ការយល់ច្រលំទាំង៦ អំពីអត្តឃាតកម្ម
សេចក្តីផ្តើម
ខ្ញុំធ្លាប់ឃើញសកម្មភាពDrama មួយចំនួននៅលើបណ្តាញសង្គម ហើយក៏មានបងប្អូនមួយចំនួន តាមបណ្តាញសង្គម ពេលមានឃើញនរណាម្នាក់ចង់ធ្វើអត្តឃាតកម្ម គាត់បានធ្វើការថតវីដេអូបង្ហាញមុខម្នាក់នោះ បង្ហោះតាមបណ្តាញសង្គម។ ការធ្វើបែបនេះ គាត់មានគោលបំណងក្នុងការជួយកុំឱ្យបុគ្គលនោះបញ្ឈប់ការធ្វើអត្តឃាតរបស់ខ្លួន។
តើការធ្វើបែបនេះពិតជាអាចជួយបុគ្គលកុំឱ្យបន្តធ្វើអត្តឃាតកម្មរបស់ខ្លួនដែរទេ?
ការគិតបែបនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ ហើយការគិតបែបនេះអាចបង្កគ្រោះថ្នាក់ទៀតផងក៏ថាបាន។ ការជួយ ដ៏ត្រឹមត្រូវមួយ នឹងអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន ហើយការសង្គ្រោះជីវិតមនុស្សជាបុណ្យកុសលមួយរបស់លោកអ្នក។
ការពិតទៅ ការសន្ទនាដោយបើកចំហ និងប្រកបដោយការយល់ចិត្ត គឺជាឧបករណ៍មួយដ៏ល្អបំផុតបំផុតក្នុងការបង្ការការធ្វើអត្តឃាតកម្មរបស់បុគ្គល។
(សូមបញ្ជាក់ថាឯកសារនេះដកស្រង់ចេញពី យុទ្ធនាការបង្ការការធ្វើអត្តឃាតកម្ម របស់អង្គការសុខភាពពិភពលោក WHOឆ្នាំ ២០១៥)
ផ្នែកទី១៖ ការយល់ច្រឡំ និង ការពិត
«ការនិយាយរឿងរ៉ាវទាក់ទងនឹងការធ្វើអត្តឃាត ជាគំនិតមួយមិនល្អនោះទេ ហើយការនិយាយនេះ អាចជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តិអំពើសម្លាប់ខ្លួន»។
ការពិត (ចុចដើម្បីអាន)
តាមពិតទៅដោយសារតែមានការរើសអើង និង មានការមាក់ងាយ ទៅលើមនុស្សមានបំណងធ្វើអត្តឃាត ធ្វើឱ្យមនុស្សភាគច្រើនដែលកំពុងសញ្ជឹងគិតរឿងមួយនេះ មិនដឹងថាត្រូវនិយាយជាមួយនរណាដើម្បីឱ្យខ្លួនអាចទទួលជំនួយបាននោះទេ។ ការនិយាយដោយបើកចំហ មិនត្រឹមតែ មិនបានលើកទឹកចិត្តឱ្យមនុស្សមានអាកប្បកិរិយាធ្វើបាបខ្លួនឯងប៉ុណ្ណោះនោះទេ ការនិយាយដោយបើកចំហបែបនេះ អាចផ្តល់ឱកាសដល់បុគ្គលម្នាក់ៗ នូវជម្រើសផ្សេងទៀតក្រៅពីការធ្វើបាបខ្លួនឯង។ លើសពីនេះទៀតពួកគេមានពេលវេលា ដើម្បីគិតឡើងវិញអំពីការសម្រេចចិត្តរបស់ពួកគេ ដោយហេតុនេះហើយ ការនិយាយដោយចំហពីការធ្វើអត្តឃាត អាចជាការការពារ មនុស្សពីការធ្វើអត្តឃាតទៅវិញនោះទេ។
