច្រើនថ្ងៃ យើងអាចដឹងបានថាពេលមិនមានអ្វីញ៉ាំមនុស្សយើងនឹងលំបាកបែបណាខ្លះ។

តាមពិតទៅ សមត្ថភាពមួយនេះ ជារឿងល្អនោះទេ ដោយសារតែវានេះ ជួយឱ្យយើងអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃបាន ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺនៅពេលដែលមនុស្សយើងបើកចិត្តទទួលយកការឈឺចាប់របស់អ្នកដទៃច្រើនលើសលប់ពេក។

លោកអ្នកសាកធ្វើការស្រមៃមើលថា ខ្លួនរបស់លោកអ្នកប្រៀបដូចជាអេប៉ុងមួយផ្ទាំង។ នៅពេលយើងស្តាប់ ឬ មើលនូវរឿងរ៉ាវដ៏ឈឺចាប់ណាមួយ អេប៉ុងនោះក៏ចាប់ផ្តើមស្រូបយកទឹក (ការឈឺចាប់) ម្តងបន្តិចៗ។ ប្រសិនបើយើងមិនបានទុកឱកាសឱ្យអេប៉ុងនោះ "ច្របាច់ទឹកចេញ" ទេ មិនយូរប៉ុន្មានអេប៉ុងរបស់យើងនឹងសើមជោគ ហើយពោរពេញទៅដោយអារម្មណ៍សោកសៅ ភ័យខ្លាច និងតានតឹងចិត្ត។

ក្រុមមនុស្សមួយចំនួនងាយនឹងទទួលរងបញ្ហានេះ ច្រើនជាងអ្នកដទៃៗទៀត ដូចជា អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត គ្រូពេទ្យ អ្នកកាសែត ឬសូម្បីតែយើង ដែលតែងតែមើលរឿងរ៉ាវមិនល្អជាច្រើនតាមបណ្តាញសង្គម។

ផ្នែកទី៣៖ វិធីការពារខ្លួន

ទោះជាយ៉ាងណាក៏ដោយ យើងអាចការពារខ្លួន និងដោះស្រាយបញ្ហាប្រឈមមួយនេះបាន។ ការទទួលស្គាល់ថាអ្នកកំពុងរងផលប៉ះពាល់ គឺជាជំហានដំបូងដ៏សំខាន់បំផុត។

ការយល់ចិត្តមិនមែនមានន័យថាអ្នកត្រូវតែលះបង់សុខភាពផ្លូវចិត្តខ្លួនឯងទេ។ ចូរដាក់ដែនកំណត់ពេលវេលាជាក់លាក់ក្នុងការប្រើប្រាស់បណ្តាញសង្គម។

ធ្វើសកម្មភាពដែលផ្តល់ថាមពលឱ្យអ្នកវិញ ដូចជាការហាត់ប្រាណ ធ្វើសមាធិ ស្តាប់តន្ត្រី ឬចំណាយពេលជាមួយធម្មជាតិ។ នេះជារឿងចាំបាច់ មិនមែនអាត្មានិយមទេ។

ស្វែងរកនរណាម្នាក់ដែលអ្នកទុកចិត្ត ដើម្បីនិយាយជជែកគ្នារំសាយអារម្មណ៍។ អ្នកទុកចិត្ត អាចមានដូចជា៖

  • មិត្តភក្តិ
  • មនុស្សជាទីស្រលាញ់
  • អ្នកជំនាញឯកទេសផ្នែកសុខភាពផ្លូវចិត្ត

ការចែករំលែកអាចធ្វើឱ្យបន្ទុកក្នុងចិត្តស្រាលជាងមុន។

សូមកុំធ្វើការរក្សាទុកនូវអ្វីៗគ្រប់យ៉ាង នៅក្នុងខ្លួនតែម្នាក់ឯង!

សេចក្តីសន្និដ្ឋាន

ការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល គឺជាបញ្ហាពិតប្រាកដមួយ។ លោកអ្នកត្រូវការពេលវេលាដើម្បីឱ្យរាងកាយ និងចិត្តជាសះស្បើយ។ ជាទូទៅមនុស្សយើងមានបណ្តុំអាការៈ ៤ធំៗ គឺ៖

ការជ្រៀតអារម្មណ៍

ការគេចវេស

អារម្មណ៍អវិជ្ជមាន

ឆាប់រំជើបរំជួល

ការយល់ចិត្តអ្នកដទៃគឺជារឿងមួយល្អ ប៉ុន្តែការថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួនឯងក៏សំខាន់ដូចគ្នាផងដែរ។ តាមរយៈការយល់ដឹង ការកំណត់ព្រំដែន និងថែរក្សាខ្លួនអ្នកឱ្យបានទៀងទាត់ យើងអាចបន្តធ្វើជាបង្គោលដ៏រឹងមាំសម្រាប់អ្នកដទៃបាន។

ឯកសារយោង

Bellet, P. S., & Maloney, M. J. (1991). The importance of empathy as an interviewing skill in medicine. Jama, 266(13), 1831–1832.

Comstock, C., & Platania, J. (2017). The role of media-induced secondary traumatic stress on perceptions of distress. American International Journal of Social Science, 6(1).

Figley, C. R. (1995). Compassion fatigue: coping with secondary traumatic stress disorder in those who treat the traumatized. NY: brunner. Routledge.

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...