Skip to main content

Followers

ការចាប់ផ្តើមធ្វើជាឪពុកម្តាយ

     


មនុស្សយើងធ្វើការងារយ៉ាងលំបាក ពេលខ្លះដើម្បីទទួលប្រាក់កម្រៃច្រើន ឬ ទទួលបានឋានៈតួនាទីខ្ពស់។ តែជារឿងមួយយ៉ាងចំលែក​ ដែលមានមនុស្សខ្លះ សុខចិត្តធ្វើការងារមួយដែលលំបាកខ្លាំងមែនទែន ហើយមិនហ៊ានទាំងដាក់ពាក្យលាឈប់ពីការងារនោះទៀតផង។ ការងារមួយនេះ តម្រូវឱ្យអ្នកធ្វើ២៤ម៉ោងក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ធ្វើការងារ៧ថ្ងៃ ដោយគ្មានច្បាប់ឈប់សម្រាក ស្របពេលដែលអ្នកនឹងធ្វើការងារយ៉ាងច្រើនហើយ អ្នកក៏នឹងមិនបានទទួលប្រាក់កម្រៃ ប៉ុន្តែថែមទាំង ត្រូវចំណាយលុយខ្លួនឯងយ៉ាងច្រើនថែមទៀតផង។ ប្រសិនបើមានការងារបែបនេះ តើអ្នកនឹងដាក់ពាក្យធ្វើការមួយនេះដែរឬទេ?

    
ការសម្រេចចិត្តធ្វើការងារអ្វីមួយ ជាផ្នែកមួយនៃការសម្រេចចិត្តរបស់លោកអ្នក ដូចជាការសម្រេចចិត្តក្នុងការធ្វើជាឪពុកម្តាយរបស់គេផងដែរ។ នៅពេលដែលលោកអ្នក សម្រេចចិត្តថាធ្វើជាឪពុកម្តាយរបស់គេរួចហើយ លោកអ្នកនឹងត្រូវបំពេញការងារនេះ ២៤ម៉ោងក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ធ្វើការងារ៧ថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាក
(Brooks, 2013)។ ស្របពេលដែលលោកអ្នក​ នឹងមិនបានទទួលប្រាក់កម្រៃ ប៉ុន្តែក៏ត្រូវចំណាយលុយខ្លួនឯងយ៉ាងច្រើនថែមទៀតផង។ ព្រោះថាមនុស្សយើង នៅពេលខ្លួននៅជាទារក គឺងាយនឹងរងគ្រោះខ្លាំងណាស់ ដូចនេះហើយតម្រូវឱ្យមានការមើលថែទាំពីសំណាក់ឪពុកម្តាយ ឬ អាណាព្យាបាលបន្ថែមទៀត (Parvez, 2024)។ ធ្វើជាឪពុកម្តាយ ​​ជាភារៈ​កិច្ច​មួយ​មានទំនួល​ខុស​ត្រូវជា​ច្រើន​ ដែលតម្រូវឱ្យធ្វើការងារនេះ​ពេញមួយ​ជីវិត (Bögels & Restifo, 2014)។ ហើយបើសិនជាឪពុកម្តាយចង់ឱ្យកូនក្លាយជាមួយមនុស្សល្អម្នាក់នៅពេលអនាគត អ្នកដែលជាឪពុកម្តាយត្រូវការរៀនសូត្រយ៉ាងច្រើន មិនថាពីសាលារៀន ពីសាច់ញាតិ ឬ តាមមធ្យោបាយផ្សេងៗនោះទេ។ ដំណើរ​ក្លាយទៅ​ជា​ឪពុក​ម្តាយ​ អាច​ប្រឈមនឹងបញ្ហា និងមានឧបសគ្គជាច្រើនទៀត ជាពិសេសការផ្លាស់ប្តូរនៅក្នុងជីវិតពីក្នុងផ្ទៃរហូតដល់ក្លាយមនុស្សពេញវ័យ។ តាមរយៈការថែទាំពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលនឹងជួយពង្រឹងនូវការអភិវឌ្ឍជំនាញផ្សេងៗរបស់កុមារ រួមទាំងការគិតប្រកប​ដោយ​ហេតុផល (ពង្រឹងពុទ្ធិកម្រិតខ្ពស់) នាពេលខាងមុខផងដែរ។ ការធ្វើជាឪពុកម្តាយ​ បើសិនជាមុខរបរមួយនោះ វានឹងក្លាយជាការងារយ៉ាងលំបាកជាទីបំផុតក្នុងចំណោមមុខរបរលំបាកៗដទៃទៀត។