«អ្នកដែលនិយាយថាចង់ស្លាប់ គឺគ្រាន់តែចង់ទទួលបានចំណាប់អារម្មណ៍តែប៉ុណ្ណោះ ម្នាក់នោះនឹងមិនធ្វើរឿងនេះនោះទេ»
ការពិត (ចុចដើម្បីអាន)
មនុស្ស ដែលបាននិយាយអំពីការធ្វើអត្តឃាត គាត់ប្រហែលជាកំពុងស្វះស្វែងរក ឬការគាំទ្រ ពីលោកអ្នកផងក៏មិនដឹង។ មនុស្សមួយភាគធំ ដែលមានគំនិតចង់ធ្វើអត្តឃាត ជាមនុស្សដែលកំពុងមានអារម្មណ៍ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម ហើយអ្នកទាំងនោះប្រហែលជាមានអារម្មណ៍ថាមិនមានជម្រើសផ្សេងល្អជាងនេះទៀតនោះទេក្រៅពីធ្វើបាបខ្លួនឯង។
«ការធ្វើអត្តឃាត ស្ទើរតែទាំងអស់ គឺកើតឡើងភ្លាមៗដោយមិនដឹងខ្លួនជាមុននោះទេ»
ការពិត (ចុចដើម្បីអាន)
ភាគច្រើនបំផុតនៃមនុស្សមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯង តែងតែបង្ហាញឱ្យដឹងជាមុន មិនថាពាក្យសម្ដី ឬអាកប្បកិរិយានោះទេ។ បើទោះបីជា ការធ្វើអត្តឃាតខ្លះកើតឡើងដោយឥតព្រៀងទុកក៏ដោយ ក៏ជាការសំខាន់ណាស់ក្នុងការស្វែងយល់អំពីសញ្ញាព្រមានផ្សេងៗ ហើយត្រូវមានការប្រុងប្រយត្នជាមុនចំពោះអ្នកកំពុងមានបញ្ហា។
«អ្នកដែលចង់សំលាប់ខ្លួន នឹងនៅតែចង់សំលាប់ខ្លួនជារៀងរហូត»
ការពិត (ចុចដើម្បីអាន)
ការលេចឡើងនូវគំនិតធ្វើអត្តឃាតជារឿយៗ កើតឡើងភ្លាមៗមួយរំពេច ហើយក៏អាស្រ័យដោយស្ថានភាពជាក់លាក់មួយផងដែរ។ ខណៈពេលដែលគំនិតចង់ធ្វើអត្តឃាត អាចនឹងត្រលប់មកវិញនៅពេលណាមួយក៏ពិតមែន ក៏គំនិតនេះវាមិនស្ថិតស្ថេរជាប់ជាមួយបុគ្គលម្នាក់នោះគ្រប់ពេលវេលានោះទេ។ បុគ្គលមានគំនិតចង់ធ្វើអត្តឃាត ក៏អាចបន្តរស់រានមានជីវិតបានរយៈយ៉ាងយូរផងដែរ។
«មនុស្សដែលចង់ស្លាប់ហើយ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យតែខ្លួនឯងស្លាប់»
ការពិត (ចុចដើម្បីអាន)
នេះជារឿងមួយផ្ទុយទៅវិញនោះទេ មនុស្សដែលធ្វើអត្តឃាតច្រើនតែមានអារម្មណ៍មិនច្បាស់លាស់ថាខ្លួនគួររស់នៅបន្ត ឬស្លាប់ទៅវិញល្អជាង។ បុគ្គលចង់ធ្វើអត្តឃាត ច្រើនតែធ្វើទៅតាមសន្ទុះចិត្តរបស់ខ្លួនមួយឆាវប៉ុណ្ណោះ ការលោតទឹកសម្លាប់ខ្លួន បើទោះបីជាខ្លួនឈប់ចង់ស្លាប់ពេលធ្លាក់ដល់ទឹកហើយក៏ដោយ ក៏ម្នាក់នោះនឹងពិបាកក្នុងរស់រានមានជីវិតវិញផងដែរ។ ការទទួលបានជំនួយផ្លូវចិត្តត្រឹមត្រូវ និងទាន់ពេលវេលា អាចការពារការធ្វើអត្តឃាតបានយ៉ាងមានប្រសិទ្ធភាព។
«ទាល់តែអ្នកមានជំងឺផ្លូវចិត្ត ទើបគិតចង់សំលាប់ខ្លួន»
ការពិត (ចុចដើម្បីអាន)
ការធ្វើអត្តឃាតកម្ម ជាការបង្ហាញអំពីអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំងរួចទៅហើយ ប៉ុន្តែនេះមិនមែនមានន័យថា ទាល់តែមនុស្សម្នាក់មានជំងឺផ្លូវចិត្ត ទើបម្នាក់នោះធ្វើអត្តឃាតនោះដែរ។ អ្នកមានជំងឺផ្លូវចិត្តជាច្រើន មិនមានអាកប្បកិរិយាទាក់ទងនឹងការធ្វើអត្តឃាតនោះដែរ។ មិនមែនមនុស្សមានជំងឺផ្លូវចិត្ត សុទ្ធតែជ្រើសរើសការសំលាប់ខ្លួន ដើម្បីដោះស្រាយបញ្ហានោះដែរ។
ផ្នែកទី២៖ សញ្ញាព្រមានមួយចំនួននៃអត្តឃាតកម្ម
តាមពិត ភាគច្រើននៃអ្នកដែលប៉ុនប៉ងធ្វើអត្តឃាត បានបង្ហាញសញ្ញាព្រមានជាច្រើន មិនថាតាមរយៈពាក្យសម្តី អាកប្បកិរិយា ឬអារម្មណ៍ដែលប្រែប្រួលនោះទេ (Kim et al., 2021)។
សញ្ញាព្រមានតាមរយៈពាក្យសំដីរួមមាន៖
- និយាយបញ្ជាក់ថាខ្លួនចង់ស្លាប់ ឬសម្លាប់ខ្លួនឯង (សញ្ញាព្រមានលេចធ្លោ)
- លើកយកការស្លាប់ ឬការធ្វើអត្តឃាតយកមកជជែក
- បង្ហាញថាខ្លួនមានអារម្មណ៍អស់សង្ឃឹម ឬគ្មានហេតុផលដើម្បីរស់នៅ
- និយាយពាក្យពេចន៍លាទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្លួន
- ធ្វើនិយាយត្អូញត្អែរថាខ្លួនជាបន្ទុករបស់អ្នកដទៃ
- ការបន្ទោសខ្លួនឯង ឬ ឱ្យតម្លៃខ្លួនឯងទាបខ្លាំង
- ធ្វើការត្អូញត្អែរពីបញ្ហាសុខភាពរបស់ខ្លួន ឬរៀបរាប់ថាខ្លួនឈឺចុកចាប់ផ្សេងៗ
- មនុស្សដែលនិយាយអំពីការធ្វើអត្តឃាត ជាសញ្ញាមួយបង្ហាញថាខ្លួនកំពុងព្យាយាមស្វែងរកជំនួយ ឬ អ្នកគាំទ្រផ្លូវចិត្តរបស់ខ្លួន
សូមចាំថាការនិយាយអំពីការស្លាប់ ឬការធ្វើអត្តឃាត គឺជាសញ្ញាព្រមានទូទៅបំផុតមានលក្ខណៈជាទូទៅ ហើយក៏ជាសញ្ញាព្រមានមួយ ដែលមានប្រយោជន៍បំផុត ជាពិសេសសម្រាប់ការទស្សន៍ទាយការធ្វើអត្តឃាតដែលជិតមកដល់ ដោយសារតែសញ្ញាមួយនេះ គេឃើញកើតមានខ្ពស់សម្រាប់អ្នកមានគំនិតធ្វើអត្តឃាតជាពិសេសរយៈពេលមួយសប្តាហ៍មុនពេល ពួកគេធ្វើអត្តឃាត។
សញ្ញាព្រមានពីការផ្លាស់ប្តូរអាកប្បកិរិយា៖
- ដកខ្លួនចេញពីគេឯង ឬ នៅឯកោ (សញ្ញាព្រមានលេចធ្លោ)
- មានអាកប្បកិរិយាខុសប្លែកពីធម្មតា
- ធ្វើអ្វីតាមសន្ទុះចិត្តខ្លួនចង់ ឬ ធ្វើសកម្មភាពប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ
- រៀបចំប្រគល់ទ្រព្យសម្បតិ្តរបស់ខ្លួន
- រៀបចំជីវិតផ្ទាល់ខ្លួន
- មានបង្កការឈឺចាប់ដល់ខ្លួនឯង ដូចជាប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹង
- លែងមានចំណាប់អារម្មណ៍ ដូចជាថែទាំខ្លួនឯង លែងចាប់អារម្មណ៍ធ្វើសកម្មភាពធ្លាប់ចូលចិត្ត
នៅពេលមានការបន្ថែមនូវអាកប្បកិរិយាខាងលើបន្ថែមលើពាក្យសម្តី នោះជាការបង្ហាញថា មនុស្សម្នាក់នោះមានការកើនឡើងនូវហានិភ័យក្នុងការធ្វើអត្តឃាត។ សូមចាំថា នៅពេលបុគ្គលម្នាក់ មានការផ្លាស់ប្តូរពីការប្រព្រឹត្តខុសពីធម្មតារបស់គាត់ នោះអាចជាសញ្ញាបង្ហាញបុគ្គលម្នាក់នោះ កំពុងមានបញ្ហាអ្វីមួយហើយ។
សញ្ញាព្រមានផ្នែកផ្លូវអារម្មណ៍ ឬផ្លូវចិត្ត
- មានអារម្មណ៍ធ្លាក់ទឹកចិត្តជាញឹកញាប់ (សញ្ញាព្រមានលេចធ្លោ)
- មានអារម្មណា៍អស់សង្ឃឹម ឬ ជីវិតនេះរស់នៅគ្មានន័យ
- មានការគិតពីការចង់ស្លាប់
- មានអារម្មណ៍ថប់បារម្ភ ឬ ងាយក្នុងការរំជួលចិត្ត
- មានអារម្មណ៍ទទេស្អាត និង មានអារម្មណ៍ឈឺចាប់
- ស្អប់ខ្លួនឯង និងយល់ថាខ្លួនឯងជាបន្ទុករបស់គេឯង
- មានការផ្លាស់ប្តូរអារម្មណ៍ខ្លាំង
សញ្ញាព្រមានខាងអារម្មណ៍ បង្ហាញឱ្យដឹងពីស្ថានភាពផ្លូវចិត្តជាច្រើនរបស់បុគ្គលម្នាក់ៗ រួមទាំងអារម្មណ៍ធ្លាក់ចុះទាប និងមានការប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់បុគ្គល។
សញ្ញាព្រមានលើរាងកាយ
- មានការរំខានដំណេក ដូចជាពិបាកគេង ឬគេងច្រើនលើសលុប (សញ្ញាព្រមានលេចធ្លោ)
- មានការផ្លាស់ប្តូរចំណង់អាហារ (ញ៉ាំច្រើន ឬ តិចជ្រុល)
- រូបរាយកាយមានការប្រែប្រួលខ្លាំង (ទាំងសុខភាព និង ទំងន់)
- មានសញ្ញាឈឺចុកចាប់រាងកាយជាប់ជាប្រចាំ ជាពិសេសចំពោះស្ត្រី
សូមចាំថា រោគសញ្ញានៅលើរាងកាយ ក៏អាចបង្ហាញពីហានិភ័យនៃការធ្វើអត្តឃាតរបស់បុគ្គលម្នាក់ផងដែរ។
ផ្នែកទី៣៖ រយៈពេលនៃសញ្ញាព្រមាន
សញ្ញារយៈពេលខ្លី (បន្ទាន់)
អាចលេចឡើងភ្លាមៗ ក្នុងរយៈពេល ២៤ ម៉ោងមុនពេលប៉ុនប៉ងធ្វើអត្តឃាត។ ត្រូវយកចិត្តទុកដាក់ជាបន្ទាន់!