បើសិនធ្វើជាឪពុកម្តាយគេ លំបាកបែបនេះ ហេតុអ្វីបាននៅតែមានមនុស្សសម្រេចចិត្តដាក់ពាក្យធ្វើការងារនេះទៀត? នេះប្រហែលជាសំណួរមួយ ដែលមិន​គួរនឹង​សួរនោះទេ ព្រោះថាមនុស្សគ្រប់គ្នាៗ តែងតែមានគ្រួសារហើយបង្កើតកូនចៅសម្រាប់បន្តពូជពង្សវង្សត្រកូលរបស់ខ្លួន។ បើតាម Parvez (2024) មានមូលហេតុចំបងៗ បីសំខាន់ គឺជាសភាវគតិរបស់មនុស្ស ការបំពេញគោលបំណងផ្ទាល់ខ្លួន និងទទួលរងសម្ពាធសង្គម

ការបន្តពូជពង្សវង្សត្រកូល គឺជាកត្តាជំរុញ (សភាវគតិ) ដ៏សំខាន់នៃទម្រង់ជីវិតទាំងអស់ ដែលរស់នៅក្នុងផែនដីនេះ ហើយមនុស្សយើងក៏មិនខុសគ្នាពីទម្រង់ជីវិតដទៃទៀតដែរ។ ចំណង់ចង់បានកូន ជាសភាវគតិជាមូលដ្ឋាន ដូចគ្នានឹងការស្រេកឃ្លានអាហារ និង ទឹកផងដែរ។ ដូចដែលដឹងហើយថាការមើលថែ​ក្មេងៗ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ការងារដែលមនុស្សធ្វើស្ទើរតែពេញមួយជីវិតរបស់ខ្លួន បើទោះជាធ្វើដោយផ្ទាល់ ឬដោយប្រយោលក៏ដោយ គឺជាការប៉ុនប៉ងបន្តនូវអ្វីដែលជាកេរ្តិ៍ដំណែលរបស់ខ្លួន ក្នុងនោះការបន្តកូនចៅក៏បង្ហាញនូវភាពជោគជ័យមួយផងដែរ ​(Parvez, 2024)។ មូលដ្ឋានជំរុញអាកប្បកិរិយារបស់ឪពុកម្តាយ គឺដូចគ្នានៅក្នុងថនិកសត្វទាំងអស់ ត្រូវបានបង្កឡើងដោយអរម៉ូនអុកស៊ីតូស៊ីន​ (Panksepp, 2004)។ អរម៉ូនអុកស៊ីតូស៊ីន (oxytocin) ដែលគ្រប់គ្រងដោយប្រព័ន្ធលឹមបិច (Limbic system) ដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងម្តាយនឹងកូន ក៏ដូចជាការបន្តពូជផងដែរ(Numan, 2020)