សញ្ញារយៈពេលវែង
អាចកើតមានច្រើនសប្តាហ៍ ឬច្រើនខែមកហើយ ដូចជាការធ្លាក់ទឹកចិត្តបន្តិចម្តងៗ។
ការរួមបញ្ចូលគ្នានៃសញ្ញាព្រមានផ្សេងៗ ជាពិសេសសញ្ញាព្រមានលេចធ្លោទាំងឡាយ ដែលបានបង្កឱ្យមានការផ្លាស់ប្តូរ អាកប្បកិរិយារបស់បុគ្គលយ៉ាងជាក់ច្បាស់ គួរតែមានការយកចិត្តទុកដាក់ជាបន្ទាន់ និងទទួលបានអន្តរាគមន៍ជាក់លាក់។ អន្តរាគមន៍ទទួលបានពីមនុស្សជិតស្និតណាម្នាក់ និងជាពិសេសពីអ្នកជំនាញ ដើម្បីបង្ការកុំឱ្យរឿងអាក្រក់កើតមានឡើងជារឿងចាំបាច់។
ផ្នែកទី៤៖ អន្តរាគមន៍ក្នុងការជួយ
ការទទួលស្គាល់សញ្ញាព្រមានអំពីការធ្វើអត្តឃាតត្រូវទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ ច្បាស់លាស់ និងជាលក្ខណៈមានរចនាសម្ព័ន្ធ ដើម្បីជួយឱ្យបុគ្គលម្នាក់នោះមានស្ថេរភាព និងភ្ជាប់ពួកវាជាមួយជំនួយដែលមានជំនាញវិជ្ជាជីវៈ (Monette, 2012)។ នៅពេលដែលនរណាម្នាក់បង្ហាញសញ្ញាព្រមានទាំងនេះ សកម្មភាពដែលបានធ្វើឡើងអាចជាការសង្គ្រោះជីវិត ដោយសារការស្រាវជ្រាវបង្ហាញថាបុគ្គល ដែលធ្វើអត្តឃាតភាគច្រើនមានភាពស្រពិចស្រពិលអំពីការស្លាប់។
ដូច្នេះ នៅពេលដែលអ្នកសម្គាល់ឃើញសញ្ញាព្រមានទាំងនេះ ឬមានអារម្មណ៍ថាមនុស្សនៅក្បែរអ្នកកំពុងជួបវិបត្តិផ្លូវចិត្ត តើត្រូវធ្វើដូចម្តេច?
ទីមួយ៖ “ស្តាប់ដោយមិនការវិនិច្ឆ័យ”
សូមធ្វើបង្កើតបរិយាកាសសុវត្ថិភាពមួយ ដោយផ្តល់ឱ្យពួកគាត់ អាចនិយាយចេញនូវរឿងរ៉ាវនៅក្នុងចិត្តរបស់ខ្លួន ដោយមិនមានការភ័យខ្លាចចំពោះការរិះគន់នោះឡើង។ មានពេលខ្លះការស្តាប់ដោយយកចិត្តទុកដាក់ របស់លោកអ្នក ជំនួយដ៏ធំមួយសម្រាប់ពួកគាត់បាត់ទៅហើយ សូមព្យាយាមស្តាប់ឱ្យបានច្រើនជាងការនិយាយ ណែនាំលើកទឹកចិត្តគាត់។ ពេលនេះជាពេលវេលាគាត់ ចង់និយាយអំពីបញ្ហាខាងក្នុងខ្លួនរបស់គាត់ ជាជាងស្តាប់ពាក្យពេចន៍ផ្សេងៗទៀត។
ទីពីរ៖ “សួរសំណួរដោយផ្ទាល់ ប៉ុន្តែប្រកបដោយចិត្តអាណិតមេត្តា”
សូមកុំមានអារម្មណ៍ខ្លាចក្នុងការសួរថា "ខ្ញុំបារម្ភពីអ្នកណាស់ តើអ្នកកំពុងមានគំនិតចង់ធ្វើអត្តឃាតមែនទេ?" ការសួរបែបនេះ បង្ហាញថាលោកអ្នកកំពូងយកចិត្តទុកដាក់ពិតប្រាកដ។ បើទោះបីលោកអ្នកមិនបានសាកសួរ ក៏ក្នុងចិត្តរបស់បុគ្គលនោះ មានការគិតចង់ធ្វើបាបខ្លួនឯងដដែលផងដែរ។ ការសាកសួរហើយទុកពេលវេលាសម្រាប់បុគ្គលនោះ និយាយជាការជួយ និង ភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកកំពុងមានបញ្ហា។
ទីបី៖ “សូមកុំទុកឲ្យពួកគាត់នៅម្នាក់ឯង”
ប្រសិនបើលោកអ្នកជឿជាក់ថា នរណាម្នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុនប៉ងធ្វើអត្តឃាតហើយ សូមនៅក្បែរៗពួកគាត់ ព្រោះថាអារម្មណ៍ធ្វើបាបខ្លួនឯងនេះ អាចកើតឡើងភ្លាមៗមួយរំពេច តែវាក៏នឹងបាត់ទៅវិញផងដែរ នៅពេលមាននរណាម្នាក់នៅក្បែរពួកគាត់។ សូមចាំថា ពេលម្នាក់នោះកំពុងស្ថិតក្នុងស្ថានភាពលំបាក សូមធ្វើការដកហូតរបស់របរផ្សេងៗ ដែលលោកអ្នកមើលឃើញថា អាចបង្កគ្រោះថ្នាក់ចេញពីបរិវេណជុំវិញខ្លួនរបស់អ្នកចង់ធ្វើបាបខ្លួនឯងនោះ។
ទីបួន៖ “ស្វែងរកជំនួយពីអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្ត”
នៅពេលមនុស្សម្នាក់កំពុងជួបវិបត្តធ្ងន់ធ្ងរ សូមលើកទឹកចិត្តអ្នកនោះក្នុងការស្វែងរកជំនួយពីអ្នកឯកទេស ដូចជាទៅជួបអ្នកប្រឹក្សាផ្លូវចិត្ត អ្នកចិត្តសាស្រ្ត ឬគ្រូពេទ្យឯកទេសចិត្តវិកល។ លោកអ្នក ក៏អាចជួយ ពួកគាត់ក្នុងការស្វែងរកព័ត៌មាន ឬធ្វើការណាត់ជួបជាមួយអ្នកឯកទេសផងដែរ។ ការទទួលជួបព្យាបាលផ្លូវចិត្តពិតជាមានប្រសិទ្ធភាព ក្នុងការជួយឱ្យបុគ្គលម្នាក់មានអារម្មណ៍ធូរស្បើយ និង ត្រលប់មកដូចប្រក្រតីឡើងវិញបាន។
សរុបសេចក្តី
ការលុបបំបាត់ចោលនូវការយល់ច្រលំទាំងនេះ គឺជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា។ សូមរួមគ្នាក្នុងការកសាងសង្គមមួយ ដែលឱ្យតម្លៃលើសុខភាពផ្លូវចិត្តដូចជាសុខភាពរាងកាយផងដែរ។ ហើយសូមរួមគ្នា ជួយគ្នាទៅវិញទៅមក នៅពេលលោកអ្នកមើលឃើញថា នរណាម្នាក់កំពុងមានវិបត្តិ។ ការយល់ដឹងរបស់អ្នកថ្ងៃនេះ អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់បាន។
ប្រសិនបើលោកអ្នកស្គាល់ ឬ ដឹងថានរណាម្នាក់កំពុងស្ថិតក្នុងសញ្ញាព្រមានដូចខាងលើ ឬក៏កំពុងត្រូវការជំនួយ សូមស្វែងរកជំនួយពីសេវាដែលបានរាយខាងក្រោម។ នៅតាមបណ្តាលមន្ទីរពេទ្យថ្នាក់ជាតិធំៗ ក៏មានសេវាសុខភាពផ្លូវចិត្តផងដែរ សូមចាំថាការស្វែងរកអ្នកឯកទេសសុខភាពផ្លូវចិត្ត មិនមែនមានន័យថាលោកអ្នក “ជាមនុស្សឆ្កួត” នោះទេ!
ត្រូវការជំនួយបន្ទាន់មែនទេ?
សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងទៅកាន់៖
“បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា”
(ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់កុមារ និងយុវជន)
អង្គការ TPO កម្ពុជា
Hotline: 016 222 597 / 095 777 004
សមាគមន៍ EMDR កម្ពុជា (EMDR ASSOCIATION CAMBODIA)
ទូរស័ព្ទ: +855 (0) 89 968 678
អាសយដ្ឋាន: #126, ផ្លូវ 12BT, ភូមិសន្សំកុសល, សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
អ៊ីមែល: info@emdrcambodia.org
ឯកសារយោង
- Kim, E. J., Kim, Y., Lee, G., Choi, J. H., Yook, V., Shin, M., & Jeon, H. J. (2021). Comparing warning signs of suicide between suicide decedents with depression and those non‐diagnosed psychiatric disorders. Suicide and Life-Threatening Behavior, 52(2), 178–189. https://doi.org/10.1111/sltb.12739
- Monette, M. (2012). The boundaries of mental health first aid. Canadian Medical Association Journal, 184(17), E891–E892. https://doi.org/10.1503/cmaj.109-4298
- World Health Organization, .. (2015). Preventing Suicide : A Global Imperative. World Health Organization.
Comments
Post a Comment