ក្លាយជាឪពុកម្តាយរបស់គេ ពិតជាការងារមួយយ៉ាងលំបាក ដោយសារតែការងារនេះ គឺជាកាតព្វកិច្ចពេញមួយជីវិត ក៏ប៉ុន្តែឪពុកម្តាយនូវតែទទួលយកដោយក្តីស្រឡាញ់ សេចក្តីរីករាយ ជាក្តីមោទនភាព និងទទួលបានអារម្មណ៍ពេញលេញ (Bögels & Restifo, 2014)។ គូស្នេហ៍ខ្លះ អាចចាប់ផ្តើមមានអារម្មណ៍ឯកោ នៅពេលគូស្វាមីភរិយាកាន់តែចាស់ហើយពួកគេបំពេញចន្លោះប្រហោងនេះ ដោយការយកកូនចូលក្នុងជីវិតរបស់ពួកគេ។ ការ​មាន​កូន ក៏ជាផ្នែកមួយជួយឱ្យជីវិតមានអត្ថន័យផងដែរ ដោយសារតែការចិញ្ចឹមកូន និងបង្កើតចៅ អាចជា "ការងារ" ដ៏ពេញលេញបំផុត ដែលមនុស្សយើងមិនធ្លាប់មាន។ នៅពេលមានកូន អ្នកជាឪពុកម្តាយត្រូវមានទំនួលខុសយ៉ាងសំខាន់ ដែលជម្រុញឱ្យពួកគេឱ្យកែលម្អខ្លួនឯង ដើម្បីថែទាំកូនៗរបស់ខ្លួន។ អំឡុងពេលមានកូន ក៏ជាពេលវេលាមួយយ៉ាងរីករាយ ដែលអាចបន្ធូរអារម្មណ៍តានតឹង ដល់អ្នកមើលថែរក្សាក្មេងៗផងដែរតាមរយៈ​ស្នាមញញឹម និង​សំណើច​របស់​កុមារ។ ក៏ប៉ុន្តែមានអ្នកខ្លះដើម្បីរក្សាទំនាក់ទំនងរបស់ខ្លួន ពួកគេសម្រេចចិត្តមានកូនជាមួយគ្នា ព្រោះពួកគេគិត​ថា​ នេះជាវិធីមួយជួយរិតចំណងអាពាហ៍ពិពាហ៍របស់ខ្លួនឱ្យកាន់តែរឹងម៉ាំ (Parvez, 2024)។ ការមានកូននឹងធ្វើឱ្យដៃគូរបស់ខ្លួន មានទំនួលខុសត្រូវជាឪពុកម្តាយបន្ថែមទៀត។ ប្រាកដហើយថាការមានកូនដោយហេតុផលនេះ មិនគួរកើតមាននោះទេ ជាពិសេសចំពោះដៃគូ ដែលកំពុងមានបញ្ហា។ ពួកគេគម្បីគួរតែធ្វើការដោះស្រាយ បញ្ហាទំនាក់ទំនងរបស់ខ្លួនជាមុនសិន នៅមុន​ពេលលោកអ្នកពិចារណាយកកូនចូលក្នុងគ្រួសារ។ ជម្រើសយកកូនដើម្បីធ្វើការដោះស្រាយបញ្ហា នឹងមិនជួយធ្វើឱ្យទំនាក់ទំនងមានល្អប្រសើរនោះឡើយ។ ការ​បញ្ចប់​​ទំនាក់ទំនង​ដែល​មានបញ្ហា ទំនងជាល្អជាង​ការ​នាំ​យកកុមារ​ទៅ​ក្នុង​បរិយាកាស​មិនល្អក្នុងគ្រួសារ។ សរុបមកមិនថា លោកអ្នកមានហេតុផលផ្ទាល់ខ្លួនយ៉ាងដូចម្តេចក្នុងការមានកូននោះទេ ការមានទំនួលខុសត្រូវចំពោះកូនរបស់ខ្លួនជារឿងមួយយ៉ាងសំខាន់ ក្នុងនាមជាឪពុកម្តាយរបស់គេ។

សម្ពាធពីសង្គម ក៏ដើរតួនាទីសំខាន់ផងដែរក្នុងការជម្រុញមនុស្សយើងឱ្យមានកូន។ សម្ពាធនេះ មិនមែនកើតចេញ តែពីគ្រួសាររបស់ខ្លួនដោយផ្ទាល់នោះទេ សូម្បីតែសាច់ញាតិ មិត្តភក្តិ និងអ្នកដទៃផ្សេងទៀតក៏រួមចំណែកក្នុងការដាក់សម្ពាធផងដែរ។ មនុស្សយើង រស់នៅប្រមូលម្តុំគ្នាជាក្រុមនៅក្នុងសង្គម ហើយនៅពេលក្រុមមួយកាន់តែរីកធំឡើង នោះក្រុមមួយនឹងកាន់តែរឹងមាំ ក៏ដូចជាមានលទ្ធភាពទទួលបានធនធានកាន់តែច្រើនជាងមុន។ ក្រុមដែលរឹងមាំ នឹងផ្តល់អត្ថប្រយោជន៍ដល់សមាជិករបស់ខ្លួនកាន់ច្រើនផងដែរ ដែលជាហេតុធ្វើឱ្យសង្គមដាក់សម្ពាធក្នុងការបង្កើននូវសមាជិកក្នុងក្រុមរបស់ខ្លួនឱ្យបានកាន់តែច្រើន (Parvez, 2024)។ នេះ​មិនមែន​មាន​ន័យ​ថា មនុស្ស​យើងមិន​ចង់​មាន​កូននោះ​ទេ ដោយគ្រាន់តែមនុស្ស​ជា​ច្រើនសម្រេចចិត្ត​មាន​កូន នូវ​មុន​ពេល​ពួក​គេទទួលរង​សម្ពាធ​ពីសង្គម។ នេះប្រាកដ​​ណាស់ថា ការ​បង្ខំចិត្តមានកូន​ ដែលកើតចេញ​ពី​សម្ពាធ​សង្គម​មិន​មែន​ជា​រឿង​ល្អនោះ​ទេ ប្រសិន​បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួនរួចរាល់ ជាពិសេស​ការ​ចិញ្ចឹម​បីបាច់កូនៗ​ឱ្យបាន​ល្អ។ ការបង្កើនបរិមាណឱ្យតែបានច្រើន ដោយមិនគិតគូរពីគុណភាព នឹងមិនបានជួយសង្គមជាតិឱ្យមានការរីកចម្រើននោះដែរ។

មនុស្សម្នាក់ៗ មានហេតុផលរបស់ខ្លួនក្នុងការសម្រេចចិត្តយកកូន ដែលជាហេតុធ្វើឱ្យមនុស្សយើងនូវតែបន្តពូជពង្សវង្សត្រកូល រហូតមកដល់សត្វថ្ងៃនេះ។ ចុះលោកអ្នកវិញតើអ្វីទៅជាមូលហេតុដែល​លោកអ្នកសម្រេចចិត្តចង់បានកូន? ជាបន្តទៅទៀតយើងនឹងជជែកគ្នាបន្ថែមទៀតពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អជាបន្តទៀតដើម្បីបំពេញនូវ មហិច្ឆតាក្លាយជាឪពុក ឬជាម្តាយដ៏ល្អម្នាក់​ (Bögels & Restifo, 2014)

ដោយ៖ ភុល សុភារិទ្ធ

ឯកសារយោង

Bögels, S., & Restifo, K. (2014). Mindful parenting: A guide for mental health practitioners. Springer Science+ Business Media. https://doi.org/10.1007/978-1-4614-7406-7

Brooks, J. B. (2013). The process of parenting. (9th ed.). McGraw Hill.

Numan, M. (2020). The parental brain: mechanisms, development, and evolution. Oxford University Press.

Panksepp, J. (2004). Affective neuroscience: The foundations of human and animal emotions. Oxford university press.

Parvez, H. (2024, December 10). Why do people want kids? 12 Reasons. PsychMechanics. https://www.psychmechanics.com/why-do-people-want-kids/

 

 

Comments

Popular posts from this blog

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត

ការយល់ច្រលំទាក់ទងនឹងសុខភាពផ្លូវចិត្ត ការយល់ច្រលំទាក់ទងនឹង សុខភាពផ្លូវចិត្ត សេចក្តីផ្តើម តើពេលលោកអ្នកលឺពាក្យ “ជំងឺផ្លូវចិត្ត” លោកអ្នកមានការគិតអ្វីខ្លះដែរ? ជាធម្មតាពេលលឺថាមនុស្សម្នាក់មានបញ្ហាផ្លូវចិត្ត ឬ ជំងឺផ្លូវចិត្ត ភាគច្រើន ច្រើនតែនឹកឃើញដល់មនុស្សដើរតាមផ្លូវមិនបានសំអាតខ្លួន ឬ ច្រើនហៅថាជាអ្នកទាំងនោះថាជា “មនុស្សឆ្កួត”។ ឬក៏មានអ្នកខ្លះមានការយល់ច្រឡំថា អ្នកមានបញ្ហាផ្លូវចិត្ត គឺជាមនុស្សទន់ខ្សោយ។ ហើយមានការនិយាយតៗគ្នាថា បើសិនជាកើតជំងឹផ្លូវចិត្តហើយ អ្នកនោះនឹងមិនអាចជាសះស្បើយវិញបានទេ។ មានការយល់ច្រលំ ឬ លឺតៗគ្នាជាច្រើនទាក់ទងនឹងសុខភាពផ្លូវចិត្ត ដែលមិនមែនជាការពិត ហើយបាន​បង្កើតឱ្យមានជាការមាក់ងាយ ក៏ដូចជា​រារាំង​ដល់មនុស្ស​ជាច្រើន ទៅស្វែងរកជំនួយពីអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត។ តើលោកអ្នកមានដឹងទេថា​ អង្គការ​សុខភាព​ពិភពលោ...

អ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះ?

កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន | ភុល សុភារិទ្ធ កិច្ចការដែលអ្នកសង្គមកិច្ចអាចធ្វើបាន៖ អ្នកអនុវត្តផ្ទាល់ជាមួយអតិថិជន ដោយ៖ ភុល សុភារិទ្ធ | ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលលឺពាក្យ “សង្គមកិច្ច” តើអ្វីដែលលេចឡើងក្នុងចិត្តរបស់អ្នកមុនគេ? លោកអ្នកប្រហែលជាធ្លាប់មើលឃើញក្នុងរឿងភាគហុងកុង មានមនុស្សចុះចែកអាហារ ដល់អ្នកអាណាថាគ្មានផ្ទះសម្បែង ឬក្មេងៗដែលមានបញ្ហាក្នុងគ្រួសារជាពិសេសក្មេងក្នុងគ្រួសារក្រីក្រជាដើម។ ប្រាកដហើយ សកម្មភាពទាំងអស់នោះជាអ្វីដែលអ្នកសង្គមកិច្ចធ្វើដើម្បីជួយដល់មនុស្សដទៃទៀត ក្នុងការដោះស្រាយបញ្ហា។ តើលោកអ្នកដឹងថាអ្នកសង្គមកិច្ចអាចធ្វើការងារអ្វីខ្លះដែរទេ? ផ្នែកទី១៖ វិស័យការងារ ការអ្នកសង្គមកិច្ច អាចបម្រើការងារជា៖ អ្នកកាន់ករណី អ្នកសម្របសម្រួលក្រុម អ្នករៀបចំសហគមន៍ អ្នកធ្វើការផ្នែកថែទាំសុខុមាលភាពកុមារ, បុគ្គលិកសង្គមកិច្ចផ្នែកចិត្តសាស្រ្ត, បុគ្គលិកសង្គមកិច្ចធ្វើការនៅសាលារៀន, បុគ្គលិក​សង្គមកិច្ចបម្រើការងារនៅមន្ទីរពេទ្យជាដើម។ ការងាររបស់អ្នកសង្គមកិច្ច មានជាប់ពាក់ព័ន្ធទៅនឹងកម្រិតបីសំខាន់គឺ Macro, Mazo និង Micro ។ • Micro: សំដៅទៅដល់ការធ្វើការងារជា...

អ្នកជំនាញផ្អែកលើបទពិសោធន៍ និងអ្នកជំនាញឯកទេស

ចិត្តសាស្ត្រ & សុខភាពផ្លូវចិត្ត តើអ្នកធ្លាប់មានបញ្ហាផ្លូវចិត្ត និងអានសៀវភៅច្រើន អាចក្លាយជាអ្នកព្យាបាលផ្លូវចិត្តបានទេ? ភ ដោយ៖ ភុល សុភារិទ្ធ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ បច្ចុប្បន្ននេះបណ្តាញសង្គម បានក្លាយជាកន្លែងមួយក្នុងការចែករំលែករឿងរ៉ាវផ្សេងៗ ក្នុងនោះការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ។ មានអ្នកខ្លះ ធ្វើការចែករំលែកបទពិសោធន៍ជីវិតផ្ទាល់ខ្លួន ដែលធ្លាប់ឆ្លងកាត់ទាំងអានសៀវភៅ ឬ ទាំងស្ថានភាពសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។ ជាពិសេស ការចែងរំលែកនោះ នឹងផ្ទុះការចាប់អារម្មណ៍ភ្លាមៗ បើសិនជាម្នាក់នោះជាមនុស្សល្បី មានអ្នកគាំទ្រច្រើនលើបណ្តាញសង្គម។ ហើយមានអ្នកគាំទ្រខ្លះ ចង់ឱ្យគាត់ចែករំលែកកាន់តែច្រើនថែមទៀត ដើម្បីជួយដោះស្រាយ ឬព្យាបាលបញ្ហាផ្លូវចិត្តរបស់ខ្លួនទៀតផង។ មានសំណួរមួយដែលសួរឡើងថា ការដែលធ្លាប់អានសៀវភៅខ្លះ បទពិសោធន៍ផ្ទាល់ខ្លួន និងជជែកជាមួយនឹងអ្នកដទៃបែបនេះ តើគាត់អាចក្លាយជាអ្នកជំនាញផ្លូវចិត្តជួយព្យាបាលអ្នកដទៃបានដែរទេ? វីដេអូពាក់ព័ន្ធគួរស្វែងយល់បន្ថែម៖ តើអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តជាអ្វី? ផ្នែកទី១៖ គុណតម្លៃនៃបទពិសោធន៍ផ្ទាល់ខ្លួន ការរួមចំណែកក្នុងការចែករំលែកពីបទពិសោធន៍ផ្សេងៗរបស់នរណ